30 C
Phnom Penh

តុលាការ​ចេញ​មុខ​ការពារ​វិធានការ​របស់​ខ្លួន ខណៈ​ពលរដ្ឋ​ទាមទារ​ដោះលែង​លោក ថេង សាវឿន និង​សហការី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តុលាការ​ខេត្ត​រតនគិរី បកស្រាយ​ថា ការ​ជួបជុំ​របស់​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា (CCFC) ក្នុង​គោលដៅ​នយោបាយ​ដើម្បី​ញុះញង់​ដល់​កសិករ​ឲ្យ​ងើប​បះបោរ និង​ឈាន​ទៅ​ផ្ដួល​រំលំ​រដ្ឋាភិបាល ដោយសារ​ការ​ជួបជុំ​មាន​ការ​ប្រមូល​ទូរសព្ទ​ដៃ​របស់​អ្នក​ចូលរួម​ទុក ព្រមទាំង​បង្វិល​កាមេរ៉ា​សុវត្ថិភាព​ចុះ​ក្រោម​មិន​ឲ្យ​ឃើញ ដែល​តុលាការ​សន្មត​ថា​ធ្វើ​សកម្មភាព​ខុស​ច្បាប់​ក្នុង​បន្ទប់​ប្រជុំ។

សេចក្ដី​ថ្លែងការណ៍​របស់​អ្នក​នាំពាក្យ​អយ្យការ​អម​សាលាដំបូង​ខេត្ត​រតនគិរី ចុះ​ថ្ងៃទី​២៣ ខែ​ឧសភា ថា ចៅក្រម​ស៊ើបសួរ​ឃុំ​ខ្លួន​លោក ថេង សាវឿន លោក ញ៉ិល ភាព និង​លោក ថាន់ ហាច នៅ​ពន្ធនាគារ​នោះ ដើម្បី​ឲ្យ​តុលាការ​បន្ត​នីតិវិធី​ច្បាប់ និង​ស្រាវជ្រាវ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែម បន្ទាប់ពី​តំណាង​អយ្យការ​ចោទប្រកាន់​លើ​អ្នក​ទាំង​បី​ពី​បទ «រួម​គំនិត​ក្បត់ និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»។

ប្រភព​ដដែល​ថា ការ​ចោទប្រកាន់ និង​ឃុំ​ខ្លួន​នេះ ដោយសារ​ការ​ជួបជុំ​របស់ CCFC ដោយ​មាន​ការ​ប្រមូល​ទូរសព្ទ​ដៃ​របស់​អ្នក​ចូលរួម​ទុក​ក្នុង​កេស​ទឹក​សុទ្ធ ព្រមទាំង​បង្វិល​កាមេរ៉ា​សុវត្ថិភាព​ចុះ​ក្រោម​មិន​ឲ្យ​ឃើញ ដែល​តុលាការ​សន្មត​ថា​ធ្វើ​សកម្មភាព​ខុស​ច្បាប់​ក្នុង​បន្ទប់​ប្រជុំ។

ប្រភព​ដដែល​លើកឡើង​ថា ដូច្នេះ​ហើយ​បន្ទាប់ពី​បាន​ស៊ើបអង្កេត​ពិនិត្យ​ភស្តុតាង ព្រមទាំង​ផ្ទៀងផ្ទាត់​ចម្លើយ​របស់​ជនសង្ស័យ ហើយ​រក​ឃើញ​នូវ​តម្រុយ ទើប​តុលាការ​សន្មត​ថា​ការ​ជួបជុំ​របស់​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​នា​ពេល​នោះ ធ្វើឡើង​ក្នុង​គោលដៅ​នយោបាយ ដើម្បី​ធ្វើ​សកម្មភាព​ញុះញង់​ដល់​កសិករ​ឲ្យ​ងើប​បះបោរ បង្ក​ឲ្យ​មាន​ចលាចល​សង្គម និង​ឈាន​ទៅ​ផ្ដួល​រំលំ​រដ្ឋាភិបាល​តាម​គ្រប់​រូបភាព។

បន្ទាប់ពី​មាន​ការ​ចាប់​ឃុំ​ខ្លួន និង​ចោទប្រកាន់​លោក ថេង សាវឿន ហើយ​លោក ញ៉ិល ភាព និង​លោក ថាន់ ហាច នោះ ពលរដ្ឋ​រងគ្រោះ​ដីធ្លី​ជិត ២០០​នាក់​មកពី ១៤​ខេត្ត បាន​នាំគ្នា​ឡើង​មក​រាជធានី​ភ្នំពេញ​ដើម្បី​ធ្វើ​យុទ្ធនាការ​ទាមទារ​ឲ្យ​រដ្ឋាភិបាល និង​តុលាការ​ដោះលែង​អ្នក​ទាំង​បី​នាក់​វិញ។

គិត​ចាប់តាំងពី​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​២៤ ខែ​ឧសភា នេះ ក្រុម​ប្រជាពលរដ្ឋ​នៅ​មិនទាន់​ត្រឡប់​ទៅ​ផ្ទះ​វិញ​ឡើយ ដោយ​ពួកគេ​បន្ត​ស្នាក់នៅ​វត្ត​សាមគ្គីរង្សី ក្នុង​រាជធានី​ភ្នំពេញ។

អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​ដោយ​ចាត់ទុក​ការ​ចោទប្រកាន់​របស់​តុលាការ​ខេត្ត​រតនគិរី ពី​បទ​ញុះញង់​នេះ​ថា​ធ្វើឡើង​ផ្ទុយ​ពី​មាត្រា​៤១ នៃ​រដ្ឋធម្មនុញ្ញ​ព្រះរាជាណាចក្រ​កម្ពុជា។

លោក​បញ្ជាក់​ថា មាត្រា​៤១ នៃ​រដ្ឋធម្មនុញ្ញ ចែង​ថា ពលរដ្ឋ​ខ្មែរ​មាន​សេរីភាព​ខាង​ការ​បញ្ចេញមតិ​របស់​ខ្លួន សេរីភាព​ខាង​សារព័ត៌មាន សេរីភាព​ខាង​ការ​បោះពុម្ព​ផ្សាយ សេរីភាព​ខាង​ការ​ប្រជុំ។ ជន​ណា​ក៏ដោយ​មិន​អាច​ឆ្លៀត​ប្រើ​សិទ្ធិ​នេះ​ដោយ​រំលោភ នាំ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​អ្នកដទៃ ដល់​ទំនៀមទម្លាប់​ល្អ​របស់​សង្គម ដល់​សណ្ដាប់ធ្នាប់​សាធារណៈ និង​ដល់​សន្តិសុខ​ជាតិ​បាន​ឡើយ។ របប​សារព័ត៌មាន ត្រូវ​រៀបចំ​ឡើង​ដោយ​ច្បាប់។ មាត្រា​១៥២​ថ្មី​នៃ​រដ្ឋធម្មនុញ្ញ​ចែង​ថា ច្បាប់ និង​សេចក្តី​សម្រេច​ទាំងឡាយ​នៃ​ស្ថាប័ន​នានា​របស់​រដ្ឋ ត្រូវ​ស្រប​នឹង​រដ្ឋធម្មនុញ្ញ​ជាដាច់ខាត។

ចំណែក​ក្រមព្រហ្មទណ្ឌ​វិញ បណ្ឌិត ឡៅ ម៉ុងហៃ ថា​ក៏​មិន​អនុញ្ញាត​ឲ្យ​ចៅក្រម​ពង្រីក​វិសាលភាព​ច្បាប់​ព្រហ្មទណ្ឌ​យក​ទៅ​ចោទប្រកាន់​ដាក់​ទណ្ឌកម្ម​អំពើ​ផ្សេង​ពី​បទល្មើស​ជាក់លាក់​ដែល​ច្បាប់​បាន​កំណត់។ មាត្រា​៥ នៃ​ក្រមព្រហ្មទណ្ឌ​ចែង​ថា ក្នុង​រឿង​ព្រហ្មទណ្ឌ ច្បាប់​ត្រូវ​បកស្រាយ​យ៉ាង​តឹងរ៉ឹង។ ដូច្នេះ ចៅក្រម​មិន​អាច​ពង្រីក​វិសាលភាព​អនុវត្ត ឬ​ប្រព្រឹត្ត​តាម​សទិសភាព [គឺ ភាព​ស្រប​គ្នា ភាព​ស្រដៀង​គ្នា] បាន​ឡើយ។

លោក ថេង សាវឿន និង​សហការី ២​នាក់​ត្រូវ​សមត្ថកិច្ច​ខេត្ត​ក្រចេះ បាន​ឃាត់​ខ្លួន​កាលពី​ថ្ងៃទី​១៧ ខែ​ឧសភា ហើយ​បាន​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រតនគិរី នៅ​ថ្ងៃទី​១៨ ខែ​ឧសភា។ ការ​ឃាត់​ខ្លួន​នេះ បន្ទាប់ពី​លោក ថេង សាវឿន បាន​នាំគ្នា​ប្រជុំ​ដើម្បី​ពង្រឹង ក៏ដូចជា​កសាង​សមត្ថភាព​របស់​បុគ្គលិក និង​វិភាគ​អភិក្រម​សិទ្ធិ​ជា​មូលដ្ឋាន​ដែល​ធ្វើឡើង​នៅ​ក្នុង​ខេត្ត​រតនគិរី អំឡុង​ពេល​ធ្វើ​ដំណើរ​កម្សាន្ត​កាលពី​ថ្ងៃទី​១៣-១៤ ខែ​ឧសភា ឆ្នាំ​២០២៣៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស