អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ត្រូវបានដឹកចូលទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីលោកស្ថិតក្នុងពន្ធនាគារបានមួយយប់នៅយប់ថ្ងៃទី២២ ខែសីហា ជាថ្ងៃដែលលោកវិលចូលប្រទេសថៃវិញក្រោយពីនិរទេសខ្លួននៅក្រៅប្រទេសរយៈពេលជិត ១៧ឆ្នាំ។
បើតាមមន្ត្រីពន្ធនាគារឲ្យដឹងថា លោក ថាក់ស៊ីន មានជំងឺសម្ពាធឈាម និងបេះដូង ដែលក្នុងហេតុផលនេះបាននាំឱ្យគ្រូពេទ្យយល់ព្រមឱ្យអតីតនាយករដ្ឋមន្ត្រីវ័យ ៧៤ឆ្នាំរូបនេះសម្រាកព្យាបាលនៅមន្ទីរពេទ្យរហូតស្ថានភាពនៃសុខភាពរបស់លោកប្រក្រតីវិញ។
ទីភ្នាក់ងារសារព័ត៌មាន Reuters បានចុះផ្សាយនៅថ្ងៃទី២៣ ខែសីហា នេះថា លោក ថាក់ស៊ីន ត្រូវបានដឹកទៅព្យាបាលនៅមន្ទីរពេទ្យរបស់ប៉ូលិសក្រុងបាងកក នៅម៉ោងទៀបភ្លឺថ្ងៃទី២៣ ខែសីហា។
វេជ្ជបណ្ឌិត Soponrat Singhajaru បានបញ្ជាក់ថា មកដល់រសៀលថ្ងៃពុធនេះ ស្ថានភាពនៃសុខភាពរបស់លោក ថាក់ស៊ីន បានប្រសើរបន្តិចហើយ។ ចំពោះអ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោក Prachub Wongsuk បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា ពេទ្យប្រចាំការនៅពន្ធនាគារបានវាយតម្លៃឃើញថាមានការខ្វះវេជ្ជបណ្ឌិត និងឧបករណ៍ពេទ្យដែលពិបាកមើលថែអ្នកជំងឺ ជាហេតុត្រូវបញ្ជូនលោក ថាក់ស៊ីន ទៅកាន់មន្ទីរពេទ្យ។
អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ត្រូវបានប៉ូលិសឃាត់ខ្លួនភ្លាមៗ ហើយបញ្ជូនទៅកាន់តុលាការកំពូល បន្ទាប់ពីរូបលោកវិលត្រឡប់ចូលប្រទេសថៃ តាមជើងយន្តហោះចុះចតនៅអាកាសយានដ្ឋាន Don Mueang នៅទីក្រុងបាងកក នៅម៉ោង ៩ព្រឹកកាលពីថ្ងៃទី២២ សីហា។ តុលាការកំពូលបានចេញសាលដីកានៅចំពោះមុខលោកដោយផ្ដន្ទាទោសលោករយៈពេល ៨ឆ្នាំក្នុងសំណុំរឿងព្រហ្មទណ្ឌ ក្រោមបទចោទប្រព្រឹត្តអំពើពុករលួយ និងបំពានអំណាចរដ្ឋកាលអំឡុងលោកកាន់តំណែងនាយករដ្ឋមន្ត្រី។
ក្រោយពីតុលាការកំពូលបានបញ្ជាក់អំពីការសម្រេចផ្ដន្ទាទោសអតីតនាយករដ្ឋមន្ត្រីថៃរូបនេះហើយ សមត្ថកិច្ចពន្ធនាគារបាននាំខ្លួនលោកតាមរថយន្តដឹកទៅឃុំខ្លួនក្នុងពន្ធនាគារក្នុងតំបន់មួយនៃទីក្រុងបាងកក។ លោក ថាក់ស៊ីន ធ្លាប់បានច្រានចោលរាល់ការចោទប្រកាន់ទាំងឡាយប្រឆាំងនឹងរូបលោក ដោយបានចោទថាតុលាការមានចេតនានយោបាយ។
លោក ថាក់ស៊ីន ជានាយករដ្ឋមន្ត្រីជាប់ឆ្នោតមកពីគណបក្សថៃរ៉ាក់ថៃ ដែលជាបក្សដើមរបស់បក្សភឿថៃ។ លោកបានឡើងកាន់តំណែងនាយករដ្ឋមន្ត្រីនៅឆ្នាំ២០០១ ដោយបានកាន់តំណែងបានពេញមួយអាណត្តិ ៥ឆ្នាំ។
លោកបានកាន់តំណែងនាយករដ្ឋមន្ត្រីអាណត្តិទី២ បានជិតមួយឆ្នាំប៉ុណ្ណោះ ក៏ត្រូវពួកយោធាធ្វើរដ្ឋប្រហារនៅខែកញ្ញា ឆ្នាំ២០០៦។ ការវិលមកវិញរបស់អតីតនាយករដ្ឋមន្ត្រីថៃរូបនេះ គឺជាការបិទបញ្ចប់ភាពជាអ្នកនយោបាយនិរទេសខ្លួនរយៈពេលជិត ១៧ឆ្នាំ។
ហេតុអ្វីបានជាលោក ថាក់ស៊ីន សម្រេចយកថ្ងៃទី២២ ខែសីហា ជាការវិលចូលប្រទេសថៃវិញ?
អ្នកសង្កេតការណ៍មើលឃើញថា នយោបាយរបស់បក្សភឿថៃ ផ្ដោតទៅលើលោក ថាក់ស៊ីន តាំងតែពីបក្សនេះបង្កើតឡើង ក្រោយបក្សថៃរ៉ាក់ថៃ ដឹកនាំដោយលោក ថាក់ស៊ីនផ្ទាល់ត្រូវបានរំលាយ ហើយក្រុមអ្នកនយោបាយរបស់លោក ថាក់ស៊ីន និងប្អូនស្រីរបស់លោក គឺអតីតនាយករដ្ឋមន្ត្រី យីងឡាក់ រួមទាំងសាច់ញាតិរបស់លោក ចាំបាច់ត្រូវបង្កើតបក្សនេះឡើង។
ព្រោះតែជាឱកាសដ៏ល្អចំពេលបក្សភឿថៃ បានឈានមុខគេក្នុងការបង្កើតរដ្ឋាភិបាលចម្រុះក្រោមស្ថានការណ៍ទៅរកការផ្សះផ្សាជាតិ រហូតមានកិច្ចព្រមព្រៀងជាមួយបក្សយោធាទៀតផងនោះ ជាហេតុនាំឱ្យលោក ថាក់ស៊ីន ចាំបាច់ត្រូវប្រើឱកាសនេះវិលចូលប្រទេសថៃវិញដោយមិនត្រូវអូសបន្លាយពេលទៀតនោះទេ។
ឱកាសដ៏ល្អទៀតនោះ លោក ថាក់ស៊ីន អាចគិតថាថ្ងៃទី២២ សីហា ជាការបើកប្រជុំរដ្ឋសភាដើម្បីជ្រើសតាំងនាយករដ្ឋមន្ត្រីថ្មី ដែលបេក្ខជនមកពីបក្សភឿថៃទៀតនោះ បាននាំឱ្យលោកត្រូវតែសម្រេចដូចនេះ។
ទីបំផុត សភាថៃបានបោះឆ្នោតជ្រើសតាំងលោក Srettha Thavisin ជានាយករដ្ឋមន្ត្រីថ្មីរបស់រាជាណាចក្រថៃ ដែលមកពីបក្សភឿថៃ។
លោក ថាក់ស៊ីន ត្រូវបានចាត់ទុកថាជាមេបក្សភឿថៃ តាមព្រឹត្តិន័យ។
ព្រឹត្តិការណ៍ជាវិជ្ជមាននេះ នឹងនាំទៅរកការបិទបញ្ចប់ការជាប់គាំងនយោបាយចាប់តាំងពីការបោះឆ្នោតសភាកាលពីថ្ងៃទី១៤ ខែឧសភា មកនេះ។
តាមលទ្ធផលបោះឆ្នោតបង្ហាញថា សមាជិកព្រឹទ្ធសភា និងរដ្ឋសភា ៤៨២រូបបានបោះឆ្នោតគាំទ្រលោក Srettha ដែលនាំឱ្យលោកជាប់ឆ្នោតជានាយករដ្ឋមន្ត្រីដោយមានសំឡេងភាគច្រើនលើសលប់ក្រោមច្បាប់រដ្ឋធម្មនុញ្ញថៃ ឆ្នាំ២០១៧ ដែលពួកយោធាតាក់តែងឡើង។
ឥឡូវនេះ លោក Srettha Thavisin ដែលជាអ្នកនយោបាយជំនាន់ក្រោយនៃគណបក្សភឿថៃ បានក្លាយជានាយករដ្ឋមន្ត្រីទី៣០ របស់រាជាណាចក្រថៃ ដោយឡើងជំនួសលោក ប្រាយុទ្ធ ចាន់អូចា ជានាយករដ្ឋមន្ត្រីទី២៩។ លោក Srettha ជានាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលចម្រុះ ១១គណបក្ស ក្នុងនោះមានបក្សរបស់ពួកយោធាផងដែរ។
ក្រុមអ្នកសង្កេតការណ៍យល់ថា យោងតាមសុខភាព និងអាយុរបស់លោក ថាក់ស៊ីន ដែលវ័យកាន់តែចាស់ហើយនោះ ព្រះមហាក្សត្រអាចនឹងលើកលែងទោសមហាសេដ្ឋីថៃរូបនេះតាមសំណើរបស់នាយករដ្ឋមន្ត្រីដែលមកពីបក្សភឿថៃ ក្រោមបរិយាកាសនៃការផ្សះផ្សាជាតិ និងបញ្ឈប់ជម្លោះជាមួយនឹងពួកយោធា៕