30 C
Phnom Penh

ភរិយា​បុរស​ដែល​ស្លាប់​ដោយ​ការ​ធ្វើ​ទារុណកម្ម​ក្នុង​ពន្ធនាគារ​ខេត្ត​កំពង់ស្ពឺ​អង្វរ​លោក ហ៊ុន សែន ជួយ​ផ្ដល់​យុត្តិធម៌

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គ្រួសារ​ជនរងគ្រោះ​ស្រែក​អង្វរ​សុំ​ឱ្យ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន ជួយ​អន្តរាគមន៍​ផ្តល់​យុត្តិធម៌ បន្ទាប់ពី​បុរស​ដែល​ជា​ស្វាមី គឺ​លោក មន មឿន ត្រូវ​រង​នូវ​ការ​ធ្វើ​ទារុណកម្ម​ធ្ងន់ធ្ងរ​រហូត​ដល់​ស្លាប់​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​កំពង់ស្ពឺ។

អ្នកស្រី សុខ ស្រីមុំ ជា​កម្មការិនី​រោងចក្រ​ដែល​ត្រូវ​ជា​ភរិយា​របស់​លោក មន មឿន និង​បងប្អូន​សាច់ញាតិ​របស់​ជនរងគ្រោះ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២២ មិថុនា នេះ​ដោយ​អំពាវនាវ​សុំ​ឱ្យ​សមត្ថកិច្ច​ជំនាញ អគ្គស្នងការ​នគរបាល​ជាតិ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន សូម​មេត្តា​ជួយ​រក​យុត្តិធម៌​ឱ្យ​ពួកគេ​ផង ព្រោះ​លោក មន មឿន ត្រូវ​គេ​មួលបង្កាច់​ប៉ុណ្ណោះ។

អ្នកស្រី មន សុខគា ដែល​ត្រូវ​ជា​ប្អូនស្រី​បង្កើត​របស់​ជនរងគ្រោះ​បាន​រៀបរាប់​ថា កាលពី​ថ្ងៃទី​១០ ខែ​មិថុនា ឆ្នាំ​២០២៣ បងប្រុស​របស់​អ្នកស្រី គឺ​លោក មន មឿន ត្រូវ​បាន​គេ​ចោទប្រកាន់​ពី​បទ​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​លើ​ស្ត្រី​ម្នាក់ ហើយ​ស្ត្រី​នោះ​ទាមទារ​សំណង​ចំនួន ៥​ពាន់​ដុល្លារ​អាមេរិក ដើម្បី​បញ្ចប់​រឿង ប៉ុន្តែ​សាច់ញាតិ​របស់​លោក មន មឿន សុំ​ធ្វើការ​សម្របសម្រួល​បង់​ត្រឹម ១​ពាន់​ដុល្លារ ប៉ុន្តែ​ស្ត្រី​នោះ​មិន​ព្រម។

ដោយសារ​មិន​ចុះសម្រុង​គ្នា សមត្ថកិច្ច​ក៏​សម្រេច​បញ្ជូន​បងប្រុស​របស់​ខ្លួន​ទៅ​ឃុំ​ខ្លួន​នៅ​ស្នងការដ្ឋាន និង​បន្ត​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​កំពង់ស្ពឺ តែម្តង ប៉ុន្តែ​ក្រោយ​លោក មន មឿន ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​បាន​ប៉ុន្មាន​ថ្ងៃ ស្រាប់តែ​សមត្ថកិច្ច​បាន​ទូរសព្ទ​មក​ប្រាប់​ពួកគាត់​ដែល​ជា​សាច់ញាតិ​ថា សូម​នាំគ្នា​មក​មើល​លោក មន មឿន ផង ព្រោះ​ឥឡូវ​នេះ​គាត់​កំពុង​ត្រូវ​យក​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពង់ស្ពឺ ដែល​កំពុង​មាន​ជំងឺ​ធ្ងន់ធ្ងរ។

អ្នកស្រី មន សុខគា អះអាង​ថា នៅ​ពេល​ដែល​អ្នកស្រី​ទៅ​ដល់​មន្ទីរពេទ្យ ក្រុម​គ្រូពេទ្យ​បាន​ប្រាប់​ថា លោក មន មឿន បាន​ស្លាប់​តាំងពី​មុន​ពេល​បញ្ជូន​មក​ដល់​មន្ទីរពេទ្យ​ម្ល៉េះ ខណៈ​មន្ត្រី​ពន្ធនាគារ​អះអាង​ថា មូលហេតុ​ស្លាប់​របស់​លោក មន មឿន គឺ​ដោយសារតែ​ជំងឺ​គាំង​បេះដូង ប៉ុន្តែ​សាច់ញាតិ​ជនរងគ្រោះ​នាំគ្នា​ពិនិត្យ​រាងកាយ​សាកសព បាន​រក​ឃើញ​ថា មាន​ស្នាម​ជាំ​លើ​ដងខ្លួន មាន​ស្លាកស្នាម​ជាំ​ដៃ ជាំ​ជើង បែក​មាត់​ហូរ​ឈាម និង​ស្នាម​របួស​ជាច្រើន​កន្លែង​ទៀត ដែល​បង្ហាញ​ថា​គាត់​ត្រូវ​គេ​ធ្វើ​ទារុណកម្ម​ទើប​បណ្តាល​ឱ្យ​ស្លាប់។

លោក មន មឿន មាន​អាយុ ៤២​ឆ្នាំ មាន​មុខរបរ​ជា​កសិករ នៅ​ភូមិ​ធ្លាចាស់ សង្កាត់​វាលពង់ ក្រុង​ឧដុង្គម៉ែជ័យ ខែត្រ​កំពង់ស្ពឺ និង​មាន​ប្រពន្ធ​ឈ្មោះ សុខ ស្រីមុំ អាយុ ៣៦​ឆ្នាំ មាន​មុខរបរ​ជា​កម្មការិនី​រោងចក្រ ព្រមទាំង​មាន​កូនស្រី​ម្នាក់​នៅ​ក្នុង​បន្ទុក​អាយុ ៧​ឆ្នាំ​ផង​ដែរ។

អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២២ មិថុនា នេះ​ថា ប្រសិនបើ​ភាគី​ជនរងគ្រោះ​មាន​ការ​សង្ស័យ​លើ​ការ​អះអាង​របស់​មន្ត្រី​ពន្ធនាគារ​ពី​ការ​ស្លាប់​របស់​លោក មន មឿន ពួកគេ​អាច​ដាក់​ពាក្យបណ្ដឹង​ទៅ​តុលាការ ដើម្បី​ឱ្យ​សមត្ថកិច្ច​បើក​ការ​ស៊ើបអង្កេត និង​ធ្វើ​កោសល្យវិច័យ​លើ​ករណី​នេះ​បាន ដើម្បី​ឱ្យ​ជាក់ច្បាស់​ថា លោក មន មឿន ពិត​ជា​ស្លាប់​ដោយសារ​ជំងឺ​គាំង​បេះដូង​មែន​ដែរ​ឬ​ក៏​អត់​នោះ។

លោក ស៊ឹង សែនករុណា លើកឡើង​ថា ដោយឡែក​ប្រសិនបើ​ការ​ស្លាប់​នេះ​បង្ក​ឡើង​ដោយសារ​ការ​ធ្វើ​ទារុណកម្ម​ក្នុង​អំឡុង​ពេល​សួរ​ចម្លើយ ដើម្បី​បង្ខំ​ឱ្យ​ជនរងគ្រោះ​សារភាព នោះ​គ្រួសារ​ជនរងគ្រោះ​ក៏​អាច​ដាក់​ពាក្យបណ្ដឹង​ទៅ​គណៈកម្មាធិការ​ប្រឆាំង​អំពើ​ទារុណកម្ម​ផង​ដែរ ដើម្បី​បើក​ការ​ស៊ើបអង្កេត​ឱ្យ​កាន់តែ​ជាក់លាក់​លើ​រឿង​នេះ​បន្ថែម​ទៀត។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​អំឡុង​ខែ​មេសា ឆ្នាំ​២០២១ ជនសង្ស័យ​ម្នាក់​ឈ្មោះ ពេជ្រ ធារ៉េត បាន​ស្លាប់​ភ្លាមៗ​បណ្ដាល​មកពី​ការ​ធ្វើ​ទារុណកម្ម​របស់​សមត្ថកិច្ច​អំឡុង​ពេល​សួរ​ចម្លើយ​នៅ​ស្នងការដ្ឋាន​ខេត្ត​បាត់ដំបង ក្នុង​នោះ​គេ​ពិនិត្យ​ឃើញ​ថា សព​របស់​គាត់​មាន​ស្នាម​របួស​បែក​ឈាម​ខ្មៅ​ពេញ​ខ្លួន ប៉ុន្តែ​សមត្ថកិច្ច​ប្រកែក​ថា​គាត់​ស្លាប់​ដោយសារ​ជំងឺ​គាំង​បេះដូង ដែល​ចម្លើយ​នោះ​គឺ​ដូច​គ្នា​ទៅ​នឹង​ចម្លើយ​របស់​សមត្ថកិច្ច​ខេត្ត​កំពង់ស្ពឺ ដែល​បាន​ឆ្លើយ​នៅ​ពេលនេះ​បេះបិទ ខណៈ​សភាព​លើ​រូប​រាងកាយ​របស់​សាកសព​លោក មន មឿន ក៏​មាន​សណ្ឋាន​ដូច​គ្នា​នឹង​សាកសព​លោក ពេជ្រ ធារ៉េត ដែរ។

ទាក់ទិន​នឹង​បញ្ហា​នេះ ជនរងគ្រោះ​ដែល​ធ្លាប់​រង​នូវ​ការ​ចាប់​ខ្លួន និង​សួរ​ចម្លើយ​ពី​សមត្ថកិច្ច​កម្ពុជា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​កាលពី​ពេល​ថ្មីៗ​នេះ​ថា លោក​ធ្លាប់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ទាំង​អយុត្តិធម៌​ម្តង​ដែរ ហើយ​ក្នុង​ពេល​ពួកគេ​សួរ​ចម្លើយ គេ​បាន​ធ្វើ​ទារុណកម្ម​លើ​រូបលោក​យ៉ាង​ធ្ងន់ធ្ងរ ដោយ​ការ​វាយតប់​ទាត់​ធាក់​ស្ទើរ​ស្លាប់​ស្ទើរ​រស់ ដើម្បី​បង្ខំ​ឱ្យ​លោក​ឆ្លើយ​នូវ​អ្វី​ដែល​ពួកគេ​ចង់​បាន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស