41.3 C
Phnom Penh

ស្នងការដ្ឋាន​ខេត្ត​រតនគិរី​សាកសួរ​លោក ថេង សាវឿន និង​សហការី​២​នាក់​ទៀត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្នងការដ្ឋាន​នគរបាល​ខេត្ត​រតនគិរី កំពុង​ធ្វើការ​សាកសួរ​ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ថេង សាវឿន និង​សហការី ២​នាក់​ទៀត បន្ទាប់ពី​សមត្ថកិច្ច​ខេត្ត​ក្រចេះ ឃាត់​ខ្លួន​កាលពី​ថ្ងៃទី​១៧ ឧសភា អំឡុង​ពេល​ពួកគេ​ធ្វើ​ដំណើរ​ពី​ខេត្ត​រតនគិរី មក​រាជធានី​ភ្នំពេញ​វិញ។

លោក ថេង សាវឿន បាន​ដឹកនាំ​បុគ្គលិក រួម​ទាំង​ក្រុម​គ្រួសារ​ដែល​មាន​គ្នា​ប្រមាណ ៣០​នាក់​ទៅ​កម្សាន្ត​នៅ​ខេត្ត​រតនគិរី ចំនួន ៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​១៧ ខែ​ឧសភា ក៏​នាំគ្នា​ត្រឡប់​មក​ភ្នំពេញ​វិញ ប៉ុន្តែ​លុះ​មក​ដល់​ខេត្ត​ក្រចេះ លោក​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន រួម​ទាំង​សមាជិក​របស់​លោក​ចំនួន ១៦​នាក់​ទៀត​ផង​ដែរ។ អំឡុង​ពេល​នោះ សមត្ថកិច្ច​បាន​ឆែក និង​ដកហូត​កុំព្យូទ័រ Laptop ១៧​គ្រឿង រួម​ទាំង​ទូរសព្ទ​របស់​ពួកគេ​ផង​ដែរ។

ក្រោយពី​ឃាត់​ខ្លួន និង​សាកសួរ​រួច សមត្ថកិច្ច​ក៏​បាន​ដោះលែង​សមាជិក ១៤​នាក់​វិញ ប៉ុន្តែ​លោក ថេង សាវឿន និង​សហការី ២​នាក់​ទៀត ក្នុង​នោះ​លោក ញ៉ិល ភាព ជា​មន្ត្រី​សម្របសម្រួល​សហគមន៍​នៅ​ប្រចាំ​ខេត្ត​កោះកុង និង​ខេត្ត​កំពង់ស្ពឺ និង​លោក ថាន់ ហាច ប្រធាន​គម្រោង​នៃ CCFC ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​ក្រចេះ បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​រតនគិរី នៅ​ថ្ងៃទី​១៨ ខែ​ឧសភា ដើម្បី​បន្ត​នីតិវិធី។

គិត​មក​ដល់​ល្ងាច​ថ្ងៃទី​១៨ ឧសភា តុលាការ​ខេត្ត​រតនគិរី កំពុង​សាកសួរ​ដោយ​នៅ​មិនទាន់​ដោះលែង​លោក ថេង សាវឿន និង​លោក ញ៉ិល ភាព និង​លោក ថាន់ ហាច នៅឡើយ​ទេ ខណៈ​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើក​កម្ពស់​សិទ្ធិមនុស្ស​កំពុង​តាមដាន​ចំពោះ​រឿង​នេះ។

លោក ស៊ឹង សែនករុណា អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ដែល​តាមដាន​រឿង​នេះ បាន​ឲ្យ​ដឹង​ថា ការ​ចាប់​ខ្លួន​នេះ គឺ​បន្ទាប់ពី​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​បាន​រៀបចំ​វគ្គ​ឆ្លុះបញ្ចាំង​កសាង​សមត្ថភាព​ក្រុម​ការងារ កាលពី​ថ្ងៃទី​១៣-១៤ ខែ​ឧសភា ដែល​ស្ថិត​នៅ​ខេត្ត​រតនគិរី។ ការ​ឃាត់​ខ្លួន​នេះ ដើម្បី​សាកសួរ​ព័ត៌មាន​ពី​បញ្ជិកា និង​ឯកសារ​ពាក់ព័ន្ធ​នានា។

បើ​តាម​លោក ស៊ឹង សែនករុណា ករណី​ការ​ចាប់​ខ្លួន​អ្នក​ខាងលើ​នេះ ខាង​សមាគម​អាដហុក និង​អង្គការ​ដៃគូ​ដទៃ​ទៀត បាន​និង​កំពុង​តែ​តាមដាន និង​ឃ្លាំមើល​ផង​ដែរ ខណៈ​ការ​ចោទប្រកាន់​អំពី​ការ​ចាប់​ខ្លួន​ភាគី​សមត្ថកិច្ច​នៅ​មិនទាន់​អាច​បញ្ជាក់​ឲ្យ​បាន​ច្បាស់​នៅឡើយ គិត​មក​ទល់​នឹង​ពេលនេះ។

អភិបាល​ខេត្ត​រតនគិរី លោក ញ៉ែម សំអឿន បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ឲ្យ​ដឹង​ថា ការ​ដែល​ស្នងការ​ខេត្ត​រតនគិរី ស្នើ​ឲ្យ​សមត្ថកិច្ច​ខេត្ត​ក្រចេះ ឃាត់​ខ្លួន​លោក ថេង សាវឿន និង​ក្រុម​ការងារ​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា ដោយសារតែ​ពួកគេ​បាន​ធ្វើ​សកម្មភាព​ការងារ​នៅ​ខេត្ត​រតនគិរី ហាក់​ប្រាសចាក​ពី​ច្បាប់​ដែល​គួរ​ឲ្យ​សង្ស័យ។

យ៉ាងណា​ក៏ដោយ អភិបាល​ខេត្ត​រូប​នេះ​មិន​បាន​បញ្ជាក់​ឲ្យ​បាន​ច្បាស់​អំពី​កំហុស​ដែល​នាំ​ឲ្យ​មាន​ការ​ចាប់​ខ្លួន​ពួកគេ​នោះ​ឡើយ ដោយ​គ្រាន់តែ​និយាយ​ថា ករណី​នេះ​កំពុង​ធ្វើការ​ស្រាវជ្រាវ និង​តាមដាន​នៅឡើយ។

ជុំវិញ​រឿង​នេះ សហគមន៍​ដីធ្លី​ភូមិ​ព្រលាន ២៤៣​គ្រួសារ​និង​សហគមន៍​ដីធ្លី​នៅ​ជីខក្រោម ក្នុង​ខេត្ត​កោះកុង ក៏​បាន​បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម ដោយ​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​លោក ថេង សាវឿន និង​សហការី ២​នាក់​ទៀត​ដោយ​ឥត​លក្ខខណ្ឌ ដោយ​ថា​ប្រទេស​ដែល​ប្រកាន់ខ្ជាប់​ប្រជាធិបតេយ្យ ត្រូវ​ធានា និង​គោរព​សិទ្ធិ​ជួបជុំ​របស់​ពលរដ្ឋ​តាម​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​របស់​កម្ពុជា។

ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ថេង សាវឿន ធ្លាប់​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​កាត់ទោស​ឲ្យ​លោក​ជាប់​ពន្ធនាគារ​រយៈពេល ៤​ឆ្នាំ ២៨​ថ្ងៃ ពី​បទ​ញុះញង់​ឲ្យ​មាន​ការ​ប្រើប្រាស់​អំពើ​ហិង្សា ប៉ុន្តែ​លោក និង​អ្នក​ផ្សេង​ទៀត​ត្រូវ​បាន​ដោះលែង​វិញ​នៅ​ថ្ងៃទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៤ ក្រោយ​តុលាការ​ព្យួរ​ទោស​ដែល​នៅ​សេសសល់។

បើ​តាម​លោក ថេង សាវឿន បាន​អះអាង​កាលពី​ដើម​ឆ្នាំ​២០២៣ ថា បើ​ទោះ​ពួកគាត់​បាន​ប្ដឹង​ទាស់​ប្រឆាំង​នឹង​សាលក្រម​កាត់ទោស​ពី​សំណាក់​សាលាដំបូង​រាជធានី​ភ្នំពេញ​ទៅ​តុលាការ​ជាន់ខ្ពស់ បន្ទាប់ពី​តុលាការ​ដោះលែង​ពួកគាត់​តាំងពី​ខែ​ឧសភា ឆ្នាំ​២០១៤ ក្ដី ប៉ុន្តែ​រហូត​មក​ទល់​បច្ចុប្បន្ន​នេះ លោក​ថា​សំណុំរឿង​របស់​ពួកគាត់​ស្ថិត​ក្នុង​ដៃ​តុលាការ​ជាន់ខ្ពស់​នៅឡើយ។

សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា (CCFC) ដែល​បច្ចុប្បន្ន​លោក ថេង សាវឿន ជា​ប្រធាន​ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ឆ្នាំ​២០១១ ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​សិទ្ធិ​ដីធ្លី និង​បញ្ហា​នានា​ដែល​ប៉ះពាល់​ដល់​កសិករ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស