38 C
Phnom Penh

លោក សយ សុភាព ព្រមាន​ឧកញ៉ា​រកស៊ី​ឈើ​ខុស​ច្បាប់​ថា​កំពុង​បំផ្លាញ​រដ្ឋាភិបាល​យ៉ាង​ធ្ងន់ធ្ងរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អគ្គនាយក​សារព័ត៌មាន​ដើម​អម្ពិល លោក សយ សុភាព ដែល​ស្និទ្ធ​នឹង​លោក ហ៊ុន សែន ព្រមាន​ឧកញ៉ា​ស្រុក​ខ្មែរ​ដែល​រកស៊ី​ឈើ​ខុស​ច្បាប់​នៅ​តំបន់​ព្រៃឡង់ ថា​ត្រូវ​ប្រយ័ត្ន​សកម្មភាព​របស់​ខ្លួន​ទៅ​ថ្ងៃ​មុខ ព្រោះ​ពួកគេ​កំពុង​នាំគ្នា​បំផ្លាញ​រដ្ឋាភិបាល​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ។

អគ្គនាយក​សារព័ត៌មាន​ដើម​អម្ពិល លោក សយ សុភាព បាន​លើកឡើង​ក្នុង​កម្មវិធី Monday Talk របស់​លោក​កាលពី​ថ្ងៃទី​២ ខែ​ឧសភា ឆ្នាំ​២០២៣ នេះ​ថា លោក​ទ្រាំ​យូរ​ហើយ​ចំពោះ​ទង្វើ​ឧកញ៉ា​ខ្លះ​ដែល​បាន​រកស៊ី​កាប់​បំផ្លាញ​ព្រៃឈើ​ខុស​ច្បាប់​នៅ​តំបន់​ព្រៃឡង់ ព្រោះ​ទង្វើ​ទាំងនោះ​គឺជា​ទង្វើ​បំផ្លាញ​ទ្រព្យសម្បត្តិ​ជាតិ​ខ្មែរ​ឱ្យ​វិនាស​ហិនហោច​ទៅ​ថ្ងៃ​មុខ។

លោក សយ សុភាព លើកឡើង​ថា ឈើ​ដែល​ពួក​ឧកញ៉ា​ទាំងនោះ​បាន​កាប់​បំផ្លាញ​ដោយ​ការ​រកស៊ី​ខុស​ច្បាប់​កន្លងមក គឺ​តែងតែ​ដឹកជញ្ជូន​ទៅ​កាន់​ប្រទេស​វៀតណាម។ លោក​បន្ថែម​ថា មាន​ឈើ​ខ្លះ​ទៀត​ពួកគេ​បាន​ដឹកជញ្ជូន​ពី​ប្រទេស​ឡាវ ប៉ុន្តែ​ប្រទេស​ដែល​រងគ្រោះ និង​រង​ចោទប្រកាន់​ពី​ការ​កាប់​បំផ្លាញ​ព្រៃឈើ បែរ​ជា​កម្ពុជា​ទៅវិញ ដោយសារតែ​ការ​រកស៊ី​ឈើ​ខុស​ច្បាប់​របស់​ឧកញ៉ា​ទាំងនោះ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​ប្រធាន​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ លោក សៅ សុខា ចេញ​ប្រតិបត្តិការ​រឹបអូស​ឈើ​ខុស​ច្បាប់​ពី​ឈ្មួញ​ទុច្ចរិត​កាលពី​ពេល​ថ្មីៗ​នេះ។

កាលពី​ថ្ងៃទី​២៧ ខែ​មេសា ឆ្នាំ​២០២៣ កម្លាំង​អាវុធហត្ថ​កម្ពុជា​បាន​រឹបអូស​ឈើ​ជាង ៣០០​ម៉ែត្រ​គូប ក្នុង​នោះ៖

  • ឈើ​ហ៊ុំ​មូល ១៨២​កំណាត់ ស្មើ​នឹង​ជាង ២០០​ម៉ែត្រ​គូប
  • ឈើ​ប្រភេទ​លេខ​១ សរុប ២២៤​ដុំ ស្មើ​នឹង​ជាង ៦០​ម៉ែត្រ​គូប
  • ឈើ​ប្រភេទ​លេខ​២ ចំនួន ៩០៨​សន្លឹក ស្មើ​នឹង​ជាង ៣០​ម៉ែត្រ​គូប
  • និង​ប្រភេទ​ឈើ​ជាច្រើន​ផ្សេង​ទៀត។

ប្រតិបត្តិការ​នេះ​ធ្វើឡើង​ក្នុង​ខេត្ត​ចំនួន​៤ រួម​មាន​ខេត្ត​ក្រចេះ ស្ទឹងត្រែង កំពង់ធំ និង​ខេត្ត​ព្រះវិហារ ដែល​សុទ្ធសឹងតែ​ជា​ខេត្ត​ដែល​ស្ថិត​ក្នុង​តំបន់​អភិរក្ស​សត្វព្រៃ​ព្រៃឡង់​ទាំងអស់។

ការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​នេះ ធ្វើឡើង​បន្ទាប់ពី​ប្រធាន​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ លោក សៅ សុខា កាលពី​ថ្ងៃទី​២៦ ខែ​មេសា ឆ្នាំ​២០២៣ បាន​ចោទ​ថា បទល្មើស​ព្រៃឈើ​ដែល​តែងតែ​កើត​មាន​នៅ​កម្ពុជា​ទប់ស្កាត់​មិន​បាន គឺ​ដោយសារតែ​មន្ត្រី​មូលដ្ឋាន​ជា​អ្នក​បើក​ដៃ​ឱ្យ​ឈ្មួញ​ពី​ខាងក្រៅ​តែប៉ុណ្ណោះ។

លោក សៅ សុខា អះអាង​ថា មន្ត្រី​ជំនាញ​តែង​ផ្ដេកផ្ដួល​ចំពោះ​បញ្ហា​នេះ ព្រោះ​ថា​ឈើ​ដឹក​តែ​លើ​ផ្លូវ​មិន​ដែល​ដឹក​ខុស​ពី​លើ​ផ្លូវ​ទេ ហើយ​ទីស្នាក់ការ​រដ្ឋបាល​ព្រៃឈើ​ក៏​នៅ​លើ​ផ្លូវ ទីស្នាក់ការ​បរិស្ថាន​ក៏​នៅ​លើ​ផ្លូវ​ដែរ ដូច្នេះ​បើ​មន្ត្រី​ទាំងនោះ​មិន​ផ្សំគំនិត​គ្នា​ទេ បទល្មើស​ព្រៃឈើ​ក៏​មិនកើត​ឡើង​ដែរ។ លោក​សង្កត់​ធ្ងន់​ថា បើ​នៅតែ​បែប​នេះ​ទៀត ប្រទេស​កម្ពុជា​នឹង​រលាយ​ហិនហោច​ជាមិនខាន។

យ៉ាងណា​ក៏ដោយ កាលពី​ខែ​កញ្ញា ឆ្នាំ​២០២២ អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភក្ត្រា រិះគន់​ថា ការ​ចោទប្រកាន់​ថា​ព្រៃឈើ​នៅ​កម្ពុជា​កំពុង​បន្ត​រង​នូវ​ការ​កាប់​បំផ្លាញ គឺជា​ចេតនា​បង្កប់​សារ​នយោបាយ និង​ជា​យុទ្ធនាការ​មួយ​ដែល​ប្រឆាំង​នឹង​កម្ពុជា ដើម្បី​បំភ្លៃ បំផ្លើស និង​បំប៉ោង​របស់​ក្រុម​អ្នក​ស្រឡាញ់​ព្រៃឈើ​តែ​សម្បក​ក្រៅ។

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា បទល្មើស​ព្រៃឈើ​មិន​អាច​បំបាត់​បាន​ទេ បើ​ទោះបីជា​មាន​ការ​បង្ក្រាប​ខ្លះ​ក៏ដោយ ព្រោះ​ថា​នោះ​គ្រាន់តែ​ជា​រូបភាព​ដែល​ល្អ​មើល​តែ​សម្បក​ក្រៅ​ប៉ុណ្ណោះ ត្បិត​ពួក​ឧកញ៉ា​ដែល​រកស៊ី​ឈើ​ខុស​ច្បាប់​ត្រូវ​គេ​រក​ឃើញ​ថា សុទ្ធសឹងតែ​ជា​មនុស្ស​ដែល​រកស៊ី​ខុស​ច្បាប់​ប្រមូល​លុយ​ឱ្យ​ក្រុម​គ្រួសារ​លោក ហ៊ុន សែន ទាំងអស់ ដូចជា​ឧកញ៉ា លី យ៉ុងផាត់ ហៅ​ស្តេច​កោះកុង និង​ឧកញ៉ា ទ្រី ភាព ហៅ​ស្តេច​គ្រញូង ជាដើម។

អង្គការ​ឃ្លាំមើល​ព្រៃឈើ​ពិភពលោក បាន​ចេញ​របាយការណ៍​របស់​ខ្លួន​កាលពី​អំឡុង​ឆ្នាំ​២០២១ ស្ដីពី​ឧក្រិដ្ឋកម្ម​ព្រៃឈើ​នៅ​កម្ពុជា​ថា ការ​វិនាស​ព្រៃឈើ​ខ្មែរ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់​របស់​កម្ពុជា​សព្វថ្ងៃ​នេះ គឺ​បង្ក​ឡើង​ដោយ​ក្រុមហ៊ុន​មួយ​ចំនួន​ដែល​រកស៊ី​កាប់​ឈើ​ខុស​ច្បាប់​បច្ចុប្បន្ន​នេះ ដូចជា​ក្រុមហ៊ុន Think Biotech ក្រុមហ៊ុន Angkor Plywood ក្រុមហ៊ុន Sam Oeun Sovann ក្រុមហ៊ុន PNT និង​ក្រុមហ៊ុន Thy Ngan Development ជាដើម ខណៈ​ក្រុមហ៊ុន​ទាំងនេះ​គឺ​មាន​ការ​ជាប់​ពាក់ព័ន្ធ​ជាមួយ​ក្រុមហ៊ុន TSMW របស់​ឧកញ៉ា ម៉ឹក សុផាន់ណារ៉េត ហៅ​ឧកញ៉ា ជ័យ យ៉ាង​ខ្លាំង។

ទាក់ទិន​នឹង​បញ្ហា​នេះ សារព័ត៌មាន​អន្តរជាតិ Mongabay បាន​ចេញ​ផ្សាយ​របាយការណ៍​ស៊ើបអង្កេត​របស់​ខ្លួន​កាលពី​ថ្ងៃទី​៨ ខែ​មីនា ឆ្នាំ​២០២៣ ថា លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត អាច​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ឧកញ៉ា ម៉ឹក សុផាន់ណារ៉េត ហៅ​ឧកញ៉ា ជ័យ ដែល​ល្បីល្បាញ​ខាង​រកស៊ី​ឈើ​ខុស​ច្បាប់​នៅ​ខេត្ត​ស្ទឹងត្រែង សព្វថ្ងៃ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស