30 C
Phnom Penh

ឧកញ៉ា សូ ងួន ប្ដឹង​ពលរដ្ឋ​១០​គ្រួសារ​ទៅ​តុលាការ​ខេត្ត​កំពត​ពាក់ព័ន្ធ​រឿង​វិវាទ​ដីធ្លី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ឧកញ៉ា សូ ងួន ប្ដឹង​ពលរដ្ឋ ១០​គ្រួសារ​ទៅ​តុលាការ​ខេត្ត​កំពត ពាក់ព័ន្ធ​នឹង​រឿង​ជម្លោះ​ដីធ្លី​ជាង ១១​ហិកតារ បើ​ទោះបីជា​ក្រុម​ពលរដ្ឋ​អះអាង​ថា ពួកគេ​បាន​អាស្រ័យ​ផល​រាប់​ឆ្នាំ​ដោយ​មាន​អាជ្ញាធរ​មូលដ្ឋាន​ទទួលស្គាល់​ហើយ​ក្ដី។

ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ខាងមុខ​តុលាការ ក្រុម​ប្រជាពលរដ្ឋ​អះអាង​ថា ពួកគាត់​ទាំង ១០​គ្រួសារ​រស់នៅ​ភូមិ​ព្រៃពាយ ឃុំ​ត្រពាំងភ្លាំង ស្រុក​ឈូក ខេត្ត​កំពត បាន​អាស្រ័យ​ផល​លើ​ផ្ទៃដី ១១​ហិកតារ ៨៥​អា តាំងពី​ឆ្នាំ​២០០២ មក​ម្ល៉េះ។

ពលរដ្ឋ​ថា​ទោះបីជា​ពួកគាត់​រស់នៅ និង​អាស្រ័យ​ផល​យូរ​ហើយ​ក្ដី ប៉ុន្តែ​ពួកគាត់​ទាំង ១០​គ្រួសារ​បែរ​ជា​ត្រូវ​បាន​ឧកញ៉ា សូ ងួន ប្ដឹង​ដោយ​ចោទ​ថា​ប្រើប្រាស់​អំពើ​ហិង្សា​លើ​ម្ចាស់​អចលនវត្ថុ​ទៅវិញ។ មិន​ត្រឹមតែ​ប្ដឹង​ទេ ក្រុម​ប្រជាពលរដ្ឋ​អះអាង​ថា កន្លងមក សន្តិសុខ​នៃ​ក្រុមហ៊ុន​ឧកញ៉ា សូ ងួន ក៏​ធ្លាប់​បាន​ប្រើប្រាស់​អំពើ​ហិង្សា​ទៅ​លើ​ពួកគាត់ បន្ទាប់ពី​រារាំង​ក្រុមហ៊ុន​មិន​ឲ្យ​ចូល​ឈូស​ឆាយ និង​រំលោភ​យក​ដីធ្លី​របស់​ពួកគាត់។

ប្រភព​ដដែល​អះអាង​ថា ដី​ជាង ១១​ហិកតារ​ដែល​ពួកគេ​អាស្រ័យ​ផល​តាំងពី​ឆ្នាំ​២០០២ មក គឺ​មាន​អាជ្ញាធរ​ភូមិ-ឃុំ​ដឹង​ឮ និង​ទទួលស្គាល់​ផង​ដែរ។

ករណី​នេះ ពួកគេ​ស្នើ​ទៅ​តុលាការ​ខេត្ត​កំពត ជួយ​រក​យុត្តិធម៌​ដោយ​ទម្លាក់​ចោល​រាល់​ការ​ចោទប្រកាន់​របស់​ឧកញ៉ា សូ ងួន ដែល​បាន​ប្ដឹង​ពួកគាត់​ទាំង ១០​គ្រួសារ​វិញ ដោយ​ថា​ពួកគេ​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់​របស់​ឧកញ៉ា សូ ងួន ឡើយ។

ជុំវិញ​ការ​ចោទប្រកាន់​នេះ សារព័ត៌មាន The Cambodia Daily មិន​ទាន់​អាច​សុំ​ការ​ឆ្លើយតប​ពី​ឧកញ៉ា សូ ងួន បាន​នៅឡើយ​ទេ។

ទាក់ទិន​រឿង​ជម្លោះ​ដីធ្លី​នៅ​ឃុំ​ត្រពាំងភ្លាំង ស្រុក​ឈូក នេះ កាលពី​ខែ​មីនា ឆ្នាំ​២០២១ កន្លងទៅ អតីត​អភិបាល​ខេត្ត​កំពត លោក ជាវ តាយ បាន​ចេញ​លិខិត​មួយ​បង្គាប់​ឲ្យ​ក្រុមហ៊ុន សូ ងួន ផ្អាក​សកម្មភាព​ឈូស​ឆាយ និង​កាយ​ព្រំ​ដី​ក្នុង​តំបន់​ដែល​មាន​ជម្លោះ​ជាមួយ​ក្រុម​គ្រួសារ​អតីត​មន្ត្រី​យោធា​នៃ​បញ្ជាការដ្ឋាន​ការពារ​កោះ​ឆ្នេរ​ជា​បណ្ដោះអាសន្ន ដើម្បី​រង់ចាំ​ដំណោះស្រាយ​ដោយ​សន្តិវិធី​ពី​អាជ្ញាធរ​ខេត្ត។

ការ​ចេញ​លិខិត​នេះ បន្ទាប់ពី​ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា សូ ងួន បាន​យក​គ្រឿងចក្រ​ចំនួន ២​គ្រឿង និង​កម្លាំង​ប្រមាណ ១០០​នាក់​ទៅ​ធ្វើ​សកម្មភាព​កាយ​ព្រំ​ដី​ទំនាស់​ទំហំ ២៣៨​ហិកតារ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ឃុំ​ត្រពាំងភ្លាំង ស្រុក​ឈូក ខេត្ត​កំពត ដែល​កំពុង​កាន់កាប់ និង​គ្រប់គ្រង​ដោយ​អតីត​កងកម្លាំង​សមាហរណកម្ម​ការពារ​កោះ​ឆ្នេរ។

បើ​តាម​ពលរដ្ឋ ធ្លាប់​អះអាង​ថា ក្រុមហ៊ុន​របស់​ឧកញ៉ា សូ ងួន បាន​រំលោភ​យក​ដី​របស់​ពួកគេ​ទាំង​បំពាន​ច្បាប់ ដោយ​មិន​ខ្លាចរអា​ចំពោះ​អាជ្ញាធរ​មូលដ្ឋាន និង​ច្បាប់​ឡើយ។

ក្រៅពី​រំលោភ​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ហើយ ឧកញ៉ា​រូប​នេះ​ក៏​បាន​ដើរ​តួ​ជា​អ្នក​សប្បុរសធម៌​ដោយ​បរិច្ចាគ​ថវិកា​ចំនួន ៣​ម៉ឺន​ដុល្លារ​ទៅ​ឲ្យ​កាកបាទ​ក្រហម​កម្ពុជា ដែល​ដឹកនាំ​ដោយ​ភរិយា​លោក ហ៊ុន សែន គឺ​អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន ក្នុង​ឱកាស​ខួប​ទី​១៦០ ទិវា​ពិភពលោក​កាកបាទ​ក្រហម​កាលពី​ថ្ងៃ​៨ ខែ​ឧសភា ឆ្នាំ​២០២៣ នេះ។

បើ​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ក្នុង​ស្រុក​ឲ្យ​ដឹង​ថា ឧកញ៉ា សូ ងួន មិន​ត្រឹមតែ​ជា​នាយក​ក្រុមហ៊ុន សូ ងួន ដឹកជញ្ជូន និង​សេវា​អាហរ័ណ​នីហរ័ណ​ក្នុង​រាជធានី​ភ្នំពេញ​នោះ​ទេ ឧកញ៉ា សូ ងួន ក៏​ជា​អ្នក​រកស៊ី​ខាង​អចលនទ្រព្យ​ដ៏​សកម្ម​មួយ​ប្រចាំ​ខេត្ត​កំពត ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស