29 C
Phnom Penh

បញ្ហា UFO ក្លាយ​ជា​ប្រធានបទ​តានតឹង​នៅ​ក្នុង​សវនាការ​សភា​អាមេរិក​រវាង​មន្ត្រី​ស្រាវជ្រាវ​និង​សមាជិក​សភា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ភាព​តានតឹង​ជា​ថ្មី​ម្ដង​ទៀត​បាន​កើតឡើង​នៅ​ក្នុង​រដ្ឋសភា​សហរដ្ឋ​អាមេរិក​រវាង​ក្រុម​មន្ត្រី​សមាជិក​សភា និង​ក្រុម​អ្នក​ស្រាវជ្រាវ​អំពី​បាតុភូត​វត្ថុ​មិន​អាច​កំណត់​អត្តសញ្ញាណ​បាន​ដែល​គេ​ហៅថា​ជា UAP ឬ UFO។

ក្រុម​អ្នក​ស្រាវជ្រាវ​នេះ​បង្កើត​ឡើង​ដោយ​មន្ទីរ​ប៉ុងតាហ្គោន។

ភាព​តានតឹង​ក្រោម​ប្រធានបទ​បញ្ហា UAP ឬ UFO ព្រោះ​កំពុងតែ​ក្លាយ​ជា​ការ​ព្រួយបារម្ភ​ដល់​សន្តិសុខ​ផែនដី ដែល​អនុ​គណៈកម្មការ​សភា​បាន​កោះហៅ​ក្រុម​បេសកកម្ម​ស្រាវជ្រាវ UAP ឬ UFO មក​ចោទ​សួរ​កាលពី​ថ្ងៃ​ពុធ ទី​២៦ កក្កដា។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​បណ្ដាញ​ផ្សាយ​ព័ត៌មាន Aljazeera កាលពី​ថ្ងៃទី​២៧ ខែ​កក្កដា។

ក្នុង​សវនាការ​របស់​អនុ​គណៈកម្មការ​សភា​អាមេរិក​ទទួល​បន្ទុក​សន្តិសុខ​ជាតិ លោក David Grusch អតីត​មន្ត្រី​ចារកម្ម​យោធា​បាន​ថ្លែង​ថា សហរដ្ឋ​អាមេរិក​កំពុង​ស្ថិត​ក្នុង​ភាព​ទាល់ច្រក​ក្នុង​ការ​ដោះស្រាយ​អំពី​បាតុភូត UAP ឬ UFO ដែល​វា​ជា​វត្ថុ​ដ៏​អស្ចារ្យ តែ​ស្ថិត​ក្នុង​ភាព​អាថ៌កំបាំង​ច្រើន​ទសវត្ស​មក​ហើយ​នេះ។

លោក David Grusch ដែល​បម្រើ​ការងារ ១៤​ឆ្នាំ ហើយ​ជា​មន្ត្រី​ចារកម្ម​នៅ​ទីភ្នាក់ងារ​ចារកម្ម​ភូគព្ភសាស្ត្រ​ជាតិ និង​ដែនអាកាស​សហរដ្ឋ​អាមេរិក បាន​បង្ហាញ​មុខ​នៅ​ក្នុង​ជំនួប​ជាមួយ​អនុ​គណៈកម្មការ​សន្តិសុខ​ជាតិ​របស់​រដ្ឋសភា។

ក្រុម​របស់​លោក David Grusch ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មន្ទីរ​ប៉ុងតាហ្គោន ក្រោយពី​អ្នក​បើក​យន្តហោះ​ចម្បាំង​ពីរ​រូប​បាន​ប្រទះ​ឃើញ​ជា​លើកដំបូង​ដោយ​ផ្ទាល់​ភ្នែក​របស់​ពួកគេ​នូវ UAP ឬ UFO នោះ​កាលពី ៥០​ឆ្នាំ​មុន។

ជា​ការ​ឆ្លើយតប​នឹង​ការ​សង្ស័យ​ពី​បាតុភូត​លំហ​អាកាស ហើយ​បារម្ភ​ពី​ការ​អាច​ប៉ះ​ទង្គិច​ជាមួយ​ភព​ផែនដី​របស់​មនុស្ស រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​លើក​យក​បញ្ហា​នេះ​មក​ពិភាក្សា​ភ្លាមៗ ហើយ​ធ្វើការ​ស្រាវជ្រាវ​ជាបន្ទាន់។

សេតវិមាន​ដាក់​ការ​ព្រួយ​បារម្ភ​ថា អ្វី​ដែល​មើល​ឃើញ​នោះ​វា​អាច​ជា​ឧបករណ៍​បច្ចេកទេស​ស៊ើប​ការណ៍​របស់​ភព​ក្រៅ ដើម្បី​ប្រមូល​ព័ត៌មាន​ចារកម្ម​យោធា​របស់​សហរដ្ឋ​អាមេរិក។

ខាងក្រោម​នេះ​គឺជា​ការ​ពិភាក្សា​ដេញដោល​ក្នុង​សភា

ឧត្តមសេនីយ៍​ចូល​និវត្តន៍​លោក David Grusch គឺជា​ម្នាក់​ក្នុង​ចំណោម​ឧត្តមសេនីយ៍​ច្រើន​រូប​ដែល​មក​ចូល​ខ្លួន​ក្នុង​សវនាការ​រដ្ឋសភា​កាលពី​ថ្ងៃ​ពុធ។ លោក​ត្រូវ​បាន​ចោទ​សួរ​ដេញដោល​អំពី​បាតុភូត UAP ឬ UFO ក្នុង​ឋានៈ​លោក​ជា​ប្រធាន​ក្រុម​ស្រាវជ្រាវ​នៃ​បាតុភូត​លំហ​អាកាស​នេះ។

លោក​ថា ការិយាល័យ​ស្រាវជ្រាវ​ថ្នាក់​ជាតិ​របស់​លោក​ធ្វើការ​ស្រាវជ្រាវ​ទៅ​តាម​ការ​ចាប់​បាន​រូបភាព​របស់​វត្ថុ​ដែល​មិន​ស្គាល់​អត្តសញ្ញាណ UAP ឬ UFO ដោយ​ចារកម្ម​ផ្កាយរណប។ លោក​ថ្លែង​ប្រាប់​សមាជិក​សភា​នៃ​អនុ​គណៈកម្មការ​សន្តិសុខ​ជាតិ​ថា គេ​បាន​ឃើញ​បំណែក​របស់ UAP ឬ UFO ដែល​ហេតុការណ៍​នេះ​ហើយ​បាន​នាំ​ឱ្យ​មាន​ការ​ពិបាក​ប៉ាន់ស្មាន​ណាស់ ព្រោះ​មិន​ចាប់​ឃាត់​ទុក​វត្ថុ UFO នោះ​ឱ្យ​បាន។

ឧត្តមសេនីយ៍​ចូល​និវត្តន៍​លោក David Grusch ត្រូវ​បាន​ចាត់តាំង​ជា​មេ​ក្រុម UAP តែ​គាត់​ធ្លាប់​បដិសេធ​មិន​ចង់​ទទួល​យក​ភារកិច្ច​នេះ​ទេ។ លោក​ថា រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​ដឹង​ថា​មាន​ជីវិត​ខាង​ក្រៅ​ផែនដី​ដែល​ពុំ​មែន​ជា​មនុស្ស​បង្កើត UFO នេះ​ទេ គឺ​តាំងពី​ទសវត្ស​១៩៣០ មក​ម្ល៉េះ។

សមាជិក​សភា Tim Burchett គាំទ្រ​គំនិត​របស់​លោក David Grusch ដែល​ថា​រដ្ឋាភិបាល​គួរ​បំបាត់​ចោល​ការ​សង្ស័យ​ពី​បាតុភូត​របស់ UFO ដែល​ជា​ព័ត៌មាន​ផ្ដល់​ថ្មី​ទៀត​ដោយ​អតីត​មន្ត្រី​នាវា​ជើងទឹក​របស់​អាមេរិក ២​នាក់ ដែល​ពួកគេ​បាន​ឃើញ UAP ហើយ​មក​ដល់​ពេលនេះ​នៅតែ​ពុំ​អាច​រក​ឃើញ​ការពិត។

តែ​យ៉ាងណា មន្ទីរ​ប៉ុងតាហ្គោន​បាន​ច្រានចោល​គំនិត​របស់​ឧត្តមសេនីយ៍​ចូល​និវត្តន៍​លោក David Grusch។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់ Sue Gough ជា​អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក បាន​និយាយ​ថា បើ​ទោះជា​ក្រុម​ស្រាវជ្រាវ​នៅ​មិនទាន់​បង្ហាញ​ភស្តុតាង ឬ​ព័ត៌មាន​ជាក់លាក់​ក៏ដោយ ក៏​ក្រុម​ស្វែងរក​ការពិត​អំពី​បាតុភូត​នៃ​វត្ថុ​ដែល​មិន​ស្គាល់​អត្តសញ្ញាណ UAP ឬ UFO ត្រូវតែ​បង្កើន​ការ​ស្រាវជ្រាវ​វត្ថុ​របស់​មនុស្ស​ក្រៅ​ភព​ផែនដី​ជា​បន្ត​ទៀត ហើយ​មិន​ថា​ឡើយ UAP ឬ UFO គឺ​អ្វី​ក៏ដោយ​ដែល​ជា​របស់​ខាងក្រៅ​ភព គឺជា​រឿង​ចម្លែក និង​គួរ​ប្រុងប្រយ័ត្ន។

តែ​សម្រាប់​ឧត្តមសេនីយ៍​ចូល​និវត្តន៍​លោក David Grusch ដែល​ដឹកនាំ​ការ​ស្រាវជ្រាវ UAP ឬ UFO បាន​និយាយ​ថា លោក​បាន​ក្លាយ​ជា​ក្រុម​បេសកកម្ម​មួយ​របស់​រដ្ឋាភិបាល ដែល​ពេលនេះ​កំពុង​ប្រឈមមុខ​នឹង​ការ​វាយប្រហារ​រិះគន់​ព្រោះ​តែ​រឿង UAP ឬ UFO។ តែ​លោក​មិន​បាន​បោះបង់​ចោល​បេសកកម្ម​របស់​លោក​ទេ។

ជាមួយ​គ្នា​នេះ សមាជិក​សភា Tim Burchett បាន​លើកឡើង​ថា បើ​ក្រុម​នេះ​មាន​ជំនាញ គួរតែ​បន្ត​បេសកកម្ម​របស់​ខ្លួន​បន្ត​ទៀត។

យ៉ាង​ណា​សម្រាប់​លោក David Grusch សឹងតែ​លែង​ចង់​និយាយ​អ្វី​ទាំងអស់​ដោយ​គ្រាន់តែ​បង្ហើប​ថា រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​នៅតែ​លាក់បាំង​ព័ត៌មាន​អំពី UAP ដែល​មិន​ឱ្យ​បញ្ចេញ​ជា​សាធារណៈ​ទេ។ យ៉ាងណា សមាជិក​សភា​បាន​ទាមទារ​ឱ្យ​រដ្ឋាភិបាល​បញ្ចេញ​ទិន្នន័យ​ឱ្យ​បាន​ច្រើន​ថែម​ទៀត​អំពី​បាតុភូត​របស់ UAP ឬ UFO។

ករណី​នេះ ក្រុម​អ្នក​វិទ្យាសាស្ត្រ​លំហ​អាកាស NASA សហរដ្ឋ​អាមេរិក បាន​បើក​កិច្ចប្រជុំ​ពិសេស​របស់​ខ្លួន​កាលពី​ថ្ងៃទី​៣១ ខែ​ឧសភា ដើម្បី​ពិនិត្យ និង​វាយតម្លៃ​អំពី​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​ដែល​ធ្វើឡើង​ដោយ​ក្រុម​អ្នកជំនាញ​សិក្សា​អំពី​បាតុភូត​លំហ​អាកាស UAP និង UFO។

ក្រុម​នេះ​មាន​សមាជិក ១៦​នាក់​ក្នុង​នោះ​មាន​ទាំង​អាកាសយានិក​ចូល​និវត្តន៍ លោក Scott Kelly ដែល​ធ្លាប់​ចំណាយ​ពេល​ជិត​មួយ​ឆ្នាំ​រស់នៅ​លើ​លំហ​អាកាស។

កិច្ចប្រជុំ​របស់​ក្រុម​អ្នក​វិទ្យាសាស្ត្រ​សហរដ្ឋ​អាមេរិក​នេះ បាន​ប្រើ​ពេល​ដល់ ៤​ម៉ោង​ដើម្បី​ពិនិត្យ​រូបភាព និង​សកម្មភាព​របស់ UAP និង​វាយតម្លៃ​អំពី​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​មនុស្ស​ក្រៅ​ភព​ដែល​សង្ស័យ​ថា​ជា​អ្នក​បង្កើត​យាន​ថាសហោះ UFO។

អ្នក​វិទ្យាសាស្ត្រ Dan Evans ជា​មន្ត្រី​ស្រាវជ្រាវ​ផ្ទាល់​អំពី​បាតុភូត​លំហ​អាកាស UAP និយាយ​ថា ការ​ស្រាវជ្រាវ​មាន​ភាព​សកម្ម​ជា​ខ្លាំង​នៅ​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ ដោយ​ចាប់​សញ្ញា​នៃ​បាតុភូត​លំហ​អាកាស​បាន ៨០០​ដង តែ​នៅ​តែ​មិន​អាច​តាម​វា​ទាន់ ហើយ​ចាប់​ឃាត់​ខ្លួន​ក៏​មិន​ដែល​អាច​ធ្វើ​បាន​ដែរ។

ក្រុម​អ្នក​វិទ្យាសាស្ត្រ NASA និង​ក្រុម​ជំនាញ​របស់​មន្ទីរ​ប៉ុងតាហ្គោន បាន​ស្រាវជ្រាវ​បាតុភូត​នេះ​ជាច្រើន​ទសវត្ស​មក​ហើយ​ចាប់តាំងពី​ចុង​ទសវត្ស​១៩៤០។ ប៉ុន្តែ​ដំណាក់កាល​ចុងក្រោយ​នេះ បាតុភូត​លំហ​អាកាស​ថា UAP កាន់តែ​បង្ហាញ​រូបរាង​ជា​ញឹកញាប់​រហូត​ដល់​កងទ័ព​ជើងទឹក និង​ទ័ព​ជើង​អាកាស​សហរដ្ឋ​អាមេរិក​ចាប់​រូបភាព​បាន​ទៀត​ផង។

តើ UFO ជា​អ្វី?

អស់​រយៈពេល​ជាច្រើន​ទសវត្ស​មក​ហើយ UFO ដែល​មកពី​ភាសា​អង់គ្លេស​ហៅថា Unidentified Flying Object ត្រូវ​បាន​កំណត់​ថា​ជា “យាន​ថាសហោះ” ឬ​វត្ថុ​ដែល​មាន​រាង​មូល ហើយ​សំប៉ែត។ វត្ថុ​នេះ​ហោះហើរ​នៅ​លើ​ភព​ផែនដី​ដោយ​មិន​អាច​កំណត់​អត្តសញ្ញាណ​បាន​ពិតប្រាកដ​ថា​ជា​បាតុភូត​ធម្មជាតិ ឬ​ជា​អ្វី​ពិតប្រាកដ​នោះ​ទេ តែ​ត្រូវ​បាន​គេ​ហៅថា​ថាសហោះ UFO។

ការពិត មាន​ការ​ចងក្រង​ឯកសារ​ទាក់ទង​នឹង​យាន​ថាសហោះ UFO តាំងពី​ឆ្នាំ​១៩៥៣ ដោយ​កងកម្លាំង​ទ័ព​អាកាស​របស់​សហរដ្ឋ​អាមេរិក។ កងទ័ព​អាកាស និង​កង​នាវា​សហរដ្ឋ​អាមេរិក​ត្រូវ​បាន​គេ​និយាយ​ថា​ជា​អ្នក​បង្កើត​ពាក្យ​ថា UFO។ ដោយសារ​បញ្ហា​សន្តិសុខ​ជាតិ បាន​ធ្វើ​ឱ្យ​សហរដ្ឋ​អាមេរិក​ឈាន​មុខ​គេ​ស្រាវជ្រាវ​បាតុភូត​នេះ ដោយ​បាន​កត់ត្រា​អំពី​សកម្មភាព​របស់​យាន​ថាសហោះ UFO ដែល​បាន​ហោះ​លើ​ភព​ផែនដី។

សកម្មភាព​របស់ UFO បាន​កំពុង​ក្លាយ​ជា​បញ្ហា​សន្តិសុខ​ជាតិ​របស់​សហរដ្ឋ​អាមេរិក ដែល​គេ​ថា​វា​ជា​របស់​ក្រុម​អ្នក​ក្រៅ​ភព​ផែនដី​ជា​អ្នក​បង្កើត​វា​ឡើង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស