សាលាដំបូងរាជធានីភ្នំពេញចេញដីកាចាប់ខ្លួនមន្ត្រីជាន់ខ្ពស់បក្សភ្លើងទៀន ២នាក់ គឺអ្នកស្រី វង រុន្នី ប្រធានចលនាស្ត្រីថ្នាក់ជាតិរបស់បក្សនេះ និងលោក អេង ស្រូយ ប្រធានគណៈកម្មាធិការប្រតិបត្តិខេត្តត្បូងឃ្មុំ ដែលត្រូវបានចោទប្រកាន់ពីបទបង្កចលាចលដល់ការបោះឆ្នោត។
តុលាការក្រុងភ្នំពេញកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ បានចេញដីកាបង្គាប់ឱ្យនាំខ្លួនលោក អេង ស្រូយ និងអ្នកស្រី វង រុន្នី ដោយចោទប្រកាន់ពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម គឺបង្កចលាចលដល់ការបោះឆ្នោតតាមមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ បន្ទាប់ពីអ្នកទាំងពីរបានប្រព្រឹត្តនៅកម្ពុជា និងនៅទីកន្លែងផ្សេងទៀតក្នុងឆ្នាំ២០២៣ នេះ និងពេលបន្តបន្ទាប់មកទៀត។
តុលាការក្រុងភ្នំពេញបញ្ជាក់ថា ដើម្បីធានាដល់ការបង្ហាញខ្លួនជនត្រូវចោទនៅចំពោះមុខចៅក្រមស៊ើបសួរ និងដើម្បីធានាដល់ការស៊ើបសួរឱ្យបានពេញលេញ អាជ្ញាធរមានសមត្ថកិច្ចត្រូវនាំខ្លួនជនត្រូវចោទទាំងពីរនាក់ខាងលើមកប្រគល់ឱ្យសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ជាកំហិត។
ការចេញដីកាឱ្យនាំខ្លួនមន្ត្រីជាន់ខ្ពស់បក្សភ្លើងទៀននេះ ធ្វើឡើងបន្ទាប់ពីពួកគេបានរងនូវការចោទប្រកាន់ថា កំពុងផ្សព្វផ្សាយពីយុទ្ធនាការបំផ្លាញសន្លឹកឆ្នោត ដែលផ្ទុយពីច្បាប់បោះឆ្នោតដែលបក្សកាន់អំណាចទើបនឹងកែប្រែកាលពីពេលថ្មីៗនេះ។
អ្នកស្រី វង រុន្នី ប្រធានចលនាស្ត្រីថ្នាក់ជាតិគណបក្សភ្លើងទៀន មានទីកន្លែងកំណើតនៅឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ និងលោក អេង ស្រូយ ប្រធានគណៈកម្មាធិការប្រតិបត្តិខេត្តត្បូងឃ្មុំ មានទីកន្លែងកំណើតនៅភូមិកំពង់ក្រមួន ឃុំព្រៃកន្លោង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង មានមុខរបរជាអតីតគ្រូនគរបាលកម្រិតមធ្យមថ្នាក់លេខ៤ នៃសាលាបណ្ឌិត្យសភានគរបាលកម្ពុជា។
ទាំងលោក អេង ស្រូយ និងអ្នកស្រី វង រុន្នី ត្រូវបានសមត្ថកិច្ចចាប់ខ្លួនដល់គេហដ្ឋានស្នាក់នៅបច្ចុប្បន្នរបស់ពួកគេនៅក្នុងទីក្រុងភ្នំពេញ និងបានបញ្ជូនខ្លួនមកប្រគល់ឱ្យតុលាការក្រុងភ្នំពេញហើយកាលពីថ្ងៃចន្ទ ទី១៧ ខែកក្កដា នេះ។
ទាក់ទិននឹងបញ្ហានេះ គណបក្សភ្លើងទៀនបានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី១៧ កក្កដា ថា រយៈពេល ៤ថ្ងៃចុងក្រោយនេះ មន្ត្រីជាន់ខ្ពស់របស់ខ្លួនចំនួន ៤រូបហើយដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្នុងនោះរួមមានលោក លី រី សមាជិកគណៈកម្មាធិការនាយក និងជាសមាជិកក្រុមការងារគណបក្សភ្លើងទៀនរាជធានីភ្នំពេញ និងលោក ប៊ុន ខេត ប្រធានស្ដីទីគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនរាជធានីភ្នំពេញផងដែរ។
មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិលោក អ៊ុំ សំអាន សរសេរនៅគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃទី១៨ កក្កដា នេះថា អ្នកស្រី វង រុន្នី ប្រធានចលនាស្ត្រីថ្នាក់ជាតិរបស់គណបក្សភ្លើងទៀន និងលោក អេង ស្រូយ ប្រធានប្រតិបត្តិគណបក្សភ្លើងទៀនខេត្តត្បូងឃ្មុំ ត្រូវអាជ្ញាធរចាប់ខ្លួនដើម្បីបង្ខិតបង្ខំឲ្យពួកគេចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ដោយមានការរៀបចំទុកជាមុន។
លោក អ៊ុំ សំអាន បានទម្លាយលិខិតចុះចូលមួយរបស់អ្នកស្រី វង រុន្នី ដែលបានចុះកាលបរិច្ឆេទកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ ក្នុងកម្មវត្ថុសុំចូលរួមជីវភាពនយោបាយជាមួយបក្សប្រជាជនកម្ពុជា ប៉ុន្តែលិខិតចុះចូលនេះត្រូវមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិរូបនេះចោទថា ជាលិខិតដែលមន្ត្រីបក្សប្រជាជនកម្ពុជាត្រៀមទុកជាមុន ដើម្បីបង្ខំឱ្យអ្នកស្រី វង រុន្នី ចុះចូលជាមួយគណបក្សរបស់ពួកគេ។
លោក អ៊ុំ សំអាន ចោទថា លោក ហ៊ុន សែន កំពុងធ្វើនយោបាយបែបស្មោកគ្រោកដោយចាប់ចងមន្ត្រីបក្សប្រឆាំង ដើម្បីបង្ខិតបង្ខំឲ្យពួកគេចុះចូលជាមួយបក្សរបស់ខ្លួនក្នុងបំណងត្រួសត្រាយផ្លូវផ្ទេរអំណាចផ្ដាច់ការតពូជឱ្យកូនប្រុសរបស់គាត់ គឺលោក ហ៊ុន ម៉ាណែត នៅក្រោយការបោះឆ្នោតនេះ។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម បណ្ឌិត មាស នី ធ្លាប់បានលើកឡើងកាលពីពេលថ្មីៗនេះថា ស្ថានភាពនយោបាយនៅកម្ពុជាតែងតែមានការរឹតបន្តឹងរាល់អាណត្តិឱ្យតែថ្ងៃបោះឆ្នោតជិតមកដល់ ហើយការរឹតបន្តឹងនេះនឹងបន្តរហូតទាល់តែការបោះឆ្នោតត្រូវបានបញ្ចប់ ដែលជាបញ្ហាមួយធ្វើឱ្យមជ្ឈដ្ឋានជាតិ និងអន្តរជាតិតែងរិះគន់ថា ការបោះឆ្នោតនៅកម្ពុជាស្ថិតក្នុងស្ថានភាពចង្អៀត ដែលពិបាកនឹងធានានូវការអនុវត្តសិទ្ធិរបស់ម្ចាស់ឆ្នោតក្នុងការជ្រើសរើសគណបក្សនយោបាយ និងមេដឹកនាំដែលពលរដ្ឋខ្មែរស្រឡាញ់ពេញចិត្ត។
ទាក់ទិននឹងបញ្ហានេះ នាយកប្រតិបត្តិមជ្ឈមណ្ឌលការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) លោក មឿន តុលា បានសរសេរលើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃទី១៨ កក្កដា នេះ ដែលទំនងមានចេតនារិះគន់ដល់ស្ថានភាពនយោបាយនៅកម្ពុជាដែលពោរពេញដោយការគាបសង្កត់នៅមុនការបោះឆ្នោតនាចុងខែកក្កដា នេះថា ផ្លូវមួយបើកបរតែម្នាក់ឯង តែបែរជាខ្លាចគេវ៉ាជែងខ្លួនទៅវិញ ដែលខ្លឹមសារនៃការលើកឡើងនេះ គឺហាក់សំដៅទៅរកគណបក្សប្រជាជនកម្ពុជាដែលត្រូវគេមើលឃើញថាកំពុងគាបសង្កត់គណបក្សភ្លើងទៀនកាន់តែខ្លាំងឡើងៗនៅពេលនេះ។
ការបោះឆ្នោតជាតិឆ្នាំ២០២៣ ដែលនៅសល់តែ ៤ថ្ងៃទៀតនេះ ប៉ុន្តែនៅមុនការបោះឆ្នោតនេះត្រូវគេសង្កេតឃើញថា មន្ត្រីជាន់ខ្ពស់ សកម្មជន និងសមាជិកគណបក្សភ្លើងទៀនត្រូវរងនូវការចោទប្រកាន់ និងចាប់ឃុំខ្លួនជាបន្តបន្ទាប់ ក្រោមការបង្គាប់បញ្ជារបស់មេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន ក្នុងនោះអ្នកដែលសុខចិត្តទទួលកំហុសដើម្បីរួចខ្លួនពីការចោទប្រកាន់ ហើយសុំចុះចូលជាមួយបក្សប្រជាជនកម្ពុជាត្រូវលោក ហ៊ុន សែន ផ្តល់ឋានៈតួនាទីក្នុងជួររដ្ឋាភិបាលផងដែរ ក្នុងបំណងដើម្បីកុំឱ្យមានសំឡេងប្រឆាំងចំពោះការបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នាពេលដ៏ខ្លីខាងមុខនេះ៕