29 C
Phnom Penh

លោក អ៊ុំ សំអាន ប្ដេជ្ញា​មិន​លក់​ឧត្តមគតិ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ឡើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ប្ដេជ្ញា​មិន​លក់​ឧត្តមគតិ​របស់​ខ្លួន​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​បម្រើ​ជន​ក្បត់​ជាតិ​កាត់​ទឹកដី​ខ្មែរ​ឲ្យ​បរទេស​ឈ្លានពាន គឺ​លោក ហ៊ុន សែន ជាដាច់ខាត ទោះ​ជាតិ​នេះ ឬ​ជាតិ​ក្រោយ។

អតីត​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​២៣ ឧសភា ថា លោក​បាន​តាំងចិត្ត​រួច​ហើយ​ថា​នឹង​មិន​ចុះចូល​ជាមួយ​អ្នក​ដែល​ធ្លាប់​ចាប់​ឃុំ​ខ្លួន​លោក​ទាំង​អយុត្តិធម៌​ដាច់ខាត ព្រោះ​លោក​មិនមែន​មនុស្ស​ដែល​លក់​ឧត្តមគតិ​បម្រើ​ជន​ក្បត់​ជាតិ​ផ្ដាច់ការ​ដូចជា​លោក ហ៊ុន សែន ដើម្បី​តែ​លាភសក្ការៈ និង​បុណ្យ​ស័ក្តិ តំណែង​តួនាទី​នោះ​ទេ។

លោក អ៊ុំ សំអាន លើកឡើង​ថា អ្នក​ខ្លះ​ធ្លាប់​ជាប់​គុក​ដោយសារ​អំពើ​ឃោរឃៅ​របស់​លោក ហ៊ុន សែន តែ​ទីបំផុត​ក៏​នាំគ្នា​ចុះចូល​ជាមួយ​មនុស្ស​ដែល​ចាប់​ខ្លួន​ដាក់​គុក និង​លើក​សរសើរ​បុគ្គល​នោះ​ថា​ជា​អ្នក​មាន​គុណ​របស់​ខ្លួន​ទៅវិញ ស្រប​ពេល​ជាមួយ​គ្នា​នោះ ពួកគេ​បែរជា​នាំគ្នា​វាយប្រហារ​លើ​បក្ស​ប្រឆាំង​ដើម្បី​ផ្គាប់ចិត្ត​បុគ្គល​ដែល​ធ្លាប់​ធ្វើ​បាប​ខ្លួន​ថែម​ទៀត។

ចាប់តាំងពី​ដើម​ខែ​មករា ឆ្នាំ​២០២៣ មក អ្នកគាំទ្រ​បក្ស​ប្រឆាំង​បាន​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ជា​បន្តបន្ទាប់ ក្នុង​នោះ​ពួកគេ​អាច​ទទួល​បាន​តំណែង​ទៅ​តាម​ការ​ផ្តល់​ឱ្យ​ពី​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន រៀងៗ​ខ្លួន។

ប្រហែល​ជា​ដោយសារ​មើល​ឃើញ​អ្នក​ចុះចូល​មុនៗ​ទទួល​បាន​តំណែង​ក្នុង​ជួរ​រដ្ឋាភិបាល នៅ​ចុង​ខែ​មេសា ឆ្នាំ​២០២៣ នេះ សកម្មជន និង​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចាប់ផ្តើម​នាំគ្នា​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​កាន់តែ​ខ្លាំង​ឡើងៗ សូម្បីតែ​អ្នក​ដែល​គេ​មិន​ដែល​ស្គាល់​ពី​មុន​មក​ក៏​ប្រឹង​រៀបរាប់​ក្នុង​លិខិត​ចុះចូល​របស់​ខ្លួន​ដែរ ដែល​គេ​អាច​ដឹង​ថា​ការ​រៀបរាប់​នោះ​គឺ​ដើម្បី​តថ្លៃ​យក​តំណែង​ឱ្យ​កាន់តែ​ខ្ពស់​ប៉ុណ្ណោះ។

ដោយសារ​ចរន្ត​ចុះចូល​នៅ​ពេលនេះ​មាន​ទីផ្សារ​ខ្ពស់ និង​កំពុង​ឡើង​ថ្លៃ សកម្មជន និង​មន្ត្រី​បក្ស​ប្រឆាំង​ទាំង​ភាគី​លោក កឹម សុខា និង​ភាគី​លោក សម រង្ស៊ី បាន​នាំគ្នា​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច​ជា​បន្តបន្ទាប់ ក្នុង​នោះ​ភាគី​លោក កឹម សុខា ដូចជា​លោក យឹម ស៊ីណន លោក ហ៊ុន កុសល លោក ប៉ែន ផល្លីកា លោក ជា រដ្ឋា និង​លោក សារ៉ូ សុវុឌ្ឍិ ជាដើម។

ចំណែក​ភាគី​លោក សម រង្ស៊ី ដូចជា​លោក កែត ឃី លោក អៀ ចាន់ណា លោក គង់ ម៉ាស់ លោក លោក តុ វ៉ាន់ចាន់ និង​គណៈកម្មាធិការ​នាយក​គណបក្ស​សង្គ្រោះ​ជាតិ ៤​នាក់​ផ្សេង​ទៀត​ក៏​បាន​ចុះចូល​ដែរ។

យ៉ាងណា​ក៏ដោយ ការ​ចុះចូល​នេះ​មាន​ប្រភព​ខ្លះ​ទម្លាយ​ថា ក្រៅពី​អ្នក​ចង់​បាន​តំណែង​តួនាទី ក៏​មាន​អ្នក​ដែល​ត្រូវ​បក្ស​កាន់​អំណាច​គំរាម​ឱ្យ​ចុះចូល​ដែរ ជាក់ស្តែង​ដូចជា​លោក កែត ឃី មន្ត្រី​ជាន់ខ្ពស់​បក្ស​ភ្លើង​ទៀន ជាដើម។

ទន្ទឹម​នឹង​ការ​ចុះចូល​របស់​មន្ត្រី និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ មន្ត្រី​បក្ស​ក្រៅ​រដ្ឋាភិបាល​ផ្សេង​ទៀត​ក៏​បាន​ប្រកាស​ចុះចូល​ដែរ ដូចជា​បណ្ឌិត យ៉ង សាំងកុមារ បណ្ឌិត សាម អ៊ីន លោក ឡឹក សុធា លោក ខាត់ សុធី ដែល​ជា​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន និង​ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ លោក សួង សុភ័ណ្ឌ ជាដើម។

ក្រៅពី​មន្ត្រី​បក្ស​ក្រៅ​រដ្ឋាភិបាល អតីត​ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល ក៏​បាន​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច​ថែម​ទៀត ហើយ​ហេតុផល​នៃ​ការ​ចុះចូល​របស់​អ្នក​ទាំងនោះ​មិន​សូវ​ខុស​គ្នា​ទេ គឺ​ពួកគេ​អះអាង​ថា ពួកគេ​ចង់​ចូល​ទៅ​ជួយ​កែទម្រង់​ដឹកនាំ​របស់​រដ្ឋាភិបាល​បន្ថែម​ទៀត។

អំឡុង​ពេល​នៃ​ការ​ការ​ចុះចូល​របស់​មន្ត្រី​បក្ស​ក្រៅ​រដ្ឋាភិបាល មន្ត្រី​បក្ស​ប្រឆាំង និង​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល ការ​គាប​សង្កត់​លើ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​ពី​បក្ស​កាន់​អំណាច​ក៏​បាន​ផ្ទុះឡើង​កាន់តែ​ខ្លាំង​ដែរ ដូចជា​ការ​បិទ​គណបក្ស​ភ្លើង​ទៀន​មិន​ឱ្យ​ចូលរួម​ការ​បោះឆ្នោត ការ​ចាប់​ខ្លួន​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដូចជា​លោក ថេង សាវឿន ជាដើម។

ជាង​នេះ​ទៀត ក៏​មាន​ការ​បិទ​សារព័ត៌មាន​ឯករាជ្យ វីអូឌី និង​ការ​កាត់ទោស​លោក កឹម សុខា ឱ្យ​ជាប់​គុក​ជិត ៣០​ឆ្នាំ​ទាំង​អយុត្តិធម៌ ជាដើម ប៉ុន្តែ​គេ​មិន​ទាន់​ឃើញ​អ្នក​ចុះចូល​ដែល​អះអាង​ថា ដើម្បី​កែទម្រង់​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល ចេញ​មុខ​អន្តរាគមន៍​ដើម្បី​បញ្ឈប់​នូវ​ការ​គាបសង្កត់​នេះ​នៅឡើយ​ទេ តែ​គេ​សង្កេត​ឃើញ​ថា បែរ​ជា​មាន​ការ​អបអរ​សាទរ​ចំពោះ​ទង្វើ​របស់​បក្ស​កាន់​អំណាច​ដែល​កំពុង​រំលោភ​ច្បាប់ បំបិទ​សិទ្ធិ​ពលរដ្ឋ ដែល​កំពុង​អនុវត្ត​យ៉ាង​អនាធិបតេយ្យ​ពី​អ្នក​ទាំងនោះ​ទៅ​វិញ។

ទាក់ទិន​នឹង​បញ្ហា​នេះ ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា ការ​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន ក្រោម​ហេតុផល​ថា​ដើម្បី​កែទម្រង់​ការ​ដឹកនាំ​របស់​បក្ស​កាន់​អំណាច គ្រាន់តែ​ជា​លេស​តែប៉ុណ្ណោះ ត្បិត​ការពិត​គឺ​ពួកគេ​បាន​នាំគ្នា​ទៅ​ជ្រក​ក្រោម​បក្ស​នេះ​ដើម្បី​តែ​ប្រយោជន៍​ផ្ទាល់ខ្លួន ដូចជា​ការពារ​មុខជំនួញ និង​មាន​ឱកាស​ឡើង​តំណែង​ក្នុង​ជួរ​រដ្ឋាភិបាល​ប៉ុណ្ណោះ មិន​មែន​ដើម្បី​ប្រយោជន៍​ជាតិ​អ្វី​នោះ​ឡើយ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស