លោក ស ខេង តែងតាំងលោក នូវប៉េង ចន្ទតារ៉ា ជាអភិបាលស្ដីទីខេត្តកណ្តាល បន្ទាប់ពីអភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ ត្រូវបានមន្ត្រីសាលាខេត្តមួយរូបអះអាងថាមានជំងឺដាច់សរសៃឈាមខួរក្បាលនៅពេលនេះ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ប្រកាសតែងតាំងអភិបាលរងខេត្តកណ្តាល លោក នូវប៉េង ចន្ទតារ៉ា ជាអភិបាលស្ដីទីខេត្តកណ្តាល ដោយតក់ក្រហល់នៅថ្ងៃចន្ទនេះ បន្ទាប់ពីអភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ ត្រូវបានមន្ត្រីសាលាខេត្តមួយរូបប្រាប់សារព័ត៌មាន The Cambodia Daily ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា មានជំងឺដាច់សរសៃឈាមខួរក្បាល ឬជំងឺស្ត្រូក (stroke) ដែលត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅប្រទេសថៃ កាលពីថ្ងៃសៅរ៍កន្លងមក។
ប្រភពដដែលបានឲ្យដឹងថា កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានចូលរួមកម្មវិធីសម្ពោធសមិទ្ធផលក្នុងវត្តសិរីបន្ទាយដែក និងអនុវិទ្យាល័យបន្ទាយដែក ស្ថិតក្នុងឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ជាមួយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ស្រាប់តែមានបញ្ហាសុខភាពដួលសន្លប់ភ្លាមៗធ្វើឱ្យដាច់សរសៃឈាមខួរក្បាល និងត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅប្រទេសថៃ តែម្តង។
ប្រភពដដែលបញ្ជាក់ថា មកទល់នឹងពេលនេះ ស្ថានភាពជំងឺស្ថិតក្នុងការសង្គ្រោះបន្ទាន់នៅឡើយ ហើយក៏នៅមិនទាន់ទទួលបានព័ត៌មានថ្មីនៅឡើយដែរថាស្ថានភាពជំងឺនោះនឹងវិវឌ្ឍទៅជាបែបណាបន្តទៀតនោះដែរ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ចេញសេចក្តីប្រកាសស្ដីពីការប្រគល់តួនាទីភារកិច្ចជាអភិបាលខេត្តស្តីទីនៃគណៈអភិបាលខេត្តកណ្តាល នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ នេះថា អភិបាលរងខេត្តកណ្តាល លោក នូវប៉េង ចន្ទតារ៉ា ត្រូវបានតែងតាំងជាអភិបាលស្ដីទីខេត្តកណ្តាល ចាប់ពីពេលនេះតទៅ ហើយបទប្បញ្ញត្តិទាំងឡាយដែលមានខ្លឹមសារផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍ទាំងអស់។
លោក គង់ សោភ័ណ្ឌ កើតនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ១៩៧៣ ហើយលោកបានចាប់ផ្តើមចូលបម្រើការងារនៅក្របខ័ណ្ឌរដ្ឋនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ១៩៩៨ ដែលមានមុខងារជាជំនួយការខុទ្ទកាល័យសាលាខេត្តកណ្ដាល ក្រោយចូលបម្រើការងារបាន ១ឆ្នាំ គឺនៅឆ្នាំ១៩៩៩ លោកត្រូវបានតែងតាំងជាអភិបាលរងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល តែម្តង។
ក្រោយបំពេញការងារជាអភិបាលរងស្រុកខ្សាច់កណ្ដាល អស់រយៈពេល ១០ឆ្នាំ គឺនៅឆ្នាំ២០០៩ លោកត្រូវបានតែងតាំងជាអភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ប៉ុន្តែនៅឆ្នាំ២០១៧ លោកក៏ត្រូវបានតែងតាំងជាអភិបាលនៃគណៈអភិបាលស្រុកល្វាឯម ខេត្តកណ្ដាល វិញ ប៉ុន្តែក្រោយបម្រើការបានប្រមាណជា ៥ខែ លោកត្រូវបានដំឡើងទៅជាអភិបាលរងខេត្តកណ្ដាល វិញ។
រហូតដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ លោក គង់ សោភ័ណ្ឌ ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាអភិបាលនៃគណៈអភិបាលខេត្តកណ្ដាល ជំនួសលោក ម៉ៅ ភិរុណ ដែលជាអភិបាលខេត្តកណ្តាល ចាស់តែម្តង។
ចាប់តាំងពីឆ្នាំ២០០៨ មក លោក គង់ សោភ័ណ្ឌ ទទួលបានមេដាយក្នុងការងារជាបន្តបន្ទាប់ ដូចជាមេដាយថ្នាក់ធិបឌិន្ទ មេដាយថ្នាក់សេនា និងមេដាយថ្នាក់មហាសេរីវឌ្ឍន៍ផងដែរ៕