26 C
Phnom Penh

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ប្រកាស​ធ្វើ​បាតុកម្ម​ទាមទារ​វៀតណាម​ដោះលែង​សកម្មជន​សិទ្ធិមនុស្ស​៤​រូប

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នៅ​តាម​បណ្ដា​ប្រទេស​ផ្សេងៗ គ្រោង​ធ្វើ​មហា​បាតុកម្ម​ទូទាំង​ពិភពលោក​នៅ​មុខ​ស្ថានទូត​វៀតណាម ចាប់ពី​ថ្ងៃទី​២១ ខែ​សីហា ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​សកម្មជន​សិទ្ធិមនុស្ស​ខ្មែរក្រោម ៤​នាក់​ដែល​ត្រូវ​អាជ្ញាធរ​វៀតណាម ចាប់​ខ្លួន ខណៈ​ពលរដ្ឋ​ខ្មែរក្រោម​ក៏​បាន​នាំគ្នា​ធ្វើ​បាតុកម្ម​ក្នុង​ផ្ទះ។

ក្នុង​សេចក្ដី​ជូនដំណឹង​ស្ដីពី «មហា​បាតុកម្ម​ទូទាំង​ពិភពលោក» របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា ដែល​ចេញ​ផ្សាយ​កាលពី​ពេល​ថ្មីៗ​ថា ខ្លួន​នឹង​រៀបចំ​ធ្វើ​នៅ​មុខ​ស្ថានទូត​វៀតណាម ទាមទារ​ឲ្យ​របប​ក្រុង​ហាណូយ (Hanoi) ដោះលែង​សកម្មជន​សិទ្ធិមនុស្ស​ខ្មែរក្រោម​ចំនួន​បួន​នាក់​ជាបន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ។

សហព័ន្ធ​ខ្មែរក្រោម​កម្ពុជា​ដែល​ប្រកាស​ធ្វើ​មហា​បាតុកម្ម ក្នុង​នោះ​នៅ​ថ្ងៃទី​២១ ខែ​សីហា នឹង​ធ្វើ​នៅ​ក្នុង​រដ្ឋធានី Washington D.C នៃ​សហរដ្ឋ​អាមេរិក ហើយ​នៅ​ថ្ងៃទី​១ ខែ​កញ្ញា នឹង​ធ្វើ​នៅ​ក្នុង​ទីក្រុង San Francisco រដ្ឋ California សហរដ្ឋ​អាមេរិក។ ចំណែក​ថ្ងៃទី​២៥ ខែ​សីហា នឹង​ធ្វើ​បាតុកម្ម​នៅ​ខេត្ត Ontorio នៃ​ប្រទេស​កាណាដា ហើយ​ថ្ងៃទី​២ ខែ​កញ្ញា សហព័ន្ធ​ខ្មែរក្រោម​នឹង​ធ្វើ​នៅ​ទីក្រុង​ឡាអេ ប្រទេស​ហុល្លង់ ទ្វីប​អឺរ៉ុប។

ក្រៅពី​ទីតាំង​នេះ សហព័ន្ធ​ខ្មែរក្រោម​អះអាង​ថា ការ​ធ្វើ​បាតុកម្ម​ក៏​មាន​នៅ​កន្លែង​ផ្សេងៗ​ទៀត​ដែរ ដោយ​អ្នក​ចូលរួម​ការ​ទាមទារ​ពាក់​អាវយឺត មាន​រូប​សកម្មជន​សិទ្ធិមនុស្ស​ខ្មែរក្រោម ៤​រូប ដែល​ត្រូវ​សមត្ថកិច្ច​វៀតណាម ចាប់​ខ្លួន​ផង​ដែរ។

សកម្មជន​សិទ្ធិមនុស្ស​ទាំង ៤​រូប​ត្រូវ​អាជ្ញាធរ​វៀតណាម​ចាប់​ខ្លួន​កាលពី​ថ្ងៃទី​៣១ ខែ​កក្កដា ឆ្នាំ​២០២៣ បន្ទាប់ពី​ពួកគេ​ធ្វើ​សកម្មភាព​ផ្សព្វផ្សាយ​ពី​ប្រវត្តិសាស្ត្រ​ទឹកដី​កម្ពុជា​ក្រោម និង​ឯកសារ​ស្ដីពី «សិទ្ធិ​ជនជាតិ​ដើម» របស់​អង្គការ​សហប្រជាជាតិ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក និង​នៅ​តាម​មូលដ្ឋាន​របស់​ខ្លួន។

ក្រោយពី​អាជ្ញាធរ​វៀតណាម​ចាប់​ខ្លួន​ពលរដ្ឋ​ខ្មែរក្រោម កាលពី​ថ្ងៃទី​០១ ខែ​សីហា សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម ដោះលែង​ពលរដ្ឋ​ខ្មែរក្រោម​ចំនួន ៤​នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​ចោទប្រកាន់​ពី​បទ «កេង​ចំណេញ​លើ​សិទ្ធិ​សេរីភាព និង​លទ្ធិប្រជាធិបតេយ្យ បំពាន​ផល​ប្រយោជន៍​របស់​រដ្ឋ និង​សិទ្ធិ​សេរីភាព​ស្រប​ច្បាប់​នៃ​អង្គការ​ចាត់តាំង និង​បុគ្គល» តាម​ច្បាប់​របស់​រដ្ឋាភិបាល​វៀតណាម និង​បញ្ឈប់​រាល់​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ខ្មែរក្រោម ដោយ​ចាត់ទុក​ថា​ការ​ធ្វើ​ទុក្ខបុកម្នេញ​នេះ គឺជា​ការ​រំលោភ​សិទ្ធិមនុស្ស និង​បំពាន​លើ​គោលការណ៍​សិទ្ធិមនុស្ស​អន្តរជាតិ។

ចំណែក​ប្រជាពលរដ្ឋ​ខ្មែរ​ក៏​បាន​នាំគ្នា​ធ្វើ​បាតុកម្ម​តាម​ផ្ទះ ដោយ​សរសេរ​ពាក្យ «ដោះលែង​សកម្មជន​សិទ្ធិមនុស្ស» ដោយ​ពាក់​អាវ​រូប​អ្នក​ទាំង ៤​រូប និង​បាន​ប្ដូរ​ប្រូហ្វាល់​ហ្វេសប៊ុក​ដោយ​ដាក់​រូប​សកម្មជន​សិទ្ធិមនុស្ស​ទាំង ៤​រូប ដោយ​ភ្ជាប់​ជាមួយ​នឹង​ការ​ទាមទារ​ឱ្យ​ដោះលែង​ពួកគេ​ឲ្យ​មាន​សេរីភាព​ឡើងវិញ​ផង​ដែរ។

ទឹកដី​កម្ពុជា​ក្រោម​មាន​ផ្ទៃដី​ទំហំ ៦៧៧០០​គីឡូម៉ែត្រ​ក្រឡា ឬ​មាន​ចំនួន ២១​ខេត្ត-ក្រុង ត្រូវ​បាន​រដ្ឋាភិបាល​អាណានិគម​បារាំង​ចុះ​ហត្ថលេខា​ប្រគល់​ទៅ​ឱ្យ​ប្រទេស​វៀតណាម​ត្រួតត្រា​បន្ត​ដែល​ខ្មែរក្រោម​ចាត់ទុក​ថា​ខុស​ច្បាប់ កាលពី​ថ្ងៃទី​៤ ខែ​មិថុនា ឆ្នាំ​១៩៤៩។

ដែនដី​កម្ពុជា​ក្រោម​ដែល​អាណានិគម​បារាំង​ហៅថា​កូសាំងស៊ីន បច្ចុប្បន្ន​ត្រូវ​បាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ប៉ាន់​ប្រមាណ​ថា​មាន​ពលរដ្ឋ​ខ្មែរក្រោម​រស់នៅ​ប្រមាណ​ជាង ៧​លាន​នាក់ ប៉ុន្តែ​រដ្ឋាភិបាល​វៀតណាម​តែង​អះអាង​ថា ខ្មែរក្រោម​មាន​ចំនួន​ប្រមាណ ១​លាន ៣​សែន​នាក់​ប៉ុណ្ណោះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស