35 C
Phnom Penh

អង្គការ​វិទ្យាសាស្ត្រ​អង្គការ NASA ព្រមាន​ពី UFO អាច​បង្ក​ហានិភ័យ​លំហ​អាកាស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​វិទ្យាសាស្ត្រ​លំហ​អាកាស NASA សហរដ្ឋ​អាមេរិក បាន​បើក​កិច្ចប្រជុំ​ពិសេស​របស់​ខ្លួន​កាលពី​ថ្ងៃទី​៣១ ឧសភា ដើម្បី​ពិនិត្យ និង​វាយតម្លៃ​អំពី​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​ដែល​ធ្វើឡើង​ដោយ​ក្រុម​អ្នកជំនាញ​សិក្សា​អំពី​បាតុភូត​លំហ​អាកាស​ដែល​មិន​ស្គាល់​អត្តសញ្ញាណ Unexplained Anomalous Phenomena ហៅ​កាត់​ថា UAP។

ក្រុម​នេះ​មាន​សមាជិក ១៦​នាក់ ក្នុង​នោះ​មាន​ទាំង​អាកាសយានិក​ចូល​និវត្តន៍ លោក Scott Kelly ដែល​ធ្លាប់​ចំណាយ​ពេល​ជិត​មួយ​ឆ្នាំ​រស់នៅ​លើ​លំហ​អាកាស។ កិច្ចប្រជុំ​របស់​ក្រុម​អ្នក​វិទ្យាសាស្ត្រ​សហរដ្ឋ​អាមេរិក​នេះ បាន​ប្រើ​ពេល​ដល់ ៤​ម៉ោង​ដើម្បី​ពិនិត្យ​រូបភាព និង​សកម្មភាព​របស់ UAP រួម​ទាំង​វាយតម្លៃ​អំពី​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​មនុស្ស​ក្រៅ​ភព​ដែល​គេ​សង្ស័យ​ថា​ជា​អ្នក​បង្កើត​យាន​ថាស​ហោះ UFO។

សារព័ត៌មាន National World និង​បណ្ដាញ​ផ្សាយ​ព័ត៌មាន Aljazeera ឱ្យ​ដឹង​ថា ក្រុម​ស្រាវជ្រាវ​អំពី​បាតុភូត UAP បាន​រក​ឃើញ​សញ្ញា និង​បាតុភូត​លំហ​អាកាស​ដល់​ទៅ ៨០០​ដង។

ប្រធាន​ដឹកនាំ​កិច្ចប្រជុំ លោក David Spergel បាន​និយាយ​ថា លោក​នឹង​បញ្ចេញ​របាយការណ៍​ទាក់ទង​នឹង​ការ​ស្រាវជ្រាវ​នេះ​ជា​សាធារណៈ​នៅ​ចុងខែ​កក្កដា នេះ។

ចំណែក​អ្នក​វិទ្យាសាស្ត្រ Dan Evans ដែល​ជា​មន្ត្រី​ស្រាវជ្រាវ​ផ្ទាល់​អំពី​បាតុភូត​លំហ​អាកាស UAP និយាយ​ថា ការ​ស្រាវជ្រាវ​មាន​ភាព​សកម្ម​ជា​ខ្លាំង​នៅ​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ ដោយ​ចាប់​បាតុភូត​សញ្ញា​បាន ៨០០​ដង​នៃ​បាតុភូត​លំហ​អាកាស។

យោង​តាម​ការ​ប្រជុំ​នេះ ក្រុម​អ្នកជំនាញ​នឹង​បង្ហាញ​ទិន្នន័យ​នៃ​សកម្មភាព​របស់​ថាសហោះ UFO នេះ​នៅ​ចំពោះ​គណៈកម្មការ​កិច្ចការ​វិទ្យាសាស្ត្រ​នៃ​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក ក្នុង​ពេល​ដ៏​ឆាប់​ខាងមុខ​នេះ។

ក្រុម​អ្នក​វិទ្យាសាស្ត្រ NASA និង​ក្រុម​ជំនាញ​របស់​មន្ទីរ​ប៉ុងតាហ្គោន បាន​ស្រាវជ្រាវ​បាតុភូត​នេះ​ជាច្រើន​ទសវត្ស​មក​ហើយ​ចាប់តាំងពី​ចុង​ទសវត្ស​១៩៤០ ប៉ុន្តែ​ដំណាក់កាល​ចុងក្រោយ​នេះ បាតុភូត​លំហ​កាន់តែ​បង្ហាញ​រូបរាង​ជា​ញឹកញាប់​រហូត​ដល់​កងទ័ព​ជើងទឹក និង​ទ័ព​ជើង​អាកាស​របស់​សហរដ្ឋ​អាមេរិក​ចាប់​រូបភាព​បាន​ទៀត​ផង។

តើ UFO ជា​អ្វី?

អស់​រយៈពេល​ជាច្រើន​ទសវត្ស​មក​ហើយ UFO ដែល​មកពី​ភាសា​អង់គ្លេស​ហៅថា Unidentified Flying Object ត្រូវ​បាន​កំណត់​ថា​ជា យាន​ថាសហោះ ឬ​វត្ថុ​ដែល​មាន​រាង​មូល​ហើយ​សំប៉ែត។ វត្ថុ​នេះ​ហោះហើរ​នៅ​លើ​ភព​ផែនដី​ដោយ​មិន​អាច​កំណត់​អត្តសញ្ញាណ​បាន​ពិតប្រាកដ​ថា​ជា​បាតុភូត​ធម្មជាតិ ឬ​ជា​អ្វី​ឲ្យ​ពិតប្រាកដ​នោះ​ទេ តែ​ត្រូវ​បាន​គេ​ហៅថា​ថាសហោះ UFO។

ការពិត​មាន​ការ​ចងក្រង​ឯកសារ​ទាក់ទង​នឹង​យាន​ថាសហោះ UFO តាំងពី​ឆ្នាំ​១៩៥៣ ដោយ​កងទ័ព​អាកាស​របស់​សហរដ្ឋ​អាមេរិក។ នេះ​យោង​តាម​គេហទំព័រ WorldUFOday.com ដែល​ជា​គេហទំព័រ​មួយ​បាន​ចែករំលែក​ព័ត៌មាន​អំពី​សកម្មភាព​បាតុភូត UAP។

កងទ័ព​អាកាស និង​កង​នាវា​សហរដ្ឋ​អាមេរិក​ត្រូវ​បាន​គេ​និយាយ​ថា​ជា​អ្នក​បង្កើត​ពាក្យ​ថា UFO។ ដោយសារ​បញ្ហា​សន្តិសុខ​ជាតិ បាន​ធ្វើ​ឱ្យ​សហរដ្ឋ​អាមេរិក​ឈាន​មុខ​គេ​ស្រាវជ្រាវ​បាតុភូត​នេះ ដោយ​បាន​កត់ត្រា​អំពី​សកម្មភាព​របស់​យាន​ថាសហោះ UFO ដែល​បាន​ហោះ​លើ​ភព​ផែនដី។

សកម្មភាព​របស់ UFO បាន​កំពុង​ក្លាយ​ជា​បញ្ហា​សន្តិសុខ​ជាតិ​របស់​សហរដ្ឋ​អាមេរិក ដែល​គេ​ថា​អ្នក​មាន​ជីវិត​ក្រៅ​ភព​ផែនដី​ជា​អ្នក​បង្កើត​វា​ឡើង។

មន្ទីរ Pengtagon បាន​បង្កើត​កម្លាំង​ប្រតិបត្តិការ​បាតុភូត​លំហ​អាកាស​ដើម្បី​ពិនិត្យ និង​ស្រាវជ្រាវ​យាន​ថាសហោះ UFO និង​បាតុភូត​លំហ​អាកាស UAP ដែល​មកពី​ភាសា​អង់គ្លេស Unidentified Anomalous Phenomena។

កាលពី ៤​ឆ្នាំ​មុន កង​នាវា​សហរដ្ឋ​អាមេរិក​ចាប់​បាន​រូបភាព និង​សកម្មភាព​របស់ UFO ឬ​យាន​អវកាស​ថាសហោះ​ដែល​បាន​ហោះហើរ​លើ​លំហ​សមុទ្រ។

ជាមួយ​គ្នា​នេះ មន្ទីរ Pengtagon បាន​បង្ហាញ​រូបភាព​ចាប់​បាន ១៤៣​ដង​ក្នុង​ការ​ហោះហើរ​ចំនួន ១៤៤​ដង​របស់​យាន​ថាសហោះ UFO តែ​ពុំ​អាច​មាន​ទិន្នន័យ និង​ព័ត៌មាន​ច្បាស់លាស់​ថា UFO ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ប្រទេស​ណា ឬ​ក៏​ពិភព​ណា​នោះ​ឡើយ។

តើ​អង្គការ NASA ជា​អ្វី?

អង្គការ NASA មាន​ឈ្មោះ​ពេញ​ថា «National Aeronautics and Space Administration» ត្រូវ​បាន​បង្កើត​ឡើង​នៅ​ថ្ងៃទី​២៩ ខែ​កក្កដា ឆ្នាំ​១៩៥៨ ក្នុង​រដ្ឋការ​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Dwight Eisenhower។ លោក Eisenhower បាន​ចុះហត្ថលេខា​លើ​ច្បាប់​ស្ដីពី​អវកាស​ជាតិ​អាមេរិក ដែល​ច្បាប់​នេះ​ហើយ​នាំ​ឱ្យ​មាន​ការ​បង្កើត​អង្គការ NASA។ អង្គការ​នេះ​ត្រូវ​បាន​ដំណើរការ​ជា​ផ្លូវការ​នៅ​ថ្ងៃទី​១ ខែ​តុលា ឆ្នាំ​១៩៥៨។

បេសកកម្ម​របស់ NASA គឺ​ស្រាវជ្រាវ​លំហ​អាកាស និង​ភព​ខាងក្រៅ​នៃ​ភព​របស់​មនុស្ស ហើយ​និង​បេសកកម្ម​មួយ​ទៀត គឺ​នៅ​ចន្លោះ​ផែនដី និង​ព្រះចន្ទ។

ការ​បង្កើត​អង្គការ​នេះ ក្រោយ​ពេល​សហភាព​សូវៀត បាន​បាញ់​បង្ហោះ​ផ្កាយរណប​ទី​១ របស់​ខ្លួន​ដោយ​ជោគជ័យ​ដែល​មាន​ឈ្មោះ​ថា «Sputnik» ទៅ​កាន់​គន្លង​លំហ​អាកាស​នៅ​ក្នុង​ខែ​តុលា ឆ្នាំ​១៩៥៧ ក្នុង​អំឡុង​សង្គ្រាម​ត្រជាក់​កំពុង​ផ្ទុះឡើង។

តែ​មួយ​ឆ្នាំ​ក្រោយ​មក អង្គការ NASA បាន​បង្ហោះ​យាន​អវកាស​របស់​ខ្លួន​លើក​ទី​១ ឈ្មោះ «Pioneer 1» ទម្ងន់ ៣៨​គីឡូក្រាម ត្រូវ​បាន​បាញ់​បង្ហោះ​នៅ​ថ្ងៃទី​១១ ខែ​តុលា ឆ្នាំ​១៩៥៨ ឱ្យ​ហោះ​ចូល​ទៅ​គន្លង​លំហ​អាកាស។

តែ​នៅ​ពេលនេះ អង្គការ NASA ទទួល​បន្ទុក​បេសកកម្ម​មួយ​ទៀត គឺ​ការ​ស្រាវជ្រាវ​អំពី​បាតុភូត​លំហ​អាកាស UAP ដែល​ពាក់ព័ន្ធ​នឹង​យាន​ថាសហោះ UFO ដែល​សង្ស័យ​ថា​ជា​យាន​អវកាស​របស់​មនុស្ស​នៅ​ភព​ក្រៅ​ផែនដី៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស