35 C
Phnom Penh

ក្រុម​តំណាង​អាមេរិកាំង​កំពុង​ជំរុញ​ច្បាប់​គោល​នយោបាយ​លើ​ការ​គាបសង្កត់​ឆ្លងដែន​ឱ្យ​ចូល​ជា​ធរមាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ច្បាប់​ថ្មី​មួយ​កំពុងតែ​ត្រូវ​បាន​សិក្សា​ពិចារណា​នៅ​ក្នុង​គណៈកម្មាធិការ​កិច្ចការ​បរទេស​នៃ​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក ដើម្បី​ដាក់​ទណ្ឌកម្ម​ទៅ​លើ​ប្រទេស និង​រដ្ឋាភិបាល​បរទេស​ទាំងឡាយ​ណា​ដែល​មាន​ផែនការ​រៀប​គម្រោង​ឃុបឃិត សមគំនិត ជំពាក់ជំពិន​នឹង​ការ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ឆ្លងដែន​គ្រប់​មធ្យោបាយ ដែល​ប៉ះពាល់​ដល់​សន្តិសុខ សុវត្ថិភាព អាយុជីវិត​ពលរដ្ឋ​អាមេរិកាំង​នៅ​តាម​សហគមន៍ ឬ​ក្នុង​ប្រទេស​ណា​មួយ​ផ្សេង​ដែល​ពលរដ្ឋ​អាមេរិកាំង​រស់នៅ ធ្វើ​ការងារ ឬ​ដើរ​កម្សាន្ត។

ច្បាប់​ថ្មី​លេខ S. 831 មាន​ចំណងជើង​ថា «ច្បាប់​គោល​នយោបាយ​លើ​ការ​គាប​សង្កត់​ឆ្លងដែន (Transnational Repression Policy Act)» ដែល​ស្នើ​ឡើង​នៅ​ថ្ងៃទី​១៦ ខែ​មីនា ឆ្នាំ​២០២៣ ដោយ​សមាជិក​ព្រឹទ្ធសភា​ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ លោក Jeff Merkley ពី​រដ្ឋ Oregon គាំទ្រ​ដោយ​សមាជិក​ព្រឹទ្ធសភា Marco Rubio ខាង​បក្ស​សាធារណរដ្ឋ ពី​រដ្ឋ Florida លោក Ben Cardin ពី​ខាង​បក្ស​ប្រជាធិបតេយ្យ​ប្រចាំ​រដ្ឋ Maryland និង​លោក Bill Hagerty ពី​ខាង​បក្ស​សាធារណរដ្ឋ​ប្រចាំ​រដ្ឋ Tennessee សំដៅ​ដាក់​ទណ្ឌកម្ម​យ៉ាង​ធ្ងន់ធ្ងរ​ដល់​រដ្ឋាភិបាល​បរទេស​ណា​ដែល​ព្យាយាម​គំរាមកំហែង បំភិតបំភ័យ បំបិទ​មាត់​ពលរដ្ឋ​របស់​ខ្លួន​ដែល​បាន​ទៅ​ដល់​ទឹកដី​សហរដ្ឋ​អាមេរិក មាន​ទាំង​តាម​មធ្យោបាយ​បណ្ដាញ​សារព័ត៌មាន​សង្គម​គ្រប់​បែប​យ៉ាង តាម​មធ្យោបាយ​ប្រើ​បុគ្គលិក​ទូត តាម​មធ្យោបាយ​ប្រើប្រាស់​សាខា​ប៉ូលិស​អន្តរជាតិ Interpol តាមរយៈ​មធ្យោបាយ​ធ្វើការ​តាមដាន​តាម​ប្រព័ន្ធ​អេឡិចត្រូនិក តាម​មធ្យោបាយ​ប្រើ​ភ្នាក់ងារ​ស៊ីឈ្នួល​យាយី​ធ្វើ​ទុក្ខបុកម្នេញ ឬ​តាម​មធ្យោបាយ​ប្រើ​បរិវារ​ជេរប្រមាថ ដើម្បី​បន្ទាបបន្ថោក​សម្អុយ​ឈ្មោះ​បុគ្គល​ណា​មួយ ជាដើម។

ច្បាប់​ថ្មី​ដែល​យោង​តាម​ច្បាប់​ស្តីអំពី​អន្តោប្រវេសន៍ និង​សញ្ជាតិ ច្បាប់ Global Magnitsky Human Rights Accountability Act ច្បាប់​ស្តីអំពី​ជំនួយ​បរទេស តម្រូវ​ឲ្យ​ក្រសួង​ការបរទេស ក្រសួង​សន្តិសុខ​ជាតិ នាយកដ្ឋាន​អន្តោប្រវេសន៍ ការិយាល័យ​ប៉ូលិស​សហព័ន្ធ FBI ស៊ើបអង្កេត​តាមដាន កត់ត្រា រាយការណ៍ អនុវត្ត​ច្បាប់​លើ​បុគ្គល​ណា​ដែល​បម្រើ​រដ្ឋាភិបាល​បរទេស​ណា​មួយ​ទៅ​អុកឡុក រំខាន យាយី​ជន​ណា​ដែល​ជំទាស់​នឹង​រដ្ឋ​អំណាច​នោះ ទោះជា​នៅ​លើ​ទឹកដី​របស់​ខ្លួន​នៅឡើយ​ក៏ដោយ។

នៅ​លើ​ទឹកដី​សហរដ្ឋ​អាមេរិក យោង​តាម​ច្បាប់​ស្តីអំពី​សន្តិសុខ​ជាតិ​ឆ្នាំ​១៩៤៧ លេខ 50 U.S.C 3003 តម្រូវ​ឲ្យ​ក្រសួង​យុត្តិធម៌ ក្រសួង​សន្តិសុខ​ជាតិ ក្រសួង​ការបរទេស ការិយាល័យ​នៃ​នាយក​ចារកម្ម​ជាតិ ប្រមូល​ព័ត៌មាន​ស៊ើបការណ៍ នឹង​ចាត់​វិធានការ​តាម​ច្បាប់​ជា​ធរមាន។

ច្បាប់​ថ្មី​នេះ​សំដៅ​ការពារ​ពលរដ្ឋ​ចូល​សញ្ជាតិ​អាមេរិកាំង ជនបរទេស​ចូល​ទឹកដី​សហរដ្ឋ​អាមេរិក​ស្រប​ច្បាប់ និង​ជនបរទេស​មាន​សិទ្ធិ​រស់នៅ​អចិន្ត្រៃយ៍​ក្នុង​សហរដ្ឋ​អាមេរិក។

ចំពោះ​ពលរដ្ឋ​ខ្មែរ-អាមេរិកាំង​ដែល​ស្អប់ខ្ពើម​អំពើ​ជិះជាន់ គាប​សង្កត់ គំរាមកំហែង បំភិតបំភ័យ បំបិទ​មាត់​មិន​ឲ្យ​មាន​សិទ្ធិ​សេរីភាព​និយាយ​ស្តី រង​នូវ​អំពើ​អយុត្តិធម៌ គេ​អាច​សរសេរ​ទៅ​កាន់​ការិយាល័យ​សមាជិក​ព្រឹទ្ធសភា​តាម​រដ្ឋ​របស់​គេ​រៀង​ខ្លួន ដើម្បី​ឲ្យ​គាំទ្រ​សេចក្តី​ស្នើ​ច្បាប់​នេះ ហើយ​អនុម័ត​ចេញ​ជា​ច្បាប់​ជាតិ​ចុះហត្ថលេខា​ដោយ​ប្រធានាធិបតី។

ច្បាប់​នេះ​នឹង​ជួយ​ទប់ទល់​នឹង​ការ​ប៉ុនប៉ង​រាតត្បាត​ហួស​ព្រំដែន​ពី​ពពួក​មេដឹកនាំ​ផ្ដាច់ការ​ក្នុង​សកលលោក រួម​ទាំង​ប្រទេស​កម្ពុជា​ផង​ដែរ។

ចំពោះ​ជន​ណា​ដែល​បម្រើ​ឲ្យ​ប្រយោជន៍​រដ្ឋាភិបាល​ផ្ដាច់ការ ជន​នោះ​ក៏​នឹង​ប្រឈម​នឹង​ផលវិបាក​ខាង​ផ្លូវច្បាប់​ចៀស​មិន​រួច​ដែរ បើសិន​ជា​មាន​គេ​រាយការណ៍​ទៅ​អាជ្ញាធរ​មាន​សមត្ថកិច្ច​អាមេរិកាំង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស