ជាមួយនឹងដីកាចាប់ខ្លួនលោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី ដែលចេញដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ខណៈនេះរដ្ឋាភិបាលអាហ្វ្រិកខាងត្បូង កំពុងដើរលើផ្លូវទាល់ ថាតើត្រូវធ្វើសេចក្ដីសម្រេចដោយរបៀបណា ព្រោះត្រូវបំពេញកាតព្វកិច្ចរបស់ខ្លួនជាសមាជិករបស់តុលាការអន្តរជាតិមួយនេះ។
កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ប្រទេសអាហ្វ្រិកខាងត្បូងបានបញ្ជូនលិខិតរួចទៅហើយដើម្បីស្នើលោក ពូទីន មកចូលរួមកិច្ចប្រជុំនៃក្រុមប្រទេសសហប្រតិបត្តិការសេដ្ឋកិច្ច ៥ប្រទេស ដែលហៅកាត់ថា BRICS។ ប្រទេសទាំង ៥ នេះមាន ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង។
នៅឆ្នាំ២០២៣ នេះ អាហ្វ្រិកខាងត្បូង គឺជាម្ចាស់ផ្ទះដែលរៀបចំជំនួបកំពូលនេះនៅទីក្រុងព្រីតូរីយា ហើយជំនួបនេះនឹងធ្វើឡើងពីរវាងថ្ងៃទី២២-២៤ ខែសីហា ដែលនៅសល់ជិត ៣ខែទៀតប៉ុណ្ណោះ។
តុលាការអន្តរជាតិ ICC ដែលមានមូលដ្ឋាននៅក្រុងឡាអេ ប្រទេសហុឡង់ដ៍ បានចេញដីកាចាប់ខ្លួនលោក ពូទីន កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ករណីឧក្រិដ្ឋកម្មសង្គ្រាមនៅលើទឹកដីអ៊ុយក្រែន និងករណីចាប់ពង្រត់កុមារអ៊ុយក្រែន ជាង ១៦០០០នាក់។
សម្រាប់ប្រទេសអាហ្វ្រិកខាងត្បូងជាប្រទេសហត្ថលេខីមួយក្នុងចំណោមសមាជិក ១២៣ប្រទេសនៃលក្ខន្តិកៈក្រុងរ៉ូម ដែលជាប្រទេសរួមគ្នាបង្កើតតុលាការ ICC។
តាមសារព័ត៌មានអ៊ីស្រាអែល The Jerusalem Post រដ្ឋាភិបាលប្រទេសអាហ្វ្រិកខាងត្បូងកំពុងពិចារណាលើជម្រើសជាច្រើនរបស់ខ្លួនពាក់ព័ន្ធនឹងដីកាចាប់ខ្លួនរបស់តុលាការអន្តរជាតិ ICC ទៅលើលោក វ្ល៉ាឌីមៀរ ពូទីន ក្នុងករណីដែលប្រធានាធិបតីរុស្ស៊ីរូបនេះទទួលយកការអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលក្រុមប្រទេស BRICS នៅខែសីហា ខាងមុខ។
បើតាមលោក Zane Dangor ជាអគ្គនាយកនៃនាយកដ្ឋានទំនាក់ទំនងអន្តរជាតិនៃរដ្ឋាភិបាលអាហ្វ្រិកខាងត្បូង មកទល់នឹងពេលនេះមិនទាន់មានការសម្រេចចិត្តច្បាស់លាស់ណាមួយជុំវិញដីកាចាប់ខ្លួនលោក ពូទីន ហើយរដ្ឋមន្ត្រីពាក់ព័ន្ធនឹងកិច្ចការនេះនឹងជួបប្រជុំគ្នាដើម្បីពិភាក្សាអំពីជម្រើសនៅក្នុងពេលឆាប់ៗនេះ។
តែយ៉ាងណា មិនមានការបញ្ជាក់ថា តើអ្វីទៅជាជម្រើសរបស់អាហ្វ្រិកខាងត្បូងដែលស្របពេលនេះមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលអាហ្វ្រិកខាងត្បូងមួយរូបដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយថា រដ្ឋាភិបាលកំពុងគិតថានឹងចង់ផ្ទេរជំនួបកំពូលនេះទៅឱ្យប្រទេសចិនជាអ្នករៀបចំ។
មន្ត្រីរូបនោះបង្ហើបឱ្យដឹងថា មានជម្រើសមួយដែលទទួលបានការគាំទ្រពីក្រុមគណៈរដ្ឋមន្ត្រីភាគច្រើន គឺការស្នើសុំឱ្យចិនរៀបចំកិច្ចប្រជុំកំពូល BRICS ដែលគ្រោងធ្វើឡើងនៅខែសីហា ជំនួសអាហ្វ្រិកខាងត្បូង ខណៈចិនមិនមែនជាសមាជិក ICC នោះទេ។
ចំណែកអតីតប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក Thabo Mbeki បាននិយាយថា រដ្ឋាភិបាលមិនទទួលរ៉ាប់រងជំនួបនោះទេ គឺត្រូវផ្ទេរទៅប្រទេសផ្សេងទៀត។
លោកថា បើផ្អែកតាមលក្ខន្តិកៈក្រុងរ៉ូម អាហ្វ្រិកខាងត្បូងជាប្រទេសសមាជិករបស់ ICC ត្រូវតែអនុវត្តដីកាចាប់ខ្លួនរបស់តុលាការអន្តរជាតិនេះ។
ដោយឡែកអនុរដ្ឋមន្ត្រីម្នាក់នៃប្រទេសអាហ្វ្រិកខាងត្បូង Obed Bapela បានប្រាប់បណ្ដាញផ្សាយព័ត៌មាន BBC ថា រដ្ឋាភិបាលកំពុងស្ថិតក្នុងផ្លូវមួយពិបាកក្នុងការធ្វើសេចក្ដីសម្រេច ថាតើត្រូវប្រកាន់កាតព្វកិច្ចរបៀបណាចំពោះដីការបស់ ICC។ លោកថា ជម្រើសគឺត្រូវចាប់ខ្លួនលោក ពូទីន ឬត្រូវស្នើមេដឹកនាំរុស្ស៊ីរូបនេះកុំមកចូលរួមប្រជុំ។
តែបែបនេះក្ដី អនុរដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី Sergei Ryabkov និយាយថា ជំនួបកំពូលនៃមេដឹកនាំ BRICS ត្រូវតែធ្វើនៅលើទឹកដីប្រទេសដែលជាប្រធានកិច្ចប្រជុំសម្រាប់ឆ្នាំ២០២៣ នេះ ដែលលោកចង់ប្រាប់ថា ត្រូវតែធ្វើឡើងនៅប្រទេសអាហ្វ្រិកខាងត្បូងនេះ។
បើតាមមន្ត្រីរុស្ស៊ីរូបនេះ លោក ពូទីន នឹងចូលរួមកិច្ចប្រជុំកំពូល BRICS នៅពេលវេលាស័ក្តិសមណាមួយ។
ក្នុងនាមជាសមាជិក ICC អាហ្វ្រិកខាងត្បូងមានកាតព្វកិច្ចអនុវត្តតាមដីកាចាប់ខ្លួនលោក ពូទីន ដែលត្រូវបានចេញដោយតុលាការអន្តរជាតិមួយនេះ ប៉ុន្តែទីក្រុងមូស្គូ បានច្រានចោលការចោទប្រកាន់បែបនេះ ហើយក្រុមមន្ត្រីរុស្ស៊ីខ្លះថែមទាំងគំរាមថា ប្រទេសណាដែលហ៊ានចាប់ខ្លួនលោក ពូទីន គឺមានន័យស្មើនឹងប្រកាសសង្គ្រាមជាមួយនឹងរុស្ស៊ី។ មិនតែប៉ុណ្ណោះ របបនៅក្រុងមូស្គូ បានសម្រេចវាយបកតុលាការ ICC វិញ ដោយសម្រេចដាក់ឈ្មោះរដ្ឋអាជ្ញារបស់តុលាការអន្តរជាតិនេះ គឺលោក Karim Khan នៅក្នុងបញ្ជីខ្មៅរបស់រុស្ស៊ី ដែលត្រូវចាប់ខ្លួន៕