30 C
Phnom Penh

កម្មករ​រោងចក្រ​ស្តារឡៃថ៍​រាប់​រយ​នាក់​ដង្ហែ​ក្បួន​ដាក់​ញត្តិ​នៅ​ក្រសួង​ការងារ​ដើម្បី​ស្នើ​ជួយ​ដោះស្រាយ​វិវាទ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្មករ​ក្រុមហ៊ុន ស្តារឡៃថ៍ (Star Light) រាប់​រយ​នាក់​នាំគ្នា​ចេញ​ដង្ហែ​ក្បួន​តាម​ដងផ្លូវ​ទៅ​កាន់​ទីក្រុង​ភ្នំពេញ ដាក់​ញត្តិ​នៅ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដើម្បី​ស្នើ​ឲ្យ​ក្រសួង​កោះហៅ​ថៅកែ​ក្រុមហ៊ុន​របស់​ពួកគេ​ចេញ​មក​ដោះស្រាយ​វិវាទ​ជាមួយ​កម្មករ និង​ស្នើសុំ​កុំ​ឲ្យ​ក្រុមហ៊ុន​ព្យួរ​ការងារ​របស់​កម្មករ​បន្ត​ទៀត។

កម្មករ​ក្រុមហ៊ុន ស្តារឡៃថ៍ (Star Light) ប្រមាណ​ជាង ២០០​នាក់​កាលពី​ថ្ងៃទី​១៥ ខែ​មិថុនា ឆ្នាំ​២០២៣ បាន​ដង្ហែ​ក្បួន​តាម​ដងផ្លូវ​ទៅ​កាន់​ទីក្រុង​ភ្នំពេញ​ដើម្បី​ដាក់​ញត្តិ​នៅ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ប៉ុន្តែ​នៅ​ពេល​ដែល​កម្មករ​ទាំងនោះ​ធ្វើ​ដំណើរ​ដល់​ផ្លូវជាតិ​លេខ​៦A ស្ថិត​នៅ​ភូមិ​លើ ឃុំ​ព្រែកអញ្ចាញ ស្រុក​មុខកំពូល ក៏​ត្រូវ​បាន​អាជ្ញាធរ​ប្រមាណ​ជា ៥០​នាក់​ឃាត់​មិន​ឲ្យ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត និង​ហាមប្រាម​មិន​ឲ្យ​ដង្ហែ​ក្បួន​ផង​ដែរ។

តំណាង​កម្មករ​ក្រុមហ៊ុន ស្តារឡៃថ៍ (Star Light) បាន​អះអាង​ថា អំឡុង​ពេល​ដែល​មាន​ការ​រារាំង​ពី​អាជ្ញាធរ​ថា​ក្បួន​ដង្ហែ​ញត្តិ​របស់​កម្មករ​ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​ទេ ប៉ុន្តែ​ខាង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក៏​បាន​បញ្ជូន​មន្ត្រី​របស់​ពួកគេ​មក​ទទួល​ញត្តិ​នោះ​ដែរ ដូច្នេះ​កិច្ចការ​បន្ទាប់ គឺ​កម្មករ​ទាំងអស់​មាន​តែ​រង់ចាំ​ដំណោះស្រាយ​របស់​ក្រសួង​ការងារ​ប៉ុណ្ណោះ។

ការ​ដង្ហែ​ក្បួន​ដាក់​ញត្តិ​ទៅ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នេះ ធ្វើឡើង​ដើម្បី​ស្នើសុំ​ឱ្យ​ក្រសួង​ចេញ​មុខ​រក​ដំណោះស្រាយ​ជូន​កម្មករ ជុំវិញ​ការ​រំលោភ​សិទ្ធិ​ការងារ​នៅ​ក្នុង​ក្រុមហ៊ុន​នា​ពេលនេះ។

ក្រុមហ៊ុន ស្តារឡៃថ៍ អឹភែរឹល មេនូហ្វឹកឆឺរីង (Star Light Apparel Manufacturing) ស្ថិត​នៅ​ភូមិ​វិហារសួគ៌ជើង ឃុំ​វិហារសួគ៌ ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្តាល ត្រូវ​បាន​កម្មករ​និយោជិត​ទម្លាយ​ថា បាន​រំលោភ​សិទ្ធិ​ការងារ​កម្មករ​ជា​បន្តបន្ទាប់ ដោយ​ការ​បញ្ឈប់​បុគ្គលិក​មិន​បាន​ជូនដំណឹង​ជា​មុន និង​គ្មាន​មូលហេតុ​ច្បាស់លាស់ ព្រមទាំង​បើក​លុយ​អតីតភាព​ការងារ​ឱ្យ​បុគ្គលិក​ដែល​ក្រុមហ៊ុន​បាន​បញ្ឈប់​មិន​គ្រប់​ទៅ​តាម​ច្បាប់​ការងារ​ថែម​ទៀត។

កាល​ថ្ងៃទី​១៣ ខែ​ឧសភា ឆ្នាំ​២០២៣ ក្រុម​កម្មករ​នៃ​ក្រុមហ៊ុន​មួយ​នេះ​បាន​នាំគ្នា​ទៅ​ជួប​អភិបាល​ខេត្ត​កណ្តាល លោក គង់ សោភ័ណ្ឌ ដើម្បី​ធ្វើការ​សម្របសម្រួល​ម្តង​រួច​មក​ហើយ ប៉ុន្តែ​អស់​រយៈពេល ១​ខែ​នៅតែ​មិនទាន់​មាន​ដំណោះស្រាយ​ទៀត ដូច្នេះ​នៅ​ថ្ងៃទី​១៤ ខែ​មិថុនា ឆ្នាំ​២០២៣ ក្រុម​កម្មករ​ទាំងនោះ​ដែល​មាន​គ្នា​ប្រហែល ១​ពាន់​នាក់ បាន​ទៅ​ជួបជុំ​គ្នា​នៅ​សាលាស្រុក​ខ្សាច់កណ្ដាល​ខេត្ត​កណ្តាល ម្តង​ទៀត ដើម្បី​ឲ្យ​អាជ្ញាធរ​ជួយ​អន្តរាគមន៍​លើ​បញ្ហា​នេះ ប៉ុន្តែ​នៅតែ​មិន​ទទួល​បាន​លទ្ធផល​ជា​វិជ្ជមាន​ដដែល ដូច្នេះ​ហើយ​ទើប​ពួកគេ​សម្រេច​ចិត្ត​ដង្ហែ​ក្បួន​មក​ដាក់​ញត្តិ​នៅ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​តែម្តង។

យ៉ាងណា​ក៏ដោយ សារព័ត៌មាន Fresh News ដែល​គេ​ស្គាល់​ថា​ជា​អង្គភាព​សារព័ត៌មាន​បម្រើ​និន្នាការ​នយោបាយ​ឱ្យ​បក្ស​កាន់​អំណាច ចុះផ្សាយ​នៅ​ថ្ងៃទី​១៦ មិថុនា នេះ​ថា ក្រុម​កម្មករ​ដែល​បម្រើ​ការងារ​នៅ​រោងចក្រ ស្តារឡៃថ៍ (Starlight) ស្ថិតនៅ​តំបន់​សេដ្ឋកិច្ច 7NG ទាំង​ជាង ២០០​នាក់​នោះ បាន​វិល​ត្រឡប់​ចូល​ធ្វើការ​វិញ​ហើយ និង​សម្ដែង​ការ​សោកស្ដាយ​ជា​ខ្លាំង​ក្រោយ​លង់​ជឿ​តាម​ការ​ញុះញង់​ពី​មេខ្លោង​ប៉ុន្មាន​នាក់​ដែល​បាន​ញុះញង់​នោះ។

ទោះជា​បែប​នេះ​ក្តី ក្រុម​អ្នក​ឃ្លាំមើល​សិទ្ធិ​ការងារ​លើកឡើង​ថា ការ​វិល​ចូល​ធ្វើ​ការងារ​របស់​កម្មករ​ទាំងនោះ​អាច​បណ្តាល​មកពី​ការ​គាបសង្កត់ និង​ការ​គំរាមកំហែង​ពី​អាជ្ញាធរ និង​ភាគី​ខាង​រោងចក្រ​ប៉ុណ្ណោះ ព្រោះ​អំឡុង​ពេល​ដែល​ពួកគេ​បាន​ហែ​ញត្តិ​កាលពី​ថ្ងៃទី​១៥ មិថុនា តំណាង​របស់​ពួកគេ​បាន​ប្រកាស​ឱ្យ​ចូល​ធ្វើ​ការងារ​វិញ​ដែរ បន្ទាប់ពី​មន្ត្រី​ក្រសួង​ការងារ​បាន​ទទួល​ញត្តិ​របស់​ពួកគេ​រួចរាល់ ប៉ុន្តែ​កម្មករ​ទាំងនោះ​បាន​បដិសេធ​មិន​ព្រម​ចូល​ធ្វើ​ការងារ​នោះ​ទេ។

ប្រភព​ដដែល​លើកឡើង​ថា ករណី​នេះ​អាច​នឹង​ដូច​គ្នា​ទៅ​នឹង​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន ណាហ្គា​វើលដ៍​ដែរ ព្រោះ​ថា​ភាគី​កម្មករ​ដែល​ត្រូវ​ថៅកែ​រំលោភ​សិទ្ធិ​ការងារ ត្រូវ​គេ​ចោទ​ថា​ជា​ក្រុម​បះបោរ ខណៈ​ថៅកែ​ក្រុមហ៊ុន​ដែល​ធ្វើ​បាប​កម្មករ​បែរ​ត្រូវ​គេ​ចាត់ទុក​ថា​ជា​ជនរងគ្រោះ​ទៅវិញ។

នៅ​ដើម​ឆ្នាំ​២០២៣ នេះ​មាន​រោងចក្រ​ជាង ១០​កន្លែង​ហើយ​ដែល​បាន​បិទ​ទ្វារ ខណៈ​រោងចក្រ​ចំនួន ៧១ ព្យួរ​កិច្ចសន្យា​ការងារ និង​រោងចក្រ ៦០ ផ្សេង​ទៀត​បាន​កាត់បន្ថយ​បុគ្គលិក ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​កម្មករ​ជាង ៣​ម៉ឺន​នាក់ ខណៈ​កម្មករ​ជាច្រើន​នាក់​ផ្សេង​ទៀត​បាន​បាត់បង់​ការងារ​ទាំងស្រុង។

អ្នកវិភាគ​ឯករាជ្យ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ថ្ងៃទី​១៤ មិថុនា ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​ចេញ​មុខ​បំផ្លាញ​ផល​ប្រយោជន៍​របស់​កម្ពុជា ជាពិសេស​កម្មករ​និយោជិត ព្រោះ​ថា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប នឹង​ត្រូវ​កាត់​ផ្តាច់​ទាំងស្រុង​នៅ​ឆ្នាំ​២០២៧ ដោយសារតែ​រដ្ឋាភិបាល​កម្ពុជា​មិន​គោរព​តាម​គោលការណ៍​ដែល​សហភាព​អឺរ៉ុប​បាន​កំណត់ ដូចជា​ការ​គោរព​សិទ្ធិមនុស្ស ការ​បញ្ឈប់​ការ​រំលោភ​សិទ្ធិ​ការងារ និង​ការ​ធានា​នូវ​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ ជាដើម។

លោក គឹម សុខ លើកឡើង​ថា នៅ​ពេល​ដែល​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​កំពុង​រង​នូវ​ការ​ព្រមាន​ពី​ការ​កាត់​ផ្តាច់​បែប​នេះ លោក ហ៊ុន សែន មិន​ត្រឹមតែ​មិន​ខិតខំ​រក​វិធី​ដើម្បី​ថែរក្សា​ឱ្យ​នៅ​ឋិតឋេរ​បន្ត​ទៀត​ទេ តែ​គាត់​បែរ​ជា​បង្ខំ​ឱ្យ​សហភាព​អឺរ៉ុប​កាត់​ផ្តាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​កាន់តែ​ខ្លាំង​ទៅវិញ ខណៈ​ការ​រំលោភ​សិទ្ធិ​ការងារ​តាម​រោងចក្រ​នៅតែ​បន្ត​កើតមាន​ជា​បន្តបន្ទាប់​សព្វថ្ងៃ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស