ជំនួបកំពូលនៃអង្គការយោធាណាតូ (NATO) បានបិទបញ្ចប់ហើយកាលពីថ្ងៃទី១២ ខែកក្កដា ដោយបាននាំមកនូវលទ្ធផលជាប្រវត្តិសាស្ត្ររបស់ខ្លួនក្នុងការពង្រឹងកម្លាំងអ្នកប្រជាធិបតេយ្យ និងកម្លាំងយុត្តិធម៌ដែលត្រូវទប់ទល់កម្លាំងបំផ្លាញពីសំណាក់មហាអំណាចរុស្ស៊ី និងមហាអំណាចចិន។
ក្នុងជំនួបរយៈពេល ២ថ្ងៃនៅលើទឹកដីនៃប្រទេសលីទុយអានី ដែលមានព្រំដែនជាប់នឹងរុស្ស៊ី គេសង្កេតឃើញលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិកលេចធ្លោជាងគេ ហើយជាមេដឹកនាំដែលអ្នកសារព័ត៌មានតាមជាប់ជានិច្ចដើម្បីបានស្រង់សម្ដីរបស់លោកមកធ្វើសេចក្ដីរាយការណ៍។
លោក បៃដិន ដែលមើលទៅដូចជាស្ថិតក្រោមសម្ពាធបង្ខំឱ្យទទួលយកអ៊ុយក្រែន ជាសមាជិកណាតូ មេដឹកនាំមហាអំណាចដ៏កំពូលវ័យ ៨០ឆ្នាំរូបនេះបានសន្យាថា អ៊ុយក្រែនការពិតជាផ្នែករបស់ណាតូទៅហើយ។
លោកសង្កត់ធ្ងន់ថា ឱ្យតែចប់សង្គ្រាមភ្លាម គឺអ៊ុយក្រែននឹងក្លាយជាសមាជិកទី៣៣ របស់ណាតូជាផ្លូវការ។ ការសន្យារបស់មេដឹកនាំណាតូដែលមានអំណាចជាងគេនេះ ក្រោយ ២ថ្ងៃប៉ុណ្ណោះដែលអ្នកសារព័ត៌មានបានស្រង់សម្ដីមកចុះផ្សាយដែលលោកថា អ៊ុយក្រែនមិនទាន់មានលក្ខណៈត្រូវត្រៀមជាសមាជិកណាតូនៅឡើយទេ។
ការថ្លែងដូចនេះរបស់លោក បៃដិន បាននាំឱ្យមេដឹកនាំជាច្រើននៃសមាជិកណាតូដែលចង់ទាញអ៊ុយក្រែនចេញមាត់ដង្កាប់របស់រុស្ស៊ី បានប្រតិកម្ម ដោយពួកគេខកចិត្តដែលលោក បៃដិន បង្ហាញជំហរដូចនេះ។
តែទីបំផុត លោក បៃដិន ផ្លាស់ប្ដូរជំហរភ្លាមដោយប្រកាសថា អ៊ុយក្រែនត្រូវតែបានជាសមាជិកណាតូ ក្រោយពីប្រធានាធិបតីតួកគី លោក រេយិប អេឌូហ្គាន់ (Recep Tayyip Erdoğan) បានបង្ហើបថាមិនជាការអ្វីទេសម្រាប់អ៊ុយក្រែនជាសមាជិកណាតូទៅថ្ងៃខាងមុខ ហើយជាមួយគ្នានេះ លោក អេឌូហ្គាន់ ក៏ទម្លាក់ចោលភាពមានះរបស់ខ្លួន ដោយយល់ព្រមឱ្យប្រទេសស៊ុយអែតក្លាយជាសមាជិកណាតូទី៣២។
មេដឹកនាំតួកគីរូបនេះសន្យាថា សភាតួកគីនឹងត្រូវតែផ្ដល់សច្ចាប័នឱ្យស៊ុយអែតជាសមាជិកណាតូនៅក្នុងរង្វង់ ៣ខែទៀត។
តែការដូរជំហររបស់មេដឹកនាំតួកគី ក៏ត្រូវបានមើលឃើញថា លោកស្ថិតក្រោមសម្ពាធជាខ្លាំងពីលោក បៃដិន និងអគ្គលេខាធិការណាតូ លោក ជែនស្តូល ស្តែនបឺគ។
យោងតាមការចុះផ្សាយនៃប្រព័ន្ធផ្សព្វផ្សាយព័ត៌មានបស្ចិមប្រទេស ជំនួបកំពូលណាតូបាននាំមកនូវលទ្ធផលយ៉ាងតិចចំនួនប្រាំករណីនៅចំពោះមុខស្ថានការណ៍តានតឹងជាមួយមហាអំណាចចិន ហើយជាពិសេសសង្គ្រាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន៖
- អង្គការណាតូ ត្រូវបានទទួលស្គាល់ជាកម្លាំងការពារសណ្ដាប់ធ្នាប់ពិភពលោក ដោយការពង្រីកដៃគូនៅក្រៅទ្វីបអឺរ៉ុប និងអាមេរិក ដែលឈានទទួលបានដៃគូពីប្រទេសមានសក្ដានុពលទាំងសេដ្ឋកិច្ច និងយោធានៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ក្នុងតំបន់នេះ ប្រទេសយ៉ាងតិចចំនួន៣ មានជប៉ុន អូស្ត្រាលី និងកូរ៉េខាងត្បូង បានក្លាយជាដៃគូយុទ្ធសាស្ត្រដើម្បីសន្តិសុខតំបន់ក្នុងគោលដៅដែលគេថាទប់ទល់ឥទ្ធិពលចិន និងរុស្ស៊ី។
- សម្រេចបានការពង្រីកសមាជិកថ្មីមួយទៀតជាសមាជិកទី៣២ គឺប្រទេសស៊ុយអែតដែលប្រទេសតួកគី យល់ព្រមទទួលយកប្រទេសមួយនៅអឺរ៉ុបខាងជើងជាសមាជិកយោធាដ៏ធំនៅលើពិភពលោក។
- ប្រទេសអ៊ុយក្រែន ត្រូវបានធានាត្រូវតែក្លាយជាសមាជិកណាតូទី៣៣ នៅពេលសង្គ្រាមឈ្លានពានរបស់រុស្ស៊ីបានបិទបញ្ចប់។
- មេដឹកនាំណាតូសម្រេចបង្កើតមូលដ្ឋានគ្រឹះក្នុងការធានាការពារសន្តិសុខសម្រាប់ប្រទេសអ៊ុយក្រែន ចាប់ពីពេលនេះតទៅ។
- មេដឹកនាំណាតូ សន្យាបន្តផ្ដល់អាវុធទៅឱ្យអ៊ុយក្រែនថែមទៀត ខណៈលោក ចូ បៃដិន ក៏ពិចារណាថានឹងផ្ដល់គ្រាប់មីស៊ីលរយៈចម្ងាយឆ្ងាយទៅឱ្យអ៊ុយក្រែនផងដែរ។
ក្រោយពីបិទបញ្ចប់ជំនួបកំពូលណាតូ គេសង្កេតឃើញលោក បៃដិន និងលោក វូឡូឌីមៀ ហ្សេឡេនស្គី ប្រធានាធិបតីអ៊ុយក្រែន បានបង្ហាញការរីករាយ ជាពិសេសគឺលោក ហ្សេឡេនស្គី។ លោក ហ្សេឡេនស្គី ដែលរីករាយ ព្រោះតែអ៊ុយក្រែនកំពុងធ្វើដំណើរលើផ្លូវដ៏រលូតជាសមាជិកណាតូទី៣៣ ខណៈទទួលបានការសន្យាកាន់តែរឹងមាំជួយអ៊ុយក្រែនប្រឆាំងនឹងរុស្ស៊ី។
សម្រាប់មេដឹកនាំប្រទេសលីទុយអានី ក៏រីកមុខខ្លាំងដែរ ព្រោះបានរៀបចំជំនួបកំពូលណាតូបានដោយជោគជ័យទោះជាប្រទេសតូចមួយមានព្រំដែនជាប់នឹងរុស្ស៊ីកំពុងធ្វើសង្គ្រាមឈ្លានពានអ៊ុយក្រែនក៏ដោយ៕