25 C
Phnom Penh

បទវិភាគ៖ បើ​បក្ស​ប្រឆាំង​នៅ​ថៃ​ឈ្នះ​ឆ្នោត តើ​ពលរដ្ឋ​កម្ពុជា​គួរ​បង្ហាញ​ឆន្ទៈ​បោះឆ្នោត​ដូចម្តេច​នៅ​ខែ​កក្កដា?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​សល់​តែ​ជាង ១០​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ដំណើរការ​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​សភា​នៃ​រាជាណាចក្រ​ថៃ នឹង​ចាប់ផ្ដើម។ ការ​បោះឆ្នោត​នេះ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​១៤ ខែ​ឧសភា។

នៅ​ក្នុង​ការ​បោះឆ្នោត​អាណត្តិ​ថ្មី​នេះ គេ​រំពឹង​ថា​បក្ស​នយោបាយ​ដែល​ចូលរួម​បោះឆ្នោត​អាច​មាន​លើស​ពី ១០​គណបក្ស ប៉ុន្តែ​គណបក្ស​ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​អាច​ទទួល​សំឡេង​ឆ្នោត​ពី​ប្រជាជន​បាន​ច្រើន​ជាងគេ គឺ​មាន​តែ​ពីរ​គណបក្ស​ប៉ុណ្ណោះ​ដែល​សុទ្ធសឹងតែ​ជា​បក្ស​ប្រឆាំង។

បើ​តាម​ការ​ស្ទង់មតិ​ចុងក្រោយ​មួយ​ទៀត បាន​បង្ហាញ​ថា គណបក្ស​ភឿថៃ ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏​ធំ​នៅ​ក្នុង​ប្រទេស​ថៃ បាន​នាំ​មុខ​ដាច់​លើ​គណបក្ស​ជា​គូប្រជែង​របស់​ខ្លួន។

បើ​តាម​សារព័ត៌មាន​ប្រទេស​សិង្ហបុរី The Strait Times ចុះផ្សាយ​នៅ​ថ្ងៃ​ចន្ទ ទី​១ ខែ​ឧសភា នេះ ឲ្យ​ដឹង​ថា ការ​ស្ទង់មតិ​ធ្វើឡើង​ដោយ​វិទ្យាស្ថាន Suan Dusit បាន​ឱ្យ​ដឹង​ថា គណបក្ស​ភឿថៃ ដែល​មាន​ទំនាក់ទំនង​ជាមួយ​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ទទួល​បាន​ការ​គាំទ្រ​ជាង ៤១% នៅ​ក្នុង​ចំណោម​អ្នក​មាន​សិទ្ធិ​បោះឆ្នោត​ចំនួន ១៦​ម៉ឺន ២​ពាន់​នាក់ ដែល​ឆ្លើយ​សំណួរ​របស់​វិទ្យាស្ថាន​នេះ។

ការ​ស្ទង់មតិ​ថ្នាក់​ជាតិ​នេះ ត្រូវ​បាន​ធ្វើឡើង​ចន្លោះ​ពី​ថ្ងៃទី​១០ ដល់​ថ្ងៃទី​២០ ខែ​មេសា ក៏​បាន​បង្ហាញ​ដែរ​ថា គណបក្ស​ឆ្ពោះ​ទៅ​មុខ ជា​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​ដែរ​ស្ថិត​នៅ​លេខ​រៀង​ទី​២ ដោយ​ទទួល​បាន​សំឡេង​គាំទ្រ​ជាង ១៩%។ ចំណែក​គណបក្ស​ថៃ​រួម​រួប​ជាតិ របស់​នាយករដ្ឋមន្ត្រី​ចាំ​ផ្ទះ លោក ប្រាយុទ្ធ ចាន់អូចា ទទួល​បាន​សំឡេង​គាំទ្រ​ជាង ៨% ហើយ​គណបក្ស​ប៉ាល្ល័ង្គ​ប្រាចារ៉ាត ដឹកនាំ​ដោយ​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាវីត វ៉ុងស៊ូវ៉ាន់ មាន​សំឡេង​គាំទ្រ​ជាង ៧%។ គណបក្ស​ថៃ​រួម​រួប​ជាតិ និង​គណបក្ស​ប៉ាល្ល័ង្គ​ប្រាចារ៉ាត់ សុទ្ធតែ​ជា​គណបក្ស​របស់​ក្រុម​យោធា។

តាម​លទ្ធផល​នៃ​ការ​ស្ទង់មតិ​នេះ បក្ស​ពីរ​នេះ​បើ​បូក​ចូល​គ្នា​បាន ១៥% គឺ​តិច​ជាង​បក្ស​ភឿថៃ បូក​នឹង​បក្ស​ឆ្ពោះ​ទៅ​មុខ ដល់​ទៅ ៤៥%។ បក្ស​ធំ​ពីរ​នេះ​ជា​បក្ស​ប្រឆាំង​តំណាង​ឱ្យ​កម្លាំង​អ្នក​ប្រជាធិបតេយ្យ​នៅ​ក្នុង​រាជាណាចក្រ​ថៃ។

ដោយឡែក​ការ​ស្ទង់មតិ​មួយ​ទៀត​របស់​កាសែត​ថៃ Matichon និង Daily News បាន​បង្ហាញ​ថា ការ​គាំទ្រ​មេដឹកនាំ​គណបក្ស​ឆ្ពោះ​ទៅ​មុខ លោក Pita Limjaroenrat គឺជា​ជម្រើស​កំពូល​សម្រាប់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ជាមួយ​សំឡេង​គាំទ្រ​ជាង ៤៩% ហើយ​តាម​ពីក្រោយ​ដោយ​បេក្ខជន​នាយករដ្ឋមន្ត្រី​ពីរ​រូប​មកពី​គណបក្ស​ភឿថៃ គឺ​អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត្រា ជា​កូនស្រី​របស់​អតីត​នាយករដ្ឋមន្ត្រី ថាក់ស៊ីន ដែល​ទទួល​បាន​សំឡេង​គាំទ្រ​ជាង ១៩% និង​លោក Srettha Thavisin មាន​សំឡេង​គាំទ្រ​ជាង ១៥%។

ការ​ស្ទង់មតិ​របស់​កាសែត Matichon និង Daily News ធ្វើឡើង​ចន្លោះ​ពី​ថ្ងៃទី​២២ ខែ​មេសា ដល់​ថ្ងៃទី​២៨ ខែ​មេសា លើ​អ្នក​គ្រប់​អាយុ​បោះឆ្នោត ៧​ម៉ឺន ៨​ពាន់​នាក់។ ការ​ស្ទង់មតិ​ទាំងឡាយ​នៅ​ពេល​កន្លងមក សុទ្ធតែ​បង្ហាញ​ពី​ការ​ថយ​ចុះ​ប្រជាប្រិយភាព​របស់​លោក ប្រាយុទ្ធ ដែល​ទទួល​បាន​សំឡេង​គាំទ្រ​ជាង ៦% និង​លោក ប្រាវីត ទទួល​បាន​ត្រឹមតែ​ជាង ២% ប៉ុណ្ណោះ។

យោង​តាម​លទ្ធផល​នៃ​ការ​ស្ទង់មតិ​របស់​វិទ្យាស្ថាន Suan Dusit គណបក្ស​ភឿថៃ អាច​ទទួល​បាន​សំឡេង​គាំទ្រ​ច្រើន​ជាងគេ ដោយ​មាន​សំឡេង​ភាគច្រើន ហើយ​អាច​នឹង​ដណ្ដើម​បាន​អាសនៈ​យ៉ាង​ច្រើន​នៅ​ក្នុង​រដ្ឋសភា​ដែល​មាន ៥០០​អាសនៈ ហើយ​បើ​បូក​អាសនៈ​របស់​បក្ស​ឆ្ពោះ​ទៅ​មុខ នឹង​ធ្វើ​ឱ្យ​អាសនៈ​របស់​បក្ស​ប្រឆាំង​ធំ​ពីរ​នេះ​នៅ​ក្នុង​រដ្ឋសភា​ដល់​ទៅ​ជាង ៦០% ហើយ​គិត​ជា​អាសនៈ​បាន​ជាង ៣០០​អាសនៈ។

ក្រុម​អ្នក​សង្កេតការណ៍​មើល​ឃើញ​ថា ការ​បោះឆ្នោត​នា​ពេល​ខាងមុខ​នេះ​ទំនង​បក្ស​ប្រឆាំង​ធំ​ពីរ​នេះ​ស្ថិត​នៅ​ក្នុង​បេះដូង​របស់​ប្រជាជន​ច្រើន​ជាងគេ។ តែ​បក្ស​ភឿថៃ របស់​អតីត​នាយករដ្ឋមន្ត្រី ថាក់ស៊ីន ទំនង​ឈ្នះ​ឆ្នោត​ដាច់​គេ ហើយ​មាន​អាទិភាព​ក្នុង​ការ​បញ្ជូន​បេក្ខជន​នាយករដ្ឋមន្ត្រី​ទៅ​សុំ​ការ​អនុម័ត​ពី​សមាជិក​សភា។

នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ការ​បោះឆ្នោត គឺជា​ការ​វាស់​កម្រិត​សេរីភាព និង​ប្រជាធិបតេយ្យ​ក្នុង​តំបន់។ នៅ​ក្នុង​រាជាណាចក្រ​ថៃ ប្រជាជន​ប្រទេស​នេះ​មិន​ជា​បារម្ភ​ច្រើន​អ្វី​ទេ​ចំពោះ​ភាព​មិន​ប្រក្រតី​នៃ​ការ​រាប់​សន្លឹកឆ្នោត ព្រោះ​ស្ថាប័ន​ជាតិ​រៀបចំ​បោះឆ្នោត ពុំ​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​បក្ស​នយោបាយ ឬ​អ្នក​មាន​អំណាច​ណា​មួយ​ឡើយ។ ម្យ៉ាង​ទៀត រាល់​ការ​ស្ទង់មតិ​មុន​ការ​បោះឆ្នោត គឺ​លទ្ធផល​កម្រ​នឹង​ខុស​ណាស់ ហើយ​បើ​ខុស គឺ​តិចតួច​បំផុត។ មាន​ន័យ​ថា បក្ស​ប្រឆាំង​នៅ​ថៃ អាច​ឈ្នះ​ឆ្នោត​ភាគច្រើន​បំផុត ហើយ​បើ​ដូច្នេះ​មែន កម្លាំង​អ្នក​ប្រជាធិបតេយ្យ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ត្រូវ​បាន​មើល​ឃើញ​ថា មាន​ភាព​រឹងមាំ​ឡើងវិញ។

ច្បាប់​បោះឆ្នោត​របស់​រាជាណាចក្រ​មួយ​នេះ​មាន​លក្ខណៈ​សុក្រឹត និង​រឹងមាំ ប្រឆាំង​បក្ស​ណា​ដែល​រំលោភ​ច្បាប់​បោះឆ្នោត ដូចជា​ការ​ប្រើប្រាស់​ថវិកា ឬ​អំណោយ​ដើម្បី​ទិញ​ទឹកចិត្ត​អ្នក​បោះឆ្នោត ឬ​ទិញ​សន្លឹកឆ្នោត។ បើ​អ្នក​នយោបាយ​ក្នុង​បក្ស​នោះ​ប្រព្រឹត្ត គឺ​បក្ស​នោះ​នឹង​ត្រូវ​រំលាយ​ដោយ​តុលាការ​រដ្ឋធម្មនុញ្ញ​តាម​បណ្ដឹង​របស់​បក្ស​នយោបាយ និង​ស្ថាប័ន​បោះឆ្នោត ឬ​អ្នក​សង្កេតការណ៍​បោះឆ្នោត។ នេះ​ជា​ប្រការ​មួយ​ដែល​ប្រជាជន​ថៃ មិន​បារម្ភ​ច្រើន​ទេ​អំពី​សិទ្ធិ​បោះឆ្នោត​របស់​ខ្លួន។

យ៉ាងណាមិញ សហគមន៍​អន្តរជាតិ​ដែល​ប្រកាន់​ប្រជាធិបតេយ្យ កំពុងតែ​ដាក់​ការ​ព្រួយ​បារម្ភ​អំពី​សិទ្ធិ​សេរីភាព​របស់​បក្ស​ប្រឆាំង​នៅ​កម្ពុជា និង​សិទ្ធិ​របស់​អ្នក​បោះឆ្នោត ថា​តើ​មាន​សេរីភាព មាន​សិទ្ធិ​កម្រិត​ណា បើ​ធៀប​នឹង​សិទ្ធិ​របស់​បក្ស​នយោបាយ និង​សិទ្ធិ​របស់​ម្ចាស់​ឆ្នោត​នៃ​ប្រទេស​ថៃ ខណៈ​ស្ថាប័ន​បោះឆ្នោត​នៅ​កម្ពុជា មន្ត្រី​កំពូលៗ​របស់​ស្ថាប័ន​បោះឆ្នោត​ត្រូវ​បាន​ជ្រើសតាំង​ចេញពី​កូតា​របស់​បក្ស​នយោបាយ​ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា។

គេ​ថា​បើ​មន្ត្រី​កំពូល​ទាំងនោះ​ជ្រើស​ចេញពី​បក្ស​នយោបាយ គឺ​មន្ត្រី​ទាំងនោះ​អាច​នឹង​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​របស់​បក្ស​នយោបាយ។

ដូច្នេះ ការ​បោះឆ្នោត​ក្នុង​រាជាណាចក្រ​ថៃ នៅ​ថ្ងៃទី​១៤ ខែ​ឧសភា យ៉ាងហោចណាស់​នឹង​ឆ្លុះបញ្ចាំង​តិចតួច​ដែរ​ចំពោះ​ភាព​សុក្រឹត​នៃ​ស្ថាប័ន​បោះឆ្នោត​នៅ​កម្ពុជា និង​អាច​ជា​សញ្ញា​ប្រាប់​ទៅ​អ្នក​បោះឆ្នោត​នៅ​កម្ពុជា​អំពី​តម្លាភាព និង​សិទ្ធិ​សេរីភាព​បក្ស​នយោបាយ និង​សិទ្ធិ​របស់​ប្រជាជន​កម្ពុជា​ក្នុង​ការ​ធ្វើ​សេចក្ដី​សម្រេច​របស់​ខ្លួន​ទាក់ទង​នឹង​ការ​ប្រើ​សិទ្ធិ​ដ៏​ពិសេស​នៅ​ក្នុង​ពេល​បោះឆ្នោត ដែល​ប្រទេស​កម្ពុជា​នឹង​បោះឆ្នោត​សភា​អាណត្តិ​ថ្មី​នៅ​ថ្ងៃទី​២៣ ខែ​កក្កដា ខាងមុខ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស