28.4 C
Phnom Penh

រដ្ឋមន្ត្រី​​ការងារ៖ កម្ពុជា​ឈាន​មុខ​ក្នុង​ការ​អនុវត្ត​កម្មវិធី​ការងារ​សមរម្យ​និង​ផ្តល់​ការ​ការពារ​សិទ្ធិ​កម្មករ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ អះអាង​ថា កម្ពុជា​ជា​ប្រទេស​ឈាន​មុខ​ក្នុង​ការ​អនុវត្ត​កម្មវិធី​ការងារ​សមរម្យ​ដែល​បាន​ផ្តល់​ការ​ការពារ​សិទ្ធិ អត្ថប្រយោជន៍ និង​កិច្ច​គាំពារ រួម​ទាំង​ការ​ផ្តល់​នូវ​សេវា​នានា​ជូន​កម្មករ​និយោជិត​ទាំង​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ និង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​បាន​ល្អ។

រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង លើកឡើង​ក្នុង​ពិធី​បើក​សិក្ខាសាលា​ស្ដីពី​ការ​ត្រួតពិនិត្យ​ប្រចាំ​ឆ្នាំ​លើ​កម្មវិធី​ការងារ​សមរម្យ​សម្រាប់​ប្រទេស​កម្ពុជា​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២៣ នៅ​ថ្ងៃទី​២៩ ខែ​មីនា ឆ្នាំ​២០២៣ នេះ​ថា កម្ពុជា​ពិត​ជា​មាន​មោទកភាព​ដែល​ក្លាយ​ជា​ប្រទេស​ឈាន​មុខ​ក្នុង​ការ​អនុវត្ត​កម្មវិធី​ការងារ​សមរម្យ​សម្រាប់​កម្មវិធី​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២៣ នេះ។

លោក អ៊ិត សំហេង បញ្ជាក់​ថា កម្ពុជា​សម្រេច​បាន​នូវ​លទ្ធផល​គួរ​ជា​ទី​មោទនៈ ដូចជា​ការ​អភិវឌ្ឍ​មុខរបរ​ការងារ និង​សហគ្រាស ការ​ពង្រឹង និង​ពង្រីក​កិច្ច​គាំពារ​សង្គម និង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ទំនាក់ទំនង​វិជ្ជាជីវៈ​សិទ្ធិ​ការងារ ដែល​ស្រប​ទៅ​តាម​បទដ្ឋាន​អន្តរជាតិ​ខាង​ការងារ រាប់​បញ្ចូល​ទាំង​ពលករ ទេសន្តរប្រវេសក៍​ផង​ដែរ។

សហព័ន្ធ​សហជីព​សេរី​កម្មករ បាន​បញ្ចេញ​សេចក្តី​រាយការណ៍​របស់​ខ្លួន​កាលពី​ពេល​ថ្មីៗ​នេះ​ថា នៅ​ដើម​ឆ្នាំ​២០២៣ នេះ​មាន​រោងចក្រ​ចំនួន ១០ ហើយ​ដែល​បាន​បិទ​ទ្វារ ខណៈ​រោងចក្រ​ចំនួន ៧១ ព្យួរ​កិច្ចសន្យា​ការងារ និង​រោងចក្រ ៦០​ផ្សេង​ទៀត​បាន​កាត់បន្ថយ​បុគ្គលិក ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​កម្មករ ៣​ម៉ឺន ២​ពាន់​នាក់ ខណៈ​កម្មករ​រាប់​ពាន់​នាក់​ផ្សេង​ទៀត​ត្រូវ​បាត់បង់​ការងារ​ទាំងស្រុង​តែម្ដង។

ទាក់ទិន​នឹង​បញ្ហា​នេះ ប្រធាន​សហព័ន្ធ​សហជីព​តាម​រោងចក្រ​មួយ​ចំនួន​អះអាង​ថា ការ​បិទ និង​ព្យួរ​ការងារ​របស់​រោងចក្រ​នៅ​ពេលនេះ គឺ​បណ្តាល​មកពី​ខ្វះ​អ្នក​បញ្ជា​ទិញ​ដែល​ទំនង​បណ្តាល​មកពី​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប និង​មិន​វិលត្រឡប់​មកវិញ​នៃ GSP របស់​សហរដ្ឋ​អាមេរិក ដែល​ធ្វើ​ឱ្យ​ការ​នាំចេញ​ផលិតផល​កាត់ដេរ​របស់​កម្ពុជា​ត្រូវ​ជួប​របាំង​ពន្ធ​ធ្ងន់ធ្ងរ។

យ៉ាងណាក៏ដោយ កាលពី​ដើម​ខែ​មីនា ឆ្នាំ​២០២៣ នេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​បញ្ចេញ​របាយការណ៍​របស់​ខ្លួន​ថា ទោះបីជា​មាន​រោងចក្រ​បិទ​ទ្វារ​ជិត ៥០០ ហើយ​ក៏ដោយ ក៏​កម្ពុជា​នៅ​មាន​រោងចក្រ​សហគ្រាស​បើក​ថ្មី​ជាង ៣​ពាន់​រោងចក្រ​ទៀត​ដែរ ដែល​ស្មើ​នឹង​កម្មករ​និយោជិត​សរុប​ប្រមាណ​ជាង ១៤​ម៉ឺន ៧​ពាន់​នាក់​ឯណោះ។

ក្រសួង​ការងារ បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា​កំពុង​ខិតខំ​ប្រឹងប្រែង​ធានា ការពារ និង​លើក​ទឹកចិត្ត​វិនិយោគ​ក្នុង​វិស័យ​អាទិភាព និង​លើក​ទឹកចិត្ត​ដល់​រោងចក្រ​សហគ្រាស​ឱ្យ​ដំណើរការ​រយៈពេល​យូរ​ដើម្បី​រក្សា និង​បង្កើត​ការងារ​នៅ​កម្ពុជា ដោយ​ទាក់ទាញ​រោងចក្រ​សហគ្រាស​បើក​ថ្មី​ដែល​ផ្តល់​តម្លៃ​បន្ថែម​ខ្ពស់​ឱ្យ​បាន​កាន់តែ​ច្រើន​ជាង​រោងចក្រ​ដែល​បិទ និង​ព្យួរ​ការងារ​នៅ​ពេលនេះ។

បែប​នេះ​ក្តី ប្រធាន​សហភាព​ការងារ​កម្ពុជា (CLC) លោក អាត់ ធន់ ធ្លាប់​បាន​សម្ដែង​បារម្ភ​កាលពី​ពេល​ថ្មីៗ​នេះ​ថា ស្ថានភាព​កម្មករ​ដែល​បាត់បង់​ការងារ​ដោយសារ​រោងចក្រ​បិទ​ទ្វារ និង​កាត់បន្ថយ​ម៉ោង​ធ្វើការ​ជា​បន្តបន្ទាប់​នៅ​ពេលនេះ គឺជា​បញ្ហា​ដែល​គួរ​ឱ្យ​ព្រួយបារម្ភ​បំផុត។

លោក អាត់ ធន់ ស្នើ​ឱ្យ​រដ្ឋាភិបាល​គួរ​ពិចារណា​ចរចា​ជាមួយ​សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក ដើម្បី​ស្នើសុំ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​មក​វិញ មុន​នឹង​វិស័យ​វាយនភ័ណ្ឌ​នៅ​កម្ពុជា​ដួល​រលំ ដោយសារ​ការ​បិទ​ទ្វារ​រោងចក្រ​ជា​បន្តបន្ទាប់​នៅ​ពេល​ខាងមុខ។

ជុំវិញ​ការ​កាត់បន្ថយ​ការងារ​របស់​រោងចក្រ​នៅ​ពេលនេះ មាន​ថៅកែ​រោងចក្រ​ខ្លះ​បាន​ឆ្លៀត​យក​ឱកាស​កេងប្រវ័ញ្ច​កម្លាំង​កម្មករ ដោយ​បិទ​រោងចក្រ​គ្មាន​ការ​ជូនដំណឹង​មុន និង​លួច​ដឹកជញ្ជូន​អីវ៉ាន់​ចេញពី​រោងចក្រ​ដោយ​ស្ងាត់ៗ ក្នុង​បំណង​គេចវេះ​ពី​ការ​សង​ប្រាក់ខែ និង​ប្រាក់​អត្ថប្រយោជន៍​ការងារ​ផ្សេងៗ​ឱ្យ​កម្មករ​របស់​ខ្លួន។

ជាង​នេះ​ទៀត មាន​រោងចក្រ​មួយ​ចំនួន​ទៀត​ក៏​បាន​បំពាន​សិទ្ធិ​ការងារ ដោយ​ព្យួរ​កិច្ចសន្យា​ការងារ​ជាច្រើនលើក​រហូត​លើស​ចំនួន​កំណត់ ក្នុង​នោះ​រោងចក្រ​ខ្លះ​បាន​ព្យួរ​ការងារ​រហូត​ដល់​ទៅ ៦​ខែ ប៉ុន្តែ​ពួកគេ​បាន​ផ្ដល់​ប្រាក់កម្រៃ​តិចតួច​ប្រមាណ ១៥​ភាគរយ​នៃ​ប្រាក់ខែ​គោល​របស់​កម្មករ​ដែល​ខ្លួន​បាន​ព្យួរ​ការងារ​នោះ​ប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស