29 C
Phnom Penh

លោក ថេង សាវឿន និង​ក្រុម​ការងារ​ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​ក្រចេះ​ឃាត់​ខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ថេង សាវឿន និង​ក្រុម​ការងារ រួម​ទាំង​សមាជិក​សហគមន៍​ជិត ២០​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​ក្រចេះ ឃាត់​ខ្លួន ហើយ​មក​ដល់​ពេលនេះ ពួកគេ​មិន​ទាន់​ត្រូវ​បាន​ដោះលែង​នៅឡើយ។

អ្នក​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​នៅ​ថ្ងៃទី​១៧ ខែ​ឧសភា នេះ ក្នុង​នោះ​​មាន​ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា (CCFC Cambodia) លោក ថេង សាវឿន និង​ក្រុម​ការងារ​សមាគម​ចំនួន ១៦​រូប​ទៀត ក្នុង​នោះ​មាន​លោក ម៉ឺន រតនា លោក ញ៉ិល ភាព លោក ម៉ៃ វុទ្ធី លោក កែវ សុម៉ាលី អ្នកស្រី កែវ ស្រីនាង កញ្ញា ឯល សុខេន លោក គុច សុខុម និង​លោក សេម ថា ជាដើម។

ការ​ឃាត់​ខ្លួន​លោក ថេង សាវឿន និង​ក្រុម​ការងារ​របស់​លោក​នៅ​ថ្ងៃទី​១៧ ឧសភា សមត្ថកិច្ច​ខេត្ត​ក្រចេះ ថា​ធ្វើ​តាម​ការ​ស្នើ​របស់​ស្នងការ​នគរបាល​ខេត្ត​រតនគិរី ពាក់ព័ន្ធ​នឹង​រឿង​ដែល​សមាគម CCFC បាន​រៀបចំ​វគ្គ​ឆ្លុះបញ្ចាំង​កសាង​សមត្ថភាព​ក្រុម​ការងារ​កាលពី​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​១៤ ខែ​ឧសភា ឆ្នាំ​២០២៣ ដែល​ស្ថិត​នៅ​ខេត្ត​រតនគិរី។

អ្នក​នាំពាក្យ​សមាគម​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា ប្រាប់​សារព័ត៌មាន The Cambodia Daily មុន​ម៉ោង​ផ្សាយ​នេះ​ថា រូបលោក និង​អង្គការ​សង្គម​ស៊ីវិល​ផ្សេង​ទៀត​កំពុង​ធ្វើការ​តាមដាន​ចំពោះ​ករណី​នេះ។ ចំពោះ​មូលហេតុ​ដែល​នាំ​ឲ្យ​សមត្ថកិច្ច​ឃាត់​ខ្លួន​លោក ថេង សាវឿន និង​ក្រុម​ការងារ រូបលោក​នៅ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ។

លោក ស៊ឹង សែនករុណា បង្ហាញ​ក្ដី​បារម្ភ​ដោយ​ថា​មក​ដល់​ពេលនេះ លោក ថេង សាវឿន និង​ក្រុម​ការងារ​ទាំង ១៦​នាក់ សមត្ថកិច្ច​កំពុង​ធ្វើការ​សាកសួរ​ដោយ​មិនទាន់​បាន​ដោះលែង​នៅ​ឡើយ។

ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ថេង សាវឿន ធ្លាប់​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​កាត់ទោស​ឲ្យ​លោក​ជាប់​ពន្ធនាគារ​រយៈពេល ៤​ឆ្នាំ ២៨​ថ្ងៃ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​មាន​ការ​ប្រើប្រាស់​អំពើ​ហិង្សា ប៉ុន្តែ​លោក​និង​អ្នក​ផ្សេង​ទៀត​ត្រូវ​បាន​ដោះលែង​វិញ​នៅ​ថ្ងៃទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៤ ក្រោយ​តុលាការ​បាន​ព្យួរ​ទោស​ដែល​នៅ​សេសសល់។

បើ​តាម​លោក ថេង សាវឿន បាន​លើកឡើង​កាលពី​ថ្ងៃទី​២ ខែ​មករា ឆ្នាំ​២០២៣ ថា បើ​ទោះ​ពួកគាត់​បាន​ប្ដឹង​ទាស់​ប្រឆាំង​នឹង​សាលក្រម​កាត់ទោស​ពី​សំណាក់​សាលាដំបូង​រាជធានី​ភ្នំពេញ​ទៅ​តុលាការ​ជាន់ខ្ពស់ បន្ទាប់ពី​តុលាការ​ដោះលែង​ពួកគាត់​តាំងពី​ខែ​ឧសភា ឆ្នាំ​២០១៤ ក្ដី ប៉ុន្តែ​មក​ដល់​បច្ចុប្បន្ន លោក​ថា​សំណុំរឿង​របស់​ពួកគាត់​ស្ថិត​ក្នុង​ដៃ​តុលាការ​ជាន់ខ្ពស់​នៅឡើយ។

លោក ថេង សាវឿន ជា​អតីត​ជនរងគ្រោះ​ម្នាក់​ដែល​បច្ចុប្បន្ន​ជា​ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា នៅតែ​ចាត់ទុក​ព្រឹត្តិការណ៍​បង្ក្រាប​ដោយ​ហិង្សា​ជា​ការ​ឈឺចាប់ ដោយ​មិន​អាច​បំភ្លេច​បាន​ឡើយ​មក​ដល់​បច្ចុប្បន្ន៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស