31 C
Phnom Penh

លោក ទៀ បាញ់៖ សមយុទ្ធ​ជាមួយ​ចិន​គឺ​បង្ហាញ​ពិភពលោក​ពី​មិត្ត​ដែកថែប​មិន​អាច​បំបែក​បាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អគ្គមេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ លោក ទៀ បាញ់ អះអាង​ថា ការ​ធ្វើ​សមយុទ្ធ​នាគ​មាស​រវាង​កម្ពុជា-ចិន​នៅ​ពេលនេះ គឺជា​សញ្ញា​មួយ​បង្ហាញ​ទៅ​កាន់​ពិភពលោក​កាន់តែ​ច្បាស់​ថា មិត្តភាព​ដែកថែប​រវាង​កម្ពុជា-ចិន មិន​អាច​បរទេស​ណា​បំបែក​បាន​ឡើយ ក្នុង​នោះ​លោក ទៀ បាញ់ ព្រមាន​ថា កម្ពុជា​នឹង​បដិសេធ​ដាច់ខាត​នូវ​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​ពី​បរទេស​នានា។

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក ទៀ បាញ់ លើកឡើង​ក្នុង​ពិធី​បិទ​បញ្ចប់​សមយុទ្ធ​នាគ​មាស​កម្ពុជា-ចិន នៅ​ថ្ងៃទី​៥ ខែ​មេសា នេះ​ថា ការ​ធ្វើ​សមយុទ្ធ​នាគ​មាស​រួម​គ្នា​ក្នុង​ឆ្នាំ​២០២៣ នេះ បាន​បង្ហាញ​ដល់​ពិភពលោក​កាន់តែ​ច្បាស់​ថា មិត្ត​ដែកថែប​កម្ពុជា-ចិន គឺ​កាន់តែ​រឹងមាំ​មិន​អាច​បំបែក​បាន​ឡើយ ហើយ​នឹង​បន្ត​រីកចម្រើន​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត​ទៅ​ថ្ងៃ​មុខ។

លោក ទៀ បាញ់ អះអាង​ថា ស្ថិត​ក្នុង​បរិបទ​ពិភពលោក​កំពុង​មាន​បញ្ហា​ប្រឈម និង​មាន​ការ​ផ្លាស់ប្ដូរ បែរ​ជា​កម្ពុជា-ចិន​អាច​ធ្វើ​សមយុទ្ធ​ជាមួយ​គ្នា​បាន នោះ​គឺ​បង្ហាញ​យ៉ាង​ច្បាស់​ថា មិត្តភាព​ដែកថែប​កម្ពុជា-ចិន​មាន​ភាព​ស្អិតល្មួត​កាន់តែ​ខ្លាំង និង​រឹងមាំ ដែល​នឹង​បម្រើ​ផល​ប្រយោជន៍​សម្រាប់​កងទ័ព និង​ប្រទេស​ទាំង​ពីរ​កាន់តែ​ស៊ីជម្រៅ និង​គ្រប់​ជ្រុងជ្រោយ​ថែម​ទៀត។

អគ្គមេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ​កម្ពុជា​រូប​នេះ​បញ្ជាក់​ថា សមិទ្ធផល​នៃ​ការ​ធ្វើ​សមយុទ្ធ​នាគ​មាស​កម្ពុជា-ចិន នឹង​ធ្វើ​ឱ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​កាន់តែ​វិវឌ្ឍ​ទៅ​រក​ភាព​កាន់តែ​ប្រសើរ​ឡើង ដែល​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​បន្ត​អនុវត្ត​តាម​ទស្សនៈ​រួម​គ្នា​ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​យោធា​កាន់តែ​ស៊ីជម្រៅ​ទៅ​ថ្ងៃ​អនាគត។

សមយុទ្ធ​នាគ​មាស​រវាង​កម្ពុជា-ចិន បាន​ដំណើរការ​រយៈពេល ២០​ថ្ងៃ​នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងរាជ​អាវុធហត្ថ​ភ្នំ​ជុំសែនរីករាយ ស្ថិត​ក្នុង​ភូមិ​ច្រកកូវ ឃុំ​ពាម ស្រុក​សាមគ្គីមានជ័យ ខេត្ត​កំពង់ឆ្នាំង ដែល​មាន​កម្លាំង​ចូលរួម​ចំនួន ២៨៣១​នាក់ ក្នុង​នោះ​កងយោធពល​ខេមរភូមិន្ទ​មាន​ចំនួន ២៧៧៤​នាក់ និង​កងទ័ព​រំដោះ​ប្រជាជន​ចិន​មាន​ចំនួន ២៥៧​នាក់​ផង​ដែរ។

សមយុទ្ធ​យោធា​នាគ​មាស​រវាង​កម្ពុជា-ចិន បាន​ចាប់ផ្តើម​ជា​លើកដំបូង​នៅ​ក្នុង​ឆ្នាំ​២០១៦ ខណៈ​សមយុទ្ធ​យោធា​ដែល​មាន​ឈ្មោះ​ថា «ឆ្មាំ​អង្គរ» ដែល​កម្ពុជា​តែង​ធ្វើ​ជាមួយ​សហរដ្ឋ​អាមេរិក​រៀងរាល់​ចុង​ឆ្នាំ ត្រូវ​បាន​ផ្អាក​ចាប់តាំងពី​ឆ្នាំ​២០១៧ មក។

ការ​ធ្វើ​សមយុទ្ធ​យោធា​សហរដ្ឋ​អាមេរិក និង​កម្ពុជា មិន​ត្រឹមតែ​ផ្អាក​ទេ តែ​បាន​ប្រែ​ទៅ​ជា​ភាព​រកាំរកូស​នឹង​គ្នា​ថែម​ទៀត បន្ទាប់ពី​កម្ពុជា​សម្រេច​វាយកម្ទេច​អគារ​ដែល​ជា​ជំនួយ​របស់​អាមេរិក​នៅ​មូលដ្ឋាន​ជើងទឹក​រាម កាលពី​អំឡុង​ឆ្នាំ​២០២០ កន្លងទៅ ដោយ​ជំនួស​មក​វិញ​នូវ​អគារ​ក្រោម​ជំនួយ​របស់​ចិន ដែល​កំពុង​សាងសង់​សព្វថ្ងៃ​នេះ។

ជុំវិញ​បញ្ហា​នេះ កាលពី​ដើម​ខែ​តុលា ឆ្នាំ​២០២០ មន្ទីរ​បញ្ចកោណ (Pentagon) យោធា​អាមេរិក បាន​សម្ដែង​ក្ដី​បារម្ភ​ពី​របាយការណ៍​ដែល​កម្ពុជា​វាយកម្ទេច​អគារ​ដែល​ជា​ជំនួយ​របស់​សហរដ្ឋ​អាមេរិក​យ៉ាង​ខ្លាំង ហើយ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​មន្ទីរ​បញ្ចកោណ (Pentagon) យោធា​អាមេរិក បញ្ជាក់​ថា ការ​កម្ទេច​អគារ​ដែល​ជា​ជំនួយ​របស់​អាមេរិក​នេះ អាច​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​គម្រោង​រដ្ឋាភិបាល​កម្ពុជា​ទទួល​យក​វត្តមាន​យោធា​ចិន​ផង​ដែរ។

កាលពី​ដើម​ឆ្នាំ​២០១៧ ក្រសួង​ការពារ​ជាតិ​កម្ពុជា បាន​អះអាង​ថា កម្ពុជា​នឹង​ផ្អាក​ធ្វើ​សមយុទ្ធ​យោធា​ឆ្មាំ​អង្គរ​ជាមួយ​អាមេរិក នៅ​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ ក្រោម​ហេតុផល​ថា កម្ពុជា​មមាញឹក​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន និង​ការ​ត្រៀម​ការពារ​ដំណើរការ​រៀបចំ​បោះឆ្នោត​ឃុំ-សង្កាត់ និង​បោះឆ្នោត​ជាតិ​ផង​ដែរ ប៉ុន្តែ​ចាប់តាំងពី​ពេល​នោះ​មក កម្ពុជា​បាន​ជំនួស​មក​វិញ​នូវ​ការ​ធ្វើ​សមយុទ្ធ​យោធា​នាគ​មាស​ជាមួយ​នឹង​ចិន​ទៅ​វិញ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​៣១ ខែ​មីនា ឆ្នាំ​២០២២ មេបញ្ជាការ​កងទ័ព​ជើងគោក​កម្ពុជា លោក ហ៊ុន ម៉ាណែត និង​មេបញ្ជាការ​កងទ័ព​ជើងគោក​ចិន លោក លីវ ចេនលី (Liu Zhen Li) បាន​ចុះហត្ថលេខា​រួម​គ្នា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​ស្ដីពី «កិច្ច​សហប្រតិបត្តិការ​រវាង​កងទ័ព​ជើងគោក​នៃ​កងយោធពល​ខេមរភូមិន្ទ និង​កងទ័ព​ជើងគោក​ចិន» ថែម​ទៀត។

ស្រប​ពេល​ដែល​កម្ពុជា​បន្ត​រឹត​ចំណង​មិត្ត​ដែកថែប​ជាមួយ​ចិន​កាន់តែ​ខ្លាំង គេ​ក៏​រក​ឃើញ​ដែរ​ថា កម្ពុជា​បាន​លួចលាក់​ពន្យារ​ទិដ្ឋាការ​កងទ័ព​រំដោះ​ប្រជាជន​ចិន ជិត ៥០​នាក់​ឱ្យ​ស្នាក់នៅ​ក្នុង​ប្រទេស​កម្ពុជា​រយៈពេល ១២​ខែ​បន្ត​ទៀត​ដោយ​ឥត​គិត​ថ្លៃ​កាលពី​ចុង​ឆ្នាំ​២០២២ កន្លងទៅ ដែល​ជា​មូលហេតុ​ធ្វើ​ឱ្យ​មាន​ការ​សង្ស័យ​ពី​វត្តមាន​កងទ័ព​ចិន នៅ​កំពង់ផែ​រាម​កាន់តែ​ខ្លាំង​ឡើងៗ​នៅ​ពេលនេះ។

យ៉ាងណាក៏ដោយ កាលពី​ថ្ងៃទី​១៦ ខែ​មីនា ឆ្នាំ​២០២៣ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន អះអាង​ថា មិន​មាន​វត្តមាន​កងទ័ព​ចិន​នៅ​កំពង់ផែ​រាម​នោះ​ទេ ហើយ​អ្នក​ដែល​លើកឡើង​បែប​នេះ ដោយសារតែ​ពួកគេ​មាន​ចេតនា​រករឿង​លោក​ប៉ុណ្ណោះ។

បែប​នេះ​ក្តី អ្នក​តាមដាន​ស្ថានការណ៍​កម្ពុជា លោក សុខ សុគន្ធ ធ្លាប់​បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ពេល​កន្លងទៅ​ថា វិស័យ​យោធា​របស់​ប្រទេស​កម្ពុជា​សព្វថ្ងៃ​នេះ ទំនង​ជា​បាន​ផ្សារភ្ជាប់​គ្រប់​ផ្នែក​នៃ​កងទ័ព​ទាំងអស់​ជាមួយ​ចិន​រួច​ទៅ​ហើយ ក្រោយពី​កម្ពុជា​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​ស្ដីពី «កិច្ច​សហប្រតិបត្តិការ​រវាង​កងទ័ព​ជើងគោក​នៃ​កងយោធពល​ខេមរភូមិន្ទ និង​កងទ័ព​ជើងគោក​ចិន កាលពី​ដើម​ខែ​មេសា ឆ្នាំ​២០២២ កន្លង​ទៅ​នោះ។

កាលពី​ចុង​ឆ្នាំ​២០២០ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​អាមេរិក លោក ម៉ាក អេស្ពើរ បាន​លើកឡើង​ក្នុង​កិច្ចពិភាក្សា​មួយ​ដែល​រៀបចំ​ដោយ​វិទ្យាស្ថាន​អន្តរជាតិ​សម្រាប់​ការ​សិក្សា​យុទ្ធសាស្ត្រ​ថា កម្ពុជា​មិន​ត្រូវ​នៅ​ក្រោម​ឥទ្ធិពល​ចិន ដែល​នឹង​នាំ​ឲ្យ​បាត់​អធិបតេយ្យ​ជាតិ និង​ឯករាជភាព​របស់​ខ្លួន​នោះ​ទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស