32 C
Phnom Penh

អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន អាច​នឹង​ទទួល​ការ​លើកលែង​ទោស​ពី​ព្រះមហាក្សត្រ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ កូនស្រី​អតីត​នាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត់ ជា​អ្នក​នយោបាយ​ដ៏​មាន​ឥទ្ធិពល​នៃ​គណបក្ស​ភឿថៃ ជា​បក្ស​ដឹកនាំ​រដ្ឋាភិបាល​ចម្រុះ​ជាមួយ​បក្ស​ខាង​ពួក​យោធា បាន​បង្ហើប​សេចក្ដី​ដំបូង​ថា ការ​លើកលែង​ទោស​លោក ថាក់ស៊ីន អាច​ធ្វើ​បាន​តាមរយៈ​អន្តរាគមន៍​ទៅ​ព្រះមហាក្សត្រ។

លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ជា​នាយករដ្ឋមន្ត្រី​ថៃ​ដែល​ត្រូវ​បាន​ពួក​យោធា​ផ្ដួល​លោក​ពី​អំណាច​នៅ​ក្នុង​ព្រឹត្តិការណ៍​រដ្ឋប្រហារ​កាលពី​ខែ​កញ្ញា ឆ្នាំ​២០០៦។ រដ្ឋប្រហារ​នៅ​ពេល​នោះ ដោយសារ​ក្រុង​បាងកក ធ្លាក់​ក្នុង​ចលាចល​នយោបាយ​យ៉ាង​ធ្ងន់ធ្ងរ ព្រោះ​ក្រុម​អាវ​លឿង​ចេញ​បះបោរ​ឱ្យ​មាន​ការ​បញ្ចប់​អំណាច​លោក ថាក់ស៊ីន ក្រោម​ហេតុផល​ថា លោក ថាក់ស៊ីន ជា​នាយករដ្ឋមន្ត្រី​បំពាន​អំណាច​រដ្ឋ និង​បើក​ភ្លើង​ខៀវ​ឱ្យ​គ្រួសារ​លោក​កិបកេង​ទ្រព្យសម្បត្តិ​រដ្ឋ។

ក្រោយ​ធ្លាក់​ពី​អំណាច លោក ថាក់ស៊ីន ត្រូវ​បាន​តុលាការ​កាត់ទោស​ឱ្យ​មាន​ទោស ១០​ឆ្នាំ។ ចាប់ពី​ពេល​នោះ​មក លោក ថាក់ស៊ីន រស់នៅ​ក្រៅ​ប្រទេស​រហូត​ដល់​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០២៣ នេះ ទើប​លោក​សម្រេច​ចូល​ប្រទេស​វិញ ក្នុង​បរិយាកាស​សម្របសម្រួល​ជាមួយ​ពួក​យោធា ខណៈ​បក្ស​ភឿថៃ ដែល​លោក ថាក់ស៊ីន ជា​ប្រធាន​បក្ស​តាម​ព្រឹត្តិន័យ បាន​ឡើង​ជា​បក្ស​ដឹកនាំ​រដ្ឋាភិបាល​ចម្រុះ ១១​គណបក្ស ដែល​ក្នុង​នោះ​ក៏​មាន​បក្ស​របស់​ពួក​យោធា​ដែល​ធ្លាប់​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​លោក ថាក់ស៊ីន នា​ឆ្នាំ​២០០៦ និង​ពួក​យោធា​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​អ្នកស្រី យីងឡាក់ ប្អូនស្រី​បង្កើត​របស់​លោក​នៅ​ឆ្នាំ​២០១៤ ផង​ដែរ។

អ្នកស្រី ផែថងថាន បាន​និយាយ​ថា អ្នកនាង​មិនទាន់​បាន​ឃើញ​ឯកសារ​ណា​មួយ​ពាក់ព័ន្ធ​សំណើ​សុំ​ការ​ព្រះរាជទាន​លើកលែង​ទោស​ពី​ព្រះមហាក្សត្រ​ថៃ សម្រាប់​ឪពុក​របស់​ខ្លួន​នៅឡើយ​ទេ តែ​អ្នកស្រី​បាន​បន្ថែម​ថា ដំណើរការ​បែប​នោះ​ត្រូវ​ប្រើ​ពេលវេលា​យូរ ហើយ​វា​ក៏​អាស្រ័យ​តែ​ទៅ​លើ​ឪពុក​អ្នកនាង​ផង​ដែរ។

អ្នកស្រី ផែថងថាន ជា​សមាជិក​ជាន់ខ្ពស់​ម្នាក់​នៃ​គណបក្ស​ភឿថៃ ដែល​បច្ចុប្បន្ន​កំពុង​ដឹកនាំ​រដ្ឋាភិបាល​ថ្មី​នៃ​ប្រទេស​ថៃ មិន​បាន​និយាយ​ចំៗ​ថា​នឹង​មាន​ការ​ស្នើសុំ​លើកលែង​ទោស​ពី​ព្រះមហាក្សត្រ​ចំពោះ​ឪពុក​របស់​អ្នកនាង​ដែល​ទើប​តែ​ត្រឡប់​ចូល​ស្រុក​វិញ​កាលពី​សប្តាហ៍​មុន​នៅ​ពេល​ណា​ពិតប្រាកដ​នោះ​ទេ។

ភ្លាមៗ​ក្រោយ​ពេល​មក​ប្រទេស​ថៃ​វិញ លោក ថាក់ស៊ីន ត្រូវ​បាន​តុលាការ​កំពូល​បង្គាប់​ឱ្យ​នាំ​ខ្លួន​លោក​ទៅ​ឃុំ​ក្នុង​ពន្ធនាគារ តែ​បាន​មួយ​យប់ លោក ថាក់ស៊ីន ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​នៅ​មន្ទីរពេទ្យ​ករណី​លោក​ធ្លាក់​ខ្លួន​ឈឺ។

លោក ថាក់ស៊ីន វ័យ ៧៤​ឆ្នាំ កំពុង​សម្រាក​ព្យាបាល​នៅ​ឯ​មន្ទីរពេទ្យ​ប៉ូលិស​ដែល​អ្នកនាង ផែថងថាន បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា អ្នកនាង​បារម្ភ​អំពី​ស្ថានភាព​ជំងឺ​បេះដូង​របស់​លោក ថាក់ស៊ីន។

តែ​ការ​បង្ហើប​សេចក្ដី​របស់​អ្នកស្រី​ដែល​ថា​មាន​ការ​ព្រួយបារម្ភ​អំពី​សុខភាព​របស់​លោក ថាក់ស៊ីន ជា​ការ​អាច​ពិនិត្យ​មើល​លទ្ធភាព​នៃ​ការ​លើកលែង​ទោស​ពី​ព្រះមហាក្សត្រ​ទៅ​លោក ថាក់ស៊ីន ដែល​ជា​លើកដំបូង​ចាប់តាំងពី​លោក ថាក់ស៊ីន វិល​ចូល​ប្រទេស​ថៃ​វិញ​កាលពី​ថ្ងៃទី​២២ សីហា ជា​ថ្ងៃ​ដែល​អតីត​នាយករដ្ឋមន្ត្រី​ថៃ​រូប​នេះ​បញ្ចប់​ការ​រស់នៅ​ក្រៅ​ប្រទេស​រយៈពេល​ជិត ១៧​ឆ្នាំ។

អ្នកស្រី ផែថងថាន បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ការ​ធ្វើ​សំណើ​សុំ​ការ​លើកលែង​ទោស​ពី​ព្រះមហាក្សត្រ គឺ​អាស្រ័យ​ទៅ​លើ​លោក ថាក់ស៊ីន។

នេះ​ហើយ​ដែល​អ្នក​សង្កេតការណ៍​យល់​ថា អ្នកស្រី ផែថងថាន បង្ហើប​នូវ​បំណង​ដែល​អាច​ធ្វើ​បាន​ដើម្បី​លោក ថាក់ស៊ីន ជា​ឪពុក​អាច​ទទួល​បាន​ការ​លើកលែង​ទោស។

ទោះជា​បែប​នេះ​ក៏ដោយ ការ​ទទួល​បាន​ការ​លើកលែង​ទោស​ពី​ព្រះមហាក្សត្រ​ដើម្បី​ឱ្យ​លោក ថាក់ស៊ីន មាន​សេរីភាព​ឡើងវិញ អាច​មិនមែន​ជា​រឿង​ស្មុគស្មាញ​ខ្លាំង​ពេក​ទេ ខណៈ​លោក Srettha Thavisin មកពី​បក្ស​ភឿថៃ ជា​នាយករដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាល​ចម្រុះ ហើយ​ក្នុង​រដ្ឋាភិបាល​ក៏​មាន​សមាសភាព​រដ្ឋមន្ត្រី​មកពី​បក្ស​យោធា​ផង​ដែរ អាច​នឹង​រក​ហេតុផល​សមរម្យ​ណា​មួយ​ថ្វាយ​លិខិត​សុំ​ព្រះមហាក្សត្រ​ចេញ​សារ​លិខិត​លើកលែង​ទោស​លោក ថាក់ស៊ីន។ គេ​ថា​ការ​លើកលែង​ទោស​លោក ថាក់ស៊ីន ពិត​ណាស់​នឹង​ធ្វើ​ទៅ​បាន​ក្រោម​បរិយាកាស​ផ្សះផ្សា​ជាតិ ដែល​មើល​ទៅ​គេ​មិន​ទុក​ឱ្យ​លោក ថាក់ស៊ីន នៅ​ក្នុង​មន្ទីរពេទ្យ​អស់​មួយ​ជីវិត​នោះ​ទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស