ចោរកម្មក្នុងពិភពលោកកើតមានស្ទើរគ្រប់ប្រទេស ហើយប្រទេសកម្ពុជាក៏មិនគេចផុតពីអំពើទុច្ចរិតនេះដែរ។ អ្វីដែលមិនដូចគ្នានោះ គឺនៅប្រទេសអនុវត្តច្បាប់ អាជ្ញាធរមានសមត្ថកិច្ចប្រឹងស្វែងរកមុខបណ្ដាញជនទុច្ចរិត រីឯក្នុងព្រះរាជាណាចក្រកម្ពុជា អាជ្ញាធរសម្ងំមិនហ៊ានប៉ះពាល់ឧក្រិដ្ឋកម្មបែបនេះទេ។
តើប៉ូលិសបរទេសនឹងរកចោរកម្មប្រភេទណាទៀតនៅនៅលើទឹកដីអច្ឆរិយ?
លោក ហាស់ សាន សូមជូនសេចក្តីរាយការណ៍អំពីល្បិចលួចអត្តសញ្ញាណ៖
គេនិយាយថា ល្គឹកណាវិទ្យាសាស្ត្របច្ចេកវិជ្ជាកាន់តែទំនើប រីកចម្រើនជឿនលឿន ការប្រើប្រាស់គ្រឿងបច្ចេកទេសទំនើបទាំងនោះក៏អាចមានមនុស្សយកវាទៅបម្រើគោលបំណងអាក្រក់របស់ពួកនោះដែរ។
ក្នុងអត្ថបទនេះ យើងខ្ញុំព្យាយាមពន្យល់ និងផ្តល់ព័ត៌មានឲ្យសាធារណជនងាយយល់ដឹងតាមលទ្ធភាពដែលអាចធ្វើទៅបាន ពីព្រោះជាការប្រើភាសាពាក្យពេចន៍បច្ចេកទេសខាងប្រព័ន្ធអេឡិចត្រូនិក ហៅថា អ៊ីនធឺណិត ឬអន្តរបណ្ដាញ ដែលពុំមានក្នុងវចនានុក្រមភាសាខ្មែរ។
អ្នករៀនសូត្រខាងបច្ចេកវិទ្យាអេឡិចត្រូនិក គេអាចយល់បានឆាប់រហ័ស។ ចំពោះសាមញ្ញជនធម្មតាវិញ គាត់គ្រាន់តែចេះប្រើប្រាស់ ប៉ុន្តែមិនយល់ជ្រៅអំពីបញ្ហាក្នុងប្រព័ន្ធប្រទាក់ក្រឡាតាមបែបបច្ចេកវិទ្យានោះទេ។
ទោះជាយ៉ាងណាក្តី អ្នកប្រើប្រាស់គ្រឿងប្រដាប់អេឡិចត្រូនិកគប្បីដឹង ព្រោះថាក្រុមចោរក៏គយគន់រង់ចាំឱកាសល្អដើម្បីនឹងលួចព័ត៌មានពីម្ចាស់គ្រឿងអេឡិចត្រូនិកទាំងនោះដែរ បើមិនប្រយ័ត្នប្រយែង។ ពេលខ្លះ ទម្រាំតែម្ចាស់ខ្លួនដឹងថាមានចោរលួចព័ត៌មានអំពីខ្លួនផ្ទាល់ ចោរអន្យតិរ្ថិយយកប្រាក់អស់ពីធនាគារ ឬប្រើប័ណ្ណទិញជឿ ហៅថា credit cards អស់ទឹកប្រាក់របស់ខ្លួនដែលធនាគារអនុញ្ញាតឲ្យចាយវាយ។
បច្ចុប្បន្នកាលនេះ មនុស្សលោករាប់រយលាននាក់ គ្រប់ជាតិសាសន៍ គ្រប់ភេទ គ្រប់វ័យតាមច្បាប់ គ្រប់ពណ៌សម្បុរ ប្រើប័ណ្ណ ឬកាត (cards) យ៉ាងតិចបំផុតមាន១ បើប្រើច្រើន យ៉ាងតិចម្នាក់មានកាតពី ៥-៦ គឺកាតពីធនាគារខ្លួនផ្ទាល់សម្រាប់ប្រើធនធានផ្ទាល់ខ្លួនមានក្នុងគណនេយ្យ ហៅថា debit cards កាតទិញជឿ-សងក្រោយ មានដូចជា American Express cards, MasterCards, Visa Cards, Discover Cards, Diner Cards។ល។
ក្រៅពីនេះទៀត ក៏មានកាតចេញដោយហាងទំនិញនីមួយៗសម្រាប់សមាជិកហាងទាំងនោះ ហៅថា store cards។ ដើម្បីទទួលបានកាតពីឈ្មោះកាតទាំងអស់នេះ សាមីខ្លួនម្នាក់ៗត្រូវបំពេញបែបបទសុំកាតនីមួយៗនោះ ដោយប្រើព័ត៌មានផ្លូវការអំពីខ្លួនផ្ទាល់ ស្របតាមអត្តសញ្ញាណប័ណ្ណរដ្ឋអំណាចចេញឲ្យ ដូចជាប័ណ្ណបើកបររថយន្តជាដើម ដែលមានបញ្ជាក់អំពី នាម និងគោត្តនាម ថ្ងៃខែឆ្នាំ និងទីកន្លែងកំណើត ព្រមទាំងទីលំនៅបច្ចុប្បន្ន លេខអត្តសញ្ញាណប័ណ្ណ។ ទាំងអស់នេះជាព័ត៌មានដែលធនាគារ ឬក្រុមហ៊ុនកត់ត្រាទុក ស្រាវជ្រាវអំពីប្រវត្តិសាមីខ្លួនថា តើមានប្រវត្តិល្អ ឬមិនល្អ មុននឹងគេចេញកាតឲ្យប្រើប្រាស់តាមតម្រូវការ។
សាធារណជន អតិថិជននឹងប្រើប្រាស់កាតទាំងឡាយនោះចាយវាយក្នុងភោជនីយដ្ឋាន រោងភាពយន្ត ហាងទំនិញ ទិញសំបុត្រយន្តហោះ ចាក់សាំងឡានជាដើម។ល។ បើប្រើកាតទិញជឿ-សងក្រោយ credit cards អតិថិជនមិនចាំបាច់វាយបញ្ចូលលេខកូដសម្ងាត់ផ្ទាល់ខ្លួន ហៅថា pin number នោះទេ។ ប៉ុន្តែបើយើងប្រើកាតចេញដោយធនាគារដែលយើងបើកគណនេយ្យតម្កល់ប្រាក់ នោះយើងនឹងត្រូវតែវាយបញ្ចូលលេខកូដ pin number។
ចោរក៏មានជំនាញខាងបច្ចេកទេសលួចព័ត៌មានអំពីអត្តសញ្ញាណបុគ្គលម្នាក់បានដែរ ព្រោះថាពេលយើងប្រើកាត យើងបន្សល់ទុកព័ត៌មានអំពីខ្លួនយើងនៅក្នុងប្រព័ន្ធអេឡិចត្រូនិកតាមកន្លែងនីមួយៗដែលយើងប្រើកាតនោះ។
តាមអ្នកជំនាញគ្រឿងអេឡិចត្រូនិកខាងម៉ាស៊ីនគិតថ្លៃទំនិញ ម៉ាស៊ីនប្រើកាតតាមស្ថានីយចាក់សាំង ទូរសព្ទដៃ ម៉ាស៊ីនបើកប្រាក់ ហៅថា អេធីអឹម (ATM) ខាងក្រៅធនាគារ ចោរងាយលួចបានព័ត៌មានពីការប្រើកាត ATM គឺកាតចេញដោយធនាគារយើងផ្ទាល់ ជាងការប្រើ credit cards មកពីយើងវាយបញ្ចូលលេខកូដសម្ងាត់ពេលប្រើវា។
នៅសហរដ្ឋអាមេរិកមានករណីចោរលួចដាក់បង្កប់គ្រឿងឧបករណ៍តូចៗរកមើលមិនឃើញជាប់នឹងស្ថានីយចាក់សាំង សម្រាប់ថតយកលេខកូដនៅពេលអ្នកបើករថយន្តកូតកាត ATM របស់ខ្លួនដើម្បីចាក់សាំង។ ចោរនឹងយកលេខកាតរបស់យើងដែលមានព័ត៌មានគ្រប់គ្រាន់អំពីយើងម្ចាស់កាត ទៅបើកយកប្រាក់ពីធនាគារតាមវិធីជំនាញរបស់ចោរ។
វិធីផ្សេងមួយបែបទៀត គឺរបៀបលួចតាមការប្រើប្រាស់ប្រព័ន្ធផ្ញើសារ ផ្ញើលិខិតទាក់ទងតាមប្រព័ន្ធអេឡិចត្រូនិក ហៅថា email សារផ្ញើទៅមកភ្លាមៗជាការសរសេរអក្សរ text message ឬសារជាសំឡេង voice message ហៅថា instant messaging ប្រើតាមទូរសព្ទដៃ។
អ្នកជំនាញពីក្រុមហ៊ុនសន្តិសុខអន្តរបណ្ដាញ IntelliPaat អធិប្បាយពន្យល់អំពីវិធីលួចដែលចោរខំប្រឹងជម្នះតាមអន្តរបណ្ដាញ ហើយយើងសូមស្រង់មកបកស្រាយជាជំនួយដល់ការប្រុងប្រយ័ត្នគ្រប់ៗគ្នា គឺវិធីពីរយ៉ាងគេឲ្យឈ្មោះថា៖ phishing និង pharming។
phishing និង pharming ខាងបច្ចេកវិទ្យាអេឡិចត្រូនិកក្នុងសន្តិសុខអន្តរបណ្ដាញមិនមានន័យថាការនេសាទត្រី ឬការធ្វើចម្ការនោះទេ។
Phishing គឺពួកជនទុច្ចរិតព្យាយាមជ្រៀតចូលតាមមធ្យោបាយទាក់ទងអេឡិចត្រូនិកខុសច្បាប់ ដើម្បីលួចយកពីអ្នកប្រើប្រាស់ម្តងមួយៗ ដោយប្រើសារអេឡិចត្រូនិក email ឬសារខ្លីៗសរសេរជាអក្សរ។ ពួកជនទុច្ចរិតប្រើបច្ចេកទេសបញ្ជូនសារចេញ ដោយបង្ហាញការតភ្ជាប់ទៅគេហទំព័រណាមួយស្វែងរកព័ត៌មានផ្ទាល់ខ្លួនលម្អិតពីអ្នកប្រើប្រាស់។ វិធីអនុវត្ត គឺតាមរយៈសារអេឡិចត្រូនិក (email) ទូរសារ (fax) និងការផ្ញើសារទៅវិញទៅមកភ្លាមៗ (instant messaging)។
Pharming ជាបច្ចេកទេសទំនើបជាង អនុវត្តដើម្បីស្វែងរកព័ត៌មានប្រវត្តិអ្នកប្រើប្រាស់ដោយណែនាំតម្រង់ទៅរកគេហទំព័រក្លែងក្លាយ។ ពួកចោរបង្វែរទិសចរាចរណ៍ពីគេហទំព័រមួយទៅរកគេហទំព័រមួយផ្សេងទៀតដូចគ្នា ដើម្បីលួចព័ត៌មានពីបុគ្គលម្នាក់ ស្រដៀងគ្នានឹងការលួចព័ត៌មានតាមរយៈការប្រើ email។ ការលួចយកព័ត៌មានតាមមធ្យោបាយក្លែងបំភ័ន្ត បំពុលប្រភពឈ្មោះដើមគេហទំព័រ មានភាពស្មុគស្មាញជាងការលួចតាមវិធី Phishing។ ពួកចោរក្លែងបំភ័ន្ត ឬបំពុលប្រភពដើមដែលបង្កើត និងរក្សាព័ត៌មាន ហៅថា server ហើយបង្វែងទិសទៅរកគេហទំព័រថ្មីផ្សេងបាន គឺតាមរយៈការប្រើមធ្យោបាយលុកលុយបំបែកសន្តិសុខរបស់ម្ចាស់ដើមគេហទំព័រ ឈ្មោះដើមគេហទំព័រ domain name system (DNS) មាននៅក្នុង server ឬឧបករណ៍បញ្ជូនចេញ បែងចែកសេវាអ៊ីនធឺណិត ហៅថា router។
វិធីការពារទប់ទល់នឹងមធ្យោបាយទុច្ចរិតបែប phishing ដែលអាចធ្វើបានដោយម្ចាស់ឧបករណ៍ផ្ទាល់ខ្លួន គឺកុំចុចបើកអ្វីភ្ជាប់មកជាមួយអ៊ីមែល ហៅថា email attachment បើមានការមន្ទិលសង្ស័យ។ រីឯវិធីការពារទប់ទល់នឹងមធ្យោបាយទុច្ចរិតបែប pharming គឺកុំចូលបើករាវរកអ្វីមួយក្នុងគេហទំព័រដែលយើងមិនស្គាល់ប្រភពច្បាស់លាស់។ អ្នកជំនាញស្នើឲ្យអ្នកប្រើប្រាស់ដាក់បញ្ចូលប្រព័ន្ធការពារសន្តិសុខផ្នែកអន្តរបណ្ដាញថែមទៀត ដែលគេហៅថា cybersecurity software ដើម្បីការពារទប់ស្កាត់។
តើបញ្ហាទាំងអស់ពណ៌នាពីខាងដើមមកនេះ អាចកើតមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាដែរឬទេ ហើយមានអ្នកណាទទួលខុសត្រូវឬទេ?
សូមកត់សម្គាល់ថា ពួកចោរក៏មិនមែនជាមនុស្សល្ងឹតល្ងង់មិនចេះដឹងខាងបច្ចេកវិទ្យានោះដែរ។ ចំពោះអ្នកប្រើប្រាស់ធម្មតាជាសាធារណជន គេត្រូវពឹងផ្អែកលើអ្នកបច្ចេកទេសដើម្បីតភ្ជាប់ ប្រើប្រាស់ និងជួសជុលប្រព័ន្ធអេឡិចត្រូនិកអន្តរបណ្ដាញ ឬអ៊ីនធឺណិត ព្រោះថាវាមានភាពស្មុគស្មាញមិនអាចធ្វើដោយខ្លួនឯងគ្រប់ៗគ្នាបាន។
នៅក្នុងព្រះរាជាណាចក្រកម្ពុជា មានក្រុមហ៊ុនផ្គត់ផ្គង់អ៊ីនធឺណិតធំៗចំនួនប្រមាណ២០ ប៉ុន្តែប្រភពខ្លះថាមានចំនួនប្រមាណ ៤៥ក្រុមហ៊ុនក្នុងឆ្នាំ២០២៣។ ក្រុមហ៊ុនទាំងនេះរាប់តាមលំដាប់លេខរៀងដែលមានសមត្ថភាពផ្គត់ផ្គង់សេវាដល់អតិថិជន មានដូចតទៅ៖
- VIETTEL (CAMBODIA);
- KingCorp Inc;
- EZECOM Corp;
- COGETEL;
- ANGKOR DATA COMM;
- S.I Group;
- CityLink Corp;
- Xinwei (Cambodia) Telecom;
- Telecom Cambodia (T.C.);
- Camintel S.A;
- Telcotech;
- South East Asia Telecom (Cambodia);
- TURBOTECH;
- CAMGSM;
- AKCTV;
- Maximum Business Information Technology;
- BigHub;
- Phnom Penh Cable TV។
ក្រុមហ៊ុនអ៊ីនធឺណិតដែលផ្គត់ផ្គង់សេវាល្អលេចធ្លោជាងគេ គឺក្រុមហ៊ុន VIETTEL (CAMBODIA) ជាក្រុមហ៊ុនយោធាវៀតណាម ធ្លាប់គ្រប់គ្រងដោយឧត្តមសេនីយ៍ ឡេ ឌឹក អាញ ដែលដឹកនាំកងទ័ព ២សែននាក់វាយលុកលុយឈ្លានពានប្រទេសកម្ពុជា រំលំរបបខ្មែរក្រហម។ ក្រុមហ៊ុនវៀតតែល មានសាខាក្រុមហ៊ុនទូរសព្ទម៉ូប៊ីតែល ផ្តល់សេវាថោកជាងគេ ឬឥតយកថ្លៃដល់នាយកងកម្លាំងប្រដាប់អាវុធ។
មានសេចក្តីរាយការណ៍ថា ក្រុមហ៊ុនយោធាវៀតតែល បានលក់ឲ្យឯកជនរកស៊ី ហើយមានបើកសាខាអាជីវកម្មនៅប្រទេសភូមាផងដែរ។ ទោះជាដូច្នេះក្តី ប្រទេសយៀកណាមនៅជាប្រទេសកាន់របបកុម្មុយនីស្តនៅឡើយ ហើយក៏មិនខុសពីប្រទេសចិនដែរ ដែលក្រុមហ៊ុនឯកជនត្រូវផ្តល់ព័ត៌មានឲ្យរដ្ឋ បើរដ្ឋត្រូវការចាំបាច់។
ក្រុមហ៊ុនដែលធ្វើអាជីវកម្មផ្តល់សេវាអ៊ីនធឺណិតក្នុងប្រទេសមួយ មិនត្រឹមតែចុះឈ្មោះសុំច្បាប់ប្រទេសខ្លួនចង់រកស៊ីនោះប៉ុណ្ណោះទេ ប៉ុន្តែត្រូវចូលជាសមាជិកទិញកញ្ចប់បរិមាណអាសយដ្ឋានអ៊ីនធឺណិតសម្រាប់ចែកចាយអតិថិជនយកថ្លៃសេវា ហៅថា Internet Protocol (IP) address ពីមជ្ឈមណ្ឌល Asia Pacific Network Information Center (APNIC) នៅប្រទេសអូស្ត្រាលី ថែមទៀត ដែលបម្រើឲ្យសេដ្ឋកិច្ចប្រទេសចំនួន៥៦ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ នៅក្នុងប្រទេសសេរី ប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស គោរពច្បាប់ រដ្ឋអំណាចអាជ្ញាធរមានសមត្ថកិច្ចមិនលូកដៃក្នុងការប្រើប្រាស់អ៊ីនធឺណិត អ៊ីមែល ការបញ្ជូនសារជាអក្សរ ឬជាសំឡេងតាមអាប់ស៍ (apps) ផ្សេងៗឡើយ លើកលែងតែមានករណីបំពានលក្ខខណ្ឌច្បាប់ជាធរមាន។ នេះមានន័យថា ក្រុមហ៊ុនឯកជនផ្តល់សេវាអ៊ីនធឺណិតអាចធ្វើប្រតិបត្តិការដោយសេរី ដោយភាពឯកជន។
តើក្នុងរបបផ្ដាច់ការមិនគោរពសិទ្ធិមនុស្ស មិនគោរពច្បាប់ អំណាចក្នុងដៃបុគ្គល នរណាអាចធានាថាគ្មានការលួចបន្លំចាប់សំឡេង ចាប់សារអ្នកប្រើប្រាស់ដោយមិនរំលោភសិទ្ធិមនុស្ស មិនបំពានច្បាប់ពីរដ្ឋអំណាចនោះ?
នៅប្រទេសប្រកាន់របបគ្រប់គ្រងបែបកុម្មុយនីស្តផ្ដាច់ការផ្ដាច់មុខ រដ្ឋអំណាចគ្រប់គ្រង ត្រួតពិនិត្យរំហូរ ឬចរាចរណ៍ទាក់ទងឆ្លងឆ្លើយគ្នាពីមជ្ឈដ្ឋានពលរដ្ឋក្នុងប្រព័ន្ធអន្តរបណ្ដាញ ឬអ៊ីនធឺណិត។ ក្នុងខែកុម្ភៈ ឆ្នាំ២០២១ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចុះហត្ថលេខាលើអនុក្រឹត្យបង្កើតជារបបគ្រប់គ្រងច្រកទ្វារអ៊ីនធឺណិតជាតិ (National Internet Gateway) ដែលប្រៀបបានជាច្រក ជាលូ ដើម្បីឲ្យសេវាទាក់ទងតាមអ៊ីនធឺណិតទាំងអម្បាលម៉ានហូរចូលមកតាមច្រករដ្ឋតែមួយ។
ផែនការប្រុងអនុវត្តច្រកទ្វារអ៊ីនធឺណិតជាតិ គឺនៅក្នុងខែកុម្ភៈ ឆ្នាំ២០២២ ប៉ុន្តែរាជរដ្ឋាភិបាលបានពន្យារពេលឥតមានកំណត់ ព្រោះតែមានការតវ៉ាពីប្រទេសលោកសេរី និងក្រុមអង្គការសង្គមស៊ីវិល ថាដើរតាមរបៀបរបបកុម្មុយនីស្តចិន។
ការរឹតត្បិតនេះជាការងាយស្រួលដល់ការតាមដាន បង្ក្រាប ចាប់ចង ដាក់គុកពលរដ្ឋរិះគន់គោលនយោបាយ និងរបៀបគ្រប់គ្រងអបល័ក្សណ៍។ ក្រៅពីក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ គ្រប់គ្រងច្រក លូ អ៊ីនធឺណិតជាតិ ហៅកាត់ថា NIG ការគ្រប់គ្រងសេរីភាពប្រើប្រាស់អ៊ីនធឺណិតក៏ចេញពីក្រុមចារកម្ម Cyber War Room ដែលគ្រប់គ្រងដោយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងកូនមន្ត្រីធំៗឯទៀតដែរ។
ប្រទេសកម្ពុជាជាប់ឈ្មោះក្នុងបញ្ជីប្រផេះ និងបញ្ជីខ្មៅជាប្រទេសមានបញ្ហារឿងរត់ពន្ធ និងបង្ខាំងមនុស្ស រត់ពន្ធគ្រឿងញៀន លាងប្រាក់ដុល្លារកខ្វក់ រំលោភបំពានយកដីធ្លី អត់គោរពច្បាប់ ពុករលួយ។ ថ្មីៗនេះ ប៉ូលិសហុងកុងសហការនឹងប៉ូលិសអន្តរជាតិ Interpol រកឃើញក្រុមចោរលួចបង្កើតកម្មវិធីប្រើប្រាស់ចល័តបញ្ឆោត mobile apps ក្លែងក្លាយចំនួន៥៦៣ ដើម្បីស្វែងរកអត្តសញ្ញាណតាមវិធីឈ្លបទូរសព្ទដៃពេញពិភពលោក និងលួចព័ត៌មានអំពីអត្តសញ្ញាណបុគ្គលម្នាក់ៗពីទូរសព្ទដៃ។
កាសែតឈ្មោះ South China Morning Post ផ្សាយថ្ងៃទី៦ ខែកុម្ភៈ ថា ក្រុមតម្រួតបានតាមដានឃើញក្រុមចោរបង្កើតមណ្ឌលផ្តល់សេវារក្សាទុក និងសេវាចែកចាយ ឬ servers ភ្ជាប់ទៅនឹង mobile apps ចំនួន ២៥៨ ហើយអ្នកមានឈ្មោះចុះបញ្ជីប្រើប្រាស់ servers តាមច្បាប់ជាបុគ្គលមនុស្សរស់នៅប្រទេសចិនដីគោក ហ្វីលីពីន និងប្រទេសកម្ពុជា។ រាជរដ្ឋាភិបាលនៃរាជាណាចក្រកម្ពុជា មានការទទួលខុសត្រូវគេចមិនរួចទេក្នុងរឿងនេះ ព្រោះជារដ្ឋាភិបាលឯកបក្សក្តាប់អំណាចតែឯង។
នៅឯសហរដ្ឋអាមេរិកវិញ ហេតុការណ៍បែបនេះ អាជ្ញាធរអាមេរិកាំងរកឆាប់ឃើញណាស់។ នរណាក៏ដឹងដែរថា ក្រោយពីមានសេចក្តីរាយការណ៍ជាច្រើនក្នុងសារព័ត៌មានបរទេស ថាឧក្រិដ្ឋកម្មជាច្រើនបែប ច្រើនរូបភាព ច្រើនសណ្ឋាន ប្រព្រឹត្តដោយជនជាតិចិន ដែលថាមកដាក់ទុនក្នុងរាជាណាចក្រកម្ពុជា មានដូចជាមកបើកកន្លែងភ្នាល់ល្បែងស៊ីសង online បោកបញ្ឆោតយកមនុស្សមកបង្ខាំងបង្ខំឲ្យធ្វើការ ប្រើទូរសព្ទបញ្ជូនសារជំរិតទារប្រាក់ពីក្រុមគ្រួសារឯស្រុក បន្ទាប់ពីកុហកថារកការឲ្យធ្វើជាដើម។
សំណួរដែលសាធារណជនគួរឆ្ងល់ ហើយគួរសួរនោះ គឺហេតុអ្វីក្រុមចោរលួចព័ត៌មានអត្តសញ្ញាណបុគ្គលអាចមានលទ្ធភាពបង្កើតទីតាំងប្រព្រឹត្តចោរកម្មក្នុងប្រទេសបាន បើរដ្ឋអំណាចជាអ្នកគ្រប់គ្រង ត្រួតពិនិត្យប្រព័ន្ធអន្តរបណ្ដាញ ឬអ៊ីនធឺណិត? បើស្រុកមួយមានអំពើពុករលួយគ្រប់ស្រទាប់ តើក្រុមចោរ និងក្រុមមន្ត្រីមានសមត្ថកិច្ចអាចចូលដៃគ្នាជាមួយចោរ ហើយចែកលាភចំណែក ចែកចំណេញគ្នាស្ងាត់ៗដែរឬយ៉ាងណា? មានតែអាជ្ញាធរមានសមត្ថកិច្ចសុចរិតស្មោះត្រង់ទេ ដែលអាចផ្តល់ចម្លើយគួរជឿ គួរយកជាការបាន។
ពាក្យចាស់បុរាណខ្មែរពោលថា៖ ខ្មោច ឬចោរស្រុកវាឲ្យដៃ ទើបខ្មោច ឬចោរព្រៃវាចូលបាន។
រឿងហេតុកើតមានក្នុងរាជាណាចក្រតេជអច្ឆរិយបែបនេះ គេឃើញ គេដឹងគេឮពាសពេញពិភពលោកតាមរយៈការផ្សាយក្នុងសារព័ត៌មានជាភាសាអង់គ្លេស។ រីឯយើង គឺគ្រាន់តែផ្សាយបន្តការពិតនេះជូនសាធារណជនខ្មែរជ្រាបថា ទឹកដីនេះបច្ចុប្បន្នវាសម្បូរដោយក្រុមចោរ និងដើម្បីចេះការពារខ្លួនផង ទោះជាមានក្រុមមនុស្សវង្វេងវប្បធម៌ ជនទុយ៌ស អាវាសែ មានមោហចិត្ត មិនចេះគិតអ្វីលើសពីការប្រើភាសាពាលោ អសីលធម៌ តិះដៀលយើងយ៉ាងណាក៏ដោយ។ ប្រជាពលរដ្ឋខ្មែរស្លូតត្រង់ជាជនរងគ្រោះ នឹងធ្វើជាចៅក្រមវិនិច្ឆ័យជនទាំងនោះពេលណាមួយតាមច្បាប់ធម្មជាតិ៕