33 C
Phnom Penh

សមត្ថកិច្ច​រារាំង​ក្រុម​យុវជន​ស្ទង់មតិ​ជុំវិញ​ការ​បំផ្លាញ​បរិស្ថាន​និង​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមត្ថកិច្ច​រារាំង​ក្រុម​យុវជន​ស្រឡាញ់​បរិស្ថាន​ដែល​ធ្វើ​យុទ្ធនាការ​ស្ទង់មតិ​នៅ​សួនច្បារ​មាត់ទន្លេ​ខាង​មុខ​ព្រះបរមរាជវាំង ដើម្បី​ស្នើ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ឆ្លើយតប​ជុំវិញ​ការ​បំផ្លាញ​បរិស្ថាន និង​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា។

ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ និង​យុវជន​ស្រឡាញ់​បរិស្ថាន​ជាច្រើន​នាក់ បាន​ធ្វើ​យុទ្ធនាការ​ស្ទង់មតិ​នៅ​សួនច្បារ​មាត់ទន្លេ​ខាង​មុខ​ព្រះបរមរាជវាំង ក្នុង​សង្កាត់​ចតុមុខ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៩ ខែ​មេសា ឆ្នាំ​២០២៣ នេះ តាមរយៈ​នៃ​ការ​ផ្តល់​ជា​ស្ទីកឃ័រ ១​សន្លឹក​ឱ្យ​ទៅ​អ្នក​ដែល​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ និង​សួរ​សំណួរ​ជុំវិញ​បញ្ហា​បរិស្ថាន ហើយ​ប្រសិនបើ​អ្នក​ដំណើរ​ទាំងនោះ​ចង់​ចូលរួម​ចំណែក​ក្នុង​ការ​ការពារ​បរិស្ថាន និង​ធនធាន​ធម្មជាតិ គឺ​យុវជន​ទាំងនោះ​ស្នើ​ឱ្យ​ពួកគេ​បក​ស្ទីកឃ័រ​មួយ​សន្លឹក​បិទ​លើ​ក្រដាស​ស​ផង​ដែរ។

ក្រុម​យុវជន​ទាំងនេះ​បាន​ធ្វើ​យុទ្ធនាការ​ស្ទង់មតិ​រយៈពេល ៣​ថ្ងៃ គឺ​ថ្ងៃទី​១ ធ្វើ​នៅ​មុខ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី និង​ថ្ងៃទី​២ ធ្វើ​នៅ​ខាង​មុខ​វិទ្យាល័យ​បឹងត្របែក និង​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ផង​ដែរ។

ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ និង​យុវជន​ស្រឡាញ់​បរិស្ថាន​ទាំងនោះ បញ្ជាក់​ថា យុទ្ធនាការ​ស្ទង់មតិ​នេះ​មាន​គោលដៅ​ចម្បង​តែ​មួយ​គត់ គឺ​ដើម្បី​ស្នើ​ឱ្យ​រាជរដ្ឋាភិបាល​មាន​ការ​ឆ្លើយតប​ជាមួយ​បញ្ហា​បរិស្ថាន និង​ធនធាន​ធម្មជាតិ​ដែល​កំពុង​រង​នូវ​ការ​បំផ្លាញ​សព្វថ្ងៃ​នេះ ព្រោះ​ថា​កន្លងមក រាជរដ្ឋាភិបាល​មិនទាន់​មាន​ការ​ប្រតិកម្ម​ជា​វិជ្ជមាន​ណា​មួយ​ក្នុង​ការ​ផ្តល់​ដំណោះស្រាយ​ចំពោះ​ការ​បាត់បង់​ព្រៃឈើ​នៅ​កម្ពុជា​នៅឡើយ​ទេ។

យុទ្ធនាការ​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​បរិស្ថាន ក៏ដូចជា​ព្រៃឈើ​នៅ​កម្ពុជា​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​កំពុង​រង​នូវ​ការ​កាប់​បំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ តែ​គេ​នៅ​មិនទាន់​ឃើញ​មាន​ចំណាត់ការ​ណា​មួយ​របស់​រដ្ឋាភិបាល​កម្ពុជា​ឆ្លើយតប​នឹង​បញ្ហា​នេះ​នៅឡើយ​ទេ។

កាលពី​ថ្ងៃទី​៨ ខែ​មេសា ឆ្នាំ​២០២៣ ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ និង​យុវជន​ស្រឡាញ់​បរិស្ថាន​បាន​ធ្វើ​យុទ្ធនាការ​ស្ទង់មតិ​នៅ​មុខ​វិទ្យាល័យ​បឹងត្របែក និង​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច តែ​ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​ចំការមន​ប្រមាណ​ជាង ៤០​នាក់​មក​សួរនាំ​ពី​ការ​សុំ​អនុញ្ញាត​ច្បាប់ ប៉ុន្តែ​ក្រុម​យុវជន​ទាំងនោះ​បញ្ជាក់​ថា ការ​ធ្វើ​សកម្មភាព​ស្ទង់មតិ​នេះ​មិន​ចាំបាច់​មាន​ច្បាប់​អនុញ្ញាត​នោះ​ទេ ហើយ​ក៏​គ្មាន​ច្បាប់​ណា​ចែង​ថា​មិន​ឲ្យ​ធ្វើ​សកម្មភាព​បែប​នេះ​ដែរ។

ទាក់ទិន​នឹង​ការ​ស្ទង់មតិ​នេះ កាលពី​ថ្ងៃទី​៩ ខែ​មេសា ឆ្នាំ​២០២៣ អតីត​ប្រធាន​អង្គការ​មាតា​ធម្មជាតិ លោក ម៉េង ហេង ដែល​បាន​ចុះចូល​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​កាលពី​ពេល​ថ្មីៗ​នេះ បាន​ចេញ​មុខ​ថ្កោលទោស​ដែល​ទំនង​ជា​សំដៅ​ទៅ​កាន់​យុវជន​បរិស្ថាន​ដែល​ធ្វើ​យុទ្ធនាការ​ស្ទង់មតិ​ខាងលើ ថា​ពួកគេ​នឹង​មិន​គាំទ្រ​ចលនា​យុវជន​ខុស​ច្បាប់​ដែល​បង្ក​ភាព​អនាធិបតេយ្យ​កើត​ចេញពី​យុវជន​មួយ​ក្តាប់​តូច និង​ជនបរទេស លោក អេឡិច ជាដាច់ខាត។

យ៉ាងណាក៏ដោយ អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត ធ្លាប់​ប្រាប់​សារព័ត៌មាន The Cambodia Daily កាលពី​ពេល​ថ្មីៗ​នេះ​ថា ការ​សម្រេច​ចិត្ត​របស់​អតីត​យុវជន​ចលនា​មាតា​ធម្មជាតិ​ទៅ​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច ពិត​មែន​តែ​ជា​សិទ្ធិ​ក្នុង​ការ​ជ្រើសរើស​របស់​ពួកគេ ប៉ុន្តែ​ការ​សម្រេច​ចិត្ត​របស់​ពួកគេ​បែប​នេះ​នឹង​ធ្វើ​ឲ្យ​ខាត​ប្រយោជន៍​ប្រទេស​ជាតិ​ទៅ​ថ្ងៃ​ក្រោយ ដោយសារតែ​ពួកគេ​បាន​ជួយ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន មាន​ឱកាស​ប្រព្រឹត្ត​អំពើ​អាក្រក់​កាន់តែ​ខ្លាំង​បន្ថែម​ទៀត។

អនុប្រធាន​វេទិកា​ពលរដ្ឋ​រូប​នេះ​បញ្ជាក់​ថា ការ​ដឹកនាំ​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ជិត ៤០​ឆ្នាំ​មក​នេះ គឺ​មាន​តែ​ភាព​វិនាស​ហិនហោច​ទៅៗ​តែប៉ុណ្ណោះ។ លោក​បន្ថែម​ថា ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន បាន​បំផ្លាញ​ទាំង​ធនធាន​ធម្មជាតិ​នៅ​លើ​គោក និង​ក្រោម​ទឹក ដូចជា​ព្រៃឈើ រ៉ែ និង​មច្ឆជាតិ ជាដើម ខណៈ​ដែន​អធិបតេយ្យ​របស់​កម្ពុជា​ក៏​ត្រូវ​បាត់បង់​បន្តិច​ម្តងៗ​ថែម​ទៀត ខណៈ​ក្រុម​យុវជន​ដែល​ចុះចូល​ទាំងនោះ​នឹង​ធ្វើ​តាម​តែ​ការ​រៀបចំ​របស់​លោក ហ៊ុន សែន តែប៉ុណ្ណោះ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​៨ ខែ​មីនា ឆ្នាំ​២០២៣ សារព័ត៌មាន​អន្តរជាតិ Mongabay លាត​ត្រដាង​អំពី​រចនាសម្ព័ន្ធ​ឧក្រិដ្ឋជន​ព្រៃឈើ​នៅ​ប្រទេស​កម្ពុជា ដែល​តារាង​នោះ​បាន​ដាក់​រូប​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត មាន​ទំនាក់ទំនង​ស៊ីជម្រៅ​ជាមួយ​បណ្ដាញ​ឧក្រិដ្ឋជន​ព្រៃឈើ​ដែល​មាន​ងារ​ជា​ឧកញ៉ា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស