សាលាឧទ្ធរណ៍ភ្នំពេញគ្រោងបើកសវនាការសំណុំរឿងបរិហារកេរ្តិ៍តាមប្រព័ន្ធផ្សព្វផ្សាយលើចាងហ្វាងគេហទំព័រស្រទាប់យុវវ័យ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ បន្ទាប់ពីបានចុះផ្សាយរឿងជម្លោះដីធ្លីរវាងឧត្តមសេនីយ៍យោធាពាក់ផ្កាយ២ ម្នាក់ជាមួយពលរដ្ឋ ៤គ្រួសារកាលពីឆ្នាំ២០២០។
កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ សាលាដំបូងរាជធានីភ្នំពេញបានសម្រេចដោយបង្គាប់ចាងហ្វាងគេហទំព័រស្រទាប់យុវវ័យ លោក ប៉ែន នួន បង់ប្រាក់ពិន័យចំនួន ៣លានរៀល និងប្រាក់សំណងជំងឺចិត្ត ៦លានរៀលដល់មន្ត្រីយោធា។ ដោយមិនសុខចិត្តនឹងការសម្រេចនេះ លោកបានប្ដឹងសាទុក្ខមកសាលាឧទ្ធរណ៍ ដើម្បីឲ្យតុលាការជាន់ខ្ពស់មួយនេះជួយរកយុត្តិធម៌ឲ្យខ្លួន។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានឲ្យដឹងកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ ថា សាលាឧទ្ធរណ៍នឹងបើកសវនាការសំណុំរឿងបរិហារកេរ្តិ៍តាមប្រព័ន្ធផ្សព្វផ្សាយលើលោក ប៉ែន នួន នៅវេលាម៉ោង ២:០០រសៀលនាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ។
CCHR បញ្ជាក់ថា ចាងហ្វាងគេហទំព័រស្រទាប់យុវវ័យ លោក ប៉ែន នួន ត្រូវបានឧត្តមសេនីយ៍យោធាលោក អ៊ុក គឹមលី ប្ដឹងទៅតុលាការ បន្ទាប់ពីលោកបានចុះផ្សាយរឿងជម្លោះដីធ្លីរវាងពលរដ្ឋចំនួន ៤គ្រួសារជាមួយនឹងឧត្តមសេនីយ៍យោធារូបនេះកាលពីអំឡុងឆ្នាំ២០២០។
ប្រភពដដែលឲ្យដឹងថា លោក ប៉ែន នួន ត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចបង្គាប់ឲ្យបង់ប្រាក់ពិន័យឲ្យទៅមន្ត្រីយោធាពាក់ផ្កាយ២ រូបនេះចំនួន ៣លានរៀល និងប្រាក់សំណងជំងឺចិត្ត ៦លានរៀលកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២។
ការសម្រេចដូច្នេះ បន្ទាប់ពីតុលាការបានចោទប្រកាន់លោក ប៉ែន នួន ពីបទ «បរិហារកេរ្តិ៍តាមរយៈប្រព័ន្ធផ្សព្វផ្សាយ» កាលពីឆ្នាំ២០២១ ក្រោយពីទទួលបណ្ដឹងពីឧត្ដមសេនីយ៍ផ្កាយ២ រូបនេះ ដែលប្ដឹងចាងហ្វាងគេហទំព័រស្រទាប់យុវវ័យ លោក ប៉ែន នួន ករណីចុះផ្សាយរឿងជម្លោះដីធ្លីរវាងពលរដ្ឋជាមួយឧត្តមសេនីយ៍យោធាលោក អ៊ុក គឹមលី នោះ។
តែយ៉ាងណា កាលពីអំឡុងខែមករា ឆ្នាំ២០២២ ចាងហ្វាងគេហទំព័ររូបនេះអះអាងថា លោកធ្លាប់បានប្ដឹងមន្ត្រីតុលាការចំនួន ៤រូបទៅកាន់ក្រសួងយុត្តិធម៌ ឲ្យជួយរកយុត្តិធម៌ ដោយថាមន្ត្រីតុលាការទាំងនោះបានកាត់ក្ដីឲ្យខ្លួនចាញ់ទាំងមិនអស់ចិត្ត។
លោក ប៉ែន នួន ធ្លាប់ប្រាប់សារព័ត៌មាន វីអូឌី ថា ដើមចមដែលនាំឱ្យគាត់ដាក់ពាក្យប្ដឹងទៅក្រសួងយុត្តិធម៌ ដោយសារតែមន្ត្រីយោធាផ្កាយ២ បានរំលោភយកដីរបស់គាត់ និងពលរដ្ឋ ៣គ្រួសារទៀតសរុបជិត ៦០០ហិកតារ។
លោក ប៉ែន នួន ដែលអះអាងថាជាចាងហ្វាងគេហទំព័រស្រទាប់យុវវ័យ និងជាអ្នកមានជម្លោះដីធ្លីម្នាក់ក្នុងចំណោមពលរដ្ឋ ៣គ្រួសារទៀតជាមួយមន្ត្រីយោធាផ្កាយ២ ម្នាក់ឈ្មោះ អ៊ុក គឹមលី ស្ថិតនៅភូមិសាមគ្គី ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។
លោកបានចោទថា ក្រោយពីមន្ត្រីយោធាផ្កាយ២ បានគប់គិតជាមួយមន្ត្រីក្រោមឱវាទឈ្មោះ យឹម សេន រំលោភយកកាលពីឆ្នាំ២០១៩ នៅពេលនោះគាត់បានឡាយវីដេអូនិយាយផ្សព្វផ្សាយក្នុងនាមជាអ្នកសារព័ត៌មានម្នាក់ ក៏ប៉ុន្តែត្រូវមន្ត្រីយោធានោះប្ដឹងពីបទ «បរិហារកេរ្តិ៍» និងបទ «ញុះញង់ពលរដ្ឋ» ទៅវិញ៕