របបគ្រប់គ្រងប្រទេសកម្ពុជានៃសម័យសាធារណរដ្ឋខ្មែរដែលផ្តើមឡើងនៅឆ្នាំ១៩៧០ រស់បាន ៥ឆ្នាំក្នុងកាលៈទេសៈផ្ទុះសង្គ្រាមបង្ហូរឈាមឈ្លានពាន ទន្ទ្រានលុកលុយ វាយប្រហារដោយកងទ័ពព្រៃយៀកណាមខាងជើង-យៀកកុង បោះទីតាំងក្នុងទឹកដីខ្មែរកាលពី ១០ឆ្នាំមុន។
មេដឹកនាំ មន្ត្រីរដ្ឋការសម័យនោះមួយចំនួនស្លាប់ដោយខ្មែរក្រហម ឬខ្មែរវៀតមិញក្រហមសម្លាប់ផង ដោយជំងឺចាស់ជរាផង ស្ទើរតែអស់ទៅហើយ ឯអ្នកខ្លះទៀតទៅសុំជ្រកកោនសុំរស់ជាមួយរបបដែលឈ្នះសង្គ្រាម។
មកពីហេតុនេះ ពុំសូវសម្បូរមនុស្សហ៊ានចេញមុខការពារសេចក្តីពិតឲ្យយុត្តិធម៌ដល់ខ្មែរដែលស្លាប់ដោយអយុត្តិធម៌នោះឡើយ។
លោក ហាស់ សាន សូមជូនសេចក្តីរាយការណ៍អំពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនោះដោយប្រៀបធៀបគោលនយោបាយការបរទេសនៃរាជរដ្ឋាភិបាលបច្ចុប្បន្ន ថាតើមានលំនាំលើគន្លងចាស់ដូចសម័យសង្គមរាស្ត្រនិយមដឹកនាំដោយសម្តេច នរោត្តម សីហនុ ឬទេ?
ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិរហូតមកដល់សង្គ្រាមលោកលើកទី២ ឃ្លាប្រយោគ ពាក្យពេចន៍ដែលមនុស្សល្បីៗបានប្រើ និយាយស្រដៀងៗគ្នា គឺ ប្រវត្តិសាស្ត្រសរសេរដោយអ្នកឈ្នះការប្រយុទ្ធការប្រកួតប្រជែង history is written by the victors។
អ្នកខ្លះថាឃ្លាប្រយោគនេះ លោក Winston Churchill នាយករដ្ឋមន្ត្រីអង់គ្លេសសម័យសង្គ្រាមលោកលើកទី២ និយាយ អ្នកខ្លះថាគេនិយាយតាំងពីសម័យមុនលោក Winston Churchill ដូចជាអ្នកការទូត ទស្សនវិទូ ប្រវត្តិវិទូអ៊ីតាលី Niccolo Machiavelli (សតវត្សទី១៥-១៦) អធិរាជបារាំង Napoleon Bonaparte (សតវត្សទី១៨-១៩) អ្នកនិពន្ធ សហគ្រិនអាមេរិកាំង Mark Twain (សតវត្សទី១៩-២០) ទស្សនវិទូជ្វីហ្វ-អាល្លឺម៉ង់ Walter Benjamin (សតវត្សទី១៩-២០) អ្នកកាសែតអង់គ្លេស George Orwell (សតវត្សទី២០) មន្ត្រីនយោបាយជំនិតមេដឹកនាំ ណាតហ្ស៊ី អាល្លឺម៉ង់ ជាយានិកចម្បាំងក្នុងសង្គ្រាមលោកលើកទី១ Hermann Wilhelm Goring (សតវត្សទី២០) ជាដើម។
បើអ្នកឈ្នះសរសេរប្រវត្តិសាស្ត្រផ្អែកតាមការពិតត្រង់ ហេតុការណ៍ពិត ឥតក្លែងក្លាយ ឥតបន្លំបំភ័ន្តតាមចិត្តចង់នោះ មនុស្សជំនាន់ក្រោយនឹងអាចរៀនសូត្រយល់ដឹងរឿងពិតបាន។ បើអ្នកឈ្នះសរសេរប្រវត្តិសាស្ត្រចង់បង្ហាញអំនួត និយាយអំពីវីរភាពខ្លួនឯង លើកខ្លួនឯង យកត្រូវខ្លួនឯងនោះ មនុស្សជំនាន់ក្រោយនឹងដឹងត្រឹមតែរឿងអ្នកឈ្នះនិយាយ រួចទម្លាក់កំហុសទោស ភាពអាម៉ាស់តែទៅលើអ្នកចាញ់តែប៉ុណ្ណោះ។
នេះមានន័យថា គេនិយាយគ្មានហេតុផល គ្មានឫសគល់ សាវតារ ពិចារណាវិភាគល្អិតល្អន់អំពីបុព្វហេតុនៃរឿងរ៉ាវកើតមានក្នុងប្រទេសមួយ រហូតដល់មានចម្បាំងរាំងជល់ស្លាប់រស់គរជើងលើគ្នានោះទេ។ ពេលខ្លះពលរដ្ឋខ្មែរ ទាំងរាស្ត្រ ទាំងនាហ្មឺនមន្ត្រី រួមទាំងអ្នកដឹកនាំផង តែងតែរំឭករឿងក្នុងប្រវត្តិសាស្ត្រម្តងម្កាលថា បញ្ហាខ្មែរវាកើតឡើងចាប់ពីពេលសភាជាតិដកសេចក្តីទុកចិត្តពីសម្តេចព្រះប្រមុខរដ្ឋ នរោត្តម សីហនុ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ដោយក្រុមលោក លន់ នល់, ទ្រង់ ស៊ីសុវត្ថិ សិរិមតៈ, សក់ ស៊ុតសាខន, សុសស្តែនហ្វ៊ែណង់ដែស, លោក ចេង ហេង, អ៊ិន តាំ និងក្រុមស្តាំនិយម គេដាក់ឈ្មោះឲ្យថា ក្រុមខ្មែរខៀវ មានតំណាងរាស្ត្រ ស៊ីម វ៉ា, ទ្រិញ វ៉ាញ, ហឿ ឡាយអ៊ីន, បណ្ឌិត ឌុក រ៉ាស៊ី ជាដើម។ល។
ព្រោះហេតុនេះ យើងសូមធ្វើសេចក្តីរាយការណ៍អំពីព្រឹត្តិការណ៍ឆ្នាំ១៩៧០ នោះ ថាតើវាបែកខ្ញែកឫសមែកធាងពីត្រង់ណាមក ដើម្បីឲ្យពលរដ្ឋខ្មែរដឹងការពិតផង និងផ្តល់យុត្តិធម៌ដល់ខ្មែរស្នេហាជាតិមាតុភូមិ ដែលពុំមានឱកាសមកបកស្រាយផ្ទាល់អំពីមូលហេតុនោះផង។
យោងតាមឯកសារបោះពុម្ពផ្សាយដោយអ្នកនិពន្ធបស្ចិមប្រទេសចាប់ពីទសវត្ស១៩៣០ ដល់១៩៦០ ពួកក្រហមកុម្មុយនីស្តធ្វើចលនាសកម្មភាពប្រឆាំងឥទ្ធិពលមហាអំណាចលោកខាងលិច ឬលោកសេរីនៅជ្រោយឥណ្ឌូចិន មានប្រទេសកម្ពុជា លាវ និងយៀកណាម ដើម្បីទាមទារឯករាជ្យ។
ហូ ជី មិញ ដែលមានឈ្មោះផ្សេងថា ង្វៀង ស៊ីញគុង, ង្វៀង តាត់ថាញ់, ង្វៀង អៃគួក នាំមនោគមន៍វិជ្ជាកុម្មុយនីស្តបែបសង្គមនិយមមកផ្សព្វផ្សាយនៅតំបន់អាស៊ីអាគ្នេយ៍។ ជនជាតិយៀកណាម ទាំងភាគខាងជើង ទាំងភាគខាងត្បូង ជាជាតិសាសន៍មានស្មារតីជាតិនិយមស្នេហាទឹកដី មិនចង់រស់ក្រោមនឹមបរទេស។ ជនជាតិនេះប្រកាសថា គេបានរើបម្រះពីនឹមត្រួតត្រានៃជនជាតិហាន់ គ្រប់គ្រងប្រមាណ ១០០០ឆ្នាំ ពីឆ្នាំ១១១ មុនគ.ស. ដល់គ.ស.៩១៨។ បើយើងទទួលស្គាល់ជាតិសាសន៍ថាមានមនសិការជាតិនិយម ស្នេហាជាតិមាតុភូមិ ចុះហេតុអ្វីខ្មែរប្រើពាក្យនេះមិនបាន? បើចង់បង្ហាញប្រវត្តិសាស្ត្រ ត្រូវបង្ហាញគ្រប់ជ្រុង គេមិនបង្ហាញមួយកំណាត់ទេ។
ឆ្នាំ១៨៨៧ បារាំងមកត្រួតត្រាកាន់កាប់ ហើយបង្កើតជាសហភាពឥណ្ឌូចិនលើទឹកដីយៀកណាម ពីខាងជើងដល់ខាងត្បូង ទឹកដីរាជាណាចក្រកម្ពុជា និងរាជាណាចក្រលាវ។ ហូ ជី មិញ និង វ៉ ង្វៀងយ៉ាប់ បង្កើតចលនា វៀត មិញ ដែលមកពីឈ្មោះពេញថា Việt Nam Độc lập Đồng minh Hội ប្រែថា សម្ព័ន្ធដើម្បីឯករាជ្យ ភាពនៃប្រទេសយៀកណាម នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ១៩៤១។
ហូ ជី មិញ បង្កើតបក្សនយោបាយហៅថា បក្សកុម្មុយនីស្តឥណ្ឌូចិន នៅឆ្នាំ១៩៣០ ហើយ វ៉ ង្វៀងយ៉ាប់ ជាមេទ័ពនៃរណសិរ្សរួបរួម វៀត មិញ។ ក្នុងសង្គ្រាមឥណ្ឌូចិនទី១ ពីឆ្នាំ១៩៤៦ ដល់ឆ្នាំ១៩៥៤ មហាអំណាចបារាំងចាញ់ច្បាំង ហើយដកចេញនៅឆ្នាំ១៩៥៤។ ពេលនោះ ទឹកដីយៀកណាមចែកជាពីរ៖ យៀកណាមខាងជើង និងយៀកណាមខាងត្បូង។
ហូ ជី មិញ មិនសុខចិត្តនឹងប្រទេសយៀកណាមខាងត្បូងប្រកាន់យករបបសេរីនោះទេ ក៏បង្កើតចលនារំដោះ ហើយសហរដ្ឋអាមេរិកបានបន្ថែមជំនួយឧបត្ថម្ភដល់រដ្ឋការក្រុងព្រៃនគរ យៀកណាមខាងត្បូង ដែលទីបំផុតឈានដល់ការប្រឈមមុខគ្នារវាងយៀកណាមខាងជើង និងសហរដ្ឋអាមេរិក រហូតដល់ផ្តើមសង្គ្រាមយៀកណាមនាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៩៥៥។ ហូ ជី មិញ ឧបត្ថម្ភរណសិរ្សរួបរួមជាតិ common front ហៅថា យៀក កុង ពាក្យពេញហៅថា វៀតណាម កុងសាន (Viet Nam Cong San) ឬប្រែថា វៀតណាមកុម្មុយនីស្ត ឆ្នាំ១៩៦០ ដែលមានស្ថាបនិកឈ្មោះ ង្វៀង វ៉ាន់ហ៊ីវ មានទីស្នាក់ការសម្ងាត់នៅខេត្តឡុកនិញ ទល់មុខខេត្តកំពង់ចាម និងក្រចេះ ក្រោមការតម្រង់ទិសពីយៀកណាមខាងជើង។
ឆ្នាំ១៩៥៨-៥៩ យៀកណាមខាងជើងឧបត្ថម្ភចលនាតស៊ូ ប៉ាថេត ឡាវ ហើយត្រួតត្រាទឹកដីលាវ រួចបង្កើតផ្លូវលំហូជីមិញ ដើម្បីបញ្ជូនទាហាន និងសម្ភារៈមកយៀកណាមខាងត្បូង។ នៅឆ្នាំ១៩៦០ ផ្លូវលំហូជីមិញ លាតសន្ធឹងចូលមកប៉ែកឦសាននៃរាជាណាចក្រកម្ពុជា ហើយទ័ពព្រៃយៀកកុង ៨ម៉ឺននាក់បោះទីតាំងអចិន្ត្រៃយ៍នៅទីនោះស្រេច ដំណាលពេលសម្តេចព្រះនរោត្តម សីហនុ ស្នើទៅអង្គការសហប្រជាជាតិនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ១៩៦០ សុំឲ្យមានតំបន់អព្យាក្រឹតនៅអាស៊ីអាគ្នេយ៍ ខណៈមន្ត្រីធំតូចខ្មែរហាក់ដូចជាកំពុងជាប់រវល់នឹងជីវភាពសប្បាយក្នុងទីក្រុង ទីផ្សារ ទីប្រជុំជន។
អំឡុងឆ្នាំ១៩៦៣ យៀកណាមខាងជើងបញ្ជូនទាហានឲ្យមកច្បាំងក្នុងទឹកដីយៀកណាមខាងត្បូងប្រមាណ ៤ម៉ឺននាក់។ ក្នុងអត្ថបទស្រាវជ្រាវសរសេរដោយបណ្ឌិត ហ្គាហ្វា ពាងម៉េត អតីតសាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ បង្រៀននៅសាកលវិទ្យាល័យ ហ្គាម ដែនដីកោះសហរដ្ឋអាមេរិក ផ្សាយក្នុងកាសែត Pacific Daily News ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦ មុនលោកទទួលមរណកាល សម្តេចព្រះប្រមុខរដ្ឋ នរោត្តម សីហនុ បានបញ្ជូនឧត្តមសេនីយ៍ខ្មែរ លន់ នល់ នាយអគ្គសេនាធិការនៃកងយោធពលខេមរភូមិន្ទ ឲ្យដឹកនាំគណៈប្រតិភូ ៧នាក់មាននាយទាហានជាន់ខ្ពស់ខ្មែរ ៥នាក់ផង ទៅចុះកិច្ចព្រមព្រៀងទទួលជំនួយចិន ជាមួយនឹងឧត្តមសេនីយ៍ចិន លួ រូយជិង (Luo Ruiqing ឬ Lo Jui-ching) រដ្ឋមន្ត្រីក្រសួងសន្តិសុខជាតិចិន នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ១៩៦៥ ដោយមានវត្តមានឯករាជទូតខ្មែរ លោក ទ្រឿង កាង និងនាយករដ្ឋមន្ត្រីចិន ជូ អេន ឡាយ ជាសាក្សី។
ក្នុងសៀវភៅបណ្ឌិត រ៉ាអ៊ូល ជេនណា (Raoul Jennar) មានចំណងជើងថា គន្លឹះនៃប្រទេសកម្ពុជា (Les Clés du Cambodge) តាមរយៈកិច្ចព្រមព្រៀងខ្មែរ-ចិននោះ សម្តេច នរោត្តម សីហនុ បានចុះកិច្ចព្រមព្រៀងសម្ងាត់ជាមួយទ័ពព្រៃកុម្មុយនីស្តយៀកណាម ឲ្យកងទ័ពខ្មែរដកសម្ភារៈជំនួយយោធាផ្គត់ផ្គង់ទៅឲ្យទ័ពព្រៃយៀក កុង ឆ្លងកាត់តាមទឹកដីខ្មែរ ១០%។
បណ្ឌិត ហ្គាហ្វា ពាងម៉េត សំអាងលើឯកសារក្នុងអត្ថបទរបស់លោកពីប្រភពនានា ដែលថា ពេលទៅដល់ប្រទេសចិន លោក លន់ នល់ បានទទួលបញ្ជាពីសម្តេច នរោត្តម សីហនុ “ឲ្យនិយាយបញ្ជាក់ដោយមិនសម្ញែង” នូវការអនុញ្ញាតរបស់ខ្មែរឲ្យប្រើប្រាស់កំពង់ផែកំពង់សោម (ក្រុងព្រះសីហនុ) ជាផ្លូវឆ្លងកាត់សម្ភារៈ និងគ្រឿងសព្វាវុធទៅឲ្យទ័ពព្រៃយៀកកុង–យៀកណាមខាងជើង” ក្នុងទឹកដីខ្មែរ។
ប្រភពដដែលបញ្ជាក់ថា៖ ដោយមានការខកចិត្ត លោក លន់ នល់ បានប្រាប់សមាជិកគណៈប្រតិភូរបស់លោកថា កិច្ចព្រមព្រៀងនេះធ្វើឲ្យយើងបាត់បង់អព្យាក្រឹតភាពរបស់យើងហើយ។ សម្តេចយើងបានអនុញ្ញាតឲ្យ “ពួកទមិឡ” មកចូលនៅក្នុងស្រុកយើង។
ខណៈមេដឹកនាំខ្មែរលាក់រឿងជាតិជាមួយពលរដ្ឋខ្លួន ទីភ្នាក់ងារព័ត៌មានមជ្ឈិមបក្សកុម្មុយនីស្តកូរ៉េខាងជើង ផ្សាយពីក្រុងព្យុងយ៉ាង ថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧២ អំពីការសារភាពរបស់សម្តេច នរោត្តម សីហនុ ដែលព្រះអង្គមានបន្ទូលថា ព្រះអង្គសម្រេចព្រះទ័យដោយចេតនាផ្តល់ជំនួយ ៣យ៉ាងដែលសំខាន់ជាងគេបំផុតទៅឲ្យពួកកុម្មុយនីស្តយៀកណាម តាំងតែពីឆ្នាំ១៩៦៣ មកម្ល៉េះ៖
- ការផ្គត់ផ្គង់ជាអង្ករ ត្រីសាច់ (ត្រីងៀត ត្រីឆ្អើរ) អំបិល ម្រេច ខ្ទឹមស ថ្នាំសង្កូវ បរិក្ខារពេទ្យ។ល។ នេះជាកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសាធារណរដ្ឋប្រជាធិបតេយ្យយៀកណាម ដែលមិនទាំងរាប់បញ្ចូលអំណោយមិត្តភាព និងភាតរភាពសង្គ្រោះគ្នាទៅវិញទៅមកដែលសម្តេច សីហនុ ជាប្រធាន។
- ផ្តល់ការអនុញ្ញាតសម្ងាត់ឲ្យសាងសង់មូលដ្ឋានតូចៗនៅលើទឹកដីខ្មែរតាមព្រំប្រទល់ដែន ដើម្បីធ្វើប្រតិបត្តិការសឹក និងដើម្បីសម្រាកកាយ និងថែទាំព្យាបាលទាហានទ័ពព្រៃរបួស។
- ផ្តល់សិទ្ធិចេញចូលដោយសេរីតាមកំពង់ផែក្រុងព្រះសីហនុ ដែលដឹកសម្ភារៈយោធាទៅឲ្យទ័ពព្រៃនៃរណសិរ្សរំដោះជាតិ ឬយៀកកុង ទៅទល់ដែនយៀកណាមខាងត្បូង។
តំណាងរាស្ត្រខ្មែរបានថ្លែងប្រាប់សភាជាតិថា មានពលរដ្ឋក្នុងមណ្ឌលបោះឆ្នោតរបស់ខ្លួនពោលថា ដើម្បីធ្វើដំណើរ អ្នកស្រុកត្រូវកាន់លិខិតបើកផ្លូវ (travel pass) ចេញដោយទ័ពព្រៃយៀកកុង-យៀកណាមខាងជើង។ ក្នុងឆ្នាំ១៩៦៩ ក្នុងដំណើរលោក លន់ នល់ ទៅកាន់តំបន់ភាគឦសាន ទ័ពព្រៃបាញ់ទៅលើក្បួនរថយន្តរបស់លោក។ ប៉ូលិសទាហានប្រចាំការតាមព្រំដែនក៏ប្រឈមនឹងការឈ្លបឆ្មក់បាញ់ពីទ័ពព្រៃដែរ។ ថ្ងៃទី២ ខែមីនា ឆ្នាំ១៩៦៩ សម្តេច នរោត្តម សីហនុ មានបន្ទូលរិះគន់ជាលើកដំបូងចំពោះការបង្កប់ទ័ពព្រៃយៀកកុងតាមតំបន់ព្រំដែនក្នុងទឹកដីខ្មែរ។ ទ័ពព្រៃយៀកកុងប្រកាសបង្កើតរដ្ឋាភិបាលបដិវត្តបណ្ដោះអាសន្នយៀកណាមខាងត្បូង ដែលទទួលស្គាល់ឥតបង្អង់ដោយរដ្ឋការក្រុងហាណូយ។ មានរូបភាពផ្សាយជាច្រើនអំពីភាពស្និទ្ធស្នាលឱបរឹតរវាងសម្តេចព្រះប្រមុខរដ្ឋ ដែលទទួលប្រធាន ហ៊ុញ តាន់ហ្វាត់ (Huynh Tan Phat) នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ១៩៦៩។
ពីដើមទសវត្ស១៩៦០ មកដល់ដើមខែមីនា ឆ្នាំ១៩៧០ ទ័ពព្រៃយៀកកុង-យៀកណាមខាងជើង កាន់កាប់ផ្ទៃដីខ្មែរទំហំ ៣៥០០គីឡូម៉ែត្រក្រឡា លាតសន្ធឹងពីខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ កំពង់ចាម ស្វាយរៀង ព្រៃវែង កណ្តាល តាកែវ កំពត ទៅទិសខាងត្បូងរហូតដល់ឈូងសមុទ្រថៃ។
ប្រជាពលរដ្ឋខ្មែររស់នៅតាមព្រំដែនចាប់ផ្តើមបញ្ចេញកំហឹងនឹងទ័ពព្រៃយៀកកុង-យៀកណាមខាងជើង ដែលមិនខ្លាចក្រែងចិត្តគោរពសិទ្ធិពលរដ្ឋខ្មែរម្ចាស់ទឹកដី។ ស្ថានការណ៍តានតឹងតាមព្រំដែនក្នុងខេត្តស្វាយរៀង បានបង្ខំឲ្យលោក លន់ នល់ ប្រញាប់ប្រញាល់ទូរលេខចំនួន៧ ថ្វាយសម្តេច នរោត្ដម សីហនុ កំពុងគង់នៅឯបរទេស ដើម្បីទូលថ្វាយអំពីព្រឹត្តិការណ៍ក្នុងស្រុក ហើយស្នើសូមបញ្ជូនបេសកជន ២រូបទៅគាល់ព្រះអង្គ ដើម្បីរាយការណ៍ថ្វាយដោយផ្ទាល់ និងរកវិធីមធ្យោបាយដោះស្រាយបញ្ហាគ្រោះថ្នាក់ជាតិ។ ព្រះអង្គមិនត្រឹមតែបានបដិសេធមិនទទួលសំណើទេ ផ្ទុយទៅវិញព្រះអង្គខ្ញាល់ច្រឡោត ប្រើបន្ទូលហៅក្រុមលោក លន់ នល់ ថា “ក្រុមក្បត់មួយក្តាប់” ដែលព័ត៌មាននោះលេចឮដល់ក្រុងភ្នំពេញ។
ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ សភាជាតិ និងក្រុមប្រឹក្សាព្រះរាជាណាចក្របានជួបជុំគ្នាក្នុងសម័យប្រជុំពេញអង្គ ហើយបានបោះឆ្នោតសម្រេចជាឯកច្ឆន្ទដកហូតមុខងារសម្តេច នរោត្តម សីហនុ ពីតំណែងប្រមុខរដ្ឋខ្មែរ។ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩៧០ ព្រះអង្គបានប្រកូកតាមវិទ្យុក្រុងប៉េកាំង ឲ្យប្រជាពលរដ្ឋបះបោរប្រឆាំងនឹងអាជ្ញាធរនៃរដ្ឋបាលថ្មី ដោយអំពាវនាវឲ្យចូលព្រៃម៉ាគី ឬកាន់អាវុធវាយកម្ទេចបនក្បត់។ ទ័ពព្រៃនៃចលនាខ្មែរក្រហមដែលសម្តេច នរោត្តម សីហនុ បានប្រសិទ្ធិនាមឲ្យក្នុងទសវត្ស១៩៦០ ហើយធ្លាប់ចោទលោក ហ៊ូ យន់ ជាជនក្បត់ជាតិនោះ បានឆ្លៀតឱកាសដាក់ខ្លួនដង្ហែព្រះអង្គក្នុងចលនាតស៊ូរំដោះជាតិពីក្រុមខ្មែរលោក លន់ នល់។ មេដឹកនាំខ្មែរក្រហមបានស្នើសុំឲ្យទ័ពព្រៃយៀកកុង-យៀកណាមខាងជើង វាយលុកដើម្បីរំលំរបបលោក លន់ នល់។
ក្នុងបទសម្ភាសន៍ជាមួយអ្នកកាសែតស្រីជាតិអ៊ីតាលី កញ្ញា អូរីយ៉ាណា ហ្វាឡាស៊ី (Oriana Fallaci) នាដើមខែសីហា ឆ្នាំ១៩៧៣ សម្តេច នរោត្ដម សីហនុ មានបន្ទូលថា៖ “ខ្ញុំប្រយុទ្ធដើម្បីឲ្យប្រទេសខ្ញុំទៅជាកុម្មុយនីស្ត។ ខ្ញុំក្តៅ (ខឹង) សហភាពសូវៀតដែលទៅជ្រើសរើសយក លន់ នល់។ ខ្ញុំសម្របខ្លួនខ្ញុំជាមួយខាងខ្មែរក្រហម ហើយខ្ញុំរួមប្រយុទ្ធជាមួយនឹងពួកគេដើម្បីឲ្យប្រទេសកម្ពុជាទៅជាកុម្មុយនីស្ត”។
ក្នុងកិច្ចសម្ភាសន៍ដដែលនោះ ព្រះអង្គបញ្ជាក់ថា៖ “ព្រះអង្គនឹងគ្មានអំណាចអ្វីក្នុងប្រទេសឡើយ ប្រសិនបើជាព្រះអង្គមិនលន់តួលុះតាមឆន្ទៈនៃរណសិរ្សកុម្មុយនីស្តចិន យៀកណាមខាងជើង និងខ្មែរក្រហមទេនោះ”។
លោក លន់ នល់ ខំប្រឹងប្រកាសប្រាប់ពិភពលោក ដោយបង្ហាញភស្តុតាងជាឯកសារ និងឈ្លើយសឹកចាប់បានថា កងទ័ពបរទេសយៀកណាមខាងជើង-យៀកកុង ឈ្លានពានប្រទេសកម្ពុជាយ៉ាងងងើលខុសច្បាប់អន្តរជាតិ ដុតបំផ្លាញសាលារៀន វត្តអារាម មន្ទីរពេទ្យ មណ្ឌលសុខភាពតាមភូមិ-ស្រុកខ្មែរ វាយសន្ធាប់លុកលុយចូលក្រុងភ្នំពេញ ផ្តាច់ស្ពានជ្រោយចង្វារ ជាដើម ប៉ុន្តែសម្តេច នរោត្តម សីហនុ បំពងព្រះសូរសៀងពីក្រៅថាជាកងទ័ពខ្មែរសីហនុនិយម ព្រោះថាកងទ័ពយៀកណាមខាងជើង-យៀកកុងតាមសមរភូមិធំៗបានយកព្រះឆាយាល័ក្ខណ៍ព្រះអង្គពាក់ជាប់នឹងមួកពួកគេ ដើម្បីបំភ័ន្តប្រជារាស្ត្រខ្មែរ។
លោក លន់ នល់ មិនដែលហៅទ័ពព្រៃរំដោះថា ខ្មែរក្រហមឡើយ លោកប្រើពាក្យហៅថា ខ្មែរម្ខាងទៀត។ ការវាយប្រហារពីដំបូងដៃក្រោយថ្ងៃទី២៩ ខែមីនា ឆ្នាំ១៩៧០ ទ័ពព្រៃយៀកណាមខាងជើង-យៀកកុង យកលេសពីការអំពាវនាវពីសម្តេច នរោត្តម សីហនុ ក្រោយកិច្ចប្រជុំនៃប្រជាជនកុម្មុយនីស្តឥណ្ឌូចិន កម្ពុជា លាវ យៀកណាម នៅក្រុងគ្វាងទុង វាយសន្ធាប់លុកលុយចូលដល់ពហុកីឡដ្ឋាន ឬស្តាតចាស់ជិតទួលគោក ក្រុងភ្នំពេញ។ ប៉ុន្តែដោយមានមនសិការស្មារតីស្នេហាជាតិមាតុភូមិ ពលរដ្ឋខ្មែរគ្រានោះគ្រប់ស្រទាប់ រួបរួមកម្លាំងសាមគ្គីគ្នាតតាំងនឹងសត្រូវឈ្លានពាន ការពារទឹកដីដូនតារបស់ខ្លួនដោយឥតរួញរា។
ទ្រង់ ស៊ីសុវត្ថិ សិរិមតៈ ដែលជារាជវង្សមួយអង្គលះបង់ប្រយោជន៍ផ្ទាល់ខ្លួនពីឋានៈវណ្ណៈស្តេចមកជារាស្ត្រ ឲ្យមន្ត្រីហៅថាលោកវិញ កុំហៅទ្រង់ ឬអ្នកអង្គម្ចាស់ ដើម្បីចង់ស្ថាបនារបបមួយបែបប្រជាធិបតេយ្យរហូតដល់អស់ព្រះជន្មដោយខ្មែរក្រហម ឬខ្មែរយៀកមិញក្រហមធ្វើឃាតទៀតនោះ បានលាតត្រដាងក្នុងសារលិខិតថ្វាយសម្តេច នរោត្តម សីហនុ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ១៩៧៣ ថា ទ័ពព្រៃយៀកណាមខាងជើង-យៀកកុងគ្រប់អង្គភាពបោះទីតាំងក្នុងដីខ្មែរនៅតាមបណ្តោយព្រំដែនមានចំនួនសរុប ៦៥០០០នាក់ នៅពេលចាប់ផ្តើមវាយប្រហារលើរបបថ្មីនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ១៩៧០។ ព្រះអង្គអំពាវនាវឲ្យសម្តេច នរោត្តម សីហនុ ឈប់កៀកកើយជាមួយពួកកុម្មុយនីស្ត ឲ្យវិលមករួមដៃដោះស្រាយរឿងគ្រោះថ្នាក់ដល់ជាតិសាសន៍ ព្រោះថាពួកកុម្មុយនីស្តប្រើព្រះអង្គមួយគ្រា រួចគេនឹងឆ្កឹះព្រះអង្គគ្រវែងចោល សុំកុំឲ្យចាញ់បោកពួកក្រហម។
លុះក្នុងការបញ្ចុះបញ្ចូល បញ្ជោរ បញ្ចើចបញ្ចើ និងការសន្យាមួយចំនួន សម្តេច នរោត្តម សីហនុ សុខព្រះទ័យឱបក្រសោបពួកមេខ្មែរក្រហមរត់ចូលព្រៃ ដែលភ័យខ្លាចព្រះអង្គចាប់កាលពីសម័យសង្គមរាស្ត្រនិយម ទៅធ្វើជាមេចលនាទ័ពព្រៃក្នុងរណសិរ្សរួបរួមជាតិកម្ពុជា FUNK រួចក្រោយមកក្នុងរដ្ឋាភិបាលរួបរួមជាតិកម្ពុជា GRUNK។
សំណួរនៅត្រង់ តើព្រះអង្គបានទទួលព័ត៌មានគ្រប់គ្រាន់ឬទេអំពីវត្តមានពួកកុម្មុយនីស្តខ្មែរក្រហម និងខ្មែរយៀកមិញក្រហមរួមដៃគ្នាបោកព្រះអង្គប្រើ។
ចន្លោះពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧១ ពលរដ្ឋខ្មែរស្ម័គ្រចិត្តទៅកាន់អាវុធប្រយុទ្ធតតាំង ហៅថារត់ចូលព្រៃម៉ាគីភាគច្រើនជាគ្រូបង្រៀន សិស្ស និស្សិត ដែលថាស្អាតស្អំ និងមានភក្តីភាពជាមួយសម្ដេចឪ បានតាំងចិត្តទៅចូលរួមប្រយុទ្ធប្រឆាំងរបបលោក លន់ នល់ រំដោះស្រុកឲ្យសម្ដេចឪវិញ។
លោក អ៊ិត សារិន ចាងហ្វាងសាលាបឋមសិក្សា បានចងក្រងបោះពុម្ពសៀវភៅមានចំណងជើងថា៖ ស្រណោះព្រលឹងខ្មែរ នៅខែធ្នូ ឆ្នាំ១៩៧៣ ក្រោយពីបានរស់នៅក្នុងតំបន់ទ័ពព្រៃគ្រប់គ្រងអស់ ៩ខែ បានពណ៌នាអំពីជីវិតពិតៗក្នុងតំបន់រំដោះដែលទ័ពព្រៃធ្វើបាប។ ខ្មែរស្នេហាសម្តេច សីហនុ ដែលរត់ចូលព្រៃម៉ាគី យ៉ាងតិច ៣ពាន់នាក់ ត្រូវគេសម្លាប់គ្មានសល់ក្នុងព្រៃស្រោងខាងជើងផ្លូវជាតិលេខ៦ ខាងជើងស្រុកស្ទោង និងស្រុកកំពង់ស្វាយ ក្នុងភូមិជ្រលុះក្រពើ ឃុំក្រយា និងឃុំសគ្រាម ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។
ក្នុងឯកសាររៀបរៀងចងក្រងដោយលោក ឡុង បូរ៉េត រដ្ឋមន្ត្រីការបរទេស លោក ឆាំង សុង អ្នកនាំពាក្យកងយោធពលខេមរជាតិ និង គង់ ហៃ នាយកផ្នែករដ្ឋបាលបោះពុម្ពផ្សាយនាខែតុលា ឆ្នាំ១៩៧៣ មានចំណងជើងថា៖ “១០០០ថ្ងៃនៃការតស៊ូដើម្បីជាតិ” សរសេរថា កងទ័ពបរទេសយៀកណាមខាងជើង-យៀកកុងរំលោភបំពានមាត្រា២០ នៃកិច្ចព្រមព្រៀងក្រុងប៉ារីសស្តីអំពីការឈប់បាញ់គ្នា និងមាត្រា៨ នៃកិច្ចព្រមព្រៀងក្រុងប៉ារីសចុងក្រោយ ចុះហត្ថលេខានៅថ្ងៃទី២៧ ខែមករា ឆ្នាំ១៩៧៣ ដែលមានចែងអំពីការដកទ័ពបរទេសពីទឹកដីខ្មែរ។
ប៉ុន្តែយៀកណាមខាងជើង និងយៀកកុង ៤៥០០០នាក់ បន្តនៅលើទឹកដីខ្មែរដោយមាន ១០០០០នាក់លួចជ្រៀតចូលក្នុងផ្ទៃប្រទេស ហើយប្រើកម្លាំងទ័ពព្រៃសរុប ២៥០០០នាក់វាយប្រហារលើកងទ័ពសាធារណរដ្ឋខ្មែរ ដែលក្នុងចំនួននេះ ខ្មែរក្រហមមានកម្លាំង ៤០% ឬ ១ម៉ឺននាក់ ខ្មែរយៀកមិញ ២០% ឬ ៥ពាន់នាក់ និងខ្មែរយៀកកុង គឺជនជាតិយៀកណាមរស់នៅស្រុកខ្មែរចូលព្រៃតស៊ូ ៤០% ឬ ១ម៉ឺននាក់។ ដោយឡែកពីនេះ យៀកណាមខាងជើងដកទ័ព ៣កងពលធំទៅក្នុងទឹកដីយៀកណាម ហើយយក ១កងពលធំដាក់រាយតាមព្រំដែនក្នុងខេត្តកំពង់ចាម។ គេបានច្នៃសង្គ្រាមឈ្លានពានដោយកងទ័ពបរទេស ឲ្យប្រែក្លាយរូបភាពទៅជាសង្គ្រាមស៊ីវិល ឬចម្បាំងរវាងខ្មែរនិងខ្មែរ គឺខ្មែរក្រហមដឹកនាំដោយសម្តេច នរោត្តម សីហនុ និងខ្មែរខៀវ ដឹកនាំដោយសេនាប្រមុខ លន់ នល់។
ឆ្នាំ១៩៧៣ សម្តេច នរោត្ដម សីហនុ និងអ្នកម្នាង ម៉ូនិក យាងចូលស្រុកខ្មែរទៅភ្នំគូលែន តាមផ្លូវលំហូជីមិញ ដោយមានទាហានយៀកណាមខាងជើងជូនដំណើររហូតដល់ព្រំដែនខ្មែរ និងស្វាគមន៍យ៉ាងកក់ក្តៅពីមេខ្មែរក្រហម រួមទាំង ប៉ុល ពត ផង។ កិច្ចប្រឹងប្រែងរបស់លោក លន់ នល់ ទ្រង់ ស៊ីសុវត្ថិ សិរិមតៈ និងមន្ត្រីស្នេហាជាតិមាតុភូមិឯទៀតទប់ទល់នឹងកម្លាំងទ័ពព្រៃបរទេស ឬខ្មែរក្រហម មិនបានជោគជ័យ ព្រោះតែមានអតីតមន្ត្រីរាជការក្នុងសម័យសង្គមរាស្ត្រនិយមច្រើនពេកលាក់ពុត គឺថាស៊ីប្រាក់ខែ លន់ នល់ ធ្វើការឲ្យពួកព្រៃកុម្មុយនីស្តដឹកនាំដោយសម្តេច នរោត្តម សីហនុ ដែលធ្លាប់ឲ្យបុណ្យស័ក្តិដល់ពួកគេពីសម័យមុន ហើយចង់ឲ្យសាធារណរដ្ឋខ្មែររលាយ។
គំនិតមិនទៀងទាត់ ផ្លាស់ប្ដូរម្តងថាយ៉ាងនេះម្តងថាយ៉ាងនោះ បត់បែនឥតច្បាស់លាស់ ឆាល់ចុះឆាល់ឡើងក្នុងគោលនយោបាយការបរទេសរបស់សម្តេចព្រះប្រមុខរដ្ឋ នរោត្តម សីហនុ តាមការវិភាគរបស់បណ្ឌិត ហ្គាហ្វា ពាងម៉េត ថាបានធ្វើឲ្យព្រះអង្គភ្លេចប្រយោជន៍ជាតិខ្មែរ។ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ១៩៦៤ ព្រះអង្គមានបន្ទូលថា៖ “…និយាយក្នុងភាពស្មោះត្រង់ទាំងស្រុង វាមិនមែនជាផលប្រយោជន៍របស់យើងទេ ថាត្រូវទាក់ទងដោះស្រាយជាមួយពួកបស្ចិមប្រទេសដែលជាតំណាងបច្ចុប្បន្នកាល មិនមែនអនាគតកាលឡើយ…។ ផលប្រយោជន៍របស់យើង គឺត្រូវទាក់ទងដោះស្រាយជាមួយក្រុមដែលថ្ងៃមួយនឹងត្រួតត្រាគ្រប់គ្រងអាស៊ីទាំងមូល ហើយយើងត្រូវទាក់ទងជាមួយគេមុនពេលគេឈ្នះ”។
ខែមិថុនា ឆ្នាំ១៩៦៤ ព្រះអង្គមានបន្ទូលក្នុងសន្និសីទសារព័ត៌មាននៅក្រុងប៉ារីស ថា៖ “កងទ័ពរៀបរយនៃរណសិរ្សរំដោះជាតិយៀកណាម បានត្រួតត្រាកាន់កាប់ជាលក្ខណៈអចិន្ត្រៃយ៍ និងមិនទៀងទាត់ផ្ទៃដី ៤/៥ នៃព្រំប្រទល់ដែនយើងជាប់ជាមួយយៀកណាមខាងត្បូង”។
ឆ្នាំ១៩៦៨ សម្តេច នរោត្តម សីហនុ ប្រកាសថា៖ “គ្មានការជំទាស់” ចំពោះវត្តមានអាមេរិកាំងក្នុងតំបន់ ដើម្បីជា “កត្តាតទល់” ជាមួយនឹងប្រទេសចិន ដែលបាន “ជំរុញលើកទឹកចិត្ត និងដឹកនាំសកម្មភាពនានារបស់ពួកកុម្មុយនីស្តនៅតាមមូលដ្ឋាន”។
ប្រយោជន៍ជានិរន្តរ៍ ឬអចិន្ត្រៃយ៍របស់ខ្មែរពេលសហរដ្ឋអាមេរិកដកកងទ័ពពីតំបន់ឥណ្ឌូចិននៅឆ្នាំ១៩៧៣ ហើយនៅឆ្នាំ១៩៧៥ ពួកកុម្មុយនីស្តឈ្នះ គឺត្រូវមានអព្យាក្រឹតភាព អធិបតេយ្យជាតិ ឯករាជភាពយ៉ាងខ្ជាប់ខ្ជួន។
សហរដ្ឋអាមេរិកបានកំណត់ច្បាស់លាស់អំពីផលប្រយោជន៍របស់ខ្លួន គិតទាំងការដកទ័ពអាមេរិកាំងចេញពីតំបន់ រីឯចិន និងយៀកណាមវិញ គឺបណ្តេញអាមេរិកាំងចេញពីតំបន់។ ដូច្នេះ ស្រុកខ្មែរមានតម្លៃតែនៅពេលណាដែលខ្លួនបានបម្រើប្រយោជន៍ និងការប្រកួតប្រជែងប្រឆាំងរបស់ពួកគេតែប៉ុណ្ណោះ។
ថ្ងៃទី២៨ ខែមីនា ឆ្នាំ១៩៦៩ សម្តេច នរោត្តម សីហនុ បានបង្ហាញក្រុមអ្នកកាសែតនូវផែនទីយ៉ាងល្អិតល្អន់អំពីទីតាំងកងកម្លាំងទ័ពព្រៃកុម្មុយនីស្តយៀកណាម “ទាំងកងវរសេនាតូច ទាំងកងវរសេនាធំ” តាមបណ្តោយព្រំដែនខ្មែរ ពីទិសពាយព្យខេត្តរតនគិរី ទៅដល់សមុទ្រភាគខាងត្បូង។
គួររំឭកថា នៅខែមករា ឆ្នាំ១៩៦៣ ព្រះអង្គមានបន្ទូលថា៖ “អ្នកជិតខាងយើងខាងកើត មិនថាក្រហមឬខៀវទេ គ្រោះថ្នាក់ណាស់ បើមិនប្រុងប្រយ័ត្នទេនោះ”។ ព្រះអង្គគង់ជាមួយពួកក្រហមរហូតថ្ងៃជ័យជម្នះរបស់គេ ១៧មេសា ១៩៧៥ ការពារទាំងខ្មែរក្រហម ទាំងខ្មែរយៀកមិញក្រហម។
លោក ខៀវ សំផន និងសម្តេចចៅហ្វាវាំង ប៉ែន នុត ទៅយាងសម្តេច នរោត្តម សីហនុ ពីក្រុងព្យុងយ៉ាង ដោយទូលព្រះអង្គថាឲ្យព្រះអង្គគង់ជាប្រមុខរដ្ឋមួយជីវិត។ ព្រះអង្គយាងធ្វើមាតុភូមិនិវត្តន៍ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ១៩៧៥ ហើយបានធ្វើជាព្រះអធិបតីនៃកិច្ចប្រជុំក្រុមប្រឹក្សាគណៈរដ្ឋមន្ត្រី។ ខែមករា ឆ្នាំ១៩៧៦ សម្តេច នរោត្តម សីហនុ អមព្រះរាជដំណើរដោយសម្តេច ប៉ែន នុត លោក ខៀវ សំផន និងព្រះជាយា ម៉ូនិក សីហនុ បានយាងទៅកាន់ខេត្តបាត់ដំបង និងសៀមរាប ហើយត្រូវក្រុម ប៉ុល ពត មន្ទិលថា ព្រះអង្គមានបំណងធ្វើរដ្ឋប្រហារ។ ព្រះអង្គលាលែងតំណែងពីព្រះប្រមុខរដ្ឋមួយជីវិតនៅថ្ងៃទី២ ខែមេសា ឆ្នាំ១៩៧៦។ រដ្ឋអំណាចខ្មែរក្រហមឲ្យព្រះអង្គគង់ក្នុងប្រាសាទខេមរិន្ទ គ្មានសេរីភាពដូចអ្នកទោស ហើយរាជវង្ស រួមទាំងបុត្រាបុត្រីរបស់ព្រះអង្គក៏មិនដឹងជាគេយកទៅឯណាបាត់អស់។
ក្រោយពីព្រះអង្គលាលែងពីតំណែងប្រមុខរដ្ឋ លោក ខៀវ សំផន ឡើងជាប្រមុខរដ្ឋ ដែលគេហៅថា ប្រធាន គណៈប្រធានរដ្ឋ។ ប្រជាជនខ្មែររងការចោទថាជាភ្នាក់ងារសេអ៊ីអា (CIA) ឬការហ្ស៊េបេ (KGB) ហើយយកទៅសម្លាប់ចោល។ ក្រោយពីកងទ័ពកុម្មុយនីស្តនៃសាធារណរដ្ឋសង្គមនិយមយៀកណាម វាយលុកលុយទន្ទ្រានឈ្លានពានរំលំរបបកម្ពុជាប្រជាធិបតេយ្យ ឬខ្មែរក្រហម សម្តេច នរោត្តម សីហនុ យល់ព្រមដឹកនាំចលនាតស៊ូនៃរដ្ឋាភិបាលចម្រុះត្រីភាគីកម្ពុជាប្រជាធិបតេយ្យ ដើម្បីដេញទ័ពបរទេសចេញពីទឹកដីខ្មែរម្តងទៀត។
ក្នុងដំណើរនយោបាយទៅមុខទៅក្រោយ ព្រះអង្គមានបន្ទូលនាដើមទសវត្ស១៩៨០ នៅប្រទេសអូស្ត្រាលី អំពីគ្រោះថ្នាក់ដល់អាយុជីវិតជាតិខ្មែរម្តងទៀត អំពីវត្តមានកងទ័ពនៃរដ្ឋការក្រុងហាណូយក្នុងប្រទេសកម្ពុជា។ ដើមទសវត្ស១៩៩០ ក្នុងជំនួបចម្រុះភាគីខ្មែរនៅប្រទេសបារាំង ព្រះអង្គមានបន្ទូលដូច្នេះថា៖ “អ្នកបោក សីហនុ បាន មិនទាន់កើតទេ!” ហើយថា “យួនជាក្រពើ ខ្ញុំធ្លាប់ជួយយួនរហូតដល់អស់រាជបល្ល័ង្ក”។
ក្រោយពីឡើងគ្រងរាជ្យក្នុងរាជាណាចក្រទី២ ខែកញ្ញា ឆ្នាំ១៩៩៣ សម្តេច នរោត្តម សីហនុ មិនហ៊ានមានបន្ទូលប៉ះពាល់ដល់ប្រទេសយៀកណាម និងជនជាតិយៀកណាមពេញប្រទេសទៀតទេ។ ព្រះអង្គបែរជាទម្លាក់កំហុសទាំងស្រុងលើក្រុម លន់ នល់ ថាជាអ្នកដឹកអាវុធ គ្រាប់រំសេវ ស្បៀងអាហារ ពុករលួយស៊ីលុយយៀកកុង-យៀកណាមខាងជើង ហើយថាព្រះអង្គវិញ “ជួយដែរ តែជួយបន្តិចបន្តួច”។
ថ្ងៃទី៧ ខែកក្កដា ឆ្នាំ១៩៧៤ ដោយមានការជួយជ្រោមជ្រែងពីឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក John Gunther Dean លោក លន់ នល់ ស្នើសុំឲ្យមានការចរចាជាមួយនឹង “ខ្មែរម្ខាងទៀត” ដោយគ្មានលក្ខខណ្ឌជាមុន ដែលជាការចរចារវាងខ្មែរនិងខ្មែរ។ ប៉ុន្មានម៉ោងក្រោយមក សម្តេច នរោត្តម សីហនុ បានបដិសេធទាំងស្រុងចំពោះសំណើលោក លន់ នល់។ តាមឯកសារគន្លឹះនៃប្រទេសកម្ពុជា ព្រះអង្គប្រកាសថា៖ “ខ្ញុំនឹងវិលចូលមកក្រុងភ្នំពេញវិញតែល្គឹកណាប្រជាពលរដ្ឋត្រូវបណ្តេញចេញទាំងអស់តែប៉ុណ្ណោះ”។
ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៦ ពួកកុម្មុយនីស្តទាំងពីរបក្ស ខ្មែរក្រហម និងខ្មែរយៀកមិញក្រហមប្រមាណ ២៦០០នាក់ដែលត្រឡប់ពីហាណូយវិញ គ្រប់គ្រងស្រុកខ្មែរទាំងស្រុងជាមួយគ្នា ជាឋានៈកម្មាភិបាលចាប់ពីគណៈស្រុក ដល់ថ្នាក់មជ្ឈិម។ ពលរដ្ឋខ្មែរស្លាប់ពេញរណ្តៅ សពអណ្ដែតពាសពេញទន្លេ ស្ទឹង បឹងបួ មានតាំងពីពេលនោះមក មិនមែនទើបតែកើតមានពេល ប៉ុល ពត រកឃើញមនុស្សក្បត់បក្ស ហើយផ្តើមបោសសម្អាតកម្ទេចពួកប៉ុនប៉ងបម្រើមហិច្ឆតាបរទេស ដែលគេចោទថា “ក្បាលយួនខ្លួនខ្មែរ” នៅឆ្នាំ១៩៧៧ នោះទេ។ ទោះជាដូច្នេះក្តី បរទេសជំពាក់ជំពិនក្នុងរឿងវាលពិឃាតរួចខ្លួនទាំងអស់ ដោយសារមេដឹកនាំខ្មែរការពារបិទបាំងដូចកាលសម័យលាក់ទ័ពព្រៃតាមជាយដែនពីគណៈកម្មការត្រួតពិនិត្យ ICC ដូច្នោះដែរ។
ពលរដ្ឋខ្មែរគួរឆ្ងល់ គួរគិតថា តើមានមូលហេតុអ្វីសម្ដេចឪទៅដឹកនាំគាំទ្រទ័ពបរទេសឈ្លានពានស្រុកកំណើតព្រះអង្គ? តើមូលហេតុអ្វី ក្រុងហាណូយមកវាយប្រហារស្រុកខ្មែរ បើរឿងទម្លាក់សម្តេច នរោត្តម សីហនុ ជារឿងផ្ទៃក្នុងរបស់ខ្មែរ? នាយករដ្ឋមន្ត្រី ផាំ វ៉ាន់ដុង សន្យាគោរពព្រំប្រទល់ដែនកម្ពុជា–យៀកណាមឆ្នាំ១៩៥៤ រីឯទាហានទ័ពព្រៃយៀកណាមខាងជើង–យៀកកុង ប្រកាសថាគេមកច្បាំងយកអំណាចថ្វាយសម្ដេចឪវិញ។
វីរជនខ្មែរស្នេហាជាតិមាតុភូមិ អធិបតេយ្យជាតិ ឯករាជភាព បូរណភាពទឹកដីខ្មែរ លទ្ធិប្រជាធិបតេយ្យនាសម័យសាធារណរដ្ឋខ្មែរ ដូចជាទ្រង់ ស៊ីសុវត្ថិ សិរិមតៈ នាយករដ្ឋមន្ត្រី ឡុង ប៉ូរ៉េត ជាដើម គួរណាស់តែកូនខ្មែរជំនាន់ក្រោយៗចេះទទួលស្គាល់ គោរព ផ្តល់តម្លៃ យកគំរូតាម មិនគួរឡើយមានកូនខ្មែរសម្ដែងអកតញ្ញូចំពោះវីរបុរសខ្មែរទាំងនោះទេ។
សម្រាប់ពលរដ្ឋខ្មែរស្នេហាយុត្តិធម៌ នេះជាសាវតារ ជាព្រឹត្តិការណ៍ពិតក្នុងប្រវត្តិសាស្ត្រខ្មែរដែលខុសពីរបាយការណ៍អ្នកឈ្នះភូតកុហកកាឡៃសាច់រឿងប្រាប់ពលរដ្ឋខ្លួន ហើយបិទសិទ្ធិសេរីភាពមិនឲ្យពលរដ្ឋឆ្ងល់ និងមិនឲ្យនិយាយនោះទេ។
មេគណបក្សការងារអង់គ្លេសឈ្មោះ Michael Foot (១៩១៣−២០១០) និយាយថា៖ “បុរសៗកាន់អំណាចគ្មានពេលអានអ្វីទាំងអស់ ប៉ុន្តែបុរសៗមិនអានអ្វីនោះហើយ ដែលមិនសមឲ្យកាន់អំណាច”៕