30.7 C
Phnom Penh

សង្គម​ស៊ីវិល​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​រង​ផល​ប៉ះពាល់​ការ​អភិវឌ្ឍ​ព្រលាន​យន្តហោះ​ថ្មី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​ឃ្លាំមើល​សិទ្ធិមនុស្ស អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខេត្ត​កណ្តាល ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពី​ការ​អភិវឌ្ឍ​របស់​គម្រោង​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ (ព្រលាន​យន្តហោះ​ថ្មី) ឲ្យ​បាន​ឆាប់ ដោយ​កាត់​ឆ្វៀល​ដី​ជូន​ពួកគាត់ និង​ចេញ​ប្លង់​កម្មសិទ្ធិ​ដែល​អាច​ឲ្យ​ពួកគេ​អាច​អភិវឌ្ឍ​បាន​នៅ​នឹង​កន្លែង​តាម​ការ​ស្នើសុំ​របស់​ប្រជាពលរដ្ឋ។

អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៨ មិថុនា នេះ​ថា រឿង​វិវាទ​រវាង​ក្រុមហ៊ុន​សាងសង់​ព្រលាន​យន្តហោះ​ថ្មី​ជាមួយ​នឹង​ប្រជាពលរដ្ឋ បាន​អូស​បន្លាយ​អស់​ពេល​យូរ​មក​ហើយ ក្នុង​នោះ​ប្រជាពលរដ្ឋ​បាន​ដាក់​ញត្តិ​ស្នើសុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​កណ្តាល ដោះស្រាយ​ជា​បន្តបន្ទាប់ ប៉ុន្តែ​បញ្ហា​នេះ​នៅតែ​ត្រូវ​ទុក​ចោល និង​អូស​បន្លាយ​រហូត​ដល់​ពេល​នេះ។

លោក ស៊ឹង សែនករុណា ត្អូញត្អែរ​ថា ការ​ដែល​អាជ្ញាធរ​មិន​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​ដោយ​ទុក​ឲ្យ​ពួកគាត់​ចេញ​តវ៉ា​បែប​នេះ មិនមែន​ជា​រឿង​ល្អ​សម្រាប់​ប្រជាពលរដ្ឋ និង​រដ្ឋាភិបាល​នោះ​ទេ ព្រោះ​ប្រជាពលរដ្ឋ​នឹង​ខាតបង់​ពេលវេលា បាត់បង់​ប្រាក់​ចំណូល ចំណែក​រដ្ឋាភិបាល​ខូច​មុខមាត់ ខណៈ​អ្នក​ដែល​ចំណេញ គឺ​បាន​ទៅ​ក្រុម​ដែល​ឆ្លៀត​ឱកាស​ពី​រឿង​នេះ​ប៉ុណ្ណោះ។

កាលពី​ថ្ងៃទី​៧ ខែ​មិថុនា ឆ្នាំ​២០២៣ ប្រជាពលរដ្ឋ​មកពី​ទំនប់​៩៤ ភូមិ​អំពៅព្រៃ ភូមិ​ស្វាយព្រៃ និង​ភូមិ​ជ្រៃរយោង ឃុំ​កណ្ដោក ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្តាល និង​ភូមិ​អាចម៍កុក សង្កាត់​កំពង់សំណាញ់ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​សាលា​ខេត្ត​កណ្តាល ដោយ​កាន់​បដា​សរសេរ​ពាក្យ​ថា “ពួក​យើង​ចង់​បាន​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី” “ពួក​យើង​ចង់​បាន​ការ​អភិវឌ្ឍន៍​នៅ​នឹង​កន្លែង” និង​ពាក្យ​ថា “អភិវឌ្ឍន៍​ដើម្បី​ទាំងអស់​គ្នា” ជាដើម។

ការ​ប្រមូលផ្ដុំ​គ្នា​នេះ គឺ​ដើម្បី​តាមដាន​ញត្តិ​ដែល​ពួកគាត់​បាន​ដាក់​កាលពី​ថ្ងៃទី​២៤ ខែ​មេសា ឆ្នាំ​២០២៣ ដោយ​ស្នើសុំ​ឲ្យ​អភិបាល​ខេត្ត​កណ្តាល លោក គង់ សោភ័ណ្ឌ ជួយ​កាត់​ឆ្វៀល​ដី​ឲ្យ​ប្រជាពលរដ្ឋ​ចេញពី​ការ​អភិវឌ្ឍ​របស់​គម្រោង​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ (ព្រលាន​យន្តហោះ​ថ្មី) និង​ជួយ​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ដល់​ពួកគាត់​ផង​ដែរ។

តំណាង​ពលរដ្ឋ​រងគ្រោះ​ដីធ្លី លោក ស៊ុន សំបូរ បាន​អះអាង​កាលពី​ថ្ងៃ​ទី​៧ មិថុនា ថា ជា​លទ្ធផល​នៃ​ការ​ប្រមូលផ្ដុំ​នេះ ពួកគាត់​មិនទាន់​បាន​ជួប​អភិបាល​ខេត្ត​កណ្តាល លោក គង់ សោភ័ណ្ឌ និង​មិនទាន់​ទទួល​បាន​ចម្លើយ​ណា​មួយ​ពី​ខាង​សាលា​ខេត្ត​នៅឡើយ​ទេ។ លោក​បញ្ជាក់​ថា ”បើ​ខាង​អាជ្ញាធរ​ខេត្ត​មិន​មាន​ដំណោះស្រាយ​ទេ ពួកគាត់​នឹង​ទៅ​ក្រសួង​ដែនដី និង​ទៅ​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​បន្ត​ទៀត”។

កាលពី​ចុង​ខែ​វិច្ឆិកា ឆ្នាំ​២០២២ ប្រជាពលរដ្ឋ​ជាង ២០០​នាក់​តំណាង​ឱ្យ​ពលរដ្ឋ ៤៧៣​គ្រួសារ ដែល​រស់នៅ​ទំនប់​៩៤ ស្ថិត​ក្នុង​ភូមិ​អំពៅព្រៃ ឃុំ​កណ្ដោក ស្រុក​កណ្ដាលស្ទឹង និង​ភូមិ​អាចម៍កុក សង្កាត់​កំពង់សំណាញ់ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល បាន​នាំគ្នា​ប្រមូលផ្ដុំ​នៅ​មុខ​សាលា​ខេត្ត​កណ្តាល​ម្តង​រួច​មក​ហើយ ដើម្បី​ដាក់​លិខិត​ស្នើសុំ​ឱ្យ​អភិបាល​ខេត្ត​កណ្តាល លោក គង់ សោភ័ណ្ឌ ពន្យល់​ពី​ព័ត៌មាន​លម្អិត​ជុំវិញ​ការ​ចុះ​ហាមឃាត់​របស់​បុគ្គលិក​ព្រលាន​យន្តហោះ និង​អាជ្ញាធរ​មូលដ្ឋាន​លើ​កម្មសិទ្ធិ​ដីធ្លី​របស់​ពួកគាត់​ដែល​បាន​កាន់កាប់​អស់​រយៈពេល​ជាង ៣០​ឆ្នាំ​កន្លងមក។

ប្រជាពលរដ្ឋ​ទាំងនោះ​អះអាង​ថា ពលរដ្ឋ​ទាំង​ជាង ៤០០​គ្រួ​សារបាន​រង​ការ​គំរាមកំហែង​ពី​បុគ្គលិក​របស់​ព្រលាន​យន្តហោះ និង​អាជ្ញាធរ​មូលដ្ឋាន​យ៉ាង​ធ្ងន់ធ្ងរ ក្នុង​នោះ​ពួកគេ​បាន​ហាមប្រាម​មិន​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​អ្វី​ទាំងអស់​លើ​ដី​របស់​ខ្លួន សូម្បីតែ​សង់​រោង​ចិញ្ចឹម​សត្វ​ក៏ដោយ។ ជាង​នេះ​ទៀត ពួកគេ​តែង​ដើរ​ចូល​ថត​តាម​ផ្ទះ​ណា​ដែល​មិន​មាន​ម្ចាស់​រស់នៅ និង​បាញ់​ថ្នាំ​ពណ៌​តាម​មុខ​ផ្ទះ ព្រមទាំង​ដើរ​ស្រង់​ស្ថិតិ​ចំនួន​ផ្ទះ​របស់​ពលរដ្ឋ​ទាំង​ជាង ៤០០​គ្រួសារ​ថែម​ទៀត ហើយ​បញ្ហា​នេះ​បាន​អូស​បន្លាយ​រហូត​ដល់​ពេលនេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ អង្គការ​សិទ្ធិមនុស្ស​លីកាដូ បាន​បញ្ចេញ​របាយការណ៍​របស់​ខ្លួន​កាលពី​ពេល​ថ្មីៗ​នេះ​ថា ចន្លោះ​ពី​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២១ យ៉ាងហោច​ណាស់​មាន​ប្រជាពលរដ្ឋ​ជិត ៥០០០​គ្រួសារ​បាន​ប៉ះពាល់​ដោយសារ​ជម្លោះ​ដីធ្លី និង​ការ​បណ្តេញ​ចេញពី​លំនៅឋាន​ដោយ​បង្ខំ ខណៈ​សកម្មជន ២១​នាក់​ត្រូវ​បាន​ចាប់​ខ្លួន និង ១០​នាក់​ផ្សេង​ទៀត​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ទាំង​អយុត្តិធម៌​រហូត​ដល់​ពេល​នេះ។

កាលពី​ខែ​មិថុនា ឆ្នាំ​២០២០ រដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​អនុក្រឹត្យ​មួយ​ដោយ​កាត់​ដី​រដ្ឋ​ទំហំ ២៦០០​ហិកតារ ដើម្បី​សាងសង់​ព្រលាន​យន្តហោះ​អន្តរជាតិ​ថ្មី​ដែល​លាត​សន្ធឹង​លើ​ឃុំ​ចំនួន​៤ រួមមាន​ឃុំ​បឹងខ្យាង ឃុំ​អំពៅព្រៃ ឃុំ​ព្រែកស្លែង ក្នុង​ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្តាល និង​ឃុំ​ពត់សរ ស្រុក​បាទី ខេត្ត​តាកែវ ក្នុង​នោះ​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​មាន​ចំនួន ៤៧៣​គ្រួសារ និង​មាន​ផ្ទៃដី​ប្រមាណ​ជា ២៦០០​ហិកតារ ហើយ​ផល​ប៉ះពាល់​នេះ​មិន​មាន​អាជ្ញាធរ​ណា​មួយ ឬ​ស្ថាប័ន​ពាក់ព័ន្ធ​ណា​ចេញ​មុខ​ដោះស្រាយ​ទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស