28 C
Phnom Penh

អ្នក​រងគ្រោះ​ដីធ្លី​ជាង​១០០​នាក់​ប្រមូលផ្ដុំ​មុខ​តុលាការ​ខេត្ត​ត្បូងឃ្មុំ​ដើម្បី​គាំទ្រ​តំណាង​២​នាក់​ចូល​បំភ្លឺ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​រងគ្រោះ​ដីធ្លី​ជាង ១០០​នាក់ បាន​នាំគ្នា​ទៅ​ប្រមូលផ្ដុំ​នៅ​ខាង​មុខ​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ ដើម្បី​គាំទ្រ និង​លើក​ទឹកចិត្ត​ដល់​តំណាង​ពួកគេ ២​នាក់​ចូល​បំភ្លឺ​នៅ​តុលាការ​នា​ថ្ងៃទី​១៩ មេសា នេះ។

អ្នក​រងគ្រោះ​ដីធ្លី​ចំនួន ១៣៦​នាក់​មកពី ៨​សហគមន៍ ក្នុង​នោះ​មាន​សហគមន៍​ជាំក្រវៀន សហគមន៍​ចាន់មូឡ សហគមន៍​កសិករ​មូលដ្ឋាន សហគមន៍​ស្រែប្រាំង សហគមន៍​កំប្រឹស សហគមន៍​បុស្សស្នោ សហគមន៍​ប្រឡោះ និង​សហគមន៍​ត្រពាំងព្រីង ក្នុង​ស្រុក​តំបែរ និង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ។ នេះ​បើ​យោង​តាម​ហ្វេសប៊ុក​របស់​ប្រធាន​សមាគម​សម្ព័ន្ធ​កសិករ​កម្ពុជា (CCFC) លោក ថេង សាវឿន។

ពលរដ្ឋ​ជាង ១០០​នាក់​ឡើង​មក​ប្រមូលផ្ដុំ​នៅ​ខាង​មុខ​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ នា​ព្រឹក​ថ្ងៃ​ពុធ​នេះ ដើម្បី​គាំទ្រ និង​លើក​ទឹកចិត្ត​តំណាង​សហគមន៍​របស់​ពួកគេ​ចំនួន ២​នាក់​ដែល​បាន​ចូល​បំភ្លឺ​នៅ​ក្នុង​តុលាការ។

តំណាង​សហគមន៍​ទាំង ២​នាក់​ចូល​បំភ្លឺ​នៅ​តុលាការ ក្នុង​នោះ​មាន​លោក ផុន សុផល និង​លោក ស៊ុន សូ។ អ្នក​ទាំង​ពីរ​ត្រូវ​បាន​តុលាការ​ក្រោម​របប​ដឹកនាំ​ដោយ​លោក ហ៊ុន សែន ចោទប្រកាន់​ពី​បទ «កាប់​ទន្ទ្រាន​ដី​ដោយ​ខុស​ច្បាប់» ប្រព្រឹត្ត​នៅ​ចំណុច​ភូមិ​ចាន់មូល ឃុំ​ចាន់មូល ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ កាលពី​ថ្ងៃទី​២២ ខែ​តុលា រហូត​ដល់​ខែ​ធ្នូ ឆ្នាំ​២០២២។

តែ​យ៉ាងណា តុលាការ​ចេញ​ដីកា​ឲ្យ​តំណាង​សហគមន៍​ទាំង ២​នាក់​ចូល​បំភ្លឺ ដោយសារ​លោក ផុន សុផល និង​លោក ស៊ុន សូ សកម្ម​ក្នុង​ការ​តស៊ូ​មតិ​ដើម្បី​ទាមទារ​ដំណោះស្រាយ​ដីធ្លី​ជូន​ពលរដ្ឋ​បន្ទាប់ពី​ក្រុមហ៊ុន​ចិន និង​អ្នក​មាន​អំណាច​រំលោភ​យក។

បើ​តាម​តំណាង​ពលរដ្ឋ​រងគ្រោះ​ដីធ្លី លោក ផុន សុផល ធ្លាប់​លើកឡើង​ថា ក្រៅពី​បាត់បង់​ដីធ្លី​ហើយ ពលរដ្ឋ​ជាង ១០០​នាក់​ដែល​សកម្ម​ក្នុង​ការ​ចេញ​តវ៉ា​ទាមទារ​ដំណោះស្រាយ​ដីធ្លី​របស់​ខ្លួន​នោះ ក៏​កំពុង​ជាប់​បណ្ដឹង​នៅ​តុលាការ​ខេត្ត​ត្បូងឃ្មុំ ដែរ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស