29.3 C
Phnom Penh

អ្នក​ឃ្លាំមើល​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ជួយ​លោក Thiago ពង្រីក​វិស័យ​ក្បាច់គុន​ខ្មែរ​លើ​ឆាក​អន្តរជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​ឃ្លាំមើល​អំពាវនាវ​ឱ្យ​រាជរដ្ឋាភិបាល និង​សហព័ន្ធ​កីឡា​កម្ពុជា ជួយ​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​អ្នក​ប្រដាល់​ជនជាតិ​ប្រេស៊ីល លោក Thiago Teixeira ដើម្បី​ពង្រីក​វិស័យ​ក្បាច់គុន​ខ្មែរ​ឱ្យ​កាន់តែ​ទូលំទូលាយ​នៅ​លើ​ឆាក​អន្តរជាតិ។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១០ មេសា នេះ​ថា ជា​មោទកភាព​មួយ​ដ៏​ធំធេង​សម្រាប់​កម្ពុជា​លើ​វិស័យ​ប្រដាល់​ដែល​កីឡា​ប្រដាល់​អន្តរជាតិ​ពេញចិត្ត​ក្នុង​ការ​ចូលរួម​ជួយ​ផ្សព្វផ្សាយ​ពី​ក្បាច់គុន​ខ្មែរ ព្រោះ​ថា​កីឡា​ប្រដាល់​បរទេស​មួយ​ចំនួន​ស្គាល់​តែ មួយ​ថៃ (Muay Thai) តែប៉ុណ្ណោះ ប៉ុន្តែ​គេ​មិន​បាន​ដឹង​ថា គុន​ខ្មែរ​ជា​ម្ចាស់​ក្បាច់គុន​នៅ​អាស៊ី​អាគ្នេយ៍​នេះ​ទេ។

លោក សេក សុជាតិ បញ្ជាក់​ថា ប្រទេស​ថៃ​កំពុង​ព្យាយាម​ផ្សព្វផ្សាយ​ពី «មួយ​ថៃ» របស់​គេ ដូច្នេះ​កម្ពុជា​ក៏​ត្រូវ​តែ​រក​វិធីសាស្ត្រ​ផ្សព្វផ្សាយ «គុន​ខ្មែរ» ឱ្យ​កាន់តែ​ទូលំទូលាយ និង​ល្បីល្បាញ​កាន់តែ​ខ្លាំង​ដែរ ត្បិត​កន្លងមក​បណ្តា​ប្រទេស​មួយ​ចំនួន​នៅ​លើ​ពិភពលោក​ស្គាល់​តែ «មួយ​ថៃ» ប៉ុណ្ណោះ ដែល​បញ្ហា​នេះ​ធ្វើ​ឱ្យ​អន្តរជាតិ​មាន​ការ​ភាន់ច្រឡំ​ថា «គុន​ខ្មែរ» មាន​ប្រភព​ពី «មួយ​ថៃ» ផង​ដែរ ដោយសារតែ​កម្ពុជា​មិន​បាន​ផ្សព្វផ្សាយ​ពី​ក្បាច់គុន​របស់​ខ្លួន​ឱ្យ​បាន​ច្រើន​នៅ​លើ​ឆាក​អន្តរជាតិ​កន្លងមក។

កាលពី​ថ្ងៃទី​៨ ខែ​មេសា ឆ្នាំ​២០២៣ អ្នក​ប្រដាល់​ជនជាតិ​ប្រេស៊ីល តំណាង​គុន​ខ្មែរ គឺ​កីឡាករ Thiago Teixeira បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​ឆ្លើយតប​ទៅ​នឹង​គណៈកម្មាធិការ​មួយ​ថៃ WMO (World Of Muay thai Organization) ដោយ​សម្ដែង​នូវ​ការ​ខកចិត្ត​យ៉ាង​ខ្លាំង និង​ចាត់ទុក​ការ​ដក​យក​ខ្សែក្រវាត់​របស់​លោក​នេះ គឺជា​ការ​រើសអើង​យ៉ាង​ធ្ងន់ធ្ងរ។

កីឡា​ប្រដាល់​ជនជាតិ​ប្រេស៊ីល ដែល​ងាក​មក​ប្រកួត​តំណាង​ឱ្យ​គុន​ខ្មែរ​រូប​នេះ ត្អូញត្អែរ​ថា ការ​ប្រកួត​តំណាង​ឱ្យ​មួយ​ថៃ​កន្លងមក ខ្លួន​មិន​ទទួល​បាន​ការ​គាំទ្រ​លើក​ទឹកចិត្ត​នោះ​ទេ ប៉ុន្តែ​នៅ​ពេលនេះ​គាត់​បាន​ចាប់អារម្មណ៍​នឹង​គុន​ខ្មែរ ហើយ​ដាក់​ចិត្ត​ប្រកួត​តំណាង​ឱ្យ​គុន​ខ្មែរ លែង​តំណាង​ឱ្យ​មួយ​ថៃ (Muay Thai) តទៅទៀត​ហើយ។

កីឡាករ​ប្រដាល់ លោក Thiago Teixeira បញ្ជាក់​ថា ចាប់ពី​ពេលនេះ​តទៅ លោក​នឹង​មិន​ប្រកួត​ជាមួយ​កីឡាករ​ខ្មែរ​ជាដាច់ខាត ដើម្បី​ជា​ការ​ដឹងគុណ​របស់​លោក​ចំពោះ​ពលរដ្ឋ​ខ្មែរ​ដែល​គាំទ្រ​លោក​នៅ​ពេលនេះ។

កាលពី​ថ្ងៃទី​៦ ខែ​មេសា ឆ្នាំ​២០២៣ ប្រធាន​ស្ថាប័ន​មួយ​ថៃ (WMO) លោក Chinawut Sirisampan បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ដក​ខ្សែក្រវាត់ WMO របស់​កីឡាករ Thiago Teixeira ជនជាតិ​ប្រេស៊ីល ដែល​ទើប​នឹង​ឈ្នះ​ពី​ប្រទេស​អាល្លឺម៉ង់ ដោយសារតែ​កីឡាករ​ប្រេស៊ីល​រូប​នេះ​ប្រកួត​តំណាង​ឱ្យ​គុន​ខ្មែរ​របស់​ប្រទេស​កម្ពុជា។ ជាង​នេះ​ទៀត កីឡាករ Thiago Teixeira ក៏​ត្រូវ​បាន​ហាមឃាត់​រាល់​ការ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ WMO នា​ពេល​អនាគត​ថែម​ទៀត។

យ៉ាងណាក៏ដោយ បន្ទាប់ពី​កីឡាករ​ប្រដាល់​រូប​នេះ​ត្រូវ​បាន​គណៈកម្មាធិការ​មួយ​ថៃ WMO ផ្អឹប​ទុក​លុយ​ចំនួន ៣៥០០​ដុល្លារ​ដែល​ឈ្នះ​ពី​ការ​ប្រកួត​នោះ អ្នក​ស្នេហា​វិស័យ​កីឡា​ជាច្រើន​របស់​កម្ពុជា រួម​ទាំង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ផង បាន​ឧបត្ថម្ភ​ថវិកា​ដល់​កីឡាករ​ប្រដាល់​រូប​នេះ​ជា​បន្តបន្ទាប់ ក្នុង​នោះ​លោក ហ៊ុន សែន ក៏​បាន​ស្នើសុំ​ឱ្យ​ព្រះមហាក្សត្រ​ខ្មែរ​ផ្តល់​សញ្ជាតិ​កម្ពុជា​ដល់​កីឡាករ​ប្រដាល់ Thiago Teixeira ថែម​ទៀត។

សព្វថ្ងៃ​នេះ កីឡាករ​ប្រេស៊ីល Thiago កំពុង​ស្នាក់នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​មាន​គម្រោង​ត្រៀម​បើក​ក្លឹប​ប្រដាល់​គុន​ខ្មែរ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ពេល​ខាងមុខ​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស