31 C
Phnom Penh

ពលរដ្ឋ​ជាង​២០០​នាក់​តវ៉ា​ឱ្យ​អភិបាល​ខេត្ត​កណ្ដាល​ឆ្វៀល​ដី​ចេញពី​តំបន់​ព្រលាន​យន្តហោះ​ថ្មី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋ​ជាង ២០០​នាក់​មកពី​ឃុំ​កណ្ដោក ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល បាន​នាំគ្នា​ឡើង​មក​តវ៉ា​នៅ​ខាង​មុខ​សាលាខេត្ត​កណ្ដាល ដើម្បី​ទាមទារ​ឲ្យ​អភិបាល​ខេត្ត​នេះ​កាត់​ឆ្វៀល​ដី​របស់​ពួកគេ​ចេញពី​តំបន់​ព្រលាន​យន្តហោះ​ថ្មី ដោយ​ធ្វើការ​អភិវឌ្ឍ​នៅ​នឹង​កន្លែង និង​ស្នើសុំ​ឲ្យ​ចេញ​ប្លង់​កម្មសិទ្ធិ​ជូន​ដល់​ពួកគេ។

ការ​ឡើង​មក​ទាមទារ​ជា​ថ្មី​ទៀត​របស់​ក្រុម​ពលរដ្ឋ​មកពី​ឃុំ​កណ្ដោក ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល នៅ​ថ្ងៃទី​២៤ ខែ​មេសា នេះ បន្ទាប់ពី​អភិបាល​ខេត្ត​កណ្ដាល លោក គង់ សោភ័ណ្ឌ នៅ​មិនទាន់​បាន​ដោះស្រាយ​បញ្ហា​វិវាទ​ដីធ្លី​ជូន​ពួកគេ។

អ្នក​ភូមិ​ម្នាក់​ក្នុង​ចំណោម​ពលរដ្ឋ​ផ្សេង​ទៀត លោកស្រី អួង ស៊ីម ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា ពួកគាត់​ឡើង​មក​តវ៉ា​នៅ​ខាង​មុខ​សាលាខេត្ត​ជា​លើក​ទី​២ នេះ ដោយ​ចង់​ឲ្យ​លោក គង់ សោភ័ណ្ឌ ធ្វើការ​អភិវឌ្ឍ​នៅ​នឹង​កន្លែង កុំ​បណ្ដេញ​ពួកគេ​ចេញពី​លំនៅឋាន​ដូច​កាល​ពី​ពេល​កន្លងមក ព្រោះ​ដីធ្លី​ដែល​ពលរដ្ឋ​រស់នៅ​បច្ចុប្បន្ន​មាន​រយៈពេល ២០​ឆ្នាំ​ហើយ។

លោកស្រី​ស្នើ​ទៅ​អភិបាល​ខេត្ត​កណ្ដាល ឲ្យ​កាត់​ឆ្វៀល​ដី​ពួកគេ​ចេញពី​តំបន់​ព្រលាន​យន្តហោះ​ថ្មី និង​សុំ​ឲ្យ​ចេញ​ប្លង់​កម្មសិទ្ធិ​ផង​ដែរ ដោយ​ថា​ពួកគាត់​ទាំងអស់​គ្នា​មិន​ចង់​បាន​សំណង​ទេ ជា​ថ្នូរ​ផ្លាស់ប្ដូរ​ទៅ​រស់នៅ​កន្លែង​ថ្មី​ឡើយ។

លោកស្រី​បន្ត​ថា ប្រសិន​អភិបាល​ខេត្ត​កណ្ដាល នៅ​មិន​ព្រម​ដោះស្រាយ​បញ្ហា​ដីធ្លី​ទៀត ពួកគាត់​នឹង​បន្ត​ឡើង​មក​រក​កិច្ច​អន្តរាគមន៍​ពី​លោក ហ៊ុន សែន និង​ក្រសួង​រៀបចំ​ដែនដី។

ចំណែក​ពលរដ្ឋ​ម្នាក់​ទៀត​លើកឡើង​ដែរ​ថា បច្ចុប្បន្ន​ពួកគេ​មិន​អាច​ធ្វើ​ស្រែ និង​សង់​ផ្ទះ​លើ​ដី​ដែល​ធ្លាប់​អាស្រ័យ​ផល​បាន​ឡើយ ដោយសារ​បុគ្គលិក​ក្រុមហ៊ុន​ព្រលាន​យន្តហោះ​ថ្មី​ចុះ​ទៅ​រារាំង និង​គំរាមកំហែង​ពួកគាត់។

តែ​យ៉ាងណា អាជ្ញាធរ​ខេត្ត​កណ្ដាល បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ដោយ​ចោទប្រកាន់​លើ​ពលរដ្ឋ​ឡើង​ទៅ​តវ៉ា​ព្រឹក​នេះ​ថា ជា​អ្នក​រស់នៅ​លើ​ដី​ខ្នង​ទំនប់​ខុស​ច្បាប់​ទៅវិញ។

កាលពី​ថ្ងៃទី​៣ ខែ​មករា ឆ្នាំ​២០២៣ អ្នក​ភូមិ​ជិត ៥០០​នាក់​នៅ​តំបន់​ទំនប់៩៤ បាន​ប្រមូលផ្ដុំ​តវ៉ា​នៅ​មុខ​សាលា​ខេត្ត​កណ្តាល ម្តង​ហើយ ដើម្បី​ស្នើ​ដល់​អភិបាល​ខេត្ត​ផ្តល់​ប្លង់​កម្មសិទ្ធិ​ដល់​ពួកគេ ប៉ុន្តែ​រដ្ឋបាល​ខេត្ត​នេះ​មិន​បាន​ឆ្លើយតប​អ្វី​ទៅ​ពលរដ្ឋ​វិញ​ឡើយ​ជុំវិញ​ការ​ទាមទារ​នេះ។

បើ​តាម​ក្រុម​ប្រជាពលរដ្ឋ អះអាង​ថា ពួកគេ​ជិត ៥០០​គ្រួសារ​រស់នៅ​តំបន់​ទំនប់​៩៤ នេះ​ជាង ៣០​ឆ្នាំ ដោយ​មាន​ឯកសារ​ស្នាក់ និង​សៀវភៅ​គ្រួសារ​នៅ​ត្រឹមត្រូវ ជាដើម។

ពាក់ព័ន្ធ​នឹង​ករណី​នេះ កាលពី​ខែ​មិថុនា ឆ្នាំ​២០២០ រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​មួយ​ដោយ​កាត់​ដី​រដ្ឋ​ទំហំ​២ ៦០០​ហិកតារ ដើម្បី​សាងសង់​ព្រលាន​យន្តហោះ​អន្តរជាតិ​ថ្មី​មួយ​នេះ ដែល​លាតសន្ធឹង​លើ​ឃុំ​ចំនួន​៤ រួមមាន​ឃុំ​បឹងខ្យាង ឃុំ​អំពៅព្រៃ ឃុំ​ព្រែកស្លែង ក្នុង​ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល និង​ឃុំ​ពត់សរ ស្រុក​បាទី ខេត្ត​តាកែវ។

ព្រលាន​យន្តហោះ​អន្តរជាតិ​ថ្មី​នេះ ត្រូវ​បាន​ទទួល​សិទ្ធិ​សាងសង់​ដោយ​ក្រុមហ៊ុន​សាជីវកម្ម​វិនិយោគ​ក្រៅ​ប្រទេស​កម្ពុជា ហៅ​កាត់​ថា អូស៊ីអាយស៊ី (OCIC) របស់​ឧកញ៉ា ពុង ឃាវសែ និង​លេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល (SSCA) ដែល​ត្រូវ​ចំណាយ​ទឹកប្រាក់​ជាង​មួយ​ពាន់​លាន​ដុល្លារ (១៥០០​លាន​ដុល្លារ)។

ប៉ុន្តែ​គម្រោង​អភិវឌ្ឍន៍​ព្រលាន​យន្តហោះ​អន្តរជាតិ​ថ្មី អូស៊ីអាយស៊ី (OCIC) របស់​លោក​ឧកញ៉ា ពុង ឃាវសែ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ពលរដ្ឋ ៣៣០​គ្រួសារ​នៅ​ឃុំ​ទាំង​៤ នោះ ដែល​មាន​ក្បាលដី​ទំហំ​ជាង ១​លាន​ម៉ែត្រ​ការ៉េ។

បើ​តាម​ក្រុម​ពលរដ្ឋ​អះអាង​ថា គិត​មក​ដល់​បច្ចុប្បន្ន ជម្លោះ​ដីធ្លី​នៅ​តំបន់​ព្រលាន​យន្តហោះ​អន្តរជាតិ​ថ្មី មិន​ទាន់​ដោះស្រាយ​ចប់​នៅឡើយ ដោយសារ​អាជ្ញាធរ​ខេត្ត​បាន​ដោះស្រាយ​ផ្តល់​សំណង ៨​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ ខណៈ​តម្លៃ​ដី​នៅ​ទីនោះ​តម្លៃ​ចន្លោះ ៨០ ទៅ​ជាង ១០០​ដុល្លារ​ឯណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស