ពលករខ្មែរដែលកំពុងមានវិបត្តិការងារនៅប្រទេសជប៉ុន លើកឡើងថា ការដែលស្ថានទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុន មិនដឹងរឿងដាច់ចរន្តអគ្គិសនីរហូតធ្វើឱ្យប៉ះពាល់ដល់ដំណើរការស្ថានីយរថភ្លើង គឺបង្ហាញពីទង្វើអសមត្ថភាពក្នុងការងាររបស់ពួកគេយ៉ាងពិតប្រាកដ។
ប្រភពដដែលបញ្ជាក់ថា មន្ត្រីស្ថានទូតទំនងជាដឹងតែរឿងណាដែលសារព័ត៌មានចុះផ្សាយប៉ុណ្ណោះ ប៉ុន្តែបញ្ហាណាដែលសារព័ត៌មានមិនបានចុះផ្សាយ ពួកគេប្រហែលជាមិនបានដឹងនោះទេ ដូច្នេះមានន័យថា ពួកគេក៏មិនបានដឹងពីសុខទុក្ខពលករខ្មែរដូចគ្នាដែរ បើស្ថានទូតរង់ចាំមើលតែសារព័ត៌មានចុះផ្សាយនោះ។
ពលករខ្មែរដែលកំពុងបម្រើការងារនៅប្រទេសជប៉ុន ប្រាប់សារព័ត៌ The Cambodia Daily ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះនៅថ្ងៃទី២១ សីហា នេះថា នៅប្រទេសជប៉ុនមានក្រុមហ៊ុនសូឡាផ្គត់ផ្គង់អគ្គិសនីឱ្យក្រុមហ៊ុនរថភ្លើងជប៉ុន ហើយក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនីនេះត្រូវបានពលករខ្មែរលួចកាត់យកខ្សែភ្លើងដែលបណ្តាលឱ្យប៉ះពាល់ដល់ដំណើរការដល់ក្រុមហ៊ុនរថភ្លើងផងដែរ ប៉ុន្តែដោយសារការខូចខាតមានកម្រិតសមល្មមដែលអាចជួសជុលបាន ខាងក្រុមហ៊ុនក៏បានជួសជុលតែម្តង ហើយខាងសារព័ត៌មានក៏មិនបាចចុះផ្សាយអំពីករណីនេះច្រើនដែរ ប៉ុន្តែខាងក្រុមហ៊ុនបានទៅរាយការណ៍ប្រាប់ប៉ូលិសពីរឿងនេះដើម្បីឱ្យមានការស៊ើបអង្កេត។
ប្រភពដដែលលើកឡើងថា ដោយសារតែខាងក្រុមហ៊ុនបានជួសជុលការខូចខាតនោះ មន្ត្រីប៉ូលិសជប៉ុនក៏មិនបានសួរដេញដោលរឿងទៅកាន់មន្ត្រីស្ថានទូតខ្មែរដែរ ប៉ុន្តែករណីនេះបង្ហាញថា ស្ថានទូតខ្មែរគាត់នឹងមិនដឹងរឿងអ្វីទាំងអស់ ប្រសិនបើប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសជប៉ុនមិនបានចុះផ្សាយនោះ ដូច្នេះរឿងថៅកែក្រុមហ៊ុនរំលោភបំពានសិទ្ធិការងារនៅក្នុងកន្លែងធ្វើការ ក៏ស្ថានទូតខ្មែរមិនដឹងដូចគ្នាដែរ។ ជាងនេះទៀត រឿងសមាគមគាបសង្កត់ពួកគេឱ្យធ្វើតាមការរំលោភបំពានសិទ្ធិការងាររបស់ថៅកែក្រុមហ៊ុន ក៏ស្ថានទូតខ្មែររឹតតែមិនដឹងថែមទៀត។
ពលករខ្មែរដែលកំពុងមានវិបត្តិទាំងនោះត្អូញត្អែរថា ពួកគេឆ្លងដែនទៅធ្វើការងារនៅប្រទេសជប៉ុន គឺដើម្បីរកការងារស្របច្បាប់សម្រាប់ចិញ្ចឹមគ្រួសារ មិនមែនដើម្បីទៅធ្វើចោរនោះទេ ប៉ុន្តែនៅកន្លែងធ្វើការត្រូវថៅកែរំលោភបំពានសិទ្ធិការងារ សមាគមដែលបញ្ជូនខ្លួនមកក៏មិនជួយរកដំណោះស្រាយ មានតែគាបសង្កត់ ខណៈស្ថានទូតមិនអើពើចុះជួយពួកគេ ដូច្នេះពួកគេមានតែរត់គេចចេញពីកន្លែងធ្វើការប៉ុណ្ណោះ ដើម្បីរក្សាជីវិតឱ្យនៅរស់បន្តទៀត។
ពលករខ្មែរខាងលើលើកឡើងថា ពួកគេមិនចង់រត់គេចពីកន្លែងធ្វើការរបស់ពួកគេទេ ប៉ុន្តែដោយសារតែពួកគេទ្រាំនឹងការធ្វើបាបរបស់ថៅកែក្រុមហ៊ុនមិនបាន។ ប្រភពដដែលបន្តថា ដើម្បីរកប្រាក់ចាយវាយប្រចាំថ្ងៃ ពួកគេមានតែធ្វើការងារខុសច្បាប់ប៉ុណ្ណោះ ប៉ុន្តែការងារខុសច្បាប់ គឺមិនទៀងទាត់ឡើយ ជួនកាលបានធ្វើ ជួនកាលមិនបានធ្វើ ដូច្នេះពួកគេគ្មានលុយសម្រាប់ចំណាយប្រចាំថ្ងៃនោះទេ អ៊ីចឹងហើយ ដោយសារតែទាល់ច្រក ពួកគេក៏សម្រេចចិត្តទាក់ទងក្រុមចោរចូលរួមលួចរបស់របរផ្សេងៗដើម្បីបានលុយចិញ្ចឹមជីវិតបន្តទៀត។
ប្រភពដែលបញ្ជាក់ថា ប្រសិនបើស្ថានទូតខ្មែរយកចិត្តទុកដាក់នឹងពលករ ជួយដោះស្រាយបញ្ហានៅកន្លែងការងារ កុំឱ្យមានការរំលោភបំពានពីថៅកែរោងចក្រ ពួកគេក៏មិនចាំបាច់រត់ចេញពីកន្លែងធ្វើការរហូតធ្លាក់ខ្លួនធ្វើជាចោរលួច ដើម្បីរកលុយចិញ្ចឹមក្រពះនោះដែរ ប៉ុន្តែនៅពេលមានបញ្ហា ស្ថានទូតខ្មែរមិនត្រឹមតែមិនប្រឹងប្រែងដោះស្រាយបញ្ហាឱ្យពួកគេទេ តែបែរជាចោទពលករដែលកំពុងជួបវិបត្តិទាំងនោះថាជាក្រុមប្រឆាំង ដើម្បីទម្លាក់កំហុសលើពួកគេទៅវិញ។
កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុន បានអះអាងថា អំពើចោរកម្មលួចកាត់ខ្សែភ្លើងដែលកើតមានកន្លងមក គឺជាការលួចកាត់ខ្សែភ្លើងសូឡាប៉ុណ្ណោះ ពុំមែនខ្សែភ្លើងធ្វើឱ្យស្ថានីយរថភ្លើងលែងដំណើរការនោះទេ ដែលការលួចកាត់នេះមានការរៀបចំជាប្រព័ន្ធ ពុំមែនគ្រាន់តែដោយសារជួបវិបត្តិអត់ការងារធ្វើនោះដែរ។
ស្ថានទូតខ្មែរលើកឡើងថា សហជីពដែលបានលើកឡើងពីបញ្ហានេះ ពុំមែនជាសហជីពទទួលបន្ទុកការពារសិទ្ធិពលករខ្មែរនោះទេ ក៏ប៉ុន្តែជាប្រភេទសហជីពលើកទឹកចិត្តឱ្យកម្មសិក្សាការីបរទេសប្ដឹងនឹងក្រុមហ៊ុនប៉ុណ្ណោះ ជាពិសេសសហជីពនោះពុំដែលទំនាក់ទំនងមកស្ថានទូតឡើយ ព្រោះថាសហជីពនោះគឺមានបុគ្គលិកខ្មែរដែលមាននិន្នាការគាំទ្រអតីតគណបក្សសង្គ្រោះជាតិ។
ជាងនេះទៀត ស្ថានទូតកម្ពុជាបញ្ជាក់ថា ចំពោះករណីធ្វើអត្តឃាតរបស់កម្មសិក្សាការីក្នុងឆ្នាំ២០២២ មិនមែនដោយសារការរងសម្ពាធការងារនោះទេ គឺជាការចាញ់បោករត់តាមមេខ្យល់ទៅធ្វើការខុសច្បាប់ប៉ុណ្ណោះ ខណៈក្រុមការងារស្ថានទូតក៏បានចូលរួមកម្មវិធីបូជាសពនេះផងដែរ។
កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ សហជីពប្រចាំប្រទេសជប៉ុន ដែលធ្វើការលើវិស័យការងារ ត្អូញត្អែរថា ពលករខ្មែរដែលប្រព្រឹត្តអំពើចោរកម្មដោយការលួចកាត់ខ្សែភ្លើងរហូតធ្វើឱ្យស្ថានីយរថភ្លើងលែងដំណើរការជាបន្តបន្ទាប់មកនេះ គឺដោយសារតែពួកគេជួបវិបត្តិអត់ការងារ ព្រោះតែរត់ចេញពីក្រុមហ៊ុនដែលថៅកែរំលោភសិទ្ធិការងារ និងគ្មានការជួយដោះស្រាយបញ្ហាពីស្ថានទូតខ្មែរ។
ដោយឡែកករណីពាក់ព័ន្ធនឹងពលករខ្មែរដែលធ្វើអត្តឃាតកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ ឈ្មោះ លោក តេង ឆវ័ន្ត នៅខេត្តកាណាកាវ៉ា ប្រទេសជប៉ុន គឺជាករណីរងសម្ពាធពីការងារដែលគ្មានការជួយដោះស្រាយពីស្ថានទូតសុទ្ធសាធ ព្រោះថាដោយសារតែគ្មានដំណោះស្រាយឱ្យពលកររូបនោះរួចផុតពីការរំលោភបំពានសិទ្ធិការងារនេះហើយ ទើបរូបគេចាញ់បោកមេខ្យល់ទៅធ្វើការដោយខុសច្បាប់។
ជាងនេះទៀត នៅពេលដែលពលករនោះបានស្លាប់ ភាគីខាងក្រុមហ៊ុនបានបដិសេធមិនផ្តល់សំណងនោះទេ ខណៈស្ថានទូតក៏មិនបានចេញមុខទាមទារសំណងនោះដែរ ប៉ុន្តែដោយសារតែសហជីពដែលមានមូលដ្ឋាននៅប្រទេសជប៉ុនធ្វើការតវ៉ា ទើបភាគីខាងក្រុមហ៊ុនផ្តល់សំណងទៅឱ្យជនរងគ្រោះតាមច្បាប់។
ក្រុមអ្នកសង្កេតការណ៍លើកឡើងថា វាជារឿងធម្មតាទៅហើយសម្រាប់មន្ត្រីរដ្ឋាភិបាលកម្ពុជាដែលតែងចោទពលករកម្មករដែលតវ៉ារកយុត្តិធម៌ពីការរំលោភសិទ្ធិការងារ តែបែរជាត្រូវមន្ត្រី និងស្ថាប័នពាក់ព័ន្ធចោទពួកគេថាជាក្រុមប្រឆាំងមានចេតនាញុះញង់នោះ ព្រោះថាការចោទប្រកាន់បែបនេះគឺជាល្បិចដែលពួកគេព្យាយាមបិទបាំងពីកំហុសរបស់ខ្លួនក្នុងចេតនាមិនទទួលខុសត្រូវលើការងាររបស់ខ្លួនដែលបានប្រព្រឹត្តខុសកន្លងមកនោះ៕