ក្រសួងបរិស្ថានប្រកាសចាត់វិធានការច្បាប់លើអ្នកដែលចូលរួមធ្វើសកម្មភាពជាមួយអង្គការមាតាធម្មជាតិ ដឹកនាំដោយលោក អាឡិច បន្ទាប់ពីយុវជនអង្គការនេះស្នើទៅរដ្ឋមន្ត្រីក្រសួងបរិស្ថានឲ្យដកហូតដីតំបន់ឧទ្យានជាតិពីក្រុមហ៊ុនឯកជនមកទុកជាសម្បត្តិរដ្ឋវិញ។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថានចុះថ្ងៃទី២៤ ខែឧសភា ដោយចោទអង្គការ «មាតាធម្មជាតិ» ដឹកនាំលោក អាឡិច ហ្សេនដ្រូ ហ្គន់សាឡេស ដេវីដសុន (Alejandro Gonzalez-Davidson) ជនជាតិអេស្ប៉ាញ ថាមិនមានលក្ខណៈសម្បត្តិជាអង្គការមិនមែនរដ្ឋាភិបាល ផ្ទុយទៅវិញជាអង្គការដែលចាត់តាំងខុសច្បាប់។
ក្រសួងថាអង្គការនេះមិនបានធ្វើការចុះបញ្ជីជាសមាគម ឬអង្គការមិនមែនរដ្ឋាភិបាលតាមការកំណត់របស់ច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនោះទេ។
ក្រសួងបរិស្ថានក៏បានព្រមានចាត់វិធានការច្បាប់ទៅលើអ្នកដែលចូលរួមធ្វើសកម្មភាពការពារធនធានធម្មជាតិជាមួយអង្គការចលនាមាតាធម្មជាតិ ក្រោមហេតុផលថា អង្គការនេះធ្វើសកម្មភាពប្រាសចាកនឹងឧត្តមប្រយោជន៍នៃសង្គមជាតិកម្ពុជា។
តែយ៉ាងណា សារព័ត៌មាន The Cambodia Daily មិនទាន់អាចសុំការឆ្លើយតបពីលោក អាឡិច ពាក់ព័ន្ធនឹងរឿងនេះបាននៅឡើយទេ។
ការព្រមានរបស់ក្រសួងបរិស្ថាននេះ ធ្វើឡើងបន្ទាប់ពីយុវជនស្រឡាញ់បរិស្ថានជិត ២០នាក់ កាលពីថ្ងៃទី២២ ឧសភា បានយកញត្តិទៅដាក់នៅក្រសួងបរិស្ថាន ដើម្បីស្នើទៅលោក សាយ សំអាល់ ឲ្យដកហូតដីនៅតំបន់ឧទ្យានជាតិចំនួន៣ ពីវិស័យឯកជនឲ្យមកទុកជាសម្បត្តិរដ្ឋវិញ។ ក្រៅពីឲ្យដកដីនៅតំបន់ឧទ្យានជាតិហើយ ពួកគេក៏បានស្នើទៅក្រសួងបរិស្ថានបញ្ឈប់សកម្មភាពកាត់ដីព្រៃធម្មជាតិនៅតំបន់ការពារឲ្យទៅក្រុមហ៊ុនឯកជនផងដែរ។
កាលពីខែមិថុនា ឆ្នាំ២០២២ លោក ហ៊ុន សែន បានកាត់ដីនៅតំបន់ដីព្រៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ជាង ៦០០ហិកតារ ដីព្រៃឧទ្យានជាតិគិរីរម្យ ជាង ២០០ហិកតារ និងដីនៅដែនជម្រកសត្វព្រៃកែវសីមា ៧០ហិកតារ ឲ្យទៅក្រុមហ៊ុន វ័នម៉រ (One More Group) របស់អ្នកស្រី ជឹង សុគន្ធារី ដើម្បីអភិវឌ្ឍជាតំបន់ទេសចរណ៍។
អ្នកស្រី ជឹង សុគន្ធារី ត្រូវជាកូនស្រីរបស់លោកស្រី ជឹង សុភាព ហៅយាយភូ ដែលជាប្រពន្ធរបស់លោក ឡៅ ម៉េងឃីន សមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា ដែលល្បីឈ្មោះខាងយកដីពលរដ្ឋ លុបបឹង លុបឆ្នេរ និងបំផ្លាញធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជា។
អ្នកស្រី ជឹង សុគន្ធារី ក៏ជាម្ចាស់ក្រុមហ៊ុនផលិតផលទឹកសុទ្ធ ឈ្មោះ វីតាល់ (VITAL) មីជាតិ នៃក្រុមហ៊ុនផលិតចំណីអាហារ និងភេសជ្ជៈ អិន.វី.ស៊ី (N.V.C Corporation Co.,LTD) និងសេវាកម្មក្រុមហ៊ុនលក់ និងទីផ្សារ វ័ន ហ្វ្រេតធើនីធី (One Fraternity Co,.LTD) ផងដែរ។
អង្គការមាតាធម្មជាតិ (Mother Nature) ត្រូវបានក្រសួងមហាផ្ទៃលុបឈ្មោះចេញពីបញ្ជីនៃអង្គការមិនមែនរដ្ឋាភិបាលកាលពីអំឡុងខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅ បន្ទាប់ពីសកម្មជនពីរនាក់របស់អង្គការនេះត្រូវបានអាជ្ញាធរខេត្តកោះកុង ចាប់ខ្លួនដាក់ពន្ធនាគារ ដោយសារបានចុះទៅស៊ើបអង្កេតរឿងការធ្វើអាជីវកម្មខ្សាច់របស់ក្រុមហ៊ុនឧកញ៉ា លី យ៉ុងផាត់ ដែលជាឧកញ៉ាដ៏មានឥទ្ធិពលស្និទ្ធនឹងលោក ហ៊ុន សែន៕