26 C
Phnom Penh

របាំ​វៀតណាម​និង​របាំ​ត្រុដិ​សម្ដែង​អបអរ​បុណ្យ​ចូលឆ្នាំ​ខ្មែរ​ក្នុង​សាលាខេត្ត​ស្វាយរៀង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

របាំ​ប្រពៃណី​វៀតណាម និង​របាំ​ត្រុដិ​ប្រពៃណី​របស់​កម្ពុជា ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​រដ្ឋបាល​ខេត្ត​ស្វាយរៀង និង​រដ្ឋបាល​ខេត្ត​ឡុងអាន រួម​ជាមួយ​រដ្ឋបាល​ខេត្ត​តៃនិញ នៃ​ប្រទេស​វៀតណាម នៅ​ក្នុង​សាលាខេត្ត​ស្វាយរៀង ដើម្បី​អបអរ​សាទរ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​នា​ពេល​ខាងមុខ​នេះ។

អនុប្រធាន​បក្ស​កាន់​អំណាច អ្នកស្រី ម៉ែន សំអន ដែល​ជា​ប្រធាន​ក្រុម​ការងារ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​មូលដ្ឋាន​ខេត្ត​ស្វាយរៀង បាន​ចូលរួម​ក្នុង​ពិធី​សម្ដែង​របាំ​ប្រពៃណី​វៀតណាម និង​របាំ​ត្រុដិ​ប្រពៃណី​របស់​កម្ពុជា ដែល​រៀបចំ​ឡើង​ដោយ​រដ្ឋបាល​ខេត្ត​ស្វាយរៀង និង​រដ្ឋបាល​ខេត្ត​ឡុងអាន រួម​ជាមួយ​រដ្ឋបាល​ខេត្ត​តៃនិញ នៃ​ប្រទេស​វៀតណាម កាលពី​ថ្ងៃទី​១ ខែ​មេសា ឆ្នាំ​២០២៣ ដើម្បី​អបអរ​សាទរ​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​នា​ពេល​ខាងមុខ​នេះ។

អ្នកស្រី ម៉ែន សំអន លើកឡើង​ក្នុង​ពិធី​នោះ​ថា កម្ពុជា-វៀតណាម​នៅតែ​រក្សា​បាន​នូវ «ភាព​ជា​អ្នក​ជិតខាង​ល្អ មិត្តភាព​ជា​ប្រពៃណី កិច្ច​សហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ និង​ស្ថិរភាព​យូរ​អង្វែង» ក្នុង​ពេល​បច្ចុប្បន្ន​នេះ ហើយ​កិច្ច​សហប្រតិបត្តិការ​រវាង​ខេត្ត​ទាំង​បី​ក៏​នៅតែ​ត្រូវ​បាន​ធានា និង​ពង្រឹង​ទំនាក់ទំនង​ល្អ​ជាបន្តបន្ទាប់​ផង​ដែរ។

រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច អ្នកស្រី ម៉ែន សំអន បញ្ជាក់​ថា កម្ពុជា-វៀតណាម​បាន​សហការ​គ្នា​យ៉ាង​ជិតស្និទ្ធ​ដែល​ធានា​បាន​នូវ​និរន្តរភាព​នៃ​ការ​ផ្លាស់ប្ដូរ និង​ការ​ចរាចរ​ទំនិញ​នានា​នៅ​តាម​ព្រំដែន ដែល​ជា​កត្តា​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ទាំង​សងខាង ក្នុង​នោះ​ក៏​បាន​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ឆ្លងដែន​គ្រប់​ប្រភេទ​ថែម​ទៀត។

ការ​រៀបចំ​ឱ្យ​មាន​ការ​សម្ដែង​របាំ​ប្រពៃណី​វៀតណាម​នៅ​កម្ពុជា​នេះ ត្រូវ​រង​នូវ​ការ​រិះគន់​ពី​មជ្ឈដ្ឋាន​នានា​យ៉ាង​ច្រើន ថា​ជា​រឿង​ដែល​មិន​គួរ​ឱ្យ​កើតមាន ស្រប​ពេល​ដែល​វៀតណាម​កំពុង​មាន​មហិច្ឆតា​ឈ្លានពាន​ទឹកដី​កម្ពុជា​សព្វថ្ងៃ​នេះ។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៥ មេសា នេះ​ថា ការ​ប្រារព្ធ​ពិធី​ឱ្យ​មាន​របាំ​ប្រពៃណី​ខ្មែរ និង​របាំ​ប្រពៃណី​របស់​វៀតណាម​លើ​ទឹកដី​ខ្មែរ ដើម្បី​អបអរ​សាទរ​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិ​កម្ពុជា​នេះ គឺជា​រឿង​មិន​ខុស​ទាស់​អ្វី​នោះ​ទេ ពីព្រោះ​ក្នុង​នាម​ជា​ប្រទេស​ជិតខាង​ត្រូវតែ​មាន​ទំនាក់ទំនង​គ្នា​បែប​នេះ​ដោយ​ចៀស​មិន​ផុត​នោះ​ឡើយ។

លោក សេក សុជាតិ លើកឡើង​ថា បើ​របាំ​ប្រពៃណី​របស់​ប្រទេស​វៀតណាម​អាច​មក​សម្ដែង​ដើម្បី​អបអរ​សាទរ​បុណ្យ​ប្រពៃណី​ជាតិ​ខ្មែរ​បាន ដូច្នេះ​អាជ្ញាធរ​ខ្មែរ​ដែល​គ្រប់គ្រង​ខេត្ត​ជាប់​ទឹកដី​វៀតណាម គួរ​តែ​ស្នើ​ឱ្យ​មាន​ការ​សម្ដែង​របាំ​ប្រពៃណី​ជាតិ​របស់​ខ្លួន​ដើម្បី​អបអរ​សាទរ​បុណ្យ​ប្រពៃណី​ជាតិ​វៀតណាម​ដែរ ដើម្បី​បង្ហាញ​ពី​ទំនាក់ទំនង​ល្អ​ជាមួយ​គ្នា។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់​គំនិត​រូប​នេះ​បញ្ជាក់​ថា ផ្ទុយទៅវិញ បើ​ការ​សម្ដែង​របាំ​នេះ​មាន​តែ​ខាង​វៀតណាម​មក​កម្ពុជា តែ​កម្ពុជា​មិន​អាច​សម្ដែង​នៅ​វៀតណាម​បាន វា​ជា​រឿង​ដែល​មិន​សម​ហេតុផល និង​ជា​រឿង​ដែល​មិន​ត្រឹមត្រូវ​នោះ​ទេ ហើយ​ការ​រិះគន់​ពី​មជ្ឈដ្ឋាន​នានា​ជុំវិញ​ការ​សម្ដែង​របាំ​ប្រពៃណី​របស់​វៀតណាម​នេះ​ក៏​ជា​រឿង​សម​ហេតុផល​ដែរ។

ខេត្ត​ស្វាយរៀង ស្ថិត​នៅ​ភាគ​អាគ្នេយ៍​នៃ​រាជធានី​ភ្នំពេញ មាន​ព្រំប្រទល់​ខាងលិច និង​ខាងជើង​ទល់​នឹង​ខេត្ត​ព្រៃវែង ខាងកើត​និង​ខាងត្បូង​ទល់​នឹង​ខេត្ត​តៃនិញ អតីត​ខេត្ត​រោងដំរី ក្នុង​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម និង​ខេត្ត​ឡុងអាន ប្រទេស​វៀតណាម ដែល​មាន​ប្រវែង​ប្រមាណ ២៥៨​គីឡូម៉ែត្រ។

ទាក់ទិន​នឹង​ទំនាក់ទំនង​អាជ្ញាធរ​ខេត្ត​ស្វាយរៀង និង​អាជ្ញាធរ​ខេត្ត​នៃ​ប្រទេស​វៀតណាម កាលពី​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០២៣ ពលរដ្ឋ​ខ្មែរ​ជាច្រើន​គ្រួសារ​ដែល​រស់នៅ​ឃុំ​គ្រួស ស្រុក​ស្វាយជ្រុំ ខេត្ត​ស្វាយរៀង អះអាង​ថា អាជ្ញាធរ​ខ្មែរ​មិន​ដែល​អើពើ​នឹង​ការ​ឆ្លងដែន​របស់​ជនជាតិ​វៀតណាម ដែល​យក​គោ​ក្របី​របស់​ពួកគេ​មក​ឃ្វាល​នៅ​លើ​ទឹកដី​ខ្មែរ​នោះ​ឡើយ ហើយ​គោ​ក្របី​វៀតណាម​ទាំងនោះ​តែងតែ​បំផ្លាញ​ដំណាំ​របស់​ពលរដ្ឋ​ខ្មែរ​ជា​រៀងរាល់​ថ្ងៃ​សព្វថ្ងៃ​នេះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស