29 C
Phnom Penh

បំណុល​ពលរដ្ឋ​វ័ណ្ឌក​ក្នុង​ខេត្ត​មួយ អាច​ជា​ការ​រំលោភ​សិទ្ធិមនុស្ស​ដោយ​ជំរុញ​ឱ្យ​មាន​ពលកម្ម​កុមារ​និង​បង្ខំ​ចិត្ត​លក់​ដីធ្លី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ​សមធម៌​កម្ពុជា និង​អង្គការ​លីកាដូ បង្ហាញ​ថា ផល​ប៉ះពាល់​នៃ​ការ​ជំពាក់​បំណុល​វ័ណ្ឌក​នៅ​ខេត្ត​កំពង់ស្ពឺ បាន​នាំ​ឲ្យ​មាន​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ហើយ​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​អ្នក​ខ្ចី​ប្រាក់​រឹតត្បិត​ក្នុង​ការ​ហូបចុក បង្ក​ឲ្យ​មាន​ពលកម្ម​កុមារ និង​ការ​បង្ខំ​ចិត្ត​លក់​ដីធ្លី។

ការ​រក​ឃើញ និង​ការ​បង្ហាញ​ពី​អង្គការ​សមធម៌​កម្ពុជា និង​អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិមនុស្ស លីកាដូ តាមរយៈ​សេចក្តី​រាយការណ៍​មួយ​ស្តីអំពី​ហានិភ័យ​នៃ​បំណុល «សិក្សា​ស្រាវជ្រាវ​បែប​បរិមាណ​នៃ​អ្នក​ជាប់​ជំពាក់​បំណុល​ខ្នាត​តូច​នៅ​ខេត្ត​កំពង់ស្ពឺ» ដែល​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​២៩ សីហា។

នាយិកា​ផ្នែក​ផ្សព្វផ្សាយ​របស់​អង្គការ​លីកាដូ អ្នកស្រី ណាលី ពីឡូក បាន​លើកឡើង​នៅ​ក្នុង​សេចក្តី​រាយការណ៍​នៃ​ការ​ស្រាវជ្រាវ​នេះ ដោយ​ផ្ដល់​នូវ​ភស្តុតាង​បន្ថែម​ទៀត​ថា ការ​រំលោភ​សិទ្ធិមនុស្ស គឺ​កំពុង​កើត​ឡើង​ជា​ញឹកញាប់ និង​ជា​លក្ខណៈ​ប្រព័ន្ធ​នៅ​ក្នុង​វិស័យ​ឥណទាន​ខ្នាត​តូច​នៅ​ប្រទេស​កម្ពុជា។

អ្នកស្រី​បន្ថែម​ថា ប្រជាពលរដ្ឋ​អ្នក​ខ្ចី​ប្រាក់​ពុំ​មាន​ពេលវេលា​សម្រាប់​ការ​ពន្យារ​ពេល​ទៀត​នោះ​ទេ។ អ្នកស្រី ណាលី ពីឡូក លើកឡើង​ថា ពួកគេ​ត្រូវការ​ការ​អនុគ្រោះ​បំណុល​បន្ទាន់ សម្រាប់​អ្នក​ជាប់​ជំពាក់​បំណុល​ច្រើន​លើសលប់​ជាងគេ ដើម្បី​ទប់ស្កាត់​វិបត្តិ​សិទ្ធិមនុស្ស​នេះ​កុំ​ឱ្យ​ធ្ងន់ធ្ងរ​បន្ថែម​ទៀត។

យោង​តាម​សេចក្តី​រាយការណ៍​ដែល​ចេញ​ដោយ​អង្គការ​សមធម៌​កម្ពុជា និង​អង្គការ​លីកាដូ បង្ហាញ​លទ្ធផល​នៃ​ការ​ស្ទង់មតិ​ថា ក្នុង​ចំណោម​ប្រជាពលរដ្ឋ​តាម​ផ្ទះ ១៩៥៨៨២​ខ្នង​នៅ​ទូទាំង​ខេត្ត​កំពង់ស្ពឺ ក្នុង​នោះ​ប្រជាពលរដ្ឋ​តាម​ផ្ទះ ១៥៧៤១៣​ខ្នង កំពុង​បន្ត​បង់​សង​បំណុល​មីក្រូហិរញ្ញវត្ថុ ឬ​ធនាគារ​យ៉ាងតិច​មួយ។

សេចក្តី​រាយការណ៍​ដដែល​អះអាង​ថា ចំពោះ​អ្នក​ខ្ចី​ជាង ២៧% ស្មើ​នឹង​ចំនួន​ផ្ទះ ៤២៩៧៣​ខ្នង កំពុង​ចំណាយ​ប្រាក់ចំណូល​របស់​ពួកគេ​ជាង ៧០% ទៅ​លើ​ការ​បង់​សង​បំណុល​ជា​រៀង​រាល់​ខែ។

ចំណែកឯ​ប្រជាពលរដ្ឋ​ជាង ៩២% ស្មើ​នឹង​ចំនួន​ផ្ទះ ១៤៤៨១៩​ខ្នង ត្រូវ​បាន​តម្រូវ​ឲ្យ​ដាក់​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​យ៉ាងតិច​មួយ ដើម្បី​ប៉ាន់​តម្លៃ​ទ្រព្យ​ទៅ​នឹង​ការ​ខ្ចី​បុល​ឥណទាន​ខ្នាត​តូច​មួយ ខណៈ​ប្រជាពលរដ្ឋ​តាម​ផ្ទះ ៦,១% ស្មើ​នឹង​ចំនួន ៩៦០២​ខ្នង បាន​លក់​ដី​ដើម្បី​សង​បំណុល។

សេចក្តី​រាយការណ៍​នៃ​ការ​សិក្សា​ដដែល​ថា អត្រា​នៃ​ពលកម្ម​កុមារ និង​កុមារ​បោះបង់​ការ​សិក្សា​ដោយសារ​បំណុល​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ឬ​ធនាគារ គឺ​កើតឡើង​ញឹកញាប់​ខ្លាំង ក្នុង​នោះ​ប្រជាពលរដ្ឋ​តាម​ផ្ទះ ៤៥៦៥​ខ្នង​បាន​ឲ្យ​កូន​បោះបង់​ការ​សិក្សា​ដោយសារ​បំណុល​មីក្រូហិរញ្ញវត្ថុ ឬ​ធនាគារ​មួយ ដោយ​ប៉ះពាល់​កុមារ​សរុប​ចំនួន ៨៩១២​នាក់។ ការ​ដែល​ពួកគេ​ឲ្យ​កូន​បោះបង់​ការ​សិក្សា គឺ​ដើម្បី​ឲ្យ​ជួយ​ធ្វើការ​រក​ប្រាក់​ដើម្បី​យក​មក​បង់​សង​បំណុល​ទាំងនោះ​វិញ។

ជាមួយ​គ្នា​នេះ ប្រជាពលរដ្ឋ​តាម​ផ្ទះ​ចំនួន ២៨៨០៦​ខ្នង បាន​ត្បិតត្បៀត​ការ​ហូបចុក​ក្នុង​គ្រួសារ ក្រោយ​ពេល​យក​ខ្ចីបុល​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ឬ​ធនាគារ។

លើស​ពី​នេះ ប្រជាពលរដ្ឋ​កំពុង​បង្កើន​ការ​ខ្ចី​បុល​ថ្មី ដើម្បី​ទៅ​សង​បំណុល​ចាស់ ដោយ​ក្នុង​ឆ្នាំ​២០១២ បំណុល​ត្រឹមតែ ៣,៤៥% ប៉ុណ្ណោះ ដែល​ត្រូវ​បាន​យក​ទៅ​សង​បំណុល​ដែល​កំពុង​មាន​ស្រាប់ ប៉ុន្តែ​នៅ​ក្នុង​ឆ្នាំ​២០២២ តួលេខ​នៃ​ការ​ខ្ចីបុល​ប្រភេទ​នេះ​បាន​កើន​ឡើង​ដល់ ៣៤,៨%។

ការ​សិក្សា​ស្រាវជ្រាវ​នេះ បង្ហាញ​ថា អ្នក​ខ្ចី​ប្រាក់​កំពុង​ធ្វើការ​លះបង់​ដោយ​មិន​សមស្រប​ជាច្រើន​ដើម្បី​បង់​សង​បំណុល ដែល​តម្រូវ​ឱ្យ​ដាក់​ធានា​នូវ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ដ៏​ច្រើន​លើសលប់ ហើយ​ជា​រឿយៗ វា​តែងតែ​លើស​ពី​ប្រាក់ចំណូល និង​សមត្ថភាព​របស់​អ្នក​ខ្ចី​ក្នុង​ការ​បង់​សង។

នាយក​ប្រតិបត្តិ​នៃ​អង្គការ​សមធម៌​កម្ពុជា​លោក អៀង វុទ្ធី ជំរុញ​ឲ្យ​វិនិយោគិន អាជ្ញាធរ និង​តួអង្គ​អភិវឌ្ឍន៍​នានា ត្រូវ​ចាត់​វិធានការ​បន្ទាន់​ដើម្បី​ផ្ដល់​ដំណោះស្រាយ​សម្រាប់​អ្នក​ខ្ចី​ប្រាក់ និង​ធានា​ថា ការ​អនុវត្ត​បែប​កេងប្រវ័ញ្ច​ទាំងនេះ​នឹង​ត្រូវ​បញ្ឈប់។ មួយ​វិញ​ទៀត ត្រូវ​ដាក់​ចេញ​នូវ​វិធានការ​ច្បាប់​ការពារ​អ្នក​ប្រើប្រាស់ ដើម្បី​ធានា​ថា​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន​របស់​អ្នក​ខ្ចី​ប្រាក់​ត្រូវ​បាន​គោរព​ត្រឹមត្រូវ។

កាលពី​ខែ​សីហា ឆ្នាំ​២០២៣ នេះ ការិយាល័យ​ស៊ើប​អង្កេត និង​ដោះស្រាយ​បណ្ដឹង​ពី​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) បាន​បើក​ការ​ស៊ើបអង្កេត​មួយ​ទៅ​លើ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ធំៗ​ចំនួន ៦ និង​ភ្នាក់ងារ​អន្តរការី​ហិរញ្ញវត្ថុ​ចំនួន ៤ នៅ​ប្រទេស​កម្ពុជា បន្ទាប់ពី​រក​ឃើញ​ផល​ប៉ះពាល់​ទៅ​លើ​អ្នក​ខ្ចី​ប្រាក់ និង​លទ្ធភាព​នៃ​ការ​រំលោភ​លើ​បទដ្ឋាន​ផ្នែក​បរិស្ថាន និង​សង្គម​របស់ IFC។

គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំង ៦ នោះ​មាន​ធនាគារ​អេស៊ីលីដា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អម្រឹត គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រាសាក់ ធនាគារ​ហត្ថា ធនាគារ​អិលអូអិលស៊ី និង​ធនាគារ​ស្ថាបនា ជាដើម។ ចំណែកឯ​វិនិយោគិន ឬ​មូលនិធិ​ចំនួន ៤ ទៀត ដូចជា​ឥណទាន​ពង្រឹង​មីក្រូហិរញ្ញវត្ថុ មូលនិធិ​គំនិត​ផ្ដួចផ្ដើម​មីក្រូហិរញ្ញវត្ថុ​ដើម្បី​បំណុល​អាស៊ី ក្រុមហ៊ុន Advans S.A និង​ក្រុមហ៊ុន North Haven Thai Private Equity Fund L.P។

ការ​ស៊ើបអង្កេត​នេះ​ត្រូវ​បាន​ជំរុញ​ដោយ​ពាក្យ​បណ្ដឹង​មួយ​ដែល​ប្ដឹង​កាលពី​ឆ្នាំ​ទៅ​មិញ ដោយ​អង្គការ​លីកាដូ និង​អង្គការ​សមធម៌​កម្ពុជា ដែល​បាន​ចោទប្រកាន់​ពី «ការ​អនុវត្ត​ការ​ផ្ដល់​ប្រាក់​ខ្ចី​បែប​បោក​បញ្ឆោត និង​ជញ្ជក់​ឈាម»៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស