33.8 C
Phnom Penh

លោក ថាក់ស៊ីន ត្រូវ​បាន​នាំ​ខ្លួន​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ដើម្បី​អនុវត្ត​ទោស​មួយ​ឆ្នាំ​បន្ទាប់ពី​តុលាការ​កំពូល​ចេញ​សាលក្រម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ពន្ធនាគារ​ថៃ នៅ​ថ្ងៃ​អង្គារ ទី​៩ ខែ​កញ្ញា បាន​ឱ្យ​ដឹង​ថា សមត្ថកិច្ច​បាន​នាំ​ខ្លួន​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ទៅ​ដល់​ពន្ធនាគារ​ក្នុង​ទីក្រុង​បាងកក ហើយ បន្ទាប់ពី​តុលាការ​កំពូល​ចេញ​សាលក្រម​ឱ្យ​រូបលោក​អនុវត្ត​ទោស​ជាប់​ពន្ធនាគារ​មួយ​ឆ្នាំ​ឡើងវិញ។

តាម​មន្ត្រី​ពន្ធនាគារ លោក ថាក់ស៊ីន ត្រូវ​បាន​ដាក់​ក្នុង​របាំង​ដែក​ដើម្បី​អនុវត្ត​ទោស​ជាប់​ឃុំ​រយៈពេល​មួយ​ឆ្នាំ។

ក្នុង​សវនាការ​ព្រឹក​ថ្ងៃទី​៩ កញ្ញា គឺជា​ការ​កាត់​ជម្រះ​សេចក្ដី​ទៅ​លើ​លោក ថាក់ស៊ីន ករណី​លោក​ទៅ​សម្រាក​នៅ​មន្ទីរពេទ្យ​នៃ​ស្នងការដ្ឋាន​នគរបាល​ក្រុង​បាងកក បាន​មួយ​ឆ្នាំ ដោយ​ចាត់ទុក​ថា​មិន​ស្រប​នឹង​ច្បាប់ ទើប​តុលាការ​កំពូល​ចេញ​សាលក្រម​សម្រេច​ថា​ការ​អនុវត្ត​ទោស​ជាប់​ឃុំ​ក្នុង​មន្ទីរពេទ្យ​របស់​លោក ថាក់ស៊ីន កាលពី​ឆ្នាំ​២០២៣ ហើយ​ចាត់ទុក​ថា​វា​មិន​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់។

ក្នុង​សាលក្រម​នេះ តុលាការ​កំពូល​ថៃ បាន​សម្រេច​សេចក្ដី​ថា៖ «ការ​បញ្ជូន​លោក ថាក់ស៊ីន ទៅ​កាន់​មន្ទីរពេទ្យ​នគរបាល​មិន​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់ ហើយ​ជនជាប់ចោទ​បាន​ដឹង​យ៉ាង​ច្បាស់​ថា​សុខភាព​ខ្លួនឯង​មិន​មែន​ករណី​បន្ទាន់​នោះ​ទេ។ តុលាការ​កំពូល​សម្រេច​ថា ការ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិន​ត្រូវ គឺ​មិន​ត្រូវ​រាប់​បញ្ចូល​ជា​ការ​អនុវត្ត​ទោស​ជាប់​ពន្ធនាគារ​ឡើយ។»

លោក ថាក់ស៊ីន បាន​ធ្វើ​មាតុភូមិ​និវត្តន៍​ចូល​ប្រទេស​ថៃ វិញ​កាលពី​ថ្ងៃទី​៨ កញ្ញា ដែល​លោក​ថា​លោក​ចូល​ខ្លួន​តតាំង​ក្ដី ឬ​ក៏​លោក​ត្រូវ​សម្រេច​ទ​ទទួល​ទោស​ឱ្យ​មាន​ទោស លោក​ក៏​អាច​ទទួលយក​បាន​ដែរ។

ជា​ករណី​ពីរ​ផ្ទួន​គ្នា​លើ​គ្រួសារ​លោក ថាក់ស៊ីន គឺ​កាលពី​ថ្ងៃទី​៣ កញ្ញា អ្នកស្រី ផែថងថាន កូនស្រី​ពៅ​របស់​លោក ថាក់ស៊ីន ត្រូវ​បាន​ដក​តំណែង​ដោយ​តុលាការ​ធម្មនុញ្ញ គឺជា​ការ​បាត់បង់​ធំធេង​នៃ​ឆាក​ជីវិត​ដែល​ខំ​បណ្ដុះ​ឱ្យ​កូន​ខ្លាំង​បាន​តំណែង​ដ៏​ធំ​របស់​ជាតិ។ តែ​នៅ​ពេលនេះ លោក ថាក់ស៊ីន ព្រម​ទទួល​ទោស​មួយ​ឆ្នាំ គឺជា​ការ​បំពេញ​ឆាក​ជីវិត​មហាសេដ្ឋី​មាន​ប្រាក់​ពាន់​លាន​ដុល្លារ ត្រូវ​ប្រកាន់​យក​ដូចនេះ។

យ៉ាងណា ក្រោយ​ការ​ប្រកាស​សាលក្រម​ចប់ លោក ថាក់ស៊ីន ត្រូវ​បាន​តម្រូវ​ឲ្យ​ប្តូរ​សម្លៀកបំពាក់​ពី​ឈុត​ស៊ីវិល ទៅ​ឈុត​អ្នកទោស ដើម្បី​អនុវត្ត​ទោស​រយៈពេល​មួយ​ឆ្នាំ​ដោយ​ឃុំ​ខ្លួន​នៅ​មន្ទីរ​ឃុំឃាំង «Bangkok Remand Prison»។

នាយករដ្ឋមន្ត្រី​ថៃ ដែល​ទើប​ជាប់​ឆ្នោត ដែល​ឡើង​ជំនួស​កូនស្រី​លោក ថាក់ស៊ីន គឺ​អ្នកស្រី ផែថងថាន លោក អនុធីន ឆានវីរៈគុល (Anutin Charnvirakul) បាន​សម្ដែង​ការ​សោកស្តាយ​ចំពោះ​លោក ថាក់ស៊ីន។ លោក​មាន​ការ​អាណិត​ឥស្សរជន​ម្នាក់​ដែល​មាន​ឋានៈ​ដូច​រូបលោក ធ្លាប់​គ្រប់គ្រង​ប្រទេស។ លោក​​សន្យា​មិន​មាន​គំនុំ​អ្វី​ទេ​នឹង​លោក ថាក់ស៊ីន ឬ​គ្រួសារ​លោក ថាក់ស៊ីន បើ​ទោះជា​លោក​ត្រូវ​បាន​អ្នកស្រី ផែថងថាន ដក​តំណែង​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​មហាផ្ទៃ​ក៏ដោយ។

លោក អនុធីន ឆានវីរៈគុល ជា​មនុស្ស​រាប់អាន​គ្រួសារ​លោក ថាក់ស៊ីន ពី​សម័យ​មុន។ អតីត​ភរិយា​លោក ថាក់ស៊ីន អ្នកស្រី ផូចាម៉ាន់ ដាម៉ាផង បាន​ផ្ញើ​បាច់​ផ្កា​ជូនពរ​អបអរសាទរ​លោក អនុធីន ឆានវីរៈគុល ហៅ​ក្រៅ នូ មាន​ន័យ​ថា​កណ្តុរ ដែល​បាន​ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ថ្មី៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស