32 C
Phnom Penh

អាជ្ញាធរ​ខេត្ត​កោះកុង​ឃាត់​ខ្លួន​តំណាង​សហគមន៍​ដីធ្លី​បន្ទាប់ពី​ពួកគេ​ឡើង​មក​រក​អន្តរាគមន៍​ពី​ក្រសួង​យុត្តិធម៌

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជ្ញាធរ​ខេត្ត​កោះកុង នៅ​ថ្ងៃទី​២៩ ខែ​មិថុនា នេះ បាន​ឃាត់​ខ្លួន​តំណាង​សហគមន៍​រងគ្រោះ​ដីធ្លី​នៅ​ត្រង់​ចំណុច​អូរជ្រៅ ស្រុក​ស្រែអំបិល ដោយ​មិន​ឲ្យ​ពួកគេ​ឡើង​មក​រក​កិច្ច​អន្តរាគមន៍​ពី​ក្រសួង​យុត្តិធម៌ ដើម្បី​ជំរុញ​ឲ្យ​តុលាការ​ខេត្ត​កោះកុង ទម្លាក់​ចោល​បទ​ចោទប្រកាន់​លើ​ពួកគេ និង​ជួយ​ដោះស្រាយ​រឿង​វិវាទ​ដីធ្លី​របស់​ពួកគេ​ផង​ដែរ។

យោង​តាម​វីដេអូ​ឃ្លីប​ជាង ២​នាទី ដែល​សហគមន៍​ដីធ្លី​ភូមិ​ព្រលាន ២៤៣​គ្រួសារ ខេត្ត​កោះកុង បាន​ផ្សាយ​នា​ថ្ងៃទី​២៩ ខែ​មិថុនា នេះ ឲ្យ​ដឹង​ថា សមត្ថកិច្ច​ជិត ១០​នាក់​បាន​ចុះ​មក​ឃាត់​ខ្លួន​សហគមន៍​រងគ្រោះ​ដីធ្លី​អំឡុង​ពេល​ដែល​ពួកគេ​នាំគ្នា​ធ្វើ​ដំណើរ​ឡើង​មក​រាជធានី​ភ្នំពេញ ដើម្បី​ដាក់​ញត្តិ​ទៅ​ក្រសួង​យុត្តិធម៌។

តំណាង​សហគមន៍​ដីធ្លី​ក្រុម ១៧៥​គ្រួសារ លោកស្រី ផាវ ញ៉ើង បាន​លើកឡើង​ថា ប្រសិនបើ​ពួកគាត់​ទៅ​ប្រព្រឹត្ត​បទល្មើស​ដូចជា​ជួញដូរ​គ្រឿងញៀន សម្លាប់​មនុស្ស ឬ​ឆក់​ប្លន់ សម​នឹង​ក្រុម​សមត្ថកិច្ច​ចុះ​មក​ឃាត់​ខ្លួន ប៉ុន្តែ​ករណី​នេះ ពួកគាត់​មិន​បាន​ប្រព្រឹត្ត​បទល្មើស​ឡើយ។

អ្នកស្រី​ថា ពួកគាត់​ឡើង​មក​ភ្នំពេញ​ដើម្បី​ទៅ​ដាក់​ញត្តិ​នៅ​ក្រសួង​យុត្តិធម៌ ដើម្បី​ស្នើសុំ​ឲ្យ​ជួយ​អន្តរាគមន៍​ទៅ​តុលាការ​ខេត្ត​កោះកុង ទម្លាក់​ការ​ចោទប្រកាន់​មក​លើ​ពួកគាត់​ដែល​ជា​អ្នក​រងគ្រោះ​ដីធ្លី​វិញ​តែប៉ុណ្ណោះ។

ការ​នាំគ្នា​ឡើង​មក​ដាក់​ញត្តិ​នៅ​ក្រសួង​យុត្តិធម៌​របស់​សហគមន៍​ដីធ្លី​នៅ​ស្រុក​ស្រែអំបិល នេះ បន្ទាប់ពី​តុលាការ​ខេត្ត​កោះកុង កាលពី​ថ្ងៃទី​២៨ មិថុនា បាន​បើក​សវនាការ​សំណុំរឿង «ញុះញង់ និង​អំពើ​ប៉ះពាល់​ទ្រព្យសម្បត្តិ​របស់​ឯកជន» លើ​តំណាង​សហគមន៍​រងគ្រោះ​ដីធ្លី​ចំនួន ៥​នាក់។

បើ​តាម​តំណាង​សហគមន៍​រងគ្រោះ​ដីធ្លី​លោកស្រី ភាព តេង បាន​លើកឡើង​ថា ពួកគាត់​ត្រូវ​ក្រុមហ៊ុន​ស្ករអំពៅ​របស់​ឧកញ៉ា លី យ៉ុងផាត់ រំលោភ​យក​ដី​អស់​ហើយ បែរ​ជា​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​មក​ចោទប្រកាន់​លើ​ពួកគាត់​ថែម​ទៀត បន្ទាប់ពី​ពួកគាត់​នាំគ្នា​ចេញ​តវ៉ា​ទាមទារ​ដំណោះស្រាយ​ដីធ្លី​របស់​ខ្លួន។

លោកស្រី​ចាត់ទុក​ការ​ចោទប្រកាន់​លើ​លោកស្រី និង​ពលរដ្ឋ​ផ្សេង​ទៀត​ពី​បទ «ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​អំពើ​ប៉ះពាល់​កម្មសិទ្ធិ​នៃ​ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ» ពី​សំណាក់​តុលាការ​ខេត្ត​កោះកុង ថា​ជា​រឿង​អយុត្តិធម៌។

បើ​តាម​តំណាង​ពលរដ្ឋ អ្នកស្រី ភាព តេង ធ្លាប់​អះអាង​ថា ពលរដ្ឋ​ចំនួន ២៤៣​គ្រួសារ​នៅ​សហគមន៍​ព្រលាន​ក្នុង​ឃុំ​កណ្ដោល ស្រុក​បុទុមសាគរ ត្រូវ​បាន​ក្រុមហ៊ុន Koh Kong Sugar និង Koh Kong Plantation Industry របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ បាន​ដាក់​គ្រឿងចក្រ​ឈូស​ឆាយ​ដី និង​ផល​ដំណាំ​របស់​គាត់​អស់​ជាច្រើន​ហិកតារ​កាលពី​ឆ្នាំ​២០០៦ ហើយ​អាជ្ញាធរ​បាន​គំរាមកំហែង​មិន​ឲ្យ​ពលរដ្ឋ​ចេញ​តវ៉ា​ប្រឆាំង និង​បាន​គំរាម​ចាប់​ខ្លួន​ពួកគាត់​ដាក់​ពន្ធនាគារ​ផង​ដែរ បើ​ទោះបីជា​ដី​នោះ​ពួកគាត់​បាន​ចូល​ទៅ​អាស្រ័យ​ផល​តាំងពី​ឆ្នាំ​១៩៩៥។

ក្រៅពី​បាត់បង់​ដីធ្លី​ដោយ​ក្រុមហ៊ុន​របស់​ឧកញ៉ា លី យ៉ុងផាត់ រំលោភ​យក​ហើយ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​កោះកុង លោក ឡោ ក្រឹម កាលពី​ថ្ងៃទី​២៩ ខែ​មិថុនា ឆ្នាំ​២០២២ បាន​សម្រេច​ដាក់​ឲ្យ​តំណាង​ពលរដ្ឋ ៧​នាក់​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ ក្រោយពី​ឆ្លើយ​បំភ្លឺ​ពាក់ព័ន្ធ​បទ​ចោទ «អំពើ​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​អំពើ​ប៉ះពាល់​កម្មសិទ្ធិ​នៃ​ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ»។

តំណាង​ពលរដ្ឋ ៧​នាក់ ក្នុង​នោះ​រួមមាន​អ្នកស្រី ភាព តេង អ្នកស្រី ណុយ សុខ អ្នកស្រី ទន់ ឡាយ លោក តូច ង៉ាន់ លោក ឃង់ រុច និង​តំណាង​ពលរដ្ឋ​ផ្សេង​ទៀត៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស