31 C
Phnom Penh

អាហ្វ្រិក​ខាងត្បូង​កំពុង​ស្ថិត​លើ​វិថី​ចង់​ដើរ​ចេញពី​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ICC

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូង លោក Cyril Ramaphosa បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ ទី​២៥ មេសា ថា គណបក្ស​សមាជ​ជាតិ ANC របស់​លោក​ដែល​កំពុង​កាន់​អំណាច​ខណៈ​នេះ ស្ថិត​លើ​វិថី​ចូល​ដល់​ផ្លូវ​បំបែក​ពី​ការ​ដក​ខ្លួន​ចេញពី​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ICC។ នេះ​បើ​យោង​តាម​ការ​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​អង់គ្លេស News week។

តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ហុឡង់ដ៍ កាលពី​ថ្ងៃទី​១៧ មីនា បាន​ចេញ​ដីកា​ចាប់​ខ្លួន​លោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតី​រុស្ស៊ី ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម​ទៅ​លើ​ប្រទេស និង​ប្រជាជន​អ៊ុយក្រែន។

ដោយ​ហេតុការណ៍​នេះ​បាន​នាំ​ឱ្យ​អាហ្វ្រិក​ខាងត្បូង​ដែល​ជា​ប្រទេស​មួយ​នៃ​សមាជិក​របស់ ICC កំពុងតែ​ពិបាក​ក្នុង​ការ​អញ្ជើញ​លោក ពូទីន មក​ចូលរួម​កិច្ចប្រជុំ​កំពូល​នៃ​មេដឹកនាំ​ប្រទេស​សហប្រតិបត្តិការ BRICS ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​ព្រីតូរីយ៉ា ប្រទេស​អាហ្វ្រិក​ខាងត្បូង នៅ​ក្នុង​ខែ​សីហា ខាងមុខ​នេះ។ ក្រុម​ប្រទេស BRICS មាន​ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និង​អាហ្វ្រិក​ខាងត្បូង។

រដ្ឋាភិបាល​អាហ្វ្រិក​ខាងត្បូង ការពិត​បាន​បញ្ជូន​លិខិត​ទៅ​ទីក្រុង​មូស្គូ ដោយ​ស្នើ​ឱ្យ​លោក ពូទីន មក​ចូលរួម​ប្រជុំ​នៃ​ក្រុម​ប្រទេស BRICS នៅ​មុន​ដីកា​របស់ ICC ចេញ​ចាប់​ខ្លួន​លោក ពូទីន។

ប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូង លោក Ramaphosa បាន​និយាយ​ក្នុង​អំឡុង​សន្និសីទ​សារព័ត៌មាន​មួយ​ដែល​រៀបចំ​ឡើង​ជាមួយ​ប្រធានាធិបតី​ហ្វាំងឡង់ លោក Sauli Niinisto ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ហ្វាំងឡង់ ថា គណបក្ស​កាន់​អំណាច ANC បាន​កំពុងតែ​ធ្វើការ​ពិចារណា​ដ៏​លំបាក ថា​តើ​ដក​សមាជិកភាព​របស់​អាហ្វ្រិក​ខាងត្បូង​ចេញពី ICC ឬ​ក៏​អត់។

លោក Ramaphosa បាន​និយាយ​ថា ការ​សម្រេច​ចិត្ត​នេះ​ដែល​បាន​ធ្វើឡើង​បន្ទាប់ពី​កិច្ចប្រជុំ​ចុង​សប្តាហ៍​របស់​គណបក្ស​ក្នុង​មតិ​ភាគច្រើន ដោយសារតែ​អ្វី​ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​មាន​អំពើ​អយុត្តិធម៌​របស់​តុលាការ​អន្តរជាតិ​មួយ​នេះ​ចំពោះ​ប្រទេស​មួយ​ចំនួន ដែល​លោក​ថា​មាន​ការ​ប៉ះពាល់​ដល់​អភ័យ​ឯកសិទ្ធិ​របស់​ប្រមុខ​រដ្ឋ​នៃ​ប្រទេស​ដែល​កំពុង​កាន់​អំណាច។

លោក Ramaphosa បាន​វាយប្រហារ​តុលាការ ICC ថា​បាន​ប្រព្រឹត្ត​អយុត្តិធម៌​មួយ​ចំនួន​ដែល​នាំ​ឱ្យ​គណបក្ស​សមាជ​ជាតិ ANC ចង់​ដក​សមាជិកភាព​របស់​អាហ្វ្រិក​ចេញពី ICC។

នៅ​ពេល​សួរ​ថា តើ​អាហ្វ្រិក​ខាងត្បូង​នឹង​ចាប់​ខ្លួន​លោក ពូទីន ឬ​យ៉ាង​ណា​តាម​ដីកា​របស់ ICC? លោក Ramaphosa បាន​និយាយ​ថា បញ្ហា​នេះ​កំពុង​ស្ថិត​ក្រោម​ការ​ពិចារណា។

ដោយ​មាន​ការ​មិន​ចុះសម្រុង​គ្នា​នឹង​ក្រុម​បក្ស​ប្រឆាំង​ដែល​ជំទាស់​បក្ស​កាន់​អំណាច នៅ​មុន​នេះ​បន្តិច​ការិយាល័យ​ប្រធានាធិបតី​បាន​ប្រកាស​ព័ត៌មាន​ថា អាហ្វ្រិក​ខាងត្បូង​មិន​មាន​គម្រោង​ដក​សមាជិកភាព​របស់​ខ្លួន​ចេញពី​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ដូច​ដែល​បាន​លើកឡើង​ដោយ​លោក​ប្រធានាធិបតី Ramaphosa នោះ​ទេ។

ក្នុង​នាម​ជា​ប្រទេស​ហត្ថលេខី​នៃ​លក្ខន្តិកៈ​ទីក្រុង​រ៉ូម អាហ្វ្រិក​ខាងត្បូង​មាន​កាតព្វកិច្ច​អនុវត្ត​ដីកា​របស់​តុលាការ ICC ក្នុង​ការ​ចាប់​ខ្លួន​លោក ពូទីន។ យ៉ាង​នេះ​ក្តី វិមាន​ក្រឹមឡាំង ចាត់ទុក​ដីកា​របស់ ICC ថា​ជា​រឿង​ហួសចិត្ត និង​មិន​អាច​ទទួល​យក​បាន។

នៅ​ពេល​ត្រូវ​បាន​សាកសួរ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ដែល​អ្នក​សារព័ត៌មាន​បាន​សួរ​ថា តើ​លោក ពូទីន នឹង​ចូលរួម​ក្នុង​កិច្ចប្រជុំ BRICS ដែរ​ឬ​អត់? អ្នក​នាំពាក្យ​វិមាន​ក្រឹមឡាំង លោក Dmitry Peskov បាន​ថ្លែង​ថា ការ​សម្រេច​ចិត្ត​ដ៏​សមស្រប​នឹង​ត្រូវ​ធ្វើឡើង​នៅ​វេលា​កាន់តែ​ខិត​ជិត​មក​ដល់។ ប៉ុន្តែ​ទោះ​ក្នុង​ករណី​ណា​ក៏ដោយ រុស្ស៊ី​ត្រូវតែ​មាន​វត្តមាន​នៅ​ឯ BRICS ព្រោះ​វា​ជា​កិច្ចប្រជុំ​ដ៏​មាន​សារសំខាន់។

សម្រាប់​រុស្ស៊ី​មិនមែន​ជា​សមាជិក​របស់ ICC ទៀត​ទេ ហើយ​ប្រទេស​មហាអំណាច​មួយ​នេះ​បាន​ដក​សមាជិកភាព​របស់​ខ្លួន​ពី ICC តាំងពី​ឆ្នាំ​២០១៦។ គេ​ថា​លោក ពូទីន ក៏​ទំនង​ជា​នឹង​មិន​ត្រូវ​បាន​ចាប់​ខ្លួន ឬ​ក៏​ត្រូវ​បាន​គេ​នាំ​ខ្លួន​ទៅ​តុលាការ​នោះ​ដែរ។ ប៉ុន្តែ​សមាជិក ICC មាន ១២៣​ប្រទេស​ត្រូវតែ​អនុវត្ត​កាតព្វកិច្ច​តាម​លក្ខន្តិកៈ​របស់​ក្រុង​រ៉ូម។ មាន​ន័យ​ថា លោក ពូទីន អាច​ត្រូវ​បាន​ឃាត់​ខ្លួន ហើយ​បញ្ជូន​ទៅ​កាន់​ទីក្រុង​ឡាអេ ប្រសិនបើ​លោក​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ជា​សមាជិក ICC ណា​មួយ។

គេ​នៅ​ចាំ​បាន​ថា កាលពី​ឆ្នាំ​២០១៧ នៅ​ពេល​លោក​ប្រធានាធិបតី​ស៊ូដង់ Omar Ahmad al-Bashir ធ្វើ​ដំណើរ​ទៅ​ចូលរួម​កិច្ចប្រជុំ​មួយ​នៃ​ប្រទេស​សហភាព​អាហ្វ្រិក រដ្ឋាភិបាល​អាហ្វ្រិក​ខាងត្បូង​នៅ​ពេល​នោះ​បាន​សម្រេច​ឱ្យ​មេដឹកនាំ​ស៊ូដង់​រូប​នេះ​ជិះ​យន្តហោះ​ដែល​ដឹក​លោក​ហោះ​ត្រឡប់​ទៅ​វិញ ព្រោះតែ​លោក al-Bashir ត្រូវ​បាន ICC ចេញ​ដីកា​ចាប់​ខ្លួន​ករណី​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​នៅ​ពេល​ប្រទេស​ស៊ូដង់ ធ្លាក់​ក្នុង​សង្គ្រាម​ស៊ីវិល​ក្នុង​ទសវត្ស​១៩៨០ និង​ដើម​ទសវត្ស​២០០០។

ករណី​លោក ពូទីន នេះ សហរដ្ឋ​អាមេរិក​តាមរយៈ​ប្រមុខ​ការទូត Antony Bliken បាន​ទទូច​ទៅ​សមាជិក ICC ទាំងអស់ ត្រូវ​ឃាត់​ខ្លួន​លោក ពូទីន ហើយ​បញ្ជូន​ទៅ​ឱ្យ ICC ដែល​លោក​ថា​ព្រោះ​ជា​កាតព្វកិច្ច​ក្នុង​នាម​ជា​ប្រទេស​ហត្ថលេខី​របស់ ICC។ នៅ​ក្នុង​ទ្វីប​អឺរ៉ុប​ភាគច្រើន ទោះ​ជា​ពុំ​មែន​ជា​សមាជិក ICC តែ​ពួកគេ​ប្ដេជ្ញា​ថា​ឱ្យ​តែ​លោក ពូទីន មក​ជាន់​ទឹកដី​របស់​ពួកគេ នឹង​ត្រូវ​ចាប់​ខ្លួន ហើយ​បញ្ជូន​ទៅ​កាត់ទោស​នៅ ICC៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស