អង្គការចលនាមាតាធម្មជាតិ អំពាវនាវឱ្យពលរដ្ឋតាមដានករណីសាងសង់សំណង់រឹងរំលោភចូលស្ទឹងសង្កែ ដែលជាគម្រោងរីស៊តឯកជនរបស់ឧកញ៉ា ទុយ គី ដោយមានការការពារពីស្នងការខេត្តបាត់ដំបង លោក មៀន ឡាយ យ៉ាងហ្មត់ចត់ថែមទៀត។
អង្គការចលនាមាតាធម្មជាតិកម្ពុជា បានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនដោយភ្ជាប់រូបថតជាច្រើនសន្លឹកជុំវិញការសាងសង់កន្លែងស្នាក់នៅកម្សាន្ត (រីស៊ត) ឯកជនមួយកន្លែងដែលគេដឹងថាជាកម្មសិទ្ធិរបស់ឧកញ៉ា ទុយ គី មានទីតាំងស្ថិតនៅទល់មុខនឹងសាលាឃុំអូដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ប៉ុន្តែអាជ្ញាធរមូលដ្ឋានមិនបានអន្តរាគមន៍លើករណីនេះទេ ប៉ុន្តែបែរជាបើកដៃឱ្យឧកញ៉ារូបនោះរំលោភដីសាធារណៈតាមអំពើចិត្តទៅវិញ។
ប្រភពដដែលអះអាងថា ស្ទឹងសង្កែ គឺជាស្ទឹងប្រវត្តិសាស្ត្រមួយរបស់ប្រទេសកម្ពុជា ដែលកំពុងត្រូវបានរំលោភបំពានពីសំណាក់អ្នកមានលុយ មានអំណាច ដោយការចាក់ដីរំលោភយក និងសាងសង់សំណង់តាមអំពើចិត្ត ក្នុងនោះរូបថតដែលចលនានេះបានបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក បានបង្ហាញពីលំនៅឋានដែលកំពុងដំណើរការសាងសង់ដែលសម្រេចបានប្រមាណ ៧០% ផងដែរ ដោយការបណ្ដុះសសរជាច្រើនតាមបណ្តោយមាត់ស្ទឹងប្រវែងប្រមាណជា ១០០ម៉ែត្រថែមទៀត។
ការអំពាវនាវនេះ ធ្វើឡើងស្របពេលដែលកន្លែងស្នាក់នៅកម្សាន្តឯកជនមួយកន្លែងបានរំលោភយកដីមាត់ស្ទឹងសង្កែ ខេត្តបាត់ដំបង ធ្វើជាកម្មសិទ្ធិដើម្បីសាងសង់រីស៊តឯកជនផ្ទាល់ខ្លួននៅពេលនេះ។
អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន បានសរសេរលើគណនីហ្វេសប៊ុករបស់លោកកាលពីថ្ងៃចន្ទ ទី១៩ មិថុនា ថា បើសិនពលរដ្ឋសាមញ្ញពិតជាមិនហ៊ានសង់សំណង់រឹងរំលោភមាត់ស្ទឹងបែបនេះទេ ហើយអាជ្ញាធរនឹងចាត់ការវាយសំណង់នោះកម្ទេចចោល រីឯម្ចាស់សំណង់នោះអាចនឹងត្រូវជាប់គុកថែមទៀត។
ឧកញ៉ា ទុយ គី គឺជាប្រធានសភាពាណិជ្ជកម្មខេត្តពោធិ៍សាត់ និងជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាក្នុងពេលបច្ចុប្បន្ននេះ។ លើសពីនេះ គេសង្កេតឃើញថា ឧកញ៉ារូបនេះមានចំណូលចិត្តសាងសង់សណ្ឋាគារ និងសំណង់ផ្សេងៗដោយរំលោភយកដីមាត់ស្ទឹងជាបន្តបន្ទាប់រហូតមក ដូចជាសណ្ឋាគារពោធិ៍សាត់រីវើសាយ (Pusat Riverside) ស្ថិតក្នុងទីរួមខេត្តពោធិ៍សាត់ ក៏បានរំលោភយកដីមាត់ស្ទឹងដូចគ្នានឹងករណីសាងសង់កន្លែងស្នាក់នៅកម្សាន្តដែលរំលោភយកដីមាត់ស្ទឹងសង្កែ ដូចពេលនេះដែរ។
ក្រុមអ្នកសង្កេតការណ៍លើកឡើងថា ករណីឧកញ៉ា និងអ្នកមានអំណាចរំលោភយកដីសាធារណៈស្ទើរតែក្លាយជាករណីធម្មតាទៅហើយសម្រាប់ប្រទេសកម្ពុជា ព្រោះថាកម្ពុជាក្រោមការដឹកនាំរបស់បក្សប្រជាជនកម្ពុជាដែលមានលោក ហ៊ុន សែន ជាអ្នកគ្រប់គ្រង បានបណ្តែតបណ្តោយឱ្យអំពើបែបនេះកើតមាននៅទូទាំងប្រទេសរហូតមានករណីខ្លះ រំលោភយកដីក្នុងទន្លេ និងសមុទ្រ ដោយការចាក់លុបដើម្បីសាងសង់សំណង់នានាថែមទៀត។
ច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ មាត្រា៦២ ចែងថា ត្រូវផ្ដន្ទាទោសជាបទល្មើសធនធានធម្មជាតិថ្នាក់ទី៤ និងត្រូវរឹបអូសវត្ថុតាងជាសម្បត្តិរដ្ឋ ចំពោះជនដែលបានប្រព្រឹត្តបទល្មើសដោយការចាក់ដីលុប ឬចាក់បំពេញដី ឬចាក់បំពេញដែនទឹកដោយគ្មានការអនុញ្ញាត ហើយក្នុងករណីមិនរាងចាល ត្រូវផ្ដន្ទាទោសទ្វេដង៕