27 C
Phnom Penh

ក្រុម​យុវជន​ដាក់​លិខិត​សុំ​ចូល​គាល់​ព្រះមហាក្សត្រ​បង្ហាញ​កង្វល់​និង​បញ្ហា​បាត់បង់​ព្រៃឈើ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​យុវជន និង​សង្គម​ស៊ីវិល​ប្រមាណ ២០​នាក់ នៅ​ថ្ងៃទី​២៩ មីនា បាន​នាំគ្នា​យក​លិខិត​ដាក់​ថ្វាយ​ព្រះមហាក្សត្រ​ដើម្បី​សុំ​ចូល​គាល់​ព្រះអង្គ ក្នុង​បំណង​បង្ហាញ​ក្ដី​កង្វល់​របស់​ពួកគេ​ទាក់ទង​នឹង​បញ្ហា​សិទ្ធិមនុស្ស បរិស្ថាន និង​ការ​បាត់បង់​ព្រៃឈើ​នៅ​កម្ពុជា។

ការ​ដាក់​លិខិត​ទូល​ថ្វាយ​របស់​អង្គការ​សង្គម​ស៊ីវិល សមាគម សហគមន៍​ការពារ​ព្រៃឈើ សកម្មជន​បរិស្ថាន និង​យុវជន​សកម្ម​នា​ថ្ងៃ​ពុធ​នេះ ធ្វើឡើង​បន្ទាប់ពី​បញ្ហា​សិទ្ធិមនុស្ស​កំពុង​ធ្លាក់​ចុះ​កាន់តែ​ខ្លាំង ហើយ​បញ្ហា​ព្រៃឈើ​នៅ​កម្ពុជា​កំពុង​រង​ការ​កាប់​បំផ្លាញ​ពី​សំណាក់​ក្រុមហ៊ុន និង​ឧកញ៉ា​ដោយ​មាន​ខ្នង​បង្អែក​ពី​គ្រួសារ​ត្រកូល​ហ៊ុន។

យុវជន​សកម្ម​ផ្នែក​ការពារ​បរិស្ថាន និង​យុត្តិធម៌​សង្គម កញ្ញា មាន លីសា បង្ហាញ​ក្ដី​សង្ឃឹម​ថា ព្រះមហាក្សត្រ​នឹង​អនុញ្ញាត​ឲ្យ​ពួកគេ​ចូល​គាល់ ដើម្បី​ទូល​ថ្វាយ​ទៅ​ព្រះអង្គ​អំពី​បញ្ហា​ប្រឈម​ជាច្រើន ជាពិសេស​រឿង​សិទ្ធិមនុស្ស បរិស្ថាន និង​ព្រៃឈើ ជាដើម។

យុវតី​ម្នាក់​ទៀត កញ្ញា សុវណ្ណា លើកឡើង​ដែរ​ថា ការ​ដែល​កញ្ញា​ចូលរួម​ការងារ​ជាមួយ​ក្រុម​យុវជន​បរិស្ថាន និង​សង្គម​ស៊ីវិល ដោយ​គិត​ថា​ការ​ចូលរួម​សកម្មភាព និង​បញ្ចេញមតិ​នេះ​មិនមែន​ជា​រឿង​ខុស​ច្បាប់។ មួយ​វិញ​ទៀត កញ្ញា​ក៏​ចង់​ចូល​គាល់​ព្រះមហាក្សត្រ​ដើម្បី​លើកឡើង​ពី​បញ្ហា​របស់​ប្រជាពលរដ្ឋ​ដែល​កំពុង​រង​ទុក្ខបុកម្នេញ និង​រឹតត្បិត​សិទ្ធិ​សេរីភាព​នៅ​ពេល​ដែល​ចូលរួម​ធ្វើ​ការងារ​សង្គម បើ​ទោះបីជា​សិទ្ធិ​នេះ​ធានា​ដោយ​ច្បាប់​ជាតិ និង​អន្តរជាតិ​ក្ដី។

ចំណែក​ប្រធាន​សមាគម​និស្សិត​បញ្ញវន្ត​ខ្មែរ លោក កើត សារ៉ាយ បាន​លើកឡើង​ថា មូលហេតុ​ពួកគេ​មិន​ទៅ​រក​អន្តរាគមន៍​ពី​ក្រសួង​កសិកម្ម និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេង​ទៀត ដោយសារ​កន្លងមក​ពួកគេ​បាន​ដាក់​ញត្តិ​ទៅ​ហើយ ប៉ុន្តែ​ក្រសួង​ស្ថាប័ន​ទាំងនោះ​មិន​បាន​ឆ្លើយតប និង​ដោះស្រាយ​ឡើយ។

លោក​ថា នៅ​ពេល​យុវជន និង​ពលរដ្ឋ​ចូល​ការពារ សម្ដែង​មតិ បែរ​ជា​មាន​ការ​គំរាមកំហែង និង​ចាប់​ខ្លួន​ពី​សំណាក់​អាជ្ញាធរ​ទៅវិញ ដែល​ទាំងអស់​នេះ​ធ្វើ​ឲ្យ​ពួកគេ​មិន​មាន​ជំនឿ​លើ​ក្រសួង និង​ស្ថាប័ន​ទាំងនោះ​ទៀត ទើប​បាន​នាំគ្នា​មក​រក​ព្រះមហាក្សត្រ​ឲ្យ​ជួយ​វិញ។

លោក​បន្ថែម​ទៀត​ថា មូលហេតុ​ដូច្នេះ​ហើយ​ទើប​ពួកគេ​ចង់​ចូល​គាល់​ព្រះមហាក្សត្រ ដើម្បី​សុំ​ថ្វាយ​ព្រះពរ​ដល់​ព្រះអង្គ​អំឡុង​បុណ្យ​ចូលឆ្នាំ​ថ្មី ហើយ​ឆ្លៀត​ឱកាស​ទូល​ថ្វាយ​ព្រះអង្គ​អំពី​ការ​បាត់បង់​ព្រៃឈើ​នៅ​កម្ពុជា ជាពិសេស​ព្រៃឡង់ ដែល​បច្ចុប្បន្ន​កំពុង​រង​ការ​បំផ្លាញ ហើយ​ឈាន​ទៅ​រក​ការ​វិនាស​នា​ពេល​ឆាប់ៗ បើ​គ្មាន​ការ​អន្តរាគមន៍​ដើម្បី​ទប់ស្កាត់​នោះ។

មួយ​ទៀត ពួកគេ​ចង់​ទូល​ថ្វាយ​ទៅ​ព្រះអង្គ​ឲ្យ​ជួយ​អន្តរាគមន៍​ដល់​សង្គម​ស៊ីវិល យុវជន​ដែល​ទទួល​រង​អយុត្តិធម៌ និង​ធ្វើ​ទុក្ខបុកម្នេញ ដោយសារតែ​ចូលរួម​ធ្វើ​ការងារ​សង្គម​ជាតិ។ ដូច្នេះ​លោក​សង្ឃឹម​ថា ព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់​នឹង​ជួយ​អន្តរាគមន៍​ដោយ​ដើរ​តាម​មាគ៌ា​របស់​ព្រះបិតា​របស់​ព្រះអង្គ។

បើ​តាម​លោក កើត សារ៉ាយ ថា​មន្ត្រី​រដ្ឋបាល​បាន​ទទួល​យក​លិខិត ហើយ​សន្យា​នឹង​បញ្ជូន​ទៅ​ថ្នាក់​លើ​តាម​បែបបទ​រដ្ឋបាល។ លោក​ថា ពួកគេ​នឹង​រង់ចាំ​ការ​ឆ្លើយតប​ពី​មន្ត្រី​ផ្នែក​រដ្ឋបាល បន្ទាប់ពី​ព្រះមហាក្សត្រ​បាន​ទទួល​លិខិត។

មាត្រា​៨ នៃ​រដ្ឋធម្មនុញ្ញ​ចែង​ថា ព្រះមហាក្សត្រ​ព្រះអង្គ​ទ្រង់​ជា​និមិត្តរូប​នៃ​ឯកភាព​ជាតិ និង​និរន្តរភាព​ជាតិ។ ព្រះមហាក្សត្រ​ទ្រង់​ជា​អ្នក​ធានា​ឯករាជ្យ​ជាតិ អធិបតេយ្យ និង​បូរណភាព​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទ្រង់​ជា​អ្នក​ធានា​ការ​គោរព​សិទ្ធិ និង​សេរីភាព​របស់​ប្រជាពលរដ្ឋ និង​ការ​គោរព​សន្ធិសញ្ញា​អន្តរជាតិ។

មាត្រា​៩ នៃ​រដ្ឋធម្មនុញ្ញ​ដដែល​ចែង​ថា ព្រះមហាក្សត្រ​ទ្រង់​មាន​តួនាទី​ខ្ពង់ខ្ពស់​ជា​អាជ្ញាកណ្ដាល​ដើម្បី​ធានា​ការ​ប្រព្រឹត្ត​ទៅ​នៃ​អំណាច​សាធារណៈ​ឲ្យ​មាន​ភាព​ទៀងទាត់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស