នៅថ្ងៃទី១១-១២ ខែកក្កដា សប្ដាហ៍ក្រោយនេះ គឺជាកិច្ចប្រជុំកំពូលនៃមេដឹកនាំអង្គការយោធាអាត្លង់ទិចខាងជើង ហៅកាត់ថាណាតូ។ ជំនួបកំពូលនៃមេដឹកនាំ ៣១ប្រទេស ត្រូវធ្វើឡើងនៅទីក្រុងវិលនីញូស ប្រទេសលីទុយអានី។
របៀបវារៈមួយក្នុងចំណោមជាច្រើនទៀត គឺសំណើរបស់អ៊ុយក្រែន ដែលសុំជាសមាជិកនៃអង្គការយោធាអឺរ៉ុបមួយនេះនៅតែលេចធ្លោជាងគេ ស្របពេលរដ្ឋាភិបាលក្រុងគៀវ កំពុងជំរុញសម្ព័ន្ធមិត្តណាតូ ឲ្យពន្លឿនសំណើរបស់ខ្លួន។
ដោយសារតែរឿងនេះហើយ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានបញ្ជាក់កាលពីថ្ងៃអង្គារ ថា ការពន្យារអាណត្តិរបស់លោកមួយឆ្នាំទៀតបាននាំឱ្យលោកខិតខំថែមទៀតស្វះស្វែងរក្សាសាមគ្គីភាពក្នុងសម្ព័ន្ធភាពប្រឆាំងនឹងរុស្ស៊ី ហើយរកការស្រុះស្រួលឱ្យបានដើម្បីផ្ដល់ការយល់ព្រមឱ្យអ៊ុយក្រែន ជាសមាជិកណាតូ។
អ៊ុយក្រែនជាប្រទេសមួយមានព្រំដែនគោកជាប់នឹងប្រទេសរុស្ស៊ីយ៉ាងទូលំទូលាយ។ រុស្ស៊ីដែលឈ្លានពានប្រទេសជិតខាងមួយនេះ ត្រូវបានគេមើលឃើញថា ដោយសារតែមេដឹកនាំជំនាន់ក្រោយនៃប្រទេសអ៊ុយក្រែន មិនព្រមទម្លាក់ខ្លួនជាអាយ៉ងរបស់ក្រុងមូស្គូ ដែលក្រោមការដឹកនាំរបស់បុរសខ្លាំង វ៉្លាឌីមៀរ ពូទីន។ បើសុខចិត្តធ្វើជាមេដឹកនាំអាយ៉ងរបស់លោក ពូទីន ម្ល៉េះមិនមានសង្គ្រាមផ្ទុះឡើងទេ។ កាលពីអ៊ុយក្រែននៅក្រោមការដឹកនាំរបស់លោក វិចទ័រ យ៉ាណាកូវិច មិនមានភាពតានតឹង ហើយឈានដល់ការពើបប្រយុទ្ធគ្នាទេ ព្រោះតែអតីតមេដឹកនាំអ៊ុយក្រែនរូបនេះបានចុះហត្ថលេខាកាត់ដីនៃឧបទ្វីបគ្រីមៀរ ទៅឱ្យរបបលោក ពូទីន កាលខែមីនា ឆ្នាំ២០១៤ ជាថ្នូរនឹងសន្តិភាព។
តែក្រោយពីកាត់ទឹកដីឱ្យរុស្ស៊ីហើយ បុរសម្នាក់នេះ និងគ្រួសារ បានរត់ចោលប្រទេសយ៉ាងលឿនទៅនៅក្រុងមូស្គូ ព្រោះតែប្រជាជន និងកងទ័ពអ៊ុយក្រែនដេញចេញពីអំណាច ហើយកាត់ទោសពីទោសក្បត់ជាតិ។
ចំពោះលោកប្រធានាធិបតី វូឡូឌីមៀ ហ្សេឡេនស្គី និងអតីតប្រធានាធិបតី វិចទ័រ ប៉េរេសឆេនកូ ដែលប្រកាសថ្កោលទោសលោក យ៉ាណាកូវិច បានសច្ចាយកទឹកដីតំបន់គ្រីមៀរ នេះពីរុស្ស៊ីមកវិញ ទោះជាត្រូវធ្វើសង្គ្រាមក៏ដោយ។ ដូចនេះហើយបានជាលោក ហ្សេឡេនស្គី និងលោក ប៉េរេសឆេនកូ បានសម្រេចដាក់ពាក្យសុំចូលជាសមាជិកណាតូ ដើម្បីជាបង្អែកការពារទឹកដីរបស់ខ្លួន។
រដ្ឋាភិបាលលោក ហ្សេឡេនស្គី បានដាក់ពាក្យស្នើសុំចូលជាសមាជិកអង្គការណាតូ ជាផ្លូវការកាលពីខែកញ្ញា ឆ្នាំទៅមិញជាថ្មីម្ដងទៀត ក្រោយពីរុស្ស៊ីឈ្លានពានបានរយៈពេលជាង ៨ខែ។
ខណៈជំនួបកំពូលជិតចូលមកដល់ ប្រធានាធិបតី ហ្សេឡេនស្គី បានអំពាវនាវឲ្យអង្គការណាតូផ្តល់សមាជិកភាពដល់អ៊ុយក្រែន ឲ្យបានឆាប់រហ័ស។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន AP ចុះផ្សាយកាលពីថ្ងៃទី៦ កក្កដា នេះ។
ក្នុងសន្និសីទកាសែតរួមគ្នាមួយជាមួយនាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez ក្នុងទីក្រុងគៀវ កាលពីថ្ងៃទី១ ខែកក្កដា លោក ហ្សេឡេនស្គី បានថ្លែងថា៖ ក្នុងកិច្ចប្រជុំកំពូលណាតូ អ៊ុយក្រែនត្រូវការសញ្ញាយ៉ាងច្បាស់ និងប្រាកដប្រជាថា អ៊ុយក្រែនអាចមានសិទ្ធិក្លាយជាសមាជិកស្មើភាពរបស់សម្ព័ន្ធភាពយោធាមួយនេះក្រោយពីសង្គ្រាមបិទបញ្ចប់។
ការទាមទាររបស់មេដឹកនាំអ៊ុយក្រែន ទទួលបានការគាំទ្រពីមេដឹកនាំសមាជិកណាតូជាច្រើននាក់ រួមទាំងមេដឹកនាំអង់គ្លេស ប៉ូឡូញ និងបណ្តារដ្ឋក្នុងតំបន់ Baltic។ ជាមួយគ្នានេះ ម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនៅទីក្រុងវិលនីញូស គឺប្រធានាធិបតីលីទុយអានី លោក Gitanas Nauseda និយាយថា ការផ្តល់សញ្ញាច្បាស់លាស់ពីសម្ព័ន្ធមិត្តណាតូដល់រដ្ឋាភិបាលក្រុងគៀវ មានភាពរឹងមាំចំពោះអនាគតប្រទេសមួយដែលត្រូវបានមហាអំណាចឈ្លានពាន។
លោក Nauseda បានលើកឡើងថា៖ ទាំងអស់គ្នាយល់ថា ពេលនេះចំពេលដែលមានសង្គ្រាម អ៊ុយក្រែនមិនអាចចូលណាតូបានទេ។ តែត្រូវតែបើកផ្លូវឲ្យបន្តនីតិវិធី បើសង្គ្រាមចប់ គឺអ៊ុយក្រែនត្រូវតែបានក្លាយជាសមាជិកណាតូ។
យ៉ាងណាមិនមែនមានតែអ៊ុយក្រែនទេដែលលំបាកចូលណាតូ គឺប្រទេសស៊ុយអែត ក៏ដូច្នេះដែរ។ ទាំងស៊ុយអែត និងហ្វាំងឡង់ បានបញ្ជូនលិខិតសុំចូលសមាជិកណាតូនៅពេលតែមួយដូចគ្នា ពោលគឺក្រោយពីរុស្ស៊ីលើកទ័ពចូលឈ្លានពានអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ តែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ។ សម្រាប់ហ្វាំងឡង់ បានក្លាយជាសមាជិកណាតូផ្លូវការទៅហើយកាលពីថ្ងៃទី៤ មេសា ក្រោយពីសភាប្រទេសតួកគី និងហុងគ្រី បានសម្រេចផ្ដល់សច្ចាប័ន។ តែស៊ុយអែត នៅតែប្រទេសពីរនេះជំទាស់ដោយមិនផ្ដល់សច្ចាប័ននៅឡើយនោះទេ។
នៅក្នុងជំនួបនៅសេតវិមាន ប្រធានាធិបតី ចូ បៃដិន បានប្រាប់លោកនាយករដ្ឋមន្ត្រី Ulf Kristersson ថា លោកកំពុងទន្ទឹងរង់ចាំការសម្រេចចិត្តចុងក្រោយ ដើម្បីឲ្យស៊ុយអែត ក្លាយជាសមាជិកអង្គការណាតូ។
លោក បៃដិន និយាយថា បានបញ្ជាក់ម្តងទៀតថា លោកគាំទ្រយ៉ាងពេញទំហឹងដល់សមាជិកភាពរបស់ស៊ុយអែត នៅក្នុងអង្គការណាតូ ហើយលោកក៏កំពុងទន្ទឹងរង់ចាំជាខ្លាំងចំពោះការផ្តល់សច្ចាប័នលើពាក្យស្នើសុំនេះ។ ចំណែកលោក Kristersson បានថ្លែងអំណរគុណចំពោះការគាំទ្រដ៏រឹងមាំរបស់លោក បៃដិន ចំពោះការស្នើសុំចូលជាសមាជិកអង្គការណាតូរបស់ស៊ុយអែត ដែលតួកគី និងហុងគ្រី កំពុងជំទាស់។
យ៉ាងនេះក្តី លោកនាយករដ្ឋមន្ត្រីស៊ុយអែត និងលោក បៃដិន យល់ឃើញដូចគ្នាថា កិច្ចប្រជុំកំពូលណាតូដែលនឹងធ្វើឡើងនៅទីក្រុងវិលនីញូស របស់ប្រទេសលីទុយអានី គឺពិតជាពេលវេលាសមរម្យសម្រាប់ការចូលរួមរបស់ស៊ុយអែត ប៉ុន្តែមានតែតួកគីប៉ុណ្ណោះដែលអាចសម្រេចបាន។
ដោយឡែកហុងគ្រី ឯណោះវិញ ក៏បានបង្ហាញថា ខ្លួននឹងធ្វើតាមការសម្រេចចិត្តរបស់តួកគី ក្នុងដំណើរការនេះ។
អគ្គលេខាធិការអង្គការយោធាណាតូ Stoltenberg បានថ្លែងថា ជំនួបពិសេសមួយនៅថ្ងៃទី៦ កក្កដា នេះ ដើម្បីធ្វើសេចក្ដីសម្រេចម្ដងទៀតអំពីអនាគតប្រទេសស៊ុយអែត ត្រូវក្លាយជាសមាជិកអង្គការណាតូ។
លោក Stoltenberg កត់សម្គាល់ថា ជំនួបកំពូលរបស់ណាតូនៅលើទឹកដីនៃប្រទេសលីទុយអានី គឺជាលើកដំបូងដែលមេដឹកនាំប្រទេសហ្វាំងឡង់ ចូលរួមក្នុងក្របខ័ណ្ឌជាសមាជិកថ្មីទី៣១ របស់ណាតូ ហើយចំពោះប្រទេសស៊ុយអែត ក៏ត្រូវតែផ្ដល់ឱកាសជាសមាជិកណាតូនៅពេលនោះដែរ៕