32 C
Phnom Penh

កម្មករ​ស្នើសុំ​ដំឡើង​ប្រាក់ឈ្នួល​១៥​ដុល្លារ​បន្ថែម​នៅ​ឆ្នាំ​ក្រោយ​ខណៈ​ថៅកែ​សុំ​ឡើង​តែ​១​ដុល្លារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្មករ​កម្មការិនី​ធ្វើការ​នៅ​តាម​រោងចក្រ នាំគ្នា​ធ្វើ​យុទ្ធនាការ​លើក​បដា​នៅ​តាម​រោងចក្រ​ដែល​ពួកគេ​កំពុង​បម្រើ​ការងារ​រៀងៗ​ខ្លួន ដើម្បី​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​ដំឡើង​ប្រាក់​ឈ្នួល ២១៥​ដុល្លារ​នៅ​ឆ្នាំ​២០២៤ ខាងមុខ​នេះ។

ការ​ធ្វើ​យុទ្ធនាការ​របស់​កម្មករ​កម្មការិនី​នៅ​តាម​រោងចក្រ​នេះ ធ្វើឡើង​បន្ទាប់ពី​និយោជក​សុំ​ឡើង​ប្រាក់​ឈ្នួល​នៅ​ឆ្នាំ​២០២៤ ខាងមុខ​នេះ​តែ ១​ដុល្លារ​ប៉ុណ្ណោះ ខណៈ​ក្រុម​សហជីព​បាន​ស្នើសុំ​ដំឡើង​ចំនួន ១៥​ដុល្លារ​បន្ថែម​ពី​លើ​ប្រាក់ខែ​គោល ២០០​ដុល្លារ។

ជុំវិញ​រឿង​នេះ កម្មករ​កម្មការិនី​នៅ​តាម​រោងចក្រ​មួយ​ចំនួន បាន​ធ្វើ​យុទ្ធនាការ​ដោយ​លើក​បដា​សរសេរ​ពាក្យ​ថា «ពួកគេ​ត្រូវការ​ប្រាក់ឈ្នួល ២១៥​ដុល្លារ» ក្នុង​មួយ​ខែ​នៅ​ឆ្នាំ​២០២៤ ខាងមុខ​នេះ។

លោក ហ៊ែល ស៊ីធីន ដែល​ជា​កម្មករ​បម្រើ​ការ​នៅ​រោងចក្រ​មួយ បាន​លើកឡើង​លើ​ហ្វេសប៊ុក​ថា រដ្ឋាភិបាល​មាន​កាតព្វកិច្ច​ក្នុង​ការ​ធានា​ប្រាក់ឈ្នួល​រស់នៅ​សមរម្យ​ប្រកប​ដោយ​សេចក្ដី​ថ្លៃថ្នូរ​សម្រាប់​កម្មករ​និយោជិត។ លោក​ថា ការ​ទាមទារ​ប្រាក់ឈ្នួល​អប្បបរមា​នេះ ដើម្បី​ធានា​ថា​កម្មករ​និយោជិត​ទទួល​បាន​ប្រាក់ឈ្នួល​សមរម្យ​ដែល​អាច​រស់នៅ និង​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ប្រកប​ដោយ​សេចក្តី​ថ្លៃថ្នូរ។

ក្រុម​កម្មករ​ដែល​បាន​លើក​បដា​ស្នើសុំ​ប្រាក់ឈ្នួល ២១៥​ដុល្លារ អះអាង​ថា ប្រាក់ឈ្នួល ២១៥​ដុល្លារ ពួកគេ​មិនមែន​ទើប​សុំ​ដំឡើង​នៅ​ឆ្នាំ​២០២៤ នេះ​ទេ ពោល​គឺ​ពួកគេ​បាន​ស្នើសុំ​ដំឡើង​ដើម​តាំងពី​ឆ្នាំ​២០២៣ មក​ម្ល៉េះ។ ការ​ស្នើសុំ​ប្រាក់ឈ្នួល​អប្បបរមា ២១៥​ដុល្លារ​នេះ ពួកគេ​ថា​គ្រាន់តែ​សុំ​មួយ​រស់ ដើម្បី​ដោះស្រាយ​បញ្ហា​ជីវភាព​គ្រួសារ​តែប៉ុណ្ណោះ មិនមែន​សុំ​ក្លាយ​ជា​អ្នក​មាន​នោះ​ទេ។

យោង​តាម​មេដឹកនាំ​សហជីព និង​សេចក្តី​ប្រកាស​របស់​រដ្ឋាភិបាល​កាលពី​ដើម​ខែ​កញ្ញា នេះ ឲ្យ​ដឹង​ថា ការ​ចរចា​ប្រាក់ឈ្នួល​អប្បបរមា​ជុំ​ទី​៣ នេះ តំណាង​ភាគី​និយោជក​ថា​នឹង​ដំឡើង​ប្រាក់ឈ្នួល​ឲ្យ​កម្មករ ១​ដុល្លារ​បន្ថែម​លើ​ប្រាក់ឈ្នួល​ឆ្នាំ​២០២៣ ចំនួន ២០០​ដុល្លារ ខណៈ​ភាគី​កម្មករ​និយោជិត​ចង់​បាន​ដល់ ២១៥​ដុល្លារ មាន​ន័យ​ថា​ខាង​តំណាង​ភាគី​កម្មករ​ចង់​ដំឡើង ១៥​ដុល្លារ​បន្ថែម​ទៀត។

ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​ជិត ២​ម៉ឺន​នាក់​នៅ​ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៣០ ខែ​សីហា លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​ថ្មី បាន​លើកឡើង​ថា នឹង​ដំឡើង​ប្រាក់ឈ្នួល​អប្បបរមា​លើ​ប្រាក់ខែ​បច្ចុប្បន្ន ២០០​ដុល្លារ​ក្នុង​មួយ​ខែ​សម្រាប់​វិស័យ​កាត់ដេរ វាយនភណ្ឌ និង​ផលិត​ស្បែកជើង​នៅ​ឆ្នាំ​២០២៤ ខាងមុខ​នេះ បើ​ទោះ​ការ​ដំឡើង​ប្រាក់ឈ្នួល​ឲ្យ​កម្មករ​និយោជិត​នេះ​បាន​តិច ឬ​ច្រើន​ក្តី។

យ៉ាងណា កិច្ចប្រជុំ​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា បាន​សម្រេច​រៀបចំ​កិច្ចប្រជុំ​កំណត់​ប្រាក់​ឈ្នួល​ចំនួន ៧​លើក គឺ​នៅ​ថ្ងៃទី​១៦ និង​ថ្ងៃទី​២៨ ហើយ​ថ្ងៃទី​៤ ថ្ងៃទី​១១ ថ្ងៃទី​១៨ និង​ថ្ងៃទី​២៥ ខែ​កញ្ញា និង​ចុងក្រោយ​នៅ​ថ្ងៃទី​២ ខែ​តុលា ឆ្នាំ​២០២៣៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស