38 C
Phnom Penh

កម្មករ​ធ្វើការ​ក្នុង​ក្រុមហ៊ុន​ចម្ការ​ចេក​វៀតណាម​១១​នាក់​ស្លាប់​ដោយសារ​ពុល​ថ្នាំ​គីមី​បាញ់​ស្មៅ​និង​ថ្នាំ​សម្លាប់​សត្វ​ល្អិត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យ៉ាងហោច​ណាស់​មាន​កម្មករ​ចំនួន ១១​នាក់​ដែល​ធ្វើការ​នៅ​ក្រុមហ៊ុន​វៀតណាម Hoang Anh Gia Lai (HAGL) ស្ថិត​នៅ​ក្នុង​ឃុំ​ស្រែអង្ក្រង ស្រុក​កូនមុំ ខេត្ត​រតនគិរី បាន​ស្លាប់​បណ្ដាល​មកពី​ពុល​ថ្នាំ​គីមី​ដែល​បាញ់​ស្មៅ ឬ​ថ្នាំ​សម្លាប់​សត្វ​ល្អិត។

បើ​តាម​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​រតនគិរី លោក អ៊ុង រតនា ដែល​បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​នា​ថ្ងៃទី​០៤ ខែ​កក្កដា នេះ​ថា គិត​ចាប់តាំងពី​ថ្ងៃទី​១៦ ខែ​មិថុនា រហូត​មក​ដល់​ថ្ងៃទី​២ ខែ​កក្កដា យ៉ាងហោច​ណាស់​មាន​កម្មករ​ចំនួន ១១​នាក់​បាន​ស្លាប់ បន្ទាប់ពី​ពួកគេ​មាន​អាការៈ​ឈឺ​ពោះ ក្អួត ហត់ អស់​កម្លាំង និង​ដួល​ប្រកាច់​ភ្លាមៗ។

ករណី​ដែល​នាំ​ឲ្យ​កម្មករ​ស្លាប់​បន្តបន្ទាប់​នេះ ដោយ​មន្ត្រី​សុខាភិបាល​អះអាង​ថា​អាច​បណ្ដាល​មកពី​ពុល​សារធាតុ​គីមី ដូចជា​ថ្នាំ​បាញ់​ស្មៅ ឬ​ថ្នាំ​សម្លាប់​សត្វ​ល្អិត រួម​ផ្សំ​ជាមួយ​នឹង​កន្លែង​ដែល​ពួកគេ​ស្នាក់នៅ​ពុំ​មាន​អនាម័យ​ត្រឹមត្រូវ​ផង​នោះ។

សារព័ត៌មាន The Cambodia Daily មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អភិបាល​ខេត្ត​រតនគិរី លោក ញ៉ែម សំអឿន ជុំវិញ​រឿង​នេះ​បាន​នៅឡើយ​ទេ។

ក្រុមហ៊ុន​វៀតណាម Hoang Anh Gia Lai (HAGL) បាន​ដាំ​ដំណាំ​ផ្លែ​ចេក​នៅ​ក្នុង​ឃុំ​ស្រែអង្ក្រង ស្រុក​កូនមុំ ខេត្ត​រតនគិរី ដែល​មាន​កម្មករ​រាប់​ពាន់​នាក់​ធ្វើការ​នៅ​ទីនោះ។ ក្រុមហ៊ុន​នេះ​ទទួល​បាន​ដី​សម្បទាន​រាប់​ម៉ឺន​ហិកតារ​ពី​រដ្ឋាភិបាល​កម្ពុជា ដោយ​ពី​ដំបូង​ឡើយ​បាន​ដាំ​កៅស៊ូ និង​ដូងប្រេង ប៉ុន្តែ​ក្រោយ​មក​បាន​សម្រុក​ដាំ​ចេក​ដើម្បី​បំពេញ​ទីផ្សារ​ក្នុង​ប្រទេស​ចិន ទៅវិញ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស