41.3 C
Phnom Penh

សមត្ថកិច្ច​ចាប់​ខ្លួន​លោក ដេវីដ ឆាណាយវ៉ា ដែល​ជួយ​រក​យុត្តិធម៌​ឱ្យ​ពលរដ្ឋ​រងគ្រោះ​នៅ​ខេត្ត​ព្រះសីហនុ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ដេវីដ ឆាណាយវ៉ា ដែល​ជួយ​រក​យុត្តិធម៌​ឲ្យ​ពលរដ្ឋ​នៅ​ភូមិ​ចំណោតរាម និង​ភូមិ​គគីរ ខេត្ត​ព្រះសីហនុ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៤ ឧសភា យក​ទៅ​ដាក់​ពន្ធនាគារ​ខេត្ត​ព្រះសីហនុ ក្រោម​បទ​ចោទ «ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ»។

សាលាដំបូង​ខេត្ត​ព្រះសីហនុ បាន​ចេញ​ដីកា​ឲ្យ​នាំ​ខ្លួន​លោក ដេវីដ ឆាណាយវ៉ា កាលពី​ថ្ងៃទី​៤ ខែ​ឧសភា ឆ្នាំ​២០២៣ ពី​បទ​ចោទប្រកាន់​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​ដែល​បាន​ប្រព្រឹត្ត​នៅ​ភូមិ​ចំណោតរាម និង​ភូមិ​គគីរ ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាលពី​ពេល​កន្លង​ទៅ។

ការ​ចាប់​ខ្លួន​នេះ ធ្វើឡើង​តាម​បណ្តឹង​គណៈមេធាវី​កម្ពុជា​ដែល​បាន​ប្តឹង​លោក​កាលពី​ពេល​កន្លង​ទៅ​បន្ទាប់ពី​លោក ដេវីដ ឆាណាយវ៉ា បាន​ចូល​ទៅ​ជួយ​ពលរដ្ឋ​រងគ្រោះ​ពី​ការ​រំលោភ​ដីធ្លី​នៅ​ខេត្ត​ព្រះសីហនុ នៅ​ពេល​នេះ។

កាលពី​ថ្ងៃទី​៧ ខែ​មេសា ឆ្នាំ​២០២៣ តំណាង​អយ្យការ​លោក ប្លង់ សុផល បាន​ចេញ​ដីកា​កោះ​ឱ្យ​លោក ដេវីដ ឆាណាយវ៉ា ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​តុលាការ​នៅ​ថ្ងៃទី​២ ខែ​ឧសភា ឆ្នាំ​២០២៣ អំពី​ដំណើរ​រឿង​ដែល​គណៈមេធាវី​កម្ពុជា​បាន​ប្តឹង​លោក​ពី​បទ​អំពើ​ក្លែង​ឋានៈ​ជា​មេធាវី អំពើ​ផ្តល់​យោបល់​ផ្នែក​ច្បាប់​ក្នុង​នាម​ជា​មេធាវី និង​ជេរប្រមាថ​ជា​សាធារណៈ​លើ​គណៈមេធាវី​កម្ពុជា​កាលពី​ពេល​កន្លង​ទៅ។

ការ​ចេញ​ដីកា​កោះ​នេះ ធ្វើឡើង​បន្ទាប់ពី​គណៈមេធាវី​កម្ពុជា​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​២៩ ខែ​មីនា ឆ្នាំ​២០២៣ ដោយ​ចោទប្រកាន់​លោក ដេវីដ ឆាណាយវ៉ា ថា​បាន​ប្រព្រឹត្ត​អំពើ​ក្លែង​ឋានៈ​ជា​មេធាវី និង​ជេរប្រមាថ​ជា​សាធារណៈ​លើ​គណៈមេធាវី​កម្ពុជា​កន្លង​មក។

យ៉ាងណា​ក៏ដោយ បន្ទាប់ពី​ការ​ចោទ​ប្តឹង​របស់​គណៈមេធាវី និង​ការ​ចេញ​ដីកា​របស់​តុលាការ​ឲ្យ​លោក​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី​២៦ ខែ​មេសា ឆ្នាំ​២០២៣ លោក ដេវីដ ឆាណាយវ៉ា បាន​ចោទ​ថា មន្ត្រី​នៅ​ក្រោម​ឱវាទ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មិន​អនុវត្ត​តាម​បទបញ្ជា​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​កាត់​ឆ្វៀល​ដី​នៅ​ភូមិ​ចំណោតរាម និង​ភូមិ​គគីរ ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ចេញពី​គម្រប​ព្រៃ​ឱ្យ​ប្រជាពលរដ្ឋ​ដូច​មាន​ចែង​ក្នុង​អនុក្រឹត្យ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​នោះ​ទេ។

លោក ដេវីដ ឆាណាយវ៉ា អះអាង​ថា ចាប់តាំងពី​រូប​លោក​ចូល​ទៅ​ជួយ​ដោះស្រាយ​បញ្ហា​ដីធ្លី​នៅ​ភូមិ​ចំណោតរាម និង​ភូមិ​គគីរ ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ មក គណៈមេធាវី​កម្ពុជា​ព្យាយាម​ផ្ដន្ទាទោស​លោក​ជាប់​រហូត ខណៈ​ការ​ជួយ​ប្រជាពលរដ្ឋ​របស់​លោក​ជុំវិញ​រឿង​នេះ​មិន​បាន​ប្រព្រឹត្ត​ខុស​នឹង​ផ្លូវ​ច្បាប់​ទាល់តែសោះ។

បែប​នេះ​ក្តី កាលពី​ថ្ងៃទី​២៧ ខែ​មីនា ឆ្នាំ​២០២៣ គណៈមេធាវី​កម្ពុជា​ធ្លាប់​បាន​ព្រមាន​ប្តឹង​លោក ដេវីដ ឆាណាយវ៉ា ថា​លោក​កំពុង​ប្រកប​វិជ្ជាជីវៈ​ជា​មេធាវី​ខុស​ច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា ជុំវិញ​ការ​ផ្តល់​ប្រឹក្សា​យោបល់​ផ្នែក​ច្បាប់​ដល់​ភាគី​វិវាទ​ដីធ្លី​នៅ​ភូមិ​ចំណោតរាម និង​ភូមិ​គគីរ ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដែល​កំពុង​មាន​ទំនាស់​សព្វថ្ងៃ​នេះ​ម្តង​រួច​ហើយ ប៉ុន្តែ​លោក ដេវីដ ឆាណាយវ៉ា នៅតែ​អះអាង​ថា លោក​មិន​បាន​ប្រព្រឹត្ត​ខុស​ច្បាប់​ដូច​ការ​ចោទប្រកាន់​នោះ​ឡើយ។

ជុំវិញ​បញ្ហា​នេះ ក្រុម​អ្នក​សង្កេតការណ៍​ត្អូញត្អែរ​ថា លោក ដេវីដ ឆាណាយវ៉ា ទំនង​ជា​មិន​អាច​រក​យុត្តិធម៌​ក្នុង​រឿង​នេះ​បាន​ឡើយ ព្រោះ​ថា​ដី​ដែល​រង​ការ​រំលោភ​បំពាន​នៅ​ទីតាំង​ខាងលើ​សុទ្ធតែ​ជាប់​ពាក់ព័ន្ធ​នឹង​អ្នក​មាន​អំណាច​ទាំងអស់ ដែល​ពួកគេ​ទទួល​បាន​សិទ្ធិ​កាន់កាប់​ដី​នៅ​តំបន់​នោះ​តាម​អនុក្រឹត្យ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នា​ពេល​កន្លងមក។

ជាក់ស្តែង កាលពី​ថ្ងៃទី​២៧ ខែ​មីនា ឆ្នាំ​២០២០ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​កាត់​ឆ្វៀល​ដី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ស្ថិត​នៅ​ភូមិ​ចំណោតរាម ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ទំហំ ៧៥​ហិកតារ និង ៣០​អា ចែក​ជូន​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ និង​កាន់កាប់​ជាក់ស្តែង។

ប៉ុន្តែ​នៅ​ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២១ លោក ហ៊ុន សែន ក៏​បាន​ចេញ​អនុក្រឹត្យ​កាត់​ឆ្វៀល​ដី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ នៅ​ភូមិ​ឃុំ​ខាងលើ​ទំហំ ១០​ហិកតារ ៤០​អា និង ៣៩​សង់ទីអា ឱ្យ​ទៅ​ធនាគារ​កាណាឌីយ៉ា​របស់​លោក​ឧកញ៉ា ពុង ឃាវសែ ផង​ដែរ។

ជាង​នេះ​ទៀត កាលពី​អំឡុង​ខែ​កក្កដា ឆ្នាំ​២០២០ លោក ហ៊ុន សែន ក៏​បាន​ចេញ​អនុក្រឹត្យ​កាត់​ឆ្វៀល​ដី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ នៅ​ភូមិ​ចំណោតរាម ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ឱ្យ​កូនៗ​របស់​គាត់ គឺ​អ្នកស្រី ហ៊ុន ម៉ាណា និង​អ្នកស្រី ហ៊ុន ម៉ាលី ថែម​ទៀត​ដែល​បញ្ហា​នេះ​ទំនង​ជា​ឱកាស​មួយ​សម្រាប់​មន្ត្រី​ពុករលួយ​កេង​បន្លំ​យក​ដី​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ ឬ​អាច​មាន​លោក ហ៊ុន សែន នៅ​ពីក្រោយ​នៃ​ការ​រំលោភ​ដីធ្លី​នេះ​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស