29 C
Phnom Penh

CCIM ដាក់​ឱ្យ​ប្រើ​មូលទិន្នន័យ​ឈ្មោះ កំណត់ត្រា ដើម្បី​ពលរដ្ឋ​ងាយស្រួល​ទទួល​បាន​ទិន្នន័យ​ជា​សាធារណៈ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) បាន​ចាប់ផ្តើម​ដាក់​ឲ្យ​ប្រើ​នូវ​មូលទិន្នន័យ “កំណត់ត្រា” (https://kamnotra.io) ដើម្បី​ឲ្យ​ពលរដ្ឋ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ទទួល​បាន​ទិន្នន័យ​ដែល​មាន​ជា​សាធារណៈ។

សេចក្ដី​ប្រកាស​របស់​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) ចុះ​ថ្ងៃទី​២០ ខែ​មិថុនា ឆ្នាំ​២០២៣ ឲ្យ​ដឹង​ថា កំណត់ត្រា​នេះ​បាន​កត់ត្រា​ទិន្នន័យ​អំពី​បញ្ហា​សំខាន់ៗ​ដែល​ប៉ះពាល់​ដល់​ប្រទេស​កម្ពុជា ដើម្បី​ធ្វើ​ឲ្យ​អ្នក​អាន​ទាំង​ក្នុង​ស្រុក និង​អន្តរជាតិ​កាន់តែ​ងាយ​យល់។

CCIM ថា គោលដៅ​នៃ​កំណត់ត្រា​នេះ ធ្វើឡើង​ដើម្បី​ផ្ដល់​ឲ្យ​ពលរដ្ឋ​កម្ពុជា​នូវ​ព័ត៌មាន​ដែល​ពួកគាត់​ត្រូវការ ដើម្បី​ធ្វើការ​សម្រេច​ចិត្ត​ប្រកប​ដោយ​ការ​យល់ដឹង ខណៈ​ពួកគាត់​អាច​ប្រើប្រាស់​ទិន្នន័យ​ទាំងនេះ​ក្នុង​ការ​ជជែក​ជាមួយ​នឹង​រដ្ឋាភិបាល ឬ​ក្រុមហ៊ុន​ឯកជន។ មួយ​វិញ​ទៀត កំណត់ត្រា​នេះ​ក៏​មាន​បំណង​ផ្តល់​នូវ​ទិន្នន័យ និង​ការ​វិភាគ​ដែល​ពួកគាត់​អាច​ប្រើប្រាស់​ក្នុង​ស្ថានភាព​ដែល​មិន​សូវ​សម្បូរ​ព័ត៌មាន​ផង​ដែរ។

កំណត់ត្រា នឹង​ចាប់ផ្ដើម​ដំណើរការ​ជាមួយ​នឹង​មូលដ្ឋាន​ទិន្នន័យ​ចំនួន​ពីរ ក្នុង​នោះ​ទំព័រ​ព្រះរាជកិច្ច និង​ទំព័រ​ដីធ្លី។ ទំព័រ​រាជកិច្ច គឺជា​ផ្នែក​មួយ​ដែល​ចងក្រង​ទិន្នន័យ​ចេញពី​ឯកសារ​នៅ​ក្នុង​សៀវភៅ​ព្រះរាជកិច្ច ជា​ឯកសារ​ដែល​ចេញ​ផ្សាយ​ដោយ​ទីស្ដីការគណៈរដ្ឋមន្ត្រី​ដែល​ប្រមូលផ្ដុំ​សេចក្តី​សម្រេច​សំខាន់ៗ​របស់​រដ្ឋាភិបាល។

CCIM ថា កំណត់ត្រា​នេះ​រៀបចំ​ឡើង​ដោយ​សំយោគ​ឯកសារ​ក្នុង​សៀវភៅ​រាជកិច្ច​យ៉ាង​យកចិត្ត​ទុកដាក់ និង​បាន​ផ្តល់​ការ​ពន្យល់​សង្ខេប​នៅ​ក្នុង​មូលដ្ឋាន​ទិន្នន័យ​បែប​សាមញ្ញ​នេះ​ដល់​អ្នក​ប្រើប្រាស់​ផង​ដែរ។

ចំណែក​ទំព័រ​ដីធ្លី​វិញ ក៏​បាន​បណ្ដុះ​ចំណេះដឹង​អ្នក​អាន​ឲ្យ​ដឹង​កាន់តែ​ស៊ីជម្រៅ​អំពី​ជម្លោះ​ដីធ្លី​ដែល​ជា​បញ្ហា​ទូទៅ​មួយ​ក្នុង​ចំណោម​បញ្ហា​ទូទៅ​បំផុត​ដែល​បង្ក​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ជាច្រើន។

បើ​តាម​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ថា​កំណត់ត្រា​ខ្លួន​រៀប​នេះ​នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​ទទួល​បាន​ព័ត៌មាន​គ្រប់​ជ្រុង​នៅ​ក្នុង​ទិន្នន័យ​ការ​វិភាគ និង​ការ​លាតត្រដាង​ដែល​ពួកគាត់​ស្វែងរក​ផង​ដែរ។

ការ​ដាក់​ឲ្យ​ប្រើប្រាស់​កំណត់ត្រា​នេះ CCIM ថា​នៅ​ក្នុង​ស្ថានភាព​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​កំពុង​មាន​បញ្ហា​ប្រឈម​ចំពោះ​ការ​រាយការណ៍ និង​ការ​ឃោសនា​ក្លែងក្លាយ​ត្រូវ​បាន​គេ​ជឿ​ថា​ជា​ការពិត និង​ព័ត៌មាន​ត្រឹមត្រូវ​នោះ ការ​ទទួល​បាន​ព័ត៌មាន​ច្បាស់លាស់ និង​ត្រឹមត្រូវ គឺជា​រឿង​សំខាន់​បំផុត។ ដូច្នេះ​ហើយ ពលរដ្ឋ​កម្ពុជា​បាន​បង្ហាញ​ការ​ស្រេកឃ្លាន​របស់​ខ្លួន​ម្តង​ហើយ​ម្ដង​ទៀត​ចង់​បាន​ទិន្នន័យ និង​ព័ត៌មាន​ច្បាស់លាស់ មិន​ថា​ក្នុង​ទម្រង់​ជា​អត្ថបទ​ព័ត៌មាន ជា​របាយការណ៍​ស្រាវជ្រាវ ឬ​ការ​ផ្សព្វផ្សាយ​តាម​វិទ្យុ​នោះ​ទេ។

បើ​តាម​វេបសាយ «កំណត់ត្រា» ដែល​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ដាក់​ឲ្យ​ប្រើប្រាស់​នា​ថ្ងៃ​នេះ ដោយ​បែងចែក​ក្នុង​នោះ បច្ចុប្បន្នភាព រាជកិច្ច ដីធ្លី និង​បោះឆ្នោត ២០២៣។

បច្ចុប្បន្នភាព​នេះ គឺ​និយាយ​ពី​ជម្លោះ​ដីធ្លី ការ​កាត់​ដី​បឹង​តាមោក​ទៅ​ក្រុមហ៊ុន​ឯកជន ដោយ​ភ្ជាប់​ជាមួយ​ផែនទី និង​ការ​ផ្ដល់​គោរមងារ​ដល់​ឧកញ៉ា និង​សមាជិក​នៃ​គ្រួសារ ជាដើម។ នេះ​ជា​លើកដំបូង​ហើយ​ដែល​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ CCIM បាន​ធ្វើ «កំណត់ត្រា» ដែល​ស្រង់​ចេញពី​សៀវភៅ​ចេញ​ដោយ​រដ្ឋាភិបាល​កម្ពុជា។ ក្នុង​រយៈពេល ១​ឆ្នាំ រដ្ឋាភិបាល​ចេញ​សៀវភៅ​នេះ​ជិត ១០០​ក្បាល៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស