26 C
Phnom Penh

ពលរដ្ឋ​ជាច្រើន​គ្រួសារ​នាំគ្នា​តវ៉ា​និង​រារាំង​មិន​ឱ្យ​អាជ្ញាធរ​អប្សរា​ចុះ​រុះរើ​តង់​និង​ផ្ទះ​របស់​ពួកគេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋ​ជាច្រើន​គ្រួសារ​នៅ​ឃុំ​រលួស ស្រុក​ប្រាសាទបាគង ខេត្ត​សៀមរាប នៅ​ថ្ងៃទី​៨ សីហា នេះ បាន​ប្រមូលផ្ដុំ​គ្នា​តវ៉ា ដើម្បី​រារាំង​អាជ្ញាធរ​អប្សរា​ដែល​បាន​ចុះ​រុះរើ​តង់​លក់ដូរ​របស់​ពួកគេ​ដោយ​គ្មាន​ការ​ជូនដំណឹង និង​គ្មាន​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ។

អ្នក​ភូមិ​តាប្រាក់ ឃុំ​រលួស បាន​រៀបរាប់​អំឡុង​ពេល​ពួកគេ​ចុះ​ទៅ​រារាំង​អាជ្ញាធរ​អប្សរា​ថា ប្រសិនបើ​ពួកគាត់​មិន​ប្រមូលផ្ដុំ​គ្នា​ទេ អាជ្ញាធរ​អប្សរា​នឹង​ចុះ​រុះរើ​តង់ និង​ផ្ទះ​ពលរដ្ឋ​ក្នុង​ភូមិ​អស់​ជា​មិន​ខាន​ឡើយ។

បើ​តាម​វីដេអូ​ឃ្លីប​ជាង ១២​នាទី ដែល​អ្នក​ភូមិ​បាន​ឡាយ​លើ​បណ្ដាញ​សង្គម លើកឡើង​ថា ការ​ដែល​ពលរដ្ឋ​នាំគ្នា​ប្រមូលផ្ដុំ​តវ៉ា​ដូច្នេះ ដោយសារ​មិន​ពេញចិត្ត​ទង្វើ និង​សកម្មភាព​របស់​អាជ្ញាធរ​អប្សរា។ ពួកគេ​ព្រមាន​ថា​នឹង​មិន​អនុញ្ញាត​ឲ្យ​អាជ្ញាធរ​ជាតិ​អប្សរា​ចុះ​រុះរើ​ផ្ទះ និង​តង់​ដែល​ត​ភ្ជាប់​នឹង​តូប​លក់ដូរ​របស់​ពួកគេ​តាម​អំពើ​ចិត្ត​នោះ​ឡើយ។

សារព័ត៌មាន The Cambodia Daily មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នក​នាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​លោក ឡុង កុសល បាន​នៅឡើយ​ទេ​ជុំវិញ​រឿង​នេះ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​ចុះ​រុះរើ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​នៅ​ភូមិ​តាប្រាក់ ឃុំ​រលួស ស្រុក​ប្រាសាទបាគង ខេត្ត​សៀមរាប នេះ ធ្វើឡើង​បន្ទាប់ពី​រដ្ឋាភិបាល និង​អាជ្ញាធរ​ជាតិ​អប្សរា​បាន​បង្ខំ​ឲ្យ​ពលរដ្ឋ​ប្រមាណ ៣​ពាន់​នាក់​រស់នៅ​ឃុំ​ព្រះដាក់ និង​ឃុំ​ផ្សេង​ទៀត ចាកចេញ​ពី​លំនៅឋាន​បច្ចុប្បន្ន ប្ដូរ​ទៅ​នៅ​ទីតាំង​ថ្មី​នៅ​ក្នុង​តំបន់​រុនតាឯក។

បើ​តាម​របាយការណ៍​ដែល​ចេញ​ដោយ​អាជ្ញាធរ​មូលដ្ឋាន ឱ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ ពលរដ្ឋ​ដែល​រស់នៅ​តំបន់​អភិវឌ្ឍន៍​រុនតាឯក​មាន​ចំនួន​ជាង ២​ពាន់​គ្រួសារ។

តែ​យ៉ាងណា ប្រជាពលរដ្ឋ​ដែល​ផ្លាស់​ពី​តំបន់​អង្គរ​ទៅ​រស់នៅ​តំបន់​អភិវឌ្ឍន៍​រុនតាឯក ក្នុង​ស្រុក​បន្ទាយស្រី ខេត្ត​សៀមរាប បាន​ត្អូញត្អែរ​ពី​ផលលំបាក​ដោយសារ​ទឹក​ជន់​លិច​ផ្ទះ​នៅ​រដូវ​វស្សា និង​ខ្វះខាត​ផ្នែក​ជីវភាព ដោយ​មិន​អាច​បង្កើត​មុខរបរ​បាន ព្រោះតែ​គ្មាន​រោងចក្រ សហគ្រាស និង​ផ្សារ ជាដើម ដែល​ជា​បន្ទុក​មួយ​ដ៏​ធំ​បន្ថែម​ទៀត​សម្រាប់​អ្នក​រស់នៅ​តំបន់​អភិវឌ្ឍន៍​រុនតាឯក​នេះ​ដែរ។

ក្រៅពី​ជួប​បញ្ហា​ផ្នែក​ជីវភាព និង​ទឹក​លិច​ផ្ទះ ពួកគេ​បាន​ស្នើ​ទៅ​អាជ្ញាធរ​ពន្លឿន​ការ​រៀបចំ​ប្រព័ន្ធ​លូ​រំដោះ​ទឹក​ឲ្យ​បាន​ឆាប់ ដើម្បី​បញ្ចៀស​ជំនន់​ទឹកភ្លៀង​ដែល​នឹង​កើតឡើង​ក្នុង​រដូវវស្សា​នេះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស