28.4 C
Phnom Penh

សង្គម​ស៊ីវិល​ទាមទារ​ឱ្យ​រដ្ឋសភា​ពិនិត្យ​និង​ដោះស្រាយ​បញ្ហា​ជូន​កម្មករ​និយោជិត​ដែល​កំពុង​ប្រឈម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​សង្គម​ស៊ីវិល​ទាមទារ​ឱ្យ​រដ្ឋសភា​កម្ពុជា​ពិនិត្យ​ញត្តិ​របស់​កម្មករ​និយោជិត​ដែល​បាន​ស្នើសុំ ដើម្បី​ដោះស្រាយ​បញ្ហា​ជូន​ពួកគេ ខណៈ​មាន​ការ​រឹតត្បិត និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​យ៉ាង​ខ្លាំង​ពី​សំណាក់​ថៅកែ​រោងចក្រ​សម្រាប់​កម្មករ​និយោជិត​ដែល​ជា​សមាជិក និង​ជា​ថ្នាក់​ដឹកនាំ​សហជីព។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) លោក មឿន តុលា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២ ឧសភា នេះ​ថា សង្គម​ស៊ីវិល​មើល​ឃើញ​ថា បច្ចុប្បន្ន​នេះ​ពិត​ជា​មាន​ការ​រឹតត្បិត និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​យ៉ាង​ខ្លាំង​ពី​សំណាក់​ថៅកែ​រោងចក្រ​សម្រាប់​កម្មករ​និយោជិត​ដែល​ជា​សមាជិក និង​ជា​ថ្នាក់​ដឹកនាំ​សហជីព ក្នុង​ការ​ធ្វើ​កិច្ច​ការងារ​ដើម្បី​ធានា​នូវ​សិទ្ធិ​ការងារ​ក្នុង​រោងចក្រ​ដែល​ពួកគេ​កំពុង​ធ្វើការ​បច្ចុប្បន្ន​នេះ។

លោក មឿន តុលា លើកឡើង​ថា បើ​មិន​មាន​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​សហជីព​ដែល​កំពុង​ប្រើប្រាស់​សព្វថ្ងៃ​ទេ សិទ្ធិ​សេរីភាព​របស់​កម្មករ​និយោជិត​ក្នុង​ការ​បង្កើត​សហជីព​ក្នុង​បំណង​ដើម្បី​គាំពារ​សិទ្ធិ​ការងារ​របស់​កម្មករ​នៅ​កន្លែង​បំពេញ​ការងារ​របស់​ពួកគេ គឺ​នៅតែ​មាន​ការ​រំលោភ​បំពាន​សិទ្ធិ​ពី​សំណាក់​ថៅកែ​រោងចក្រ​ដដែល។

មន្ត្រី​ជាន់ខ្ពស់​សង្គម​ស៊ីវិល​រូប​នេះ​បញ្ជាក់​ថា ជាក់ស្តែង​កម្មករ​និយោជិត​ដែល​ជា​សមាជិក​សហជីព និង​ជា​ថ្នាក់​ដឹកនាំ​សហជីព​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ត្រូវ​រង​នូវ​ការ​រំលោភ​បំពាន​ដោយ​គ្មាន​ការ​អន្តរាគមន៍​ពី​រដ្ឋាភិបាល ក្រសួង​ពាក់ព័ន្ធ ឬ​អាជ្ញាធរ​ឡើយ។ ផ្ទុយទៅវិញ មាន​តែ​ការ​ការ​បង្ក្រាប និង​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ដើម្បី​ចោទ​ប្តឹង​កម្មករ​និយោជិត​ដែល​ទាមទារ​យុត្តិធម៌​ពី​ការ​រំលោភ​សិទ្ធិ​ការងារ​ប៉ុណ្ណោះ។

កាលពី​ថ្ងៃទី​១ ខែ​ឧសភា ឆ្នាំ​២០២៣ តំណាង​សហជីព សមាគម​ដែល​ធ្វើ​ការងារ​ក្នុង​វិស័យ​ការងារ វិស័យ​កាត់ដេរ​សម្លៀកបំពាក់ វិស័យ​សំណង់ វិស័យ​សេវាកម្ម សណ្ឋាគារ ចំណី​អាហារ និង​វិស័យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ជាដើម បាន​ជួបជុំ​គ្នា​នៅ​ខាង​មុខ​រដ្ឋសភា​ជាតិ​កម្ពុជា ដើម្បី​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​ខួប​លើក​ទី​១៣៧ ក្រោម​ប្រធានបទ “ធានា​សិទ្ធិ​ការងារ និង​សិទ្ធិ​ពលរដ្ឋ” ដែល​មាន​អ្នក​ចូលរួម​ប្រមាណ ៦០០​នាក់ និង​ដើម្បី​ដាក់​ញត្តិ​ជូន​រដ្ឋសភា​កម្ពុជា។

ការ​ជួបជុំ​ក្នុង​ឱកាស​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ ១​ឧសភា នេះ អ្នក​ចូលរួម​ទាំងអស់​បាន​កាន់​នូវ​បដា និង​ពាក្យ​ស្លោក​ជាច្រើន ដូចជា យើង​ត្រូវការ​ស្តង់ដារ​ប្រាក់ឈ្នួល​គោល​សម្រាប់​កម្មករ រដ្ឋ​ត្រូវ​ផ្តល់​វិធានការ​សុវត្ថិភាព​ការងារ និង​ពាក្យ​ស្លោក​ថា សូម​បញ្ឈប់​ការ​រើសអើង​កម្មករ​និយោជិត ជាដើម។

ក្រៅពី​បដា អ្នក​ចូលរួម​ទាំងនោះ​ក៏​បាន​សរសេរ​អក្សរ​លើ​កន្សែង​ចង​ក្បាល​របស់​ពួកគេ​ផង​ដែរ ដូចជា​ពាក្យ​ថា ជីវិត​ថ្លៃថ្នូរ​លើ​ក្រណាត់​ពណ៌​ខៀវ ជាដើម។

ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​កម្ពុជា លោក ប៉ាវ ស៊ីណា បាន​លើកឡើង​ក្នុង​ពេល​ជួបជុំ​នោះ​ថា សហជីព និង​កម្មករ​និយោជិត​ត្រូវ​បាន​រំលោភ​សិទ្ធិ​រហូត​មក​ដោយ​គ្មាន​ដំណោះស្រាយ ខណៈ​ការ​ប្រើប្រាស់​បណ្តឹង​ផ្លូវ​ច្បាប់​លើ​កម្មករ​និយោជិត​ដែល​តវ៉ា​ទាមទារ​សិទ្ធិ​ការងារ​ពី​សំណាក់​ស្ថាប័ន​តុលាការ នៅតែ​បន្ត​កើតមាន​យ៉ាង​ធ្ងន់ធ្ងរ​សព្វថ្ងៃ​នេះ។

លោក ប៉ាវ ស៊ីណា អះអាង​ថា រដ្ឋសភា​កម្ពុជា​គួរតែ​ពិនិត្យ​លើ​ញត្តិ​ដែល​ជា​បញ្ហា​ប្រឈម​របស់​កម្មករ​និយោជិត​ដាក់​ជូន​នៅ​ពេលនេះ ដើម្បី​ស្វែងរក​ដំណោះស្រាយ និង​ដើម្បី​ជួយ​លើក​កម្ពស់​សិទ្ធិ​ការងារ​របស់​កម្មករ​និយោជិត កុំ​ឱ្យ​មាន​ការ​រំលោភ​បំពាន​បន្ត​ទៀត។

ទាក់ទិន​នឹង​បញ្ហា​នេះ សាលាក្រុង​ភ្នំពេញ​បាន​ចេញ​សេចក្តី​ជូនដំណឹង​កាលពី​ថ្ងៃទី​១ ខែ​ឧសភា ឆ្នាំ​២០២៣ ថា ការ​ជួបជុំ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំងនេះ គឺជា​ទង្វើ​ខុស​ច្បាប់ ព្រោះ​សកម្មភាព​នោះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ និង​ធ្វើ​ឲ្យ​ខូច​សណ្ដាប់ធ្នាប់ និង​របៀប​រៀបរយ​សាធារណៈ​យ៉ាង​ធ្ងន់ធ្ងរ។

សាលាក្រុង​ភ្នំពេញ​ព្រមាន​ចាត់​វិធានការ​ច្បាប់​ផង​ដែរ ប្រសិនបើ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំងនោះ​មិន​ព្រម​បញ្ឈប់​សកម្មភាព​ជួបជុំ​របស់​ខ្លួន​ទេ​នោះ។

មាត្រា​៣៥ នៃ​រដ្ឋធម្មនុញ្ញ ចែង​ថា ពលរដ្ឋ​ខ្មែរ​មាន​សិទ្ធិ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គម និង​វប្បធម៌​របស់​ប្រទេស​ជាតិ ខណៈ​សេចក្តី​ស្នើ​ទាំងឡាយ​របស់​ពលរដ្ឋ ត្រូវ​បាន​ដោះស្រាយ និង​ពិនិត្យ​យ៉ាង​ហ្មត់ចត់​ពី​អង្គការ​រដ្ឋ ប៉ុន្តែ​រដ្ឋាភិបាល​ក្រោម​ការ​គ្រប់​របស់​បក្ស​កាន់​អំណាច​សព្វថ្ងៃ​នេះ ត្រូវ​គេ​មើល​ឃើញ​ថា បាន​អនុវត្ត​ផ្ទុយ​ពី​មាត្រា​ដែល​បាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ទាំងស្រុង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស