28 C
Phnom Penh

លោក ប្រាយុទ្ធ ធ្វើ​ពិធី​ចាក​ចេញពី​វិមាន​រដ្ឋាភិបាល ខណៈ​លោក ថាក់ស៊ីន ធ្វើ​លិខិត​សុំ​លើកលែង​ទោស​ពី​ព្រះមហាក្សត្រ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ថ្ងៃទី​៣១ សីហា នេះ ព្រឹត្តិការណ៍​នយោបាយ​ដ៏​សំខាន់​ពីរ​កំពុង​វិវឌ្ឍ​នៅ​ក្នុង​រាជាណាចក្រ​ថៃ ជា​ប្រទេស​ជិតខាង​នៃ​រាជាណាចក្រ​កម្ពុជា។

គេ​ថា​ព្រឹត្តិការណ៍​ពីរ​ដ៏​សំខាន់​ដែល​ស្ថិត​ក្នុង​ក្រសែភ្នែក​របស់​ប្រជាជន​ថៃ រាប់​លាន​នាក់ និង​អ្នក​នយោបាយ​ក្នុង​តំបន់ គឺ​អតីត​មេ​រដ្ឋប្រហារ​ឆ្នាំ​២០១៤ ដែល​តោង​អំណាច​ជា​នាយករដ្ឋមន្ត្រី​ដល់​ខែ​សីហា ឆ្នាំ​២០២៣ នេះ លោក ប្រាយុទ្ធ ចាន់អូចា បាន​ប្រមូល​គណៈរដ្ឋមន្ត្រី​របស់​លោក​ធ្វើ​ពិធី​លាលែង​ពី​តំណែង ហើយ​សម្រាប់​លោក ប្រាយុទ្ធ ខ្លួន​លោក​ផ្ទាល់ ត្រូវ​ចាកចេញ​ពី​វិមាន​រដ្ឋាភិបាល។

ចំណែក​ព្រឹត្តិការណ៍​មួយ​ទៀត លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវ​បាន​កាសែត​បាងកក​ប៉ុស្តិ៍ ចុះផ្សាយ​ថា អតីត​នាយករដ្ឋមន្ត្រី​ដែល​ជាប់​ពិរុទ្ធ​រូប​នេះ​បាន​ថ្វាយ​លិខិត​សុំ​ព្រះមហាក្សត្រ​ប្រទាន​ការ​លើកលែង​ទោស​ឱ្យ​រូបលោក។

កាសែត​បាងកក​ប៉ុស្តិ៍​ចុះផ្សាយ​ថា ព្រឹត្តិការណ៍​ពីរ​នេះ​កើត​នៅ​ពេល​ដំណាល​គ្នា។ តាម​ប្រភព​ដដែល​នេះ លោក ប្រាយុទ្ធ និង​គណៈរដ្ឋមន្ត្រី​របស់​មកពី​គណបក្ស​ប៉ាល្ល័ងប្រាចារ៉ាត់ និង​គណបក្ស​ថៃ​រួបរួម​ជាតិ បាន​ទៅ​ប្រមូល​គ្នា​ក្នុង​ពិធី​លា​គ្នា​នៅ​ខាងមុខ​ទី​សក្ការៈ​មួយ​ក្នុង​បរិវេណ​វិមាន​រដ្ឋាភិបាល។ ក្រោយពី​ចប់​កម្មវិធី អ្នកកាសែត​បាន​ចោមរោម​សួរ​លោក ប្រាយុទ្ធ អំពី​ជីវិត​នយោបាយ​ចុងក្រោយ​របស់​លោក។

លោក ប្រាយុទ្ធ បាន​ថ្លែង​ថា លោក​អស់​ពេល​វិល​ចូល​វិមាន​រដ្ឋាភិបាល​វិញ​ហើយ។ លោក​បញ្ជាក់​ថា ទោះ​ជា​លោក​នៅ​សល់​ពេល​តិចតួច​ជា​នាយករដ្ឋមន្ត្រី​ចាំ​ផ្ទះ ក៏ដូចជា​ពេលវេលា​របស់​លោក​អស់​ចាប់​ពី​ពេល​នេះ​ហើយ។

លោក ប្រាយុទ្ធ បាន​ថ្លែង​ជូនពរ​ដល់​រដ្ឋាភិបាល និង​គណៈរដ្ឋមន្ត្រី​ថ្មី ឱ្យ​ជួប​នឹង​រឿង​ដែល​ល្អៗ និង​ជួយ​ប្រទេស​មាន​សន្តិភាព​រីកចម្រើន។ លោក​បាន​ថ្លែង​ចុងក្រោយ​ថា៖ «ខ្ញុំ​សូម​ជម្រាប​លា​អស់​លោក​ចាប់ពី​ពេល​នេះ​ហើយ»។

ក្នុង​ឱកាស​នោះ អ្នកកាសែត​ភាគច្រើន​បាន​តាម​កត់ត្រា និង​ពិនិត្យ​មើល​ទឹកមុខ​របស់​លោក ប្រាយុទ្ធ ប៉ុន្តែ​លោក ប្រាយុទ្ធ នៅតែ​មាន​ទឹកមុខ​ស្រស់​ញញឹម គឺ​មិន​បាន​សម្រក់​ទឹកភ្នែក​មួយ​តំណក់​អ្វី​ទេ ខណៈ​លោក​អស់​សិទ្ធិ​ជា​នាយករដ្ឋមន្ត្រី​ថៃ។ លោក ប្រាយុទ្ធ បាន​ប្រកាស​ហើយ​ថា​លោក​លែង​ចង់​បាន​តំណែង​អ្វី​ទាំងអស់ សូម្បី​សមាជិក​សភា​ក៏ដោយ។ លោក​ប្រកាស​លាលែង​ពី​ប្រធាន​គណបក្ស​ថៃ​រួបរួម​ជាតិ ហើយ​សម្រេច​លែង​ធ្វើ​នយោបាយ។

តែ​អ្នក​សង្កេតការណ៍​ថា លោក ប្រាយុទ្ធ ជា​អ្នក​នយោបាយ​ហ៊ាន​ទទួលស្គាល់​ពី​ការ​ចុះ​ខ្សោយ​ខ្លាំង​នូវ​ការ​គាំទ្រ ព្រោះ​បក្ស​របស់​លោក​ដណ្ដើម​បាន​អាសនៈ​សភា​តិចតួច​បំផុត បើ​ធៀប​នឹង​ការ​បោះឆ្នោត​ឆ្នាំ​២០១៩។

នៅ​ពេល​ជាមួយ​គ្នា​នេះ​ដែរ សារព័ត៌មាន The Straits Times នៃ​ប្រទេស​សិង្ហបុរី បាន​ចុះផ្សាយ​ដោយ​ស្រង់​សម្ដី​លោក Wissanu Krea-ngam រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​នៃ​រដ្ឋាភិបាល​ចាំ​ផ្ទះ​របស់​លោក ប្រាយុទ្ធ អំពី​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ដែល​បាន​ថ្វាយ​លិខិត​ទៅ​ព្រះបរមរាជវាំង​ដើម្បី​ទូល​ថ្វាយ​ព្រះមហាក្សត្រ​ចេញ​សារ​លិខិត​លើកលែង​ទោស។

លោក ថាក់ស៊ីន បាន​ត្រឡប់​ចូល​ប្រទេស​ថៃ​វិញ​កាលពី​ថ្ងៃទី​២២ ខែ​សីហា បន្ទាប់ពី​បាន​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ជិត ១៧​ឆ្នាំ។

លោក​បាន​ប្រើ​យន្តហោះ​ឯកជន​ផ្ទាល់ខ្លួន​មក​ប្រទេស​វិញ បន្ទាប់​មក​លោក​ត្រូវ​បាន​នាំ​ខ្លួន​ទៅ​ពន្ធនាគារ​ដើម្បី​ដាក់​ទោស ៨​ឆ្នាំ​ពី​បទ​រំលោភ​អំណាច និង​ទំនាស់​ផល​ប្រយោជន៍​អំឡុង​លោក​កាន់​តំណែង​នាយករដ្ឋមន្ត្រី​ពី​ឆ្នាំ​២០០១ ដល់​ឆ្នាំ​២០០៦។ តែ​នៅ​ក្នុង​ឆ្នាំ​២០០៦ លោក​ត្រូវ​បាន​ពួក​យោធា​ធ្វើ​រដ្ឋប្រហារ។

យ៉ាងណា លោក ថាក់ស៊ីន បាន​បដិសេធ​ចំពោះ​ការ​ចោទ​ទាំងនេះ ដោយ​ចាត់ទុក​ថា​ជា​រឿង​នយោបាយ។

តែ​ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​ការ​មក​ដល់​ប្រទេស​ថៃ​វិញ បេក្ខជន​ម្នាក់​មកពី​គណបក្ស​ភឿថៃ ដែល​លោក ថាក់ស៊ីន នៅ​ពីក្រោយ គឺ​លោក Srettha Thavisin ត្រូវ​បាន​សភា​បោះឆ្នោត​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ដែល​អ្នកវិភាគ​ខ្លះ​គិត​ថា​លោក ថាក់ស៊ីន បាន​ធ្វើ​ឱ្យ​មាន​កិច្ចព្រមព្រៀង​ជាមួយ​ពួក​យោធា និង​ក្រុម​រាជា​និយម​ថៃ ទើប​លោក ថាក់ស៊ីន អាច​វិល​ចូល​ប្រទេស​វិញ​ដោយ​មិន​មាន​ការ​រារាំង ទោះជា​លិខិត​ឆ្លងដែន​របស់​លោក​ត្រូវ​អាជ្ញាធរ​ថៃ លុប​ចោល​សុពលភាព​ក៏ដោយ។

ជាមួយ​គ្នា​នេះ​ដែរ មេធាវី​របស់​លោក ថាក់ស៊ីន បាន​ថ្លែង​ឱ្យ​ដឹង​ថា កូនក្ដី​លោក​បាន​ស្នើសុំ​ការ​លើកលែង​ទោស​ពី​ព្រះមហាក្សត្រ​ហើយ។

មេធាវី​របស់​លោក ថាក់ស៊ីន គឺ​លោក Winyat Chartmontri បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា លោក ថាក់ស៊ីន បាន​រៀបចំ​ឯកសារ​នេះ​ដោយ​ខ្លួនឯង​ថ្វាយ​ទៅ​ព្រះមហាក្សត្រ។

ភ្លាមៗ​ក្រោយពី​នាំ​ខ្លួន​ចូល​ទៅ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​បាន​មួយ​យប់ នៅ​យប់​ដំបូង​ពេល​មក​ដល់​ប្រទេស​ថៃ លោក ថាក់ស៊ីន ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ប៉ូលិស​ដោយសារ​លោក​ចុក​ក្នុង​ទ្រូង និង​ឡើង​សម្ពាធ​ឈាម។

នៅ​ខណៈ​នេះ លោក ថាក់ស៊ីន កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នៅឡើយ។

កាលពី​ថ្ងៃ​ទី​៣០ សីហា កូនស្រី​របស់​លោក គឺ​អ្នកស្រី ផៃថងថាន ដែល​បាន​ទៅ​សួរ​សុខទុក្ខ​ឪពុក បាន​បង្ហើប​រួច​ហើយ​អំពី​លទ្ធភាព​ដែល​លោក ថាក់ស៊ីន ត្រូវ​ស្វែងរក​ការ​លើកលែង​ទោស​ពី​ព្រះមហាក្សត្រ។ អ្នកស្រី ផៃថងថាន ជា​អ្នក​នយោបាយ​ដ៏​មាន​ឥទ្ធិពល​នៅ​ក្នុង​បក្ស​ភឿថៃ ដែល​កំពុង​ដឹកនាំ​រដ្ឋាភិបាល​ចម្រុះ ១១​បក្ស ហើយ​ក្នុង​នោះ​ក៏​មាន​បក្ស​របស់​ពួក​យោធា​ផង​ដែរ។

នៅ​ពេល​ចុះ​ពី​យន្តហោះ​នៅ​ព្រលាន​យន្តហោះ​ដងមឿង នា​ក្រុង​បាងកក កាលពី​ព្រឹក​ថ្ងៃទី​២២ សីហា លោក ថាក់ស៊ីន បាន​ដាក់​កម្រង​ផ្កា​ហើយ​ឱន​ក្បាល​គោរព​ប្រណិប័តន៍​ព្រះ​ឆាយាល័ក្ខណ៍​ព្រះមហាក្សត្រ។

ក្រុម​អ្នក​សង្កេតការណ៍​បាន​ព្យាករ​ទុក​ជា​មុន​ហើយ​ថា លោក ថាក់ស៊ីន ដែល​ត្រូវ​ឆ្មាំ​គុក​ដឹក​ទៅ​សម្រាក​នៅ​មន្ទីរពេទ្យ ពិត​ជា​មាន​ជំងឺ ប៉ុន្តែ​អ្នក​នយោបាយ​វ័យ ៧៤​ឆ្នាំ​រូប​នេះ​បាន​សម្រេច​លែង​ប្រឈមមុខ​នឹង​ក្រុម​យោធា​ដែល​ផ្ដួល​រំលំ​លោក​ទៅ​ហើយ ម្ល៉េះ​ហើយ​ការ​ផ្សះផ្សា​ជាតិ​ពិត​ណាស់​នឹង​ផ្ដល់​ឱកាស​ឱ្យ​លោក ថាក់ស៊ីន វិល​ចូល​ប្រទេស​ថៃ​វិញ ក្រោម​ការ​ស្វែងរក​ការ​លើកលែង​ទោស​ពី​ព្រះមហាក្សត្រ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស