26.3 C
Phnom Penh

សង្គម​ស៊ីវិល​អំពាវនាវ​ឱ្យ​ពលករ​ខ្មែរ​ដែល​មក​លេង​ស្រុកកំណើត ត្រូវ​ត្រឡប់​ទៅ​ធ្វើការ​វិញ​ឲ្យ​បាន​មុន​ថ្ងៃ​កំណត់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សង្គម​ស៊ីវិល​អំពាវនាវ​ឱ្យ​ពលករ​ខ្មែរ​ធ្វើការ​ក្នុង​ប្រទេស​ថៃ ដែល​ធ្វើ​មាតុភូមិ​និវត្តន៍​មក​លេង​ស្រុកកំណើត ត្រូវ​ត្រឡប់​ទៅ​ធ្វើ​ការងារ​វិញ​ឲ្យ​បាន​មុន​ថ្ងៃ​កំណត់ បើ​មិន​ដូច្នេះ​ទេ វីសា​ការងារ ឬ​ត្រា​អនុញ្ញាត​ការងារ Non-Immigration ឬ​ហៅ L-A Visa (NON-L-A) លើ​លិខិត​ឆ្លងដែន​របស់​ពួកគេ នឹង​ត្រូវ​ខូច​ដែល​មិន​អាច​ឱ្យ​ពលករ​ទាំងនោះ​ធ្វើការ​ក្នុង​ប្រទេស​ថៃ ដោយ​ស្រប​ច្បាប់​បាន​ឡើយ។

មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៩ មេសា នេះ​ថា នៅ​ព្រឹក​ថ្ងៃទី​០៩ ខែ​មេសា ឆ្នាំ​២០២៥ នេះ ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ បាន​ធ្វើ​ដំណើរ​ទៅ​លេង​ស្រុក​ខ្មែរ​យ៉ាង​ច្រើន​នៅ​តាម​ច្រក​បានឡែម (ច្រក​ដូង) ស្រុក​កំរៀង ខេត្ត​បាត់ដំបង។

ប្រភព​ដដែល​អំពាវនាវ​ដល់​ពលករ​ខ្មែរ​ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ វិលត្រឡប់​ទៅ​ធ្វើ​ការងារ​វិញ​ទៅ​តាម​ច្បាប់​របស់​ថៃ ដែល​បាន​កំណត់​កាលពី​ពេល​ថ្មីៗ​នេះ។

កាលពី​សប្តាហ៍​កន្លង​ទៅ រដ្ឋាភិបាល​ថៃ បាន​ប្រកាស​លើកលែង​តម្លៃ​សេវា​ការ​អនុញ្ញាត (ចេញ-ចូល) ប្រទេស​ថៃ (Re-Entry Permit) ដល់​ពលករ​ខ្មែរ ឡាវ និង​ភូមា ក្នុង​អំឡុង​ពេល​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ចាប់ពី​ថ្ងៃទី​១ ខែ​មេសា ដល់​ថ្ងៃទី​១៥ ខែ​ឧសភា ឆ្នាំ​២០២៥ ខាងមុខ។

សេចក្តី​ប្រកាស​របស់​អាជ្ញាធរ​ថៃ បញ្ជាក់​ថា ការ​លើកលែង​តម្លៃ​សេវា​នេះ គឺ​ផ្ដល់​ជូន​តែ​មួយ​ដង​គត់​ដល់​ពលករ​ខ្មែរ​ដែល​មាន​លិខិត​ឆ្លងដែន ឬ​លិខិត​ធ្វើ​ដំណើរ​ទៅ​ធ្វើការ​នៅ​បរទេស ដែល​ហៅ​កាត់​ថា TD និង​មាន​ទិដ្ឋាការ​ការងារ (Non-Immigration L-A Visa) ដែល​មាន​សុពលភាព​លើស​ពី​ថ្ងៃទី​១៥ ខែ​ឧសភា ឆ្នាំ​២០២៥។

អង្គការ​សង់ត្រាល់ បញ្ជាក់​ថា ការ​លើកលែង​នេះ គឺ​បូក​រួម​ទាំង​កូន​អាយុ​ក្រោម ១៨​ឆ្នាំ​ក្នុង​បន្ទុក​ផង​ដែរ សម្រាប់​អ្នក​ដែល​មាន​លិខិត​អនុញ្ញាត​ឱ្យ​ស្នាក់នៅ​ក្នុង​ប្រទេស​ថៃ លើស​ពី​ថ្ងៃទី​១៥ ខែ​ឧសភា ឆ្នាំ​២០២៥ នោះ។

ចាប់ពី​ថ្ងៃទី​១ ខែ​មេសា ឆ្នាំ​២០២៥ មក គេ​សង្កេត​ឃើញ​ពលករ​ខ្មែរ​ដែល​ចេញ​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ បាន​នាំគ្នា​វិលត្រឡប់​ចូល​មក​ប្រទេស​កម្ពុជា​វិញ​ជា​បន្តបន្ទាប់​តាម​ច្រក​ផ្សេងៗ​នៅ​តាម​ខេត្ត​ដែល​ជាប់​ព្រំដែន​ជាមួយ​ប្រទេស​ថៃ ដូចជា ខេត្ត​បន្ទាយមានជ័យ ខេត្ត​ឧត្ដរមានជ័យ ខេត្ត​បាត់ដំបង និង​ខេត្ត​ប៉ៃលិន ជាដើម។

ជុំវិញ​បញ្ហា​នេះ សមត្ថកិច្ច​ប្រចាំ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ដូង ស្រុក​កំរៀង ខេត្ត​បាត់ដំបង បាន​អះអាង​ថា ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​២ ខែ​មេសា មាន​ពលករ​ខ្មែរ​ជិត ៥​ពាន់​នាក់ បាន​ធ្វើ​ដំណើរ​ឆ្លងដែន​វិល​មក​ស្រុកកំណើត​ដើម្បី​ចូលរួម​ពិធីបុណ្យ​ចូលឆ្នាំ។

មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ដែល​ហៅ​កាត់​ថា សង់ត្រាល់ បញ្ជាក់​ថា មាន​ពលករ​ខ្មែរ​យ៉ាងហោចណាស់​ជាង ២​លាន​នាក់ ទាំង​ស្រប​ច្បាប់ និង​ខុស​ច្បាប់ កំពុង​ធ្វើការ​នៅ​ប្រទេស​ថៃ សព្វថ្ងៃ​នេះ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស