35 C
Phnom Penh

កញ្ញា សេង ធារី ស្នើ​ចូលរួម​ក្នុង​បន្ទប់​សវនាការ​ដោយ​ផ្ទាល់​គ្រប់​នីតិវិធី​សវនាការ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេធាវី​ខ្មែរ​អាមេរិកាំង កញ្ញា សេង ធារី ស្នើ​ទៅ​តុលាការ​ក្រុង​ភ្នំពេញ​ឲ្យ​ជួយ​យក​កញ្ញា​ពី​ពន្ធនាគារ​ខេត្ត​ព្រះវិហារ ដើម្បី​មក​ចូលរួម​ក្នុង​បន្ទប់​សវនាការ​ផ្ទាល់​នៅ​គ្រប់​នីតិវិធី​សវនាការ​ទាំងអស់ បន្ទាប់ពី​កញ្ញា​បញ្ចប់​កូដកម្ម​អត់​អាហារ​អស់​រយៈពេល ១០​ថ្ងៃ។

យោង​តាម​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) សរសេរ​លើ​ហ្វេសប៊ុក​នា​ថ្ងៃទី​៣ ខែ​សីហា ឆ្នាំ​២០២៣ ថា ក្រុម​ការងារ​របស់ ម.ស.ម.ក បាន​ទៅ​ជួប​សួរ​សុខទុក្ខ​កញ្ញា សេង ធារី នៅ​ពន្ធនាគារ​ខេត្ត​ព្រះវិហារ កាលពី​ថ្ងៃទី​០២ ខែ​សីហា ឆ្នាំ​២០២៣។ ប្រភព​ដដែល​បាន​លើកឡើង​ថា អំឡុង​ពេល​សួរ​សុខទុក្ខ​នោះ កញ្ញា សេង ធារី បាន​ស្នើសុំ​ឲ្យ​តុលាការ​ជួយ​យក ឬ​ដឹក​កញ្ញា​ពី​ពន្ធនាគារ​ខេត្ត​ព្រះវិហារ មក​ចូលរួម​ដោយ​ផ្ទាល់​នៅ​ក្នុង​បន្ទប់​សវនាការ​នៅ​គ្រប់​នីតិវិធី​សវនាការ​ទាំងអស់។

CCHR បញ្ជាក់​ថា ស្ថានភាព​សុខភាព​រាងកាយ និង​ផ្លូវចិត្ត​របស់​កញ្ញា​ល្អ​ប្រសើរ​ផង​ដែរ បន្ទាប់ពី​កញ្ញា​បញ្ចប់​កូដកម្ម​អត់​អាហារ។ កញ្ញា សេង ធារី ធ្វើ​កូដកម្ម​បង្អត់​អាហារ​រយៈពេល ១០​ថ្ងៃ គឺ​ចាប់ផ្ដើម​តាំងពី​ថ្ងៃទី​១៧ ខែ​កក្កដា និង​បញ្ចប់​នៅ​ថ្ងៃទី​២៦ ខែ​កក្កដា ដើម្បី​ជា​សារ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​រៀបចំ​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ បើក​លំហ​សិទ្ធិ​សេរីភាព​ពលរដ្ឋ សិទ្ធិ​នយោបាយ ហើយ​ដោះលែង​កញ្ញា និង​អ្នកទោស​នយោបាយ​ផ្សេង​ទៀត​ឲ្យ​មាន​សេរីភាព​វិញ។

ជុំវិញ​រឿង​នេះ ក្រុម​ការងារ​ទទួល​បន្ទុក​ការ​ឃុំ​ខ្លួន​តាម​ទំនើងចិត្ត​របស់​អង្គការ​សហប្រជាជាតិ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ចុះ​ថ្ងៃទី​១២ ខែ​កក្កដា ឆ្នាំ​២០២៣ ដោយ​ចាត់ទុក​ការ​ឃុំ​ខ្លួន​កញ្ញា សេង ធារី ធ្វើឡើង​ដោយ​បំពាន​ទៅ​នឹង​ច្បាប់​អន្តរជាតិ និង​ជាប់​ហេតុផល​នយោបាយ។

អ្នកជំនាញ​ទាំងនោះ​បញ្ជាក់​ថា ការ​ឃុំ​ខ្លួន​កញ្ញា សេង ធារី គឺ​ស្ថិត​នៅ​ក្នុង​ការ​បង្ក្រាប​ជា​ទ្រង់ទ្រាយ​ទៅ​លើ​សេរីភាព​នៃ​ការ​បញ្ចេញមតិ ហើយ​ការ​រំលោភ​លើ​នីតិវិធី​ត្រឹមត្រូវ​តាម​ច្បាប់​ជា​ការ​រៀបចំ​ដើម្បី​គំរាមកំហែង​កញ្ញា​ឲ្យ​ស្ងាត់ស្ងៀម។

មេធាវី​ខ្មែរ​អាមេរិកាំង កញ្ញា សេង ធារី ត្រូវ​តុលាការ​ក្រោម​បញ្ជា​លោក ហ៊ុន សែន កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ៦​ឆ្នាំ កាលពី​ថ្ងៃទី​១៤ ខែ​មិថុនា ឆ្នាំ​២០២២ ដោយ​ចោទប្រកាន់​ពី​បទ​រួម​គំនិត​ក្បត់ និង​បទ​ញុះញង់​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ទាក់ទង​នឹង​ផែនការ​មាតុភូមិ​និវត្តន៍​មិន​ជោគជ័យ​របស់​លោក សម រង្ស៊ី កាលពី​ចុង​ឆ្នាំ​២០១៩។

ចាប់តាំងពី​ឆ្នាំ​២០២២ ដល់​ខែ​សីហា ឆ្នាំ​២០២៣ កញ្ញា សេង ធារី ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​រយៈពេល​ជាង​មួយ​ឆ្នាំ​មក​ហើយ បន្ទាប់ពី​សមត្ថកិច្ច​ចាប់ និង​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ក្នុង​ខេត្ត​ព្រះវិហារ កាលពី​ថ្ងៃទី​១៥ ខែ​មិថុនា ឆ្នាំ​២០២២។

ការ​ចោទប្រកាន់ និង​បញ្ជូន​កញ្ញា សេង ធារី ទៅ​ឃុំ​នៅ​ពន្ធនាគារ​ខេត្ត​ព្រះវិហារ ឆ្ងាយ​ពី​សាច់ញាតិ និង​មិត្តភក្ដិ​នេះ ត្រូវ​បាន​អ្នកវិភាគ​នយោបាយ អង្គការ​ជាតិ និង​អង្គការ​អន្តរជាតិ ចាត់ទុក​ថា​ជា​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ក្រោម​ការ​ដឹកនាំ​បែប​ផ្ដាច់ការ​របស់​លោក ហ៊ុន សែន។ ពួកគេ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន និង​កូនប្រុស​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ដោះលែង​កញ្ញា សេង ធារី និង​សកម្មជន​នយោបាយ​ផ្សេងៗ​ជាបន្ទាន់ ដោយ​គ្មាន​លក្ខខណ្ឌ ដើម្បី​លើក​កម្ពស់​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ឡើងវិញ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស