35 C
Phnom Penh

ក្រសួង​ការងារ​ប្រកាស​ប្រារព្ធ​ទិវា​ពិភពលោក​ដើម្បី​សុវត្ថិភាព​និង​សុខភាព​ការងារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ប្រកាស​ពី​ការ​ប្រារព្ធ​ទិវា​ពិភពលោក​ដើម្បី​សុវត្ថិភាព និង​សុខភាព​ការងារ នៅ​ថ្ងៃទី​២៨ ខែ​មេសា ខាងមុខ ដើម្បី​លើក​កម្ពស់​សុវត្ថិភាព និង​សុខភាព​ការងារ​ដល់​កម្មករ​និយោជិត​នៅ​កម្ពុជា ក៏ដូចជា​កម្មករ​និយោជិត​នៅ​ទូទាំង​ពិភពលោក។

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចេញ​សេចក្តី​ជូនដំណឹង​កាលពី​ថ្ងៃទី​១១ ខែ​មេសា ឆ្នាំ​២០២៣ នេះ​ថា ក្រសួង​នឹង​ប្រារព្ធ​ទិវា​ពិភពលោក​ដើម្បី​សុវត្ថិភាព និង​សុខភាព​ការងារ​ក្រោម​ប្រធានបទ «បរិយាកាស​ការងារ​ប្រកប​ដោយ​សុវត្ថិភាព និង​សុខភាព​ការងារ គឺជា​សិទ្ធិ និង​គោលការណ៍​គ្រឹះ​នៅ​កន្លែង​ធ្វើការ» ដែល​នឹង​ប្រារព្ធ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ដោយ​មាន​អ្នក​ចូលរួម​មកពី​តំណាង​និយោជក តំណាង​សហជីព និង​កម្មករ​និយោជិត​សរុប ១៣០០​នាក់​ផង​ដែរ។

ក្រសួង​ការងារ​កម្ពុជា លើកឡើង​ថា ការ​ប្រារព្ធ​ទិវា​ពិភពលោក​ដើម្បី​សុវត្ថិភាព និង​សុខភាព​ការងារ គឺ​ដើម្បី​លើក​កម្ពស់​សុវត្ថិភាព និង​សុខភាព​ការងារ​របស់​កម្មករ​និយោជិត​នៅ​កម្ពុជា។ ជាង​នេះ​ទៀត ក៏​ដើម្បី​រំលឹក​ដល់​វិញ្ញាណក្ខន្ធ​កម្មករ​និយោជិត​ដែល​បាន​បាត់បង់​ជីវិត​ដោយសារ​គ្រោះថ្នាក់​ការងារ និង​ជំងឺ​វិជ្ជាជីវៈ​ថែម​ទៀត។

ក្រសួង​អំពាវនាវ​ឱ្យ​ម្ចាស់​រោងចក្រ​សហគ្រាស​ទាំងអស់​ដែល​មាន​ទីតាំង​នៅ​កម្ពុជា ត្រូវ​រៀបចំ​ចង​បដា​ពាក្យ​ស្លោក​មួយ​ចំនួន​នៅ​តាម​មុខ​រោងចក្រ សហគ្រាស ដើម្បី​ចូលរួម​អបអរ​សាទរ​ទិវា​ពិភពលោក​នេះ ដូចជា​ពាក្យ​ថា៖

  • បរិយាកាស​ការងារ​ប្រកប​ដោយ​សុវត្ថិភាព និង​សុខភាព​ការងារ គឺជា​សិទ្ធិ និង​គោលការណ៍​ជា​មូលដ្ឋាន​នៅ​កន្លែង​ធ្វើការ
  • ត្រូវ​រៀបចំ​ឱ្យ​មាន​ប្រព័ន្ធ​គ្រប់គ្រង​សុវត្ថិភាព និង​សុខភាព​ការងារ​នៅ​គ្រប់​កន្លែង​ធ្វើការ
  • មាន​សុវត្ថិភាព​ការងារ គឺ​គ្មាន​គ្រោះថ្នាក់​ការងារ
  • និង​មាន​ពាក្យ​ស្លោក​ជាច្រើន​ទៀត​ផង​ដែរ។

ការ​ប្រារព្ធ​ទិវា​ពិភពលោក​ដើម្បី​សុវត្ថិភាព និង​សុខភាព​ការងារ​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​ការ​រំលោភ​សិទ្ធិ​ការងារ​ពី​ថៅកែ​រោងចក្រ និង​ការ​មិន​អើពើ​ពី​ក្រសួង​ការងារ​ចំពោះ​កម្មករ​និយោជិត​នៅ​កម្ពុជា កំពុង​កើតមាន​ព្រោងព្រាត​សព្វថ្ងៃ​នេះ។

ប្រធាន​សហភាព​ការងារ​កម្ពុជា (CLC) លោក អាត់ ធន់ ធ្លាប់​បាន​សម្ដែង​នូវ​ក្តី​បារម្ភ​កាលពី​ពេល​ថ្មីៗ​នេះ​ថា ស្ថានភាព​កម្មករ​ដែល​បាត់បង់​ការងារ​ដោយសារ​រោងចក្រ​បិទ​ទ្វារ និង​កាត់បន្ថយ​ម៉ោង​ធ្វើការ​ជា​បន្តបន្ទាប់​នៅ​ពេលនេះ គឺជា​បញ្ហា​ដែល​គួរ​ឱ្យ​ព្រួយបារម្ភ​បំផុត ព្រោះ​ថា​មាន​ថៅកែ​រោងចក្រ​ខ្លះ​បាន​ឆ្លៀត​យក​ឱកាស​កេងប្រវ័ញ្ច​កម្លាំង​កម្មករ ដោយ​បិទ​រោងចក្រ​គ្មាន​ការ​ជូនដំណឹង​ជា​មុន និង​លួច​ដឹកជញ្ជូន​អីវ៉ាន់​ចេញពី​រោងចក្រ​ដោយ​ស្ងាត់ៗ​ក្នុង​បំណង​គេចវេះ​ពី​ការ​សង​ប្រាក់ខែ និង​ប្រាក់​អត្ថប្រយោជន៍​ការងារ​ឱ្យ​កម្មករ ជាដើម។

ជាង​នេះ​ទៀត មាន​រោងចក្រ​មួយ​ចំនួន​ក៏​បាន​បំពាន​សិទ្ធិ​ការងារ​ដោយ​ព្យួរ​កិច្ចសន្យា​ការងារ​ជាច្រើន​លើក​រហូត​លើស​ចំនួន​កំណត់ ក្នុង​នោះ​រោងចក្រ​ខ្លះ​បាន​ព្យួរ​ការងារ​រហូត​ដល់​ទៅ ៦​ខែ ប៉ុន្តែ​ពួកគេ​បាន​ផ្ដល់​ប្រាក់​កម្រៃ​តិចតួច​ប្រមាណ ១៥​ភាគរយ​នៃ​ប្រាក់ខែ​គោល​របស់​កម្មករ​ដែល​ខ្លួន​បាន​ព្យួរ​ការងារ​នោះ​ប៉ុណ្ណោះ។

របាយការណ៍​ក្រសួង​ការងារ បាន​បង្ហាញ​ថា ឆ្នាំ​២០២២ កន្លងទៅ យ៉ាងហោចណាស់​មាន​កម្មករ​និយោជិត​ក្នុង​វិស័យ​កាត់ដេរ​សរុប​ជាង ៥​ម៉ឺន​នាក់​បាន​បាត់បង់​ការងារ ខណៈ​រោងចក្រ​សហគ្រាស​ជិត ៥០០ បាន​បិទ​ទ្វារ និង​ព្យួរ​ការងារ​ផង​ដែរ។

ដោយឡែក​នៅ​ដើម​ឆ្នាំ​២០២៣ នេះ​មាន​រោងចក្រ​ចំនួន ១០ បាន​បិទ​ទ្វារ ខណៈ​រោងចក្រ​ចំនួន ៧១ បាន​ព្យួរ​កិច្ចសន្យា​ការងារ រីឯ​រោងចក្រ ៦០ ផ្សេង​ទៀត​បាន​កាត់បន្ថយ​បុគ្គលិក។ បញ្ហា​នេះ​កំពុង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កម្មករ​និយោជិត​ប្រមាណ ៣​ម៉ឺន ២​ពាន់​នាក់ រីឯ​កម្មករ​ជាច្រើន​នាក់​ផ្សេង​ទៀត​បាន​បាត់បង់​ការងារ​ទាំងស្រុង​តែម្តង។

ទាក់ទិន​នឹង​បញ្ហា​នេះ ក្រុម​អ្នក​សង្កេតការណ៍​លើក​ឡើង​ថា វិបត្តិ​ការងារ​នេះ​គឺ​បណ្តាល​មកពី​ការ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប និង​ការ​មិន​វិលត្រឡប់​មក​វិញ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP របស់​សហរដ្ឋ​អាមេរិក​ផង​ដែរ ដែល​ពួកគេ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​គោរព​សិទ្ធិ​ការងារ​របស់​កម្មករ​និយោជិត​រហូត​មក តែ​រដ្ឋាភិបាល​កម្ពុជា​មិន​អនុវត្ត​ទៅ​តាម​ការ​ទាមទារ​របស់​ពួកគេ​ឡើយ​រហូត​ដល់​ពេលនេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស