41.3 C
Phnom Penh

អាដហុក៖ ករណី​រំលោភ​សិទ្ធិមនុស្ស​កើតឡើង​ជិត ១​ពាន់​ករណី​នៅ​ឆ្នាំ​២០២២

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក បាន​រក​ឃើញ​ថា ស្ថានភាព​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ឆ្នាំ​២០២២ កន្លងទៅ​កាន់តែ​មាន​សភាព​ធ្ងន់ធ្ងរ ដែល​កើតឡើង​ចំនួន​ជិត ១​ពាន់​ករណី ខណៈ​វិវាទ​ដីធ្លី​នៅតែ​បន្ត​កើតមាន​ឡើង​ឥត​ឈប់​ឈរ​ផង​ដែរ។

បើ​តាម​របាយការណ៍​សង្ខេប​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស​ឆ្នាំ​២០២២ ចេញ​ផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃទី​១៧ ខែ​ឧសភា នេះ បង្ហាញ​ថា ករណី​រំលោភ​សិទ្ធិមនុស្ស​កើតឡើង​ចំនួន ៥៤៩​ករណី ដែល​ចំនួន​នេះ​បាន​កើនឡើង ៣៩២​ករណី​បើ​ធៀប​ឆ្នាំ​២០២១ គឺ​មាន​ត្រឹមតែ ១៥៧​ករណី​ប៉ុណ្ណោះ។

ករណី​រំលោភ​សិទ្ធិមនុស្ស​ដែល​អាដហុក​រក​ឃើញ​នោះ គឺ​ការ​គំរាមកំហែង​សកម្មភាព​នយោបាយ​កើនឡើង​រហូត​ដល់ ២១៨​ករណី ហើយ​ការ​រឹតត្បិត​សេរីភាព​ជួបជុំ ១១៨​ករណី និង​រឹតត្បិត​សេរីភាព​បាតុកម្ម​ចំនួន ៦៥​ករណី។

អាដហុក​បាន​លើកឡើង​ថា ទោះបីជា​ការ​គំរាមកំហែង​បាន​កើនឡើង​ក្ដី ប៉ុន្តែ​បញ្ហា​ទាំងនេះ​មិន​ត្រូវ​បាន​ដោះស្រាយ​ឡើយ។ ករណី​នេះ​បាន​ធ្វើ​ឱ្យ​ជនរងគ្រោះ​សម្រេច​ចិត្ត​មិន​ដាក់​ពាក្យ​បណ្ដឹង ដោយសារ​ពួកគេ​មិន​មាន​ទំនុកចិត្ត​លើ​ប្រព័ន្ធ​យុត្តិធម៌។

របាយការណ៍​ដដែល​បាន​លើកឡើង​ថា ចំពោះ​លំហ​សេរីភាព​នយោបាយ​វិញ រដ្ឋាភិបាល​នៅតែ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ដើម្បី​គំរាមកំហែង​គណបក្ស​នយោបាយ អ្នក​លេង​បណ្ដាញ​សង្គម ការ​បង្ក​របួស​ស្នាម ការ​គំរាម​ឲ្យ​លាឈប់​ពី​បញ្ជី​ឈរ​ឈ្មោះ​បេក្ខភាព​គណបក្ស ការ​បំផ្លាញ​ស្លាក​សញ្ញា​គណបក្ស ព្រមទាំង​រារាំង​ការ​លើក​ស្លាក​សញ្ញា​គណបក្ស និង​រឹតត្បិត​សេរីភាព​ជួបជុំ​សកម្មជន​គណបក្ស ជាដើម។

ប្រភព​ដដែល​បាន​លើកឡើង​ទៀត​ថា ចំណែក​ការ​ធ្វើ​ទារុណកម្ម​វិញ បាន​កើតឡើង​លើ​ជនរងគ្រោះ​ចំនួន ២៧​នាក់ ក្នុង​នោះ​ស្រី​ម្នាក់ ដែល​ការ​ធ្វើ​ទារុណកម្ម​ដោយ​ហិង្សា​ពី​សំណាក់​មន្ត្រី​យុត្តិធម៌​ក្នុង​តួនាទី ដូចជា​មន្ត្រី​នគរបាល​រដ្ឋបាល​ប៉ុស្តិ៍ មន្ត្រី​នគរបាល​អធិការដ្ឋាន មន្ត្រី​នគរបាល ស្នងការ​ខេត្ត មន្ត្រី​កងរាជ​អាវុធហត្ថ​ខេត្ត ព្រមទាំង​មន្ត្រី​អនុរក្ស​ពន្ធនាគារ និង​អ្នកទោស​ដូច​គ្នា​ក្នុង​ពន្ធនាគារ។

ប្រភព​ដដែល​បញ្ជាក់​ថា ការ​ធ្វើ​ទារុណកម្ម​របស់​ក្រុម​មន្ត្រី​យុត្តិធម៌​ទាំងនោះ ដើម្បី​បង្ខំ​ជនរងគ្រោះ​ឲ្យ​សារភាព ឬ​សង​ប្រាក់​ដោយ​ការ​បង្ក្រាប​ឲ្យ​បាក់ស្បាត ជាដើម។

ដោយឡែក​ជម្លោះ​ដីធ្លី​វិញ អាដហុក​ថា​នៅតែ​បន្ត​កើតមាន​ឡើង​ឥត​ឈប់​ឈរ ក្នុង​នោះ​វិវាទ​រ៉ាំរ៉ៃ​មួយ​ចំនួន​ធំ រដ្ឋាភិបាល​កម្ពុជា​នៅ​មិនទាន់​បាន​ដោះស្រាយ​នៅឡើយ ខណៈ​វិវាទ​ថ្មីៗ​ទៀត​បាន​កើតឡើង​ជា​បន្តបន្ទាប់​នៅ​ក្នុង​ឆ្នាំ​២០២២។

លើស​ពី​នេះ វិវាទ​ដីធ្លី​ដែល​កើតឡើង​ចំនួន ៨៤​ករណី ដែល ៥០% នៃ​វិវាទ ដោយសារ​បុគ្គល​មាន​អំណាច​រំលោភ​យក។ បញ្ហា​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​លើ​ប្រជាពលរដ្ឋ​ចំនួន ៧១៤១​គ្រួសារ ដែល​មាន​ទំហំ​ដី​ចំនួន ៩៨៣១១១​ហិកតារ ក្នុង​នោះ​ជាង ៩៧% ជា​វិវាទ​រ៉ាំរ៉ៃ ហើយ​មក​ដល់​ដំណាច់​ឆ្នាំ​២០២២ នៅ​មិនទាន់​មាន​ដំណោះស្រាយ។

ក្រៅពី​បញ្ហា​ដីធ្លី​នេះ ករណី​រំលោភ​បំពាន​លើ​សិទ្ធិ​ស្ត្រី និង​កុមារ​ក៏​កើតឡើង ២៨៨​ករណី កើនឡើង ៦៤​ករណី បើ​ធៀប​នឹង​ឆ្នាំ​២០២១។ ករណី​ទាំងនោះ​មាន​ការ​ជួញដូរ​ផ្លូវភេទ​ដោយ​ការ​បង្ខំ​រៀបការ​ទៅ​ចិន ការ​ជួញដូរ​កម្លាំង​ពលកម្ម និង​ការ​ប្រើប្រាស់​ហិង្សា​ក្នុង​គ្រួសារ​រហូត​ដល់​ស្លាប់ ២២​ករណី និង​រំលោភ​សេពសន្ថវៈ​ចំនួន ១៣២​ករណី ក្នុង​នោះ​រំលោភ​សម្លាប់​ចំនួន ០៦​ករណី។

របាយការណ៍​ដែល​សមាគម​អាដហុក​រក​ឃើញ និង​បង្ហាញ​នា​ពេលនេះ​ស្រប​គ្នា​ទៅ​នឹង​របាយការណ៍​ក្រសួង​ការបរទេស​អាមេរិក ចេញ​កាលពី​អំឡុង​ខែ​មីនា ឆ្នាំ​២០២៣ ដោយ​រក​ឃើញ​ថា ក្នុង​ឆ្នាំ​២០២២ បញ្ហា​សិទ្ធិមនុស្ស​កម្ពុជា​នៅតែ​ធ្ងន់ធ្ងរ។

ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​អះអាង​ថា បញ្ហា​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ គឺ​ការ​សម្លាប់​ដោយ​ខុស​ច្បាប់ ឬ​តាម​អំពើ​ចិត្ត ការ​ធ្វើ​ទារុណកម្ម និង​អំពើ​ឃោរឃៅ អមនុស្សធម៌ ឬ​ការ​បង្ខូច​កេរ្តិ៍ឈ្មោះ​ដោយ​រដ្ឋាភិបាល ការ​ឃុំ​ខ្លួន​តាម​អំពើ​ចិត្ត​ដោយ​រដ្ឋាភិបាល​លើ​អ្នកទោស រួម​ទាំង​បញ្ហា​ធ្ងន់ធ្ងរ​ពី​ឯករាជភាព​របស់​តុលាការ និង​ការ​ឃ្លាំមើល​ប្រព័ន្ធ​ផ្សព្វផ្សាយ​អេឡិចត្រូនិក ជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស